ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​ជន​រងគ្រោះ​ចងចាំ​វាល​ពិឃាត​ទីពីរ​នៅ​កោះពេជ្រ


ខ្មែរ​កាន់​ទុក្ខ​នៅ​ក្រោយ​សោកនាដកម្ម​នៅ​លើ​ស្ពាន​កោះ​ពេជ្រ
ខ្មែរ​កាន់​ទុក្ខ​នៅ​ក្រោយ​សោកនាដកម្ម​នៅ​លើ​ស្ពាន​កោះ​ពេជ្រ

ជា​រៀង​រាល់ថ្ងៃ​សីល​ លោក​ ចាន់ សេរី​ តែង​តែអុច​ធូប​នៅ​ពីមុខ​រូប​ថត​ចំនួន​៤​សន្លឹក​ដែល​ដាក់​តំរៀប​គ្នា​យ៉ាង​មាន​របៀប​រៀបរយ​នៅ​ក្នុង​ផ្ទះ​ដ៏តូចមួយ​សង់ជាប់​ដី​ក្នុង​ខេត្តកំពង់​ឆ្នាំង​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណ​ក្ខន្ធ​កូន​ស្រី​និង​ភរិយា​ជាទី​ស្រឡាញ់​របស់​លោក​ ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ​កាល​ពី​៤​ឆ្នាំ​មុន។​

ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​បាន​បណ្តាល​ឱ្យកូន​ស្រី​ចំនួន​បី​នាក់​ របស់​លោក​ ចាន់ សេរី​ គឺ​ កញ្ញា​សោម ស្រីចាន់ ​នាង​ សោម លីណានិង​ សោម ចាន់​តារា​ ព្រម​ទាំង​ភរិយា​ ឈ្មោះ​ ឈិន ទូច​ បាន​ស្លាប់​បាត់​បង់ជីវិត​ជាមួយ​ជន​រង​គ្រោះ​ដទៃ​ផ្សេង​ទៀត។​

កាលពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​និង​អក​អំបុកមាន​ព្រឹត្តិការណ៍ ​រត់​ជាន់​គ្នា​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌលកម្សាន្ត​កោះ​ពេជ្រ។​

មាន​មនុស្ស​ប្រមាណ​៣៥៣​នាក់​ដែល​ភាគ​ច្រើន​ជា​យុវជន​បាន​ស្លាប់​បាត់​បង់ជីវិត​និង​ជិត​៤០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។ ​មាន​ជន​រង​គ្រោះ​ខ្លះបានធ្លាក់​ខ្លួន​ពិការ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ដោយ​សារការ​រត់​ជាន់​ពី​លើ​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ។​

ថ្វី​ត្បិត​តែ​ហេតុការណ៍​នេះ​បាន​រំលង​ទៅ​អស់​រយៈពេល​បួន​ឆ្នាំ​ក៏ពិត​មែនតែ​សម្រាប់​លោក​ ចាន់ សេរី​ ហាក់​បី​ដូច​ជាហេតុការណ៍​នេះ​ទើប​តែ​កើត​មាន​ថ្មីៗ​នៅ​ឡើយ។​

និយាយ​រំលឹក​ដល់​ការ​ស្លាប់​បាត់​បង់ជីវិត​កូន​ស្រី​ទាំង​បី​និង​ភរិយាលោក​ ចាន់ សេរី​ បាន​អួល​ដើម​ក​និង​បាន​រលីង​រលោង​ទឹក​ភ្នែករួច​ហើយ​លោក​បាន​និយាយ​ថា​លោក​មិន​អាច​បំភ្លេច​ពួក​គេ​បាន​ទេ។​

លោក​បាន​និយាយ​ថា៖«​ មាន​អារម្មណ៍​សោក​ស្តាយ​ ក្តុក ក្តួល​ និង​ស្រក់​ទឹក​ភ្នែក​ វា​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​បើ​កាលៈទេសៈ​តម្រូវ​ឱ្យអញ្ចឹង»។​

លោក​ ចាន់ សេរី បាន​សាងស​ង់​ចេតីយ៍​មួយ​នៅ​ព្រែក​អញ្ចាញ​ខេត្ត​កណ្តាល​ដោយ​បាន​តម្កល់​អដិ្ឋធាតុ​រួម​គ្នា​ម្តាយ​និង​កូន​ទាំង​បី​នាក់​និង​មាន​រូប​ថត​តម្រៀប​គ្នា​ជាជួរ។​

លោក​សេរី គឺ​ជាជន​រង​គ្រោះ​ម្នាក់​ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ច្រើន​ជាង​គេ។​នៅ​ក្នុង​មួយ​គ្រួសារ​គឺ​នៅ​សល់​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ក៏ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​លោក​បាន​រៀប​អាពាហ៍​ពិពាហ៍​យក​ភរិយា​ថ្មី​មួយ​ទៀត​និង​បាន​កូន​ថ្មី​មួយ​ទៀត​ដែល​មាន​អាយុ​ទើប​តែ​ជិត២​ឆ្នាំ។​

មិន​ត្រឹម​តែ​ក្រុម​គ្រួសារ​ដែល​បាន​បាត់​បង់​សាច់​ញាត្តិ​របស់​ខ្លួន​ក្នុង​ឧប្បទ្ទវហេតុ​រត់​ជាន់​គ្នា ដែល​មិន​អាច​បំភ្លេច​ហេតុការណ៍​នេះ​បាន​ ​សូម្បី​តែ​អ្នក​រស់​រាន​មាន​ជីវិត​នៅ​តែ​ចងចាំ​ព្រឹត្តិការណ៍​នេះ​ជា​រៀង​រហូត។​

កញ្ញា​ សុខ សៅលី​ អាយុ​២៣​ឆ្នាំ​រស់​ក្នុង​ខេត្ត​កំពង់​ចាម​ដែល​ជាអ្នក​រស់​រាន​មាន​ជីវិត​មួយ​រូប​ពីការ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​ បាន​បញ្ជាក់​ថា​កញ្ញាមិន​អាច​បំភ្លេច​ហេតុការណ៍​ដ៏គួរ​ឱ្យរន្ធត់​នេះ​បាន​ទេ។​

កញ្ញា​បាន​អះអាង​ថា​បុណ្យ​អុំទូក​ឆ្នាំ​នេះ​កញ្ញា​និង​មក​កាន់​ទីក្រុង​ភ្នំពេញ​ម្តង​ទៀត​តែ​មិន​មិន​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​ដែល​មាន​មនុស្ស​ជុំ​ច្រើន​ដូច​ពីពេល​មុន​ទេ។​

កញ្ញា​និយាយថា៖​«នៅពេល​ដែល​ខ្ញុំ​នៅ​ភ្នំពេញ។​ខ្ញុំ​ជិះ​ឃើញ​ស្ពាន​ហ្នឹង​អញ្ចឹង​ចេះ​តែ​ភ័យៗពីព្រោះ​រឿង​បាន​កន្លង​ហួស​យូរ​ក៏ដោយ​ ក៏​ឃើញ​ទៅ​នៅ​មាន​អារម្មណ៍​ដិត​ដាម​មួយ​ថា​យ៉ាង​ម៉េច​មិន​ដឹង​ទេ។​ដូច​ឃើញ​នឹង​ភ្នែក​ស្រស់ៗ​ ពេល​ដែល​ជិះ​កាត់​ទោះ​បី​យូរ​ឆ្នាំ​ហើយ​ក៏ដោយ»។​

ស្ពាន​ពេជ្រ​ដែល​ជាកន្លែង​ជួប​ឧប្បទ្ទវហេតុ​នោះ​ត្រូវ​បាន​សាលា​ក្រុង​ភ្នំពេញ​បាន​វាយ​កម្ទេច​ចោល​និង​បាន​សាង​សង់​ស្ពាន​ថ្មី​មួយ​ទៀត​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​កើត​ហេតុ។​

រដ្ឋាភិបាល​កម្ពុជា​បាន​សន្និដ្ឋាន​ថា​ករណី​សម្លាប់​មនុស្ស​និង​រង​របួស​ជិត​១០០០​នាក់​ជាឧប្បទ្ទវហេតុ​រត់​ជាន់​គ្នា​តែ​ប៉ុណ្ណោះ​មិន​មែន​ជា​ការ​រៀប​ចំ​គម្រោង​សម្រាប់​ជាមុន​ឬ​ក៏​ការ​វាយ​ប្រហារ​តាម​បែប​ភេរវកម្ម​ទេ។​

បុណ្យ​អុំទូក​ដែល​ជា​បុណ្យ​ប្រពៃ​ណី​ទនៀម​ទម្លាប់​តាំង​ពី​បុរាណ​មក​ត្រូវ​បាន​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​លោក​ ហ៊ុន សែន​បាន​បិទ​មិន​ឱ្យមាន​អស់​រយៈ​ពេល​បី​ឆ្នាំ​ដោយ​សារ​មាន​ព្រឹត្តិការណ៍​នៅ​លើ​ស្ពាន​ពេជ្រ។​ក៏ប៉ុន្តែ​ឆ្នាំ​នេះ​រដ្ឋាភិបាល​បាន​បើក​ឱ្យរៀប​ចំពិធី​បុណ្យ​នេះ​ឡើង​វិញ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៥ទី​ ៦​ និង​ទី​៧​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​តទៅ៕

XS
SM
MD
LG