ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​បញ្ជុះបញ្ជូល​សហរដ្ឋអាមេរិក​កុំ​ឲ្យ​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo (រូប​ស្តាំ) ជួប​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស Boris Johnson នៅ​ក្រសួង​ការ​បរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Boris Johnson កាល​ពី​ថ្ងៃចន្ទ​កំពុង​បញ្ជុះបញ្ជូល​ពួកមន្ត្រី​ជាន់ខ្ពស់​នៅក្នុង​រដ្ឋបាលលោក Trump ឲ្យ​បន្ត​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ២០១៥​ ដើម្បី​ទប់ស្កាត់​ការ​ផលិត​អាវុធនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​ការ​លុបចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច។

លោក​រដ្ឋមន្ត្រី Johnson បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ លោក Mike Pompeo និង​ក្រោយ​មក​បាន​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​អនុប្រធានាធិបតី​លោក Mike Pence និង​ទីប្រឹក្សា​សន្តិសុខជាតិ​លោក John Bolton នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នឹង​លោកប្រធានាធិបតី​ត្រូវ​សម្រេច​ថាតើ​ត្រូវ​បោះបង់​ចោល​កិច្ចព្រមព្រៀង​នេះ​ហើយ​ត្រូវ​ដាក់ទណ្ឌកម្ម​ឡើងវិញ​ឬ​យ៉ាង​ណា​នោះ។

នៅ​មុន​ទស្សនកិច្ច​របស់​លោក​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក Johnson បាន​និយាយ​ថា «ដៃ​គូ​របស់​ចក្រភព​អង់គ្លេស​ សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ក៏​កំពុង​ចូលរួម​នៅ​ក្នុង​កិច្ចប្រឹងប្រែង​របស់​យើង​នេះ​ដែរ​ ដើម្បី​ទប់ទល់​នឹង​សកម្មភាព​របស់​អ៊ីរ៉ង់​ ដែល​កំពុង​បង្ក​អសន្តិសុខ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ តាម​រយៈ​សកម្មភាព​តាម​បណ្តាញ​អ៊ីនធឺណិត​របស់​ពួកគេ​ ការ​គាំទ្រ​ចំពោះ​ក្រុម​សកម្មប្រយុទ្ធ​មួយ​ចំនួន​ដូច​ជា​ក្រុម Hezbollah និង​កម្មវិធី​កាំជ្រួញ​ម៉ីស៊ីល​គ្រោះថ្នាក់​របស់​ពួកគេ​ ដែល​កំពុង​គាំទ្រ​ដល់​ក្រុម​ហ៊ូទី​ប្រដាប់​អាវុធ​នៅក្នុង​ប្រទេស​យ៉េមែន»។

នៅក្នុង​សេចក្តី​រាយការណ៍​របស់​កាសែត New York Times លោក Johnson បាន​និយាយ​ថា​នេះ​មិនមែន​ជា​កិច្ចព្រមព្រៀង​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ប៉ុន្តែ «វា​ជា​ជម្រើស​ដែល​យើង​អាច​ធានា​បាន​ថា​ អ៊ីរ៉ង​គ្មាន​កម្មវីធី​នុយក្លេអ៊ែរ។ កិច្ចព្រមព្រៀង​នេះ​មាន​គុណវិបត្តិ​តួចតួច​បំផុត»៕

XS
SM
MD
LG