ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​ គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ការងារ​ទៅ​កាន់​ចក្រភព​អង់គ្លេស


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ចក្រភពអង់គ្លេស Theresa May​ និង ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចាប់​ដៃ​គ្នា​នៅ​ក្នុង​កម្មវិធី​ World Economic Forum កាល​ពី​ថ្ងៃទី​២៥ ​ខែ​មករា​ ឆ្នាំ​២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់​ ត្រាំ​ គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី ១២ ខែ​កក្កដា​ខាង​មុខ​នេះ ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក ​ទៅ​កាន់​ប្រទេស​សម្ព័ន្ធ​មិត្ត​ដ៏​យូរយារ​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក។

ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ការងារ មិន​មែន​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នោះ​ទេ ដែល​មាន​ន័យ​ថា​ លោក​ ត្រាំ​ នឹង​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​គាល់​ព្រះ​មហាក្សត្រិយានី Elizabeth នោះ​ទេ។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត បន្ទាប់ពី​មាន​ការ​ប្រឆាំង​ផ្នែក​នយោបាយ និង​ការ​ប្រឆាំង​ពី​សាធារណជន​ទូទៅ។ មួយ​វិញ​ទៀត មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។

នាង Terry ពលរដ្ឋ​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​នឹង​ធ្វើ​ការ​តវ៉ា។ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​បាតុកម្ម​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​មួយ​យ៉ាង​ខ្លាំង​ថា​ លោក​ ត្រាំ​ មិន​គួរ​ត្រូវ​បាន​ស្វាគមន៍​នៅ​អង់គ្លេស​នោះ​ទេ‍»។

ចំណែក​ឯ​អ្នក​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​លោក Trump វិញ បាន​និយាយ​ថា ពួកគេ​ខ្លាច​ថា ការ​តវ៉ា​នោះ​អាច​លុប​លើ​សារៈសំខាន់​ផ្នែក​នយោបាយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Trump លើក​នេះ ធ្វើ​ឡើង​ចំ​ពេល​ដ៏​សំខាន់​មួយ​សម្រាប់​អង់គ្លេស ស្រប​ពេល​ដែល​ប្រទេស​នេះ​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ដែល​ខ្លួន​ចង់​បាន​មួយ​ជាមួយ​នឹង​ប្រទេស​បែលហ្ស៊ិក​អំពី​ការ​ចាកចេញ​របស់​ខ្លួន​ពី​សហភាព​អឺរ៉ុប។

គេ​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ការ​ភ័យ​ខ្លាច​ដែល​ថា ចក្រភព​អង់គ្លេស​ប្រហែល​ជា​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​មិន​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ណា​មួយ ស្រប​ពេល​ដែល​ការ​បរិច្ឆេទ​ផុត​កំណត់​នៃ​ការ​ចាកចេញ​នេះ​នឹង​ចូល​មក​ដល់​នៅ​ខែ​មិនា ឆ្នាំ ២០១៩ ខាង​មុខ​នេះ៕

XS
SM
MD
LG