ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​ពិសេស​បាន​ត្រូវ​សាក​ល្បង​ខណៈ​ពេល​ដែល​ចក្រភព​អង់គ្លេស​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ទទួល​ប្រធានា​ធិបតី​ត្រាំ


រូបឯកសារ៖ ប្រធានាធិបតី​ ត្រាំ ជួប​ជាមួយ​លោក​ស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ក្នុង​វេទិកា​សេដ្ឋកិច្ច​នៅ​ទីក្រុង​ Davos ប្រទេស​ស្វ៊ីស កាល​ពី​ខែ​មករា។
រូបឯកសារ៖ ប្រធានាធិបតី​ ត្រាំ ជួប​ជាមួយ​លោក​ស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ក្នុង​វេទិកា​សេដ្ឋកិច្ច​នៅ​ទីក្រុង​ Davos ប្រទេស​ស្វ៊ីស កាល​ពី​ខែ​មករា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​​ មាន​គម្រោង​ទៅ​ដល់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី១២ ​ខែ​កក្កដា ​ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ចំណាស់​បង្អស់​មួយ​របស់​អាមេរិក ទោះ​បី​វា​មិន​មែន​ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ក៏​ដោយ។​

កម្លាំង​នៃ​ទំនាក់​ទំនង​ពិសេស​បាន​ត្រូវ​សាក​ល្បង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ហើយ​មនុស្ស​រាប់​ពាន់​នាក់​កំពុង​ប្រុង​ប្រៀប​ចេញ​ទៅ​តាម​ផ្លូវ​នានា​ដើម្បី​តវ៉ា​ប្រ​ឆាំង​ដំណើរ​ទស្សនកិច្ច​នេះ។

សីតុណ្ហភាព​នៅ​ចក្រភព​អង់គ្លេស​កំពុង​កើន​ឡើង ​ហើយ​សីតុណ្ហភាព​ខាង​នយោបាយ​ក៏​កំពុង​កើន​ឡើង​ដែរ។ ដំណើរ​ទស្សនកិច្ច​នៅ​ពេល​ខាង​មុខ​របស់​ប្រ​ធានាធិបតី​អាមេ រិក​ ដូណាល់ ​ត្រាំ​ បាន​ផ្តល់​កម្លាំង​ដល់​អ្នក​ដែល​ជំទាស់​ប្រ​ឆាំង​ទស្សនៈ​របស់​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​លើ​បញ្ហា​នានា​ដូចជា​ជន​អន្តោ​ប្រវេសន៍​និង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ។​ អ្នកស្រី ​Terry ​អ្នក​ក្រុង​ឡុងដ៍​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​ចេញ​មក​ធ្វើ​បាតុកម្ម។ខ្ញុំ​មិន​មែន​ជាអ្នក​ធ្វើ​បាតុកម្ម​ទេ ក៏ប៉ុន្តែ ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ខ្លាំង​ថា ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​មិន​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​នៅ​ទីនេះ​ទេ»។

លោក ​Cameron Smith ​ជា​អ្នក​ក្រុង​ឡុងដ៍​ម្នាក់​ទៀត​និយាយ​ថា៖ «ខ្ញុំ​មិន​យល់​ស្រប​ចំណុច​ជាច្រើន​ដែល​ប្រធានា​ធិបតី​ត្រាំ​បាន​ធ្វើ ​ក៏ប៉ុន្តែ ​នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ខ្ញុំ​គិត​ថា ​ប្រធានា​ធិបតី​ត្រាំ​ធ្វើ​កិច្ចការ​បាន​យ៉ាង​ល្អ​សម្រាប់​ប្រ​ទេស​អាមេរិក។ ​ដូច្នេះ ​ខ្ញុំ​គិត​ថា ​លោកគួរ​តែ​បំពេញ​ទស្សន​កិច្ច​ទីក្រុងឡុងដ៍​ក្នុង​នាមជា​សម្ព័ន្ធ​មិត្ត»។

លោក​ Chris Antoine ​អ្នក​ទីក្រុង​ឡុងដ៍​ដែរ​បាន​និយាយ​ថា៖ «វា​ជាការ​ល្អ​សម្រាប់​លោក​ត្រាំ​មក​ឃើញ​ប្រតិកម្ម​របស់​ពលរដ្ឋ​នៅ​ទីនេះ»។

ការតវ៉ា​ប្រ​ឆាំង​ត្រូវ​បាន​គេ​គ្រោង​ឡើង​នៅ​ក្នុងទីក្រុង​ឡុងដ៍ ​ទោះបី ​ពួកបាតុករ​ត្រូវ​គេ​ឲ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រធានា​ធិបតី​ក៏ដោយ។ លោក ​David Sergeant នៅ​វិទ្យាស្ថាន​គោល​នយោនបាយ​អភិរក្ស​និយម​របស់​អង្គការ ​BOW បាន​និយាយថា៖ «យើង​មិន​ចង់​បាន​ការ​តវ៉ា​ប្រឆាំង​តូច​ទេ ក៏ប៉ុន្តែ ចង់​បាន​សំឡេង​ភាគតិច​ដែល​ខ្លាំង​និង​មាន​ភាព​គគ្លើន​ខ្លាំង​ដើម្បី​ឲ្យ​គេ​ចាត់​ទុក​ថា​ ជា​សំឡេង​តំណាង​ឲ្យ​ពលរដ្ឋ​អង់គ្លេស​ទាំង​មូល»។

ប្រធានា​ធិបតី​ត្រាំ​និង​លោកស្រី​នាយករដ្ឋ​មន្រ្តី​ចក្រភព​អង់គ្លេស ​Theresa May ​បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​ដ៏​ល្អ​នៅ​ឯ​សេតវិមាន​កាល​ពី​ឆ្នាំ​២០១៧ ​ក៏ប៉ុន្តែ ​អ្វី​ដែល​គេ​ហៅ​ថា​ ​«ទំនាក់​ទំនង​ពិសេស»​ឥឡូវ​នេះ​ត្រូវ​បាន​សាក​ល្បង។ លោកស្រី ​Leslie Vinjamuri ​នៅ​អង្គការ​គោល​នយោបាយ​ Chatham House ​បាន​និយាយ​ថា៖ «ការ​បញ្ចូន​សារ​តាម​ប្រព័ន្ធ Twitter ម្តង​ហើយ​ម្តង​ទៀត​ដោយ​ប្រធានា​ធិបតី​ត្រាំ ​បាន​ធ្វើ​ឲ្យ​មាន​ការ​សន្ទនា​យ៉ាង​ខ្លាំងក្នុង​សភា​និង​ការតវ៉ា​ប្រឆាំង​នៅ​តាម​ផ្លូវនានា។​ ហើយ​លោក​ត្រាំ​នឹង​មក​ទី​នេះ​ភ្លាម​ៗ​បន្ទាប់​ពី​ការយក​ពន្ធគយលើ​សហភាព​អឺរ៉ុប ​បន្ទាប់​ពី​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ហើយ​ប្រហែល​នៅ​ពេលថ្មីៗ​បំផុត​នេះ​គឺ​សេចក្តី​រាយការណ៍ដ៏​អាក្រក់​បំផុត​របស់សារព័ត៌មាន​អំ​ពី​គោល​នយោបាយ​នៃ​ការ​បំបែក​ក្រុម​គ្រួសារ​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ពីឪ​ពុក​ម្តាយ​និង​កូន​របស់​ពួកគេ»។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិបតី​ត្រាំ​កើត​មាន​ឡើងនៅ​ពេល​វេលា​ដ៏​សំខាន់​នៅ​ពេល​ដែល​ចក្រ​ភព​អង់គ្លេស​ប្រុង​ប្រៀប​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។ ​រដ្ឋាភិបាលមើល​ឃើញ​ទំនាក់​ទំនង​ដ៏​ខ្លាំង​ខាង​សេដ្ឋ​កិច្ច​និង​សន្តិសុខ​ជាមួយ​សហរដ្ឋ​អាមេរិក​ថា​ជា ​ការ​សំខាន់​ដល់​ភាព​ជោគ​ជ័យ​នៅ​ពេល​អនាគត​នៅ​ខាង​ក្រៅ​សហភាព​អឺរ៉ុប​នោះ។ លោក​David Sergeant នៃ​វិទ្យាស្ថាន​គោល​នយោបាយ​អភិរក្ស​និយម​របស់​ក្រុម ​BOW ​បាន​និយាយ​ថា៖ «ក្នុង​សករាជ​នៃ​ការ​ចាក​ចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ឬ Brexit ​យើង​ចាំបាច់​ស្ថាបនា​សម្ព័ន្ធ​ភាព​នៅ​ជុំ​វិញ​សាកលលោក។ ហើយ​មិន​មាន​សម្ព័ន្ធ​ភាព​ណាមួយ​រឹង​មាំ​ជាង​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ»។

ក៏ប៉ុន្តែ តើ​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ​នៅ​តែ​ភ្ជាប់​ទៅ​នឹង​អាទិភាព​ដដែល​ជាមួយ​ចក្រ ភព​អង់គ្លេស​ដែរ​ឬ​ទេ?។ លោក​ស្រី Leslie Vinjamuriនៃ​ក្រុម​គោល​នយោ​បាយ Chatham House ​បាន​និយាយ​ថា៖ «ខ្ញុំ​សង្ស័យ​ថា ​នឹង​មាន​ការ​បញ្ជាក់​បន្ថែម​នៃ​ទំនាក់​ទំនង​របស់អាមេរិក​ជាមួយ​ចក្រ​ភព​អង់គ្លេស ​ការ​តាំង​ចិត្ត​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ កម្ម​ខ្លះ ​ក៏ប៉ុន្តែ ​ខ្ញុំ​សង្ស័យ​ថា ​យើង​នឹង​ឃើញ​ការ​រីក​ចម្រើន​តិច​តួច​បំផុត​បន្ទាប់​ពី​ប្រធានាធិបតី​ត្រាំ​ចាក​ចេញ​ពី​អង់គ្លេស។ ពួក​អស់​លោក​នឹង​វិល​ត្រឡប់​ទៅ​ប្រធានបទ​ដែល​យើង​នឹង​រំ​ពឹង​ដូចជា ​កិច្ច​សហ​ប្រតិបត្តិការ​ខាង​សន្តិសុខ ​អង្គការ​អូតង់»។

​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល នឹងធ្វើ​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិបតី​ត្រាំ​ទៅ​កាន់​ទីក្រុង​ឡុងដ៍ ​ហើយ​បន្ទាប់​មក ​លោក​ត្រាំ​មាន​គម្រោង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅកាន់​ទីក្រុង​ Helsinki ​ដើម្បី​ជួប​ជា​មួយ​ប្រធានា​ធិបតី​រុស្ស៊ី ​Vladimir Putin ​នៅ​ថ្ងៃ​ទី១៦ ​ខែ​កក្កដា។ ​លោកស្រី​Leslie Vinjamuri នៃ​ក្រុម​គោលនយោ​បាយ​ Chatham House ​បាន​និយាយ​ទៀត​ថា៖ «ដំណើរ​ទស្សនកិច្ច​២​ផ្សេងទៀតមាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​បំផុត​ដល់ប្រ​ធា​នាធិបតី​អាមេរិកាំង»។

នៅ​ពេល​ដែល​បាតុករ​រាប់​ពាន់​នាក់​ត្រៀម​ខ្លួន​ចេញ​មក​តាម​ផ្លូវនានា គេ​នៅ​មិន​ទាន់​ដឹង​ថា ​តើ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​មាន​តួនាទី​សំខាន់​យ៉ាង​ដូចម្តេច​នៅ​ត្រើយ​ទាំង​សង​ខាង​នៃ​មហា​សមុទ្រ​អត្លង់ទិច​នេះ៕

ប្រែសម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG