ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំជាថ្មីម្តងទៀតបានអំពាវនាវដល់សភាកាលពីថ្ងៃព្រហស្បត៍ឲ្យសើរើច្បាប់អន្តោប្រវេសន៍ឡើងវិញ ទោះបីសហការីខាងគណបក្សសាធារណរដ្ឋរបស់លោក បានបែកបាក់គ្នាអំពីបញ្ហានេះហើយសភាតំណាងរាស្រ្តបានច្រានចោលសំណើរនេះពីរដងរួចហើយ ដែលប្រធានាធិបតីត្រាំបាននិយាយថា លោកបានគាំទ្រក៏ដោយ។
លោកត្រាំបាននិយាយថា ភ្នាក់ងារការពារព្រំដែនសហរដ្ឋអាមេរិកចាំបាច់ប្រាប់ជនចំណាកស្រុកដែលព្យាយាមចូលក្នុងសហរដ្ឋអាមេរិកខុសច្បាប់នៅឯព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិចសិកថា សហរដ្ឋអាមេរិកមិនពិនិត្យមើលឡើងវិញនូវការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេទៀតទេ។
ប្រធានាធិបតីត្រាំបាននិយាយនៅក្នុងសារតាមប្រព័ន្ធTwitterជាបន្តបន្ទាប់ថា «សភាត្រូវតែអនុម័តច្បាប់អន្តោប្រវេសន៍ប្រកបដោយការឆ្លៀសវៃ យ៉ាងរហ័សហើយនឹងសមហេតុផលនៅពេលឥឡូវនេះ»។
គេមិនទាន់ដឹងច្បាស់នៅឡើយថា តើនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ សភានឹងប៉ុនប៉ងម្តងទៀតដើម្បីអនុម័តសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍នោះដែរឬទេ ដោយប្រធានាធិបតីត្រាំបានប្រាប់ពួកគណបក្សសាធារណរដ្ឋកាលពីពេលថ្មីៗនេះឲ្យបញ្ឈប់ការខ្ជះខ្ជាយពេលវេលារបស់ខ្លួននៅក្នុងការប្រឈមជាមួយពួកគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង ហើយពេលខ្លះបានប្រាប់ក្រុមសមាជិកសភាឲ្យអនុម័តការកែប្រែគោលនយោបាយអន្តោប្រវេសន៍សហរដ្ឋអាមេរិក។
ក្នុងកំណត់សម្គាល់មួយ នៅពេលថ្មីៗនេះរបស់លោក លោកត្រាំមិនអើពើការពន្យល់ពីវិបត្តិជនអន្តោប្រវេសន៍ ដែលរដ្ឋបាលរបស់លោកប្រឈមនៅឯព្រំដែន ដោយសារគោលនយោបាយមិនអត់ឱនរបស់លោកដែលបានឃុំឃាំងជនណាដែលឆ្លងកាត់ព្រំដែនខុសច្បាប់៕