ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចង់​ឃើញ​គណបក្ស​នយោបាយ​​គិត​ពី​ផលប្រយោជន៍​រួម​និង​ចរចា​រក​ដំណោះ​ស្រាយ​នយោបាយ​


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ មេសា​ ​២០១៥។​​ (នូវ​ ពៅ​លក្ខិណ/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ មេសា​ ​២០១៥។​​ (នូវ​ ពៅ​លក្ខិណ/VOA)

​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​បាន​និយាយ​ថា ​ពួកគេ​ចង់​ឃើញ​គណបក្ស​នយោបាយ​ចរចា​រួបរួម​គ្នា​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​សង្គមជាតិ​ទាំងមូល។​

រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ប្រទាញ​ប្រទង់​រវាង​គណបក្ស​កាន់អំណាច​ ​និង​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​រំលាយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​តាម​រយៈ​ការព្យាយាម​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​ ​សម​ ​រង្ស៊ី​ ​និង​ការ​បើក​លំហ​សេរីភាពរបស់​លោក​កឹម​ ​សុខា​ ​និង​អតីត​សកម្មជន​គណបក្សជំទាស់។​

​បញ្ហា​ទាំងអស់​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​កាន់​តែ​បារម្ភ​ពី​ជីវភាព​របស់​ពួកគេ​ ​និង​អនាគត​របស់​ប្រទេស។​

លោក ​ណុប​ វណ្ណៈ​ ​អាយុ៤៦​ឆ្នាំ​កំពុង​អង្គុយ​លើ​ម៉ូតូ​កង់​បី​របស់​លោក ​រង់​ចាំ​ចាប់​ម៉ូយ​នៅ​តាម​ចិញ្ចើម​ថ្នល់​ក្នុង​ក្រុង​ភ្នំពេញ​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ថា ​ការ​រឹង​ទទឹង​របស់​គណបក្ស​កាន់អំណាច​ ​និង​អតីត​គណបក្ស​ជំទាស់​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន​ដល់​ការ​រក​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ។

​លោក​បាន​បញ្ជាក់​ថា​ ​ការ​ចរចា​គ្នា​ដើម្បី​ប្រយោជន៍​រួម​គឺ​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​ប្រជាពលរដ្ឋ៖​ «បក្ស​មួយ​ទៅ​បក្ស​ប្រទាញ​ប្រទង់​គ្នា​ចង់​ចាញ់​ចង់​ឈ្នះ​ចឹង​ យើង​ជា​ប្រជាពលរដ្ឋ​លំបាក​ណាស់​ដូច​ជា​ការ​រកស៊ី​ ​កាល​ណា​យើង​មិន​ត្រូវ​គ្នា​ទៅ​ គេ​ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​យើង​គិត​តែ​ចង់​បានអំណាច​ពេក​ ​អត់​គិត​ពី​ផលប្រយោជន៍ជាតិ​ ​អាហ្នឹ​ង​គឺ​គិត​ខាត​បង់​ទាំង​ស្រុង​តែម្តង»។

លោក​បន្ថែម​ថា៖​ «ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ចង់​បាន​ឲ្យ​តែ​ខ្មែរ​ដោះស្រាយ​ខ្មែរ​ ​ខ្មែរ​រួម​សាមគ្គឺ​គ្នា​ដើម្បី​ឲ្យ​ខ្មែរ​រស់​ ​ហើយ​ចរចា​គ្នា​ដើម្បី​ឲ្យ​ប្រទេស​យើង​រីក​ចម្រើន»។​

កំពុង​អង្គុយ​នៅ​មុខ​ផ្ទះ​ស្តាប់​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ដៃ​ ​លោក​ ​សុខ​ ​បូរិន​ ​អាយុ​៥១​ឆ្នាំ​ ​ជា​អាជីវករ​រស់​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ក្រុង​ភ្នំពេញ​ បាន​ផ្តល់​បទសម្ភាសន៍​ទាំង​ការ​ភ័យ​ខ្លាច​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​នេះ​លោក​បារម្ភ​បំផុត​ខ្លាច​តែ​មាន​ការ​ដកEBA​ ​ដែល​ជា​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ពី​សហគមន៍​អឺរ៉ុប។

​លោក​សង្កត់​ធ្ងន់​ថា ​ប្រទេស​កម្ពុជា​គួរ​គោរព​សិទ្ធិ​មនុស្ស​និង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ ​ដើម្បី​ការពារ​EBA​ ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់ប្រាប់​ VOAថា៖ «ច្បាប់​គ្មាន​គោរព​អី​ទេ​រាល់​ថ្ងៃ​នេះ​ ​គេ​គ្រាន់​តែ​ធ្វើ​ជា​នាម​ ​ចឹង​សហគមន៍​អឺរ៉ុប​ ​បរទេស​នានា​គេ​កំពុងតាម​ឃ្លាំមើល​យើង​រាល់ថ្ងៃ​ ​ដើម្បី​ឲ្យ​យើង​ធ្វើ​ម៉េច​គោរព​សិទ្ធិ​មនុស្ស​ ​គោរព​ច្បាប់​ ​ចឹងរាល់​ថ្ងៃនេះ ​ការ​រកស៊ី​ក៏​ពិបាក​រក​ដែរ​ ឥឡូវ​ហ្នឹង​ចិញ្ចឹម​ជីវិត​បាន​តែមូ​យ​ហូបៗ​តិចតួច​ទេ​ ​មិន​បាន​អី​ច្រើន​ទេ។ ​ខ្ញុំ​ចង់​បាន​ឲ្យ​អ្នក​ធំៗ​ឲ្យ​រួម​គ្នា​ទៅ​យើង​ជា​ខ្មែរ​ដូចគ្នា​ ​ឲ្យ​យើង​មាន​សន្តិភាព​ទៅ»។

​ជាមួយ​គ្នា​នោះ​ដែរ​ ​កញ្ញា​ ​ខែម​ ​ស្រីម៉ុម ​ជា​កម្មករ​កាត់ដេរ​នៅ​រោងចក្រ​មួយ​ក្នុង​សង្កាត់ទឹកថ្លា​ក្រុង​ភ្នំពេញ​មក​ពី​ខេត្ត​ពោធិ៍សាត់​ បាន​រិះគន់​ខ្លាំង​ដល់​គណបក្ស​នយោបាយ​កាន់​អំណាច​និង​អតីត​គណបក្ស​ជំទាស់​ផង​ដែរ​ថា ​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​របស់​គណបក្ស​ទាំងពីរបែបសារ​ជេរប្រមាថ​គ្នា​កន្លង​មក​នេះ​គ្មាន​អ្វី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។

​កញ្ញា​ ​ស្រី​ម៉ុម ​បាន​បញ្ជាក់​ថា ​គណបក្ស​នយោបាយ​ទាំង​ពីរ​គួរតែ​រក​វិធី​ដោះស្រាយ​វិបត្តិនយោបាយ​ដោយ​យក​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ចម្បង។​

​កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​គណបក្ស​នយោបាយ​ទាំង​សង​ខាង​គួរ​តែ​និយាយ​អី​គិត​ពី​ផលប្រយោជន៍​ជាតិ​ឡើងវិញ​ ​កុំ​និយាយ​ពី​ជេរ​ប្រមាថ​អី​ ​អត់​បាន​ប្រយោជន៍​ដល់​ជាតិ​ ​និយាយ​អី​ក៏​ដោយ​ត្រូវ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​ ​បញ្ហា​សំខាន់​គឺ​ពលរដ្ឋ​ជួប​បញ្ហា​ត្រូវ​ដោះស្រាយ​ក្នុង​ប្រទេស។ ​សូម​ឲ្យ​គណបក្ស​នយោបាយ​ជា​ពិសេស​គណបក្ស​ប្រជាជន​សូម​ឲ្យ​គាត់​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​ ​គិត​និយាយពី​រឿង​ជាតិ​ស្អី​ដែល​ធ្វើ​ឲ្យ​ជាតិ​រីក​ចម្រើន​ ​ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​ ​ធ្វើ​ឲ្យ​ពលរដ្ឋ​ ​រស់​ក្នុង​ប្រទេស​មាន​សុខ​សុវត្ថិភាព»។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បដិសេធ​ ​ផ្តល់​កិច្ច​សម្ភាសន៍​ ដើម្បី​បង្ហាញ​ពី​មតិ​របស់​ពួក​គាត់​ជុំវិញ​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ ​ដោយ​ ​ពួកគាត់​បាន​អះអាង​ថា​ ​គាត់​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​គាត់។​

​លោកស្រី​ មូរ​ ​សុខហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​បាន​អះអាង​ដែរ​ថា​ដំណោះស្រាយ​ចុងក្រោយ​គឺ​ជៀស​មិន​ផុត​ពី​ការ​ចរចា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​នោះ​ទេ​ ​ដើម្បី​ផលប្រយោជន៍​ប្រជាជាតិ​ទាំងមូល។

«ជាមួយ​គ្នា​យើង​ខ្ញុំ​ឯកភាព​ជាមួយ​ប្រជាពលរដ្ឋ​ថា ​ត្រូវ​តែ​មាន​ការ​ជជែក​គ្នា​ដោះស្រាយ​នូវ​អ្វី​ដែល​ជា​លក្ខខណ្ឌ​នៃ​EUគឺ​គោរព​សិទ្ធិ​មនុស្ស​ ​សិទ្ធិ​សេរីភាព​ពលករ​គឺ​ទី​១​យើង​ត្រូវ​រក្សាEBA។ ​ច្បាស់​ណាស់​ជជែក​គ្នា​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ទាំង​មូល​នេះ​ ​មិនមែន​ដោះស្រាយ​បញ្ហា​បុគ្គល​ ​ឬ​បញ្ហា​ ​បក្ស​ទេ»។

​ការ​ផ្សាយ​របស់ VOA​ សំឡេង​សហរដ្ឋ​អាមេរិក​អំពី​ការ​ជជែក​អំពី​ស្ថានភាព​នយោបាយរបស់​កម្ពុជា​ ​នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello​ VOA​ ​ដែល​អ្នក​ស្តាប់​អាច​ទូរស័ព្ទ​ចូល​រួម និង​កម្ម​វី​ធី​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​បណ្តាញ​សង្គម​ ​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចូល​បញ្ចេញ​មតិ​បាន​បង្ហាញ​ពី​ការ​ចង់​បាន​របស់​ពួកគាត់​ ​ដែល​ចង់​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រយោជន៍​ជាតិ​ ​និង​ប្រជាពលរដ្ឋ​ជា​ធំ​ផង​ដែរ។

ទោះ​បី​ជា​ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAដែល​ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៧០០.០០០​អាច​ប្រឈម​នឹង​ការ​បាត់បង់​ការងារ លោក​ ​សុខ​ ​ឥសាន្ត​ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​សង្កត់​យ៉ាង​ច្បាស់​ថា​ ប្រទេស​កម្ពុជា​មិន​មាន​វិបត្តិ​នយោបាយ​នោះ​ទេ​ ​ដូច្នេះ​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មិន​អាច​នោះ​ទេ។​

​«នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន​នេះ មិន​មាន​វិបត្តិ​នយោបាយ​អី​ទេ វា​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​វិបត្តិ​ហើយ​វិបត្តិ​នោះ​តាម​រយៈ​ការ​ធ្វើ​ខុស​ច្បាប់​របស់​គាត់​ ​ចឹង​ទេ​គាត់​ត្រូវ​មាន​វិបត្តិ​ដោះស្រាយ​ជាមួយ​ច្បាប់​អត់​មាន​មក​ចង់​ចរចា​អី​ជាមួយ​គណបក្ស​ប្រជាជន​នោះ​ទេ ពីព្រោះ​គណបក្ស​ប្រជាជន​ជា​អ្នក​អនុវត្ត​ច្បាប់​ដែរ»។

​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ឡើង​កម្តៅ​បន្ទាប់​ពី​លោក​ ​កឹម​ ​សុខា​ ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ២០១៧​ ​ដោយ​លោក​ត្រូវ​បាន​ចោទប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​ ​បន្ទាប់​មក​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ ​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា​ ​គណបក្ស​ប្រឆាំង​នេះ​ ​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល។​ ក្រោយ​ពី​គណបក្ស​ត្រូវ​បាន​រំលាយ​ ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ ​ក្នុង​នោះ​មាន​លោក​ ​កឹម​ ​សុខា​ ​ផង​ដែរ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយឯកអគ្គ​រាជទូត​នៃចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយឯកអគ្គ​រាជទូត​នៃចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

​លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ​ ​អ្នកវិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​និង​ជា​អតីត​នាយកវិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​មាន​ការ​យល់ស្រប​នឹង​ការ​យល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ។

​លោក​បាន​បញ្ជាក់​ថា បើ​សិន​វិបត្តិ​នេះ​នៅ​តែ​អូស​បន្លាយ​យូរ​បន្ត​ទៅទៀត​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​ ​ហើយ​ប្រវិត្តសាស្ត្រ​បង្ហាញ​ថា​ ផល​ប៉ះពាល់​បែប​នេះ​អា​ចបង្ក​ឲ្យ​ការ​បះបោរ​កើត​មានឡើង។​ ​

​«ត្រូវ​ទទួលស្គាល់​ថា​ មាន​វិបត្តិ​នយោបាយ​ ​ហើយ​វិបត្តិ​នយោបាយ​នេះ​វា​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងមូល​ដូច​ជា​បង្ក្រាប​អីចឹង​វា​ប​ង្កើត​បរិយាកាស​ភ័យខ្លាច​ តើ​យើង​

​គិត​ម៉េច។ ​មេដឹកនាំ​តាំង​ពី​ដើម​មក​គេ​ទុក​ជីវភាព​រស់​នៅ​និង​សុខមាលភាព​របស់​ប្រជារាស្រ្ត​របស់​គេ​ជាធំ»។

នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​មាន​សភាព​ចម្រូងចម្រាស​ ​ប្រទាញប្រទង់​គ្នា​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ ​ដោយ​ ​លោក​ សម​ ​រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​ព្យាយាម​ ​ធ្វើ​មាតុភូមិ​និវត្តន៍​ជាមួយសកម្មជន​មួយចំនួន​ទៀត។

កញ្ញា​ ​លី​ ស្រី​ស្រស់​ ​ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​បាន​ឲ្យ​ដឹង​ដែរ​ថា EBAអាច​រួម​ចំណែក​ជួយ​ស្តារ​ស្ថាន​ភាព នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ក៏ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ហាក់ដូច​ជា​មិន​ខ្វល់​ពី​ការ​ដាក់​សម្ពាធ​ដកEBAនេះ​ឡើយ។​

អ្នក​វិភាគ​រូប​នេះ​ពន្យល់​ថា៖ ​«បើ​សិន​ជា​រដ្ឋាភិបាល​នៅ​តែ​ជ្រើសរើស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ស្លាប់​ ​បញ្ហា​ទាក់ទង​ជាមួយ​នឹង​ការ​ជួបប្រទះ​ហានិភ័យ​សេដ្ឋកិច្ច​ទៅ​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គឺ​ជា​រឿង​មួយ​ដែល​ធំ​ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បារម្ភ​ដូច​ជា​បរិបទ​បច្ចុប្បន្ន​នៃ​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្រ្តី​ហាក់​ដូច​ជា​ត្រៀមខ្លួន​ជុំវិញ​ការ​ទទួល​នូវ​ទណ្ឌកម្ម​ ​ដូច្នេះ​ខ្ញុំ​គិត​ថា​ការ​ជជែក​ពិភាក្សា​ទៅ​លើ​ភាគី​ខ្មែរ​ជាខ្មែរ​គឺជា​រឿង​មួយ​ ​ដែល​ចាំបាច់​សម្រាប់​អ្នក នយោបាយ​បច្ចុប្បន្ន​នូវ​ក្នុង​ការ​ដោះស្រាយ»។

នៅ​ដើម​ខែ​វិច្ឆិកា​នេះ​សកម្មជន​ ​និង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​ច្រើន​ត្រូវ​បាន​តុលាការ​ដោះលែង​នៅ​ទូទាំង​ប្រទេស។​ ក៏​ប៉ុន្តែ​ការ​ដោះលែង​នេះ​ ​មិន​មែន​មាន​ន័យ​ថា​ ក្រុម​សកម្ម​ជន​ ​និង​មន្ត្រី​ទាំងនោះ​ ​រួចពី​សំណាញ់​ច្បាប់​នោះ​ទេ​ ​ព្រោះ​បទចោទប្រកាន់​លើ​ពួកគេ​នៅ​មិនទាន់​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​នៅឡើយ។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​នេះ​ ​លោក​ ​កឹម​ ​សុខា​ ​ត្រូវ​បាន​តុលាការ​សម្រេច​ដក​បម្រាម​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។​ ​ប៉ុន្តែ​លោក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ​ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ចំនួន​៣​ ​គឺ​មិន​ត្រូវ​ចេញក្រៅ​ព្រំប្រទល់​ដែនដី​កម្ពុជា​ ​មិន​ត្រូវ​ធ្វើសកម្មភាព​នយោបាយ​ ​និង​ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។​

​លោក​ ​ស៊ឹង​ ​សែនករុណា​ មន្ត្រី​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​មិន​ងាយ​គេច​ផុត​ពី​ស្ថានភាព​នយោបាយ​ដល់​តឹងតែង​មួយ​នេះ​បានទេ​ បើសិន​ជាគ​ណ​បក្សនយោបាយ​នៅតែ​ប្រកាន់​ឥរិយាបទ​ចង់​ចាញ់​ចង់​រៀងៗ​ខ្លួនៗ៖​

​«ចឹង​បញ្ហា​ជម្លោះ​នយោបាយ​វា​ទាល់​តែ​ការ​ជជែក​គ្នា​រវាង​អ្នក​នយោបាយ​ដើម្បី​រក​ដំណោះ​ស្រាយ ​ក៏ប៉ុន្តែ​មក​ទល់​ពេលនេះ​ ​យើង​អត់​ទាន់​ឃើញ​មាន​ការ​ចរចា​ ​ជជែក​គ្នា​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោបាយ​នៅឡើយ​ ​ហើយ​ដរាបណា​វា​នៅតែ​មាន​បញ្ហា​របៀប​នេះ​ ​អត់​ទាន់​មានការ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​របស់​អ្នកនយោបាយ​ទេ​ខ្ញុំ​គិត​ថា ​មិន​រួចផុត​ពី​ស្ថានភាព​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​នេះ​បានទេ»។

​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចង់​ឲ្យ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​នោះ​ ​នៅ​ខែ​វិ​ច្ឆិ​ការ​នេះ​ ​VOAសំឡេង​សហរដ្ឋ​អាមេរិក​បាន​ទទួល​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​៩​ ខែ​កក្កដា ឆ្នាំ​២០១៩​ ​ពី​ក្រុម​អ្នកវិភាគ​នយោបាយ​ ​ដោយ​នៅ​ក្នុង​លិខិត​នោះ​ អ្នកវិភាគ​នយោបាយ​ចំនួន​៥រូប​បាន​ធ្វើ​លិខិត​ថ្វាយ​ ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហមុនី​ ​ស្នើ​សុំ​ដល់ព្រះមហាក្សត្រ​យាង​សម្របសម្រួល​ឲ្យ​មាន​ការ​ជួបជុំគ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ​ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់​ធ្ងរ​ទៅៗ​ដែល​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG