ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោ​ក​កឹម​ ​សុខា​ជួប​អ្នកការទូត​ស៊ុយអែត​ ​ពេល​លោក​សម​រង្ស៉ី​រំពឹង​ពី​ការ​បញ្ចប់​វិវាទ​នយោបាយ​ឆាប់​ៗ​


រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយ​​ឯកអគ្គ​រាជទូត​នៃចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយ​​ឯកអគ្គ​រាជទូត​នៃចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

លោក​ ​កឹម​ ​សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ដែលត្រូវ​បានតុលាការ​រំលាយ​នៅ​ថ្ងៃ​ពុធ​នេះ​ មាន​គម្រោង​ជួប​អ្នក​ការទូតប្រទេស​ស៊ុយអែត​ (​Sweden​) ​ប្រចាំ​កម្ពុជា​ បន្ទាប់ពី​លោ​ក​កឹម​ ​សុខា​ត្រូវ​តុលាការ​ដោះលែង​ ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ឃុំខ្លួន​កាលពី​ថ្ងៃ១០ខែវិច្ឆិកា​ ​បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​អស់​រយ:ពេល២ឆ្នាំ​ ក្រោម​បទ​ឃុប​ឃិតគ្នា​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​។​

ជំនួប​ជាមួយ​អ្នកការទូត​នៅ​ថ្ងៃ​នេះ​កើត​ឡើង​ចំ​ពេល​មេដឹកនាំ​ក្រុម​ជំទាស់​មួយ​រូប​ទៀត​គឺ​លោក​សម​ ​រង្ស៉ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​រយ:ពេល៤ឆ្នាំ​កន្លងមក​បាន​បញ្ចេញ​សារ​នយោបាយ​តាម​ហ្វេ​សប៊ុ​ក​របស់​លោក​ថា ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ជិត​ឈាន​ដល់ទី​បញ្ចប់​ហើយ​។​ ​

«ខ្ញុំ​សង្ឃឹម​ថា​យើ​ងនឹង​ទទួល​បាន​ដំណោះស្រាយ​ជាទី​គាប់ចិត្ត​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​»។​ ​

លោក​រំពឹង​ថា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​នឹង​មិន​បណ្តោយ​ឲ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAដែល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ទេ​ ​ក្រោយ​ដែល​សហភាព​អឺរ៉ុប​ដែល​ដាក់​ឱសានវាទ​ថ្ងៃទី១២វិ​ច្ឆិ​កា​ ដើម្បី​ទាមទារ​ឲ្យ​មានការ​ស្តារ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​នៅ​កម្ពុជា​នោះ​។​

​បើ​តាម​ការ​បញ្ជាក់​ឲ្យដឹង​របស់​លោក​ ​មុត​ ​ចន្ថា​ ​អតីតនាយ​ក​ខុទ្ទ​កាល័​យ​ ​លោក​ ​កឹម​ ​សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ​ ​និងជា​អ្នកនាំពាក្យ​បាន​ឲ្យដឹង​ថា​ លោក Bjorn​ ​Haggmark​ ​ឯកអគ្គ​រាជទូត​នៃ​ប្រទេស​ស៊ុយ​អែត​ ​(​Sweden​)​ ​ដែល​ជា​ប្រទេស​មួយ​នៅ​ប្លុក​អឺរ៉ុប​បែក​ខាង​ជើ​ងនឹង​ចូល​ជួបជាមួយ​លោ​ក​កឹម​ ​សុខា​មេដឹកនាំ​ក្រុម​ជំទាស់​នៅ​ម៉ោង​ ​០៤​រសៀល​ ​ថ្ងៃពុធ​ ទី២៧ ខែវិច្ឆិកា​នៅ​គេហដ្ឋាន​ក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ។​ ​

​អ្នកការទូត​ពីរ​ប្រទេស​មក​ពី​អឺរ៉ុប​ដែរ​បាន​ជួប​ជាមួយ​លោ​ក​កឹ​ម​សុខា​កាលពី​សប្តាហ៍​មុន​។​ ​អ្នកការទូត​ពីរ​រួមមាន​ ​ឯកអគ្គ​រាជទូត​ ​Philippe​ ​Kridelka​ ​នៃ​រាជាណាចក្រ​បែលហ្ស៊ិក​ ​(​Belgium​)​ ​និងលោកស្រី​ឯកអគ្គ​រដ្ឋទូត​ ​Satu​ ​Suikkari​-​Kleven​ ​នៃ​សាធារណរដ្ឋ​ហ្វាំងឡង់​ ​(​Finland​)​ ​ដែល​មាន​ស្ថាន​ឯកអគ្គ​រដ្ឋទូត​នៅ​ទីក្រុង​បាងកក​ ​ទទួលបន្ទុក​រាជាណាចក្រ​ថៃ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​មីយ៉ាន់​ម៉ា​(​ភូមា​)​។

ជំនួប​ជាមួយ​ឯកអគ្គ​រាជទូត​និង​ឯកអគ្គ​រដ្ឋទូត​អឺរ៉ុប​ចំនួន​នេះ​គឺ​បាន​ប្រព្រឹត្តទៅ​ក្រោយ​លោក​ទទួល​ជួបជាមួយ​អ្នកការទូត​មហាអំណាច​និង​ប្រទេស​ផ្តល់​ជំនួយ​សំ​ខាន់​ៗ​និង​ប្រទេស​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​សំ​ខាន់​ៗ​ជាមួយ​កម្ពុជា​ចាប់តាំងពី​ថ្ងៃទី១១ ខែ​វិច្ឆិកា​មក​។​ ​

​លោ​ក​កឹម​ ​សុខា​កាលពី​សប្តាហ៍​កន្លងទៅ​បាន​ទទួល​ជួប​សវនាការ​ជា​មួយ​ឯកអគ្គ​រដ្ឋទូត​ប្រទេស​ស្វីស​ ​(​Switzerland​)​ ​គឺ​លោកស្រី​ ​Helene​ ​Budliger​ ​Artieda​ ​ដែល​មាន​ស្ថាន​ឯកអគ្គ​រដ្ឋទូត​នៅ​ទីក្រុង​បាងកក​ ​ទទួលបន្ទុក​រាជាណាចក្រ​ថៃ​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

ជំនួប​នេះ​កើ​ត​ឡើង​ក្រោយពេល​លោក​បាន​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​មហាអំណាច​និង​ប្រទេស​ធំៗ​ចំនួន​៦ប្រទេស​ក្នុង​រយ:ពេល​បួន​ថ្ងៃ​ជាប់គ្នា​កន្លងមក​ ​បន្ទាប់ពី​តុលាការ​បាន​ដោះលែង​លោក​ ​ដោយ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ ​។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​និង​ការ​បញ្ជាក់​របស់​លោក​ ​មុត​ ​ចន្ថា​ ​មន្ត្រី​អតីតនាយក​ខុទ្ទ​កាល័យលោក​ ​កឹម​ ​សុខា​ ​និង​ជា​អ្នកនាំពាក្យ​នៃកិច្ចប្រជុំ​។​

​លោក​ ​កឹម​ ​សុខា​ ​បាន​ជួប​ឯកអគ្គ​រាជ​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​លោកស្រី​ ​ទីណា​ ​រេ​ដស័រ​ ​(​Tina​ ​Redshaw​)​ ​។​ ជំនួប​ជាមួយ​ចក្រភព​អង់គ្លេស​កាលពី​សប្តាហ៍​មុន​ដែល​ជា​ប្រទេស​មហា​អំ​ណា​ច​លើពិភពលោក​ក្នុង​ចំណោម​៥​នោះ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ឯ​គេហដ្ឋាន​របស់​លោក​កឹម​ ​សុខា​ជា​កន្លែង​ដែល​លោក​ទទួល​ជួប​សវនាការ​ជាមួយ​មន្ត្រី​ការទូត​នានា​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១​ ​គឺ​ថ្ងៃទី១១​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​បន្ទាប់ពី​លោ​ក​កឹម​ ​សុខា​ត្រូវ​តុលាការ​ដោះលែង​ ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់ឲ្យ​ត្រួតពិនិត្យ​របស់​តុលាការ​កាលពី​ថ្ងៃ​ទី១០​ ​ខែវិច្ឆិកា​។​ ​កាលពី​ថ្ងៃ​ទី១៣​ ​វិច្ឆិកា​ ​លោក​ ​កឹម​ ​សុខា​ ​បាន​ជួប​អគ្គរដ្ឋទូត​ប្រទេស​ចំនួន​ពីរ​។​

​ឯកអគ្គ​រដ្ឋទូត​ទាំងពីរ​នោះគឺ​ ​ឯកអគ្គ​រដ្ឋទូតសហភាព​អឺរ៉ុប​ ​ខាមិន​ ​ម៉​រី​ណូ​ ​(​Carmen​ ​Moreno​)​ ​និង​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ម៉ា​សា​ហ៊ី​រូ​ ​មី​កាមិ​ ​(​Masahiro​ ​Mikami​)​ ​ប្រចាំ​កម្ពុជា​។

ការ​ជួប​ទូតសហភាពអឺរ៉ុប​ បាន​កើតឡើង​ចំ​ពេល​ដែល​ ​សហភាព​អឺ​រ៉ុ​បទើប​បាន​បញ្ជូន​របាយការណ៍​បឋម​របស់​ខ្លួនទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្ដីពី​លទ្ធផល​នៃការស៊ើបអង្កេត​ទៅ​លើ​ការចោទប្រកាន់​អំពី​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ ​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជាក្រោម​លក្ខខណ្ឌ​ ​EBA​។

ជំនួប​នេះ​ដូ​ចលើ​ក​មុន​ៗ​ដែរ​មិន​ត្រូវ​បាន​គេ​បញ្ជាក់ឲ្យដឹង​អំពី​ខ្លឹមសារ​ស៊ីជម្រៅ​ទេ​ ​គ្រាន់តែ​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​គឺ​ លោក​ ​មុត​ ​ចន្ថា​ ​អះអាង​ថា​ ​អ្នកការទូត​ទាំងពីរ​ដែល​តំណាង​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​ធំជាង​គេ​បង្អស់​មួយ​ ​និង​ជា​ប្រទេស​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ ​លើក​លែងតែ​អាវុធ​នោះ​ ​គឺជា​ការ​ជួប​សម្តែង​ការគួរសម​ ​និង​សួរសុខទុក្ខ​អំពី​បញ្ហា​សុខភាព​របស់​លោក​ ​កឹម​ ​សុខា​។​

​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ ​ខា​មិន​ ​ម៉​រី​ណូ​ ​វ​ ​(​Carmen​ ​Moreno​)​ ​និង​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ម៉ា​សា​ហ៊ី​រូ​ ​មី​កាមិ​ ​(​Masahiro​ ​Mikami​)​ ​ប្រចាំ​កម្ពុជា​ ​មិនបាន​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​ភ្លាម​ៗ​ទេ​។​ ​តែ​ ​បេី​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​លោក​ ​កឹម​ ​សុខា​ ​ចេញផ្សាយ​ក្រោយពី​ជំនួប​ ​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ ​ដែល​ប្លុក​មាន​ប្រទេស​ចំនួន២៨នោះ​ ​បាន​បញ្ជាក់​ថា​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ​លោក​ ​កឹម​ ​សុខា​ ​នៅពេល​ព្រឹក​ ​បន្ទាប់ពី​តុលាការ​រាជធានី​ភ្នំពេញ​ ​បាន​ដោះលែង​ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ ​ដោយហេតុ​ផល​សុខភាព​។​

​អ្នកនាំពាក្យ​បាន​អះអាង​ថា​ ​នេះ​គឺជា​ជំហាន​វិជ្ជមាន​មួយ​ទៅតាម​ទិសដៅ​ត្រឹមត្រូវ​ ​តែ​«​យេី​ងរំ​ពឹង​ថា​លោ​ក​កឹម​ ​សុខា​ ​នឹង​ត្រូវ​បាន​ដោះលែង​ ​ហេីយ​ផ្តល់​សិទ្ធិ​ធ្វេី​នយោបាយ​ជូន​លោក​វិញ​ ​ដូចនេះ​ ​លោក​ ​កឹម​ ​សុខា​ ​អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​បាន​ពេញលេញ​»​។​

​ដោយឡែក​លោក​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​បាន​សរ​សេី​រលោក​ ​កឹម​ ​សុខា​ ​អំពី​ការ​អត់ធ្មត់​របស់​លោក​ ​ដេីម្បី​ប្រជាធិបតេយ្យ​និង​ផលប្រយោជន៍​ជាតិ​។​

​កាលពី​ថ្ងៃអង្គារ​សប្តាហ៍​មុន​ដែរ​លោក​ ​កឹម​ ​សុខា​ ​បានជួបជាមួយឯកអគ្គ​រដ្ឋ​ទូត​ទាំងពីរ​រូបដែល​ ​ក្នុង​នោះមាន​លោក​ ​Christian​ ​Berger​ ​នៃប្រទេសអាល្លឺម៉ង់​ ​ដែលជា​ ​សមាជិក​សំខាន់បំផុតមួយរបស់សហភាព​អឺរ៉ុប​ ​និង​ ​លោកស្រី​ ​Angela​ ​Corcoran​ ​នៃ​ ​ប្រទេសអូស្ត្រាលី​។

កាលពីថ្ងៃ​ចន្ទ​សប្តាហ៍​ដេីម​ខែ​នេះ​ ​លោក​ ​កឹ​ ​ម​ ​សុខា​ ​បានជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ ​ចំនួនពីរ​រូបដែរ​ ​គឺ​ ​លោកស្រី​ ​អេវ៉ា​ ​ង្វៀន​ ​ប៊ិញ​ ​(​Eva​ ​Nguyen​ ​BINH​)​ ​ឯកអគ្គ​រដ្ឋទូត​ ​បារាំ​ងប្រចាំ​នៅកម្ពុជា​ដែលជាសមាជិកសំខាន់​បំផុត​មួយ​ ​និងឯកអគ្គ​រដ្ឋទូត​ ​អាមេរិក​ ​Patrick​ ​Murphy​ ​ប្រចាំ​កម្ពុជា​។​

​អ្នក​កា​រទូតនានា​ដែលបានជួបរួមមានទាំង​លោកឯកអគ្គ​រដ្ឋទូត​ ​អាមេរិក​ ​Patrick​ ​Murphy​ ​បាន​ជំរុញឲ្យមានការទម្លាក់​បទ​ចោទទាំងអស់ប្រឆាំង​នឹង​លោក​ ​កឹម​ ​សុខា​ ​និង​មន្ត្រី​របស់លោកទាំងក្នុង​ ​និងក្រៅប្រទេស​ពាក់ព័ន្ធនឹងអ្វីមួយដែលថា​ ​លោក​ត្រូវ​បាន​ចោទថា​ ​បានឃុបឃិត​ជាមួយជនបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា​របស់​ ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​។

លោក​កឹម​ ​សុខាត្រូវ​បានដោះលែងនិងបន្ធូរបន្ថយលក្ខខណ្ឌនៃការ​ដាក់ឲ្យស្ថិត​ក្រោម​ ​ការត្រួតពិនិត្យតាមផ្លូវតុលាការ​ ​ក្រោយពីក្រុមមេធាវីបានស្នេី​សុំឲ្យ​មានការដោះលែង​ ​លោក​កឹម​ ​សុខា​ដោយ​យោងថា​ ​ថិរវេលា​នៃការឃុំខ្លួន​ ​ដោយគ្មានការកាត់ទោស​បាន​ ​លេីសកំណត់ជាងពីរ​ឆ្នាំ​ ​ហេីយមិន​មានភស្តុតាង​ដាក់បន្ទុកលេីលោក​ ​កឹម​ ​សុខា​។​

​ប៉ុន្តែ​តុលាការបានបន្ធូរបន្ថយលក្ខខណ្ឌដោយផ្អែកលើហេតុផល​សុខភាព​ ​និងការ​ ​សហការ​ល្អរបស់លោក​ ​កឹម​ ​សុខា​ ​ជាមួយតុលាការ​។​ ​នេះ​បេី​តាមសេចក្តីប្រកាស​ ​ព័ត៌មាន​របស់តុលាការ​រាជធានីភ្នំពេញកាលពីថ្ងៃទី១០​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។

លោក​កឹម​ ​សុខាបានបញ្ជាក់ថា​ ​កាលពីថ្ងៃទី០៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​ ​សហមេធាវី​ ​ការពារ​សិទ្ធិរបស់លោកបានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរលើកលែងបទចោទ​ ​មកលើរូបលោក​ ​តែលោកថា​ ​«​ប៉ុន្តែ​សេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ​ ​(​អាទិត្យ)​ ​មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ​គឺ​ ​ត្រឹមតែ​ជាការកែប្រែលក្ខខណ្ឌ​នៃ​កាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ​»​។

ពេលនេះ​ ​លោកកឹម​ ​សុខាត្រូវតុលាការហាមមិនឲ្យធ្វេីនយោបាយ​មិនឲ្យចេញក្រៅ​ប្រទេស​ ​និងត្រូវសហការ​ជាមួយតុលាការ​។​ ​ប៉ុន្តែលោកអាចដេីរចេញពីផ្ទះ​ ​និងជួបជុំ​ ​ពលរដ្ឋក្រុម​គ្រួសារបានលេី​ក​លែង​ ​តែសកម្មភាព​នយោបាយ​ ​ដែលគ្មានការបញ្ជាក់ថា​ ​ជា​ ​អ្វីពិតប្រាកដដែលជាសកម្មភាពនយោបាយ​ ​បេីមិនដូច្នោះ​ទេ​ ​តុលាការ​អាចឃុំលោកវិញ​។

លោកកឹម​ ​សុខាបានជួប​ជាមួយឯកអគ្គ​រដ្ឋទូតបារាំង​ ​និងអាមេរិកកាលពីថ្ងៃ​ចន្ទ​ ​ហេីយបញ្ជាក់ថា​ ​សេរីភាពរបស់លោកនៅ​រងការរឹតត្បិតមិន​អាចនិយាយ​អ្វីបាន​ ​ដោយសារ​ថា​ ​ការហាមមិនឲ្យធ្វេីនយោបាយ​របស់តុលាការនោះ​ ​មិន​បញ្ជាក់ឲ្យបាន​ ​ច្បាស់​ថា​ ​ជា​សម្ម​ភាព​អ្វី​ ​ហើយបទ​ចោទមកលើរូបលោកក៏​មិនទាន់ត្រូវ​បានទម្លាក់​ ​ចោល​។

នៅ​លេីហ្វេ​សប៊ុ​ករបស់លោក​ ​លោកកឹម​ ​សុខាបានសរសេរថា​ ​«​ក្នុងនាម​ជាបុគ្គលស្អាតស្អំម្នាក់​ ​ដែល​ត្រូវ​បាន​រងការឃុំខ្លួន​ទាំង​គ្មានកំហុស​ ​២ឆ្នាំមក​ ​ហើយខ្ញុំនៅតែបន្ត​ ទាមទារ​ឲ្យទម្លាក់ចោល​បទ​ចោទប្រកាន់​មក​លើរូប​ខ្ញុំ​។​ ​ខ្ញុំ​រំពឹងថា​ ​សេចក្តីសម្រេចក្នុងថ្ងៃនេះគឺជា​ ​ជំហានទី១​ ​ប៉ុន្តែរូប​ខ្ញុំក៏​ដូចជា​ ​ពលរដ្ឋ​ខ្មែរដទៃទៀត​ ​ដែលបានបាត់បង់​ ​សិទ្ធិ​សេរីភាពនយោបាយ​ ​នៅតែត្រូវការដំណោះស្រាយ​ ​និង​យុត្តិធម៌ពិតប្រាកដ​»​៕​

XS
SM
MD
LG