នយោបាយផ្ទៃក្នុងរបស់កម្ពុជា បានក្លាយកត្តាប្រឈមមួយដល់ប្រទេសមួយចំនួន ដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន ក្នុងការឈរលើគោលនយោបាយមិនជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់ប្រទេសជាសមាជិកដទៃទៀត។ អ្នកជំនាញខាងការទូត ភូមិសាស្ត្រនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ យល់ថា សមាជិកអាស៊ានភាគច្រើនអនុវត្តគោលនយោបាយមិនជ្រៀតជ្រែកផ្ទៃក្នុងនេះខុសៗគ្នា ផ្អែកទៅតាមនិន្នាការនយោបាយក្នុងប្រទេសរៀងៗខ្លួន និងសម្ពាធពីសហគមន៍នៃប្រមុខរដ្ឋាភិបាលលោកខាងលិចជាដើម។
ការកាន់គោលនយោបាយមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់អាស៊ាន បានទទួលការចាប់អារម្មណ៍ខ្លាំងពីសហគមន៍អង្គការការពារសិទ្ធិមនុស្ស កាលពីប៉ុន្មានសប្តាហ៍មុននេះ ពាក់ព័ន្ធនឹងការធ្វើដំណើរវិលត្រឡប់ទៅកម្ពុជាវិញរបស់លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូលកម្ពុជាកាលពីឆ្នាំ២០១៧។
ប្រទេសថៃ និងម៉ាឡេស៊ី បានព្យាយាមរារាំងមិនឲ្យមេដឹកនាំគណបក្សប្រឆាំងកម្ពុជារូបនេះ ធ្វើដំណើរឆ្លងកាត់ប្រទេសរបស់ខ្លួន ជាបន្តបន្ទាប់គ្នា បន្ទាប់ពីលោក សម រង្ស៊ី ដែលបាននិរទេសទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំងអស់រយៈពេលបួនឆ្នាំ បានប្រកាសធ្វើដំណើរទៅកាន់កម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅនេះ។ ការរារាំងរបស់ប្រទេសទាំងពីរនេះបានធ្វើឡើង ក្រោយពីមានការអំពាវនាវពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើសុំការសហការពីរដ្ឋាភិបាលអាស៊ានផ្សេងៗ ក្នុងការរារាំងមិនឲ្យលោកសម រង្ស៊ី ធ្វើដំណើរចូលក្នុងប្រទេសរបស់ពួកគេ។
នៅថ្ងៃទី៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-O-Cha បានប្រកាសថា ប្រទេសថៃនឹងមិនអនុញ្ញាតឲ្យប្រទេសរបស់ខ្លួន «ក្លាយជាមូលដ្ឋានតស៊ូប្រឆាំងរបស់ប្រទេសជិតខាងខ្លួននោះទេ» ដោយកាន់ជំហរដ៏រឹងមាំមួយរបស់អាស៊ាន គឺគោលនយោបាយមិនជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់សមាជិកផ្សេងទៀត។
ជាលទ្ធផល លោក សម រង្ស៊ី មិនអាចធ្វើដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំង ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដូចការគ្រោងទុកនោះទេ។
នៅថ្ងៃទី៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Bin Mohamad ក៏បានកាន់ជំហរដូចគ្នានឹងរដ្ឋាភិបាលថៃដែរ ដោយលើកឡើងពាក់ព័ន្ធនឹងករណីឃាត់ខ្លួនលោកស្រី មូរ សុខហួរ នៅម៉ាឡេស៊ីថា៖ «យើងមិនចង់ឲ្យពួកគេ [សមាជិកបក្សប្រឆាំងកម្ពុជា] ប្រើប្រាស់ម៉ាឡេស៊ី ជាមូលដ្ឋានមួយសម្រាប់ការតស៊ូរបស់ប្រទេសដទៃនោះទេ»។
ក៏ប៉ុន្តែ បន្ទាប់ពីមានការរិះគន់ខ្លាំងៗពីសហគមន៍អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋាភិបាលលោកខាងលិចមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គេឃើញថា លោក សម រង្ស៊ី បានធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយបានសម្រេច នៅថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅ ក៏ប៉ុន្តែលោកមិនអាចធ្វើដំណើរចូលកម្ពុជាបាន ដូចការប្តេជ្ញារបស់លោកនោះទេ។
ការធ្វើដំណើររបស់លោក សម រង្ស៊ី ចូលប្រទេសម៉ាឡេស៊ីដោយមិនមានការរារាំងដូចការអះអាងលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Mahathir Bin Mohamad បានឆ្លុះបង្ហាញឲ្យឃើញថា គោលនយោបាយមិនជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់អាស៊ាន ដែលត្រូវបានចែងជាបទបញ្ញត្តិដ៏សំខាន់មួយរបស់អាស៊ាន ត្រូវបានអនុវត្តខុសៗគ្នា ដោយប្រមុខរដ្ឋាភិបាលរបស់សមាជិកអាស៊ាននីមួយៗ ផ្អែកទៅតាមនិន្នាការនយោបាយ ទំនាក់ទំនងរវាងគ្នានៃគណបក្សប្រឆាំងក្នុងប្រទេសជាសមាជិកអាស៊ាន និងសម្ពាធនានាពីសហគមន៍លោកខាងលិច។ នេះបើតាមការយល់ឃើញរបស់អ្នកជំនាញខាងការទូត ភូមិសាស្ត្រនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) យល់ថា ទំនាក់ទំនងបុគ្គលរវាងមន្ត្រីខ្លះនៃរដ្ឋាភិបាលម៉ាឡេស៊ី និងសមាជិកនៃគណបក្សប្រឆាំងកម្ពុជា គឺជាកត្តាចម្បងមួយដែលបានជួយសម្រួលឲ្យលោក សម រង្ស៊ី បានស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាប្រទេសក្នុងតំបន់អាស៊ីមួយដែលគៀកនឹងកម្ពុជា។
«ទាក់ទងនឹងទំនាក់ទំនងបុគ្គលរវាងលោក Anwar Ibrahim ក៏ដោយជាគ្រួសារលោក Anwar Ibrahim គឺថា ប្រពន្ធរបស់លោក Anwar គឺជាអនុរដ្ឋមន្ត្រី ហើយកូនរបស់លោក Anwar គឺជាសមាជិកតំណាងរាស្ត្រ។ ហើយបើយើងមើលពីសំបុត្រនោះ គឺកូនស្រីរបស់លោក Anwar គឺជាអ្នកអញ្ជើញលោក សម រង្ស៊ី ទៅនិយាយនៅសភានៅថ្ងៃស្អែក។ អីចឹងទេ អាហ្នឹងក៏ជាទំនាក់ទំនងនយោបាយបុគ្គល ក៏វាជាកត្តាជំរុញឲ្យម៉ាឡេស៊ីហ្នឹងមិនធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា»។
កាលពីថ្ងៃទី១២ លោក សម រង្ស៊ី និងសមាជិកបក្សដទៃទៀត រួមមានលោកស្រី មូរ សុខហួរ បានចូលជួបសមាជិកតំណាងរាស្ត្រម៉ាឡេស៊ី តាមការអញ្ជើញរបស់អ្នកស្រី Nurul Izzah Anwar សមាជិកតំណាងរាស្ត្រម៉ាឡេស៊ីម្នាក់និងជាកូនស្រីរបស់លោក Anwar Ibrahim ដែលជាប្រធានគណបក្សដ៏ធំមួយរបស់ម៉ាឡេស៊ីឈ្មោះ People's Justice Party។
ជំនួបនេះគឺជាការបង្ហាញស្មារតីសាមគ្គីភាពរវាងគណបក្សនិងគណបក្ស នេះបើយោងតាមការបញ្ជាក់របស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។
សមាជិកព្រឹទ្ធសភាម៉ាឡេស៊ីម្នាក់ យល់ស្របតាមការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធិ។ លោក Yusmadi Yusoff មកពីគណបក្ស People's Justice Party របស់លោក Anwar Ibrahim បានប្រាប់សារព័ត៌មានក្នុងស្រុក The Sun Daily ថា កាលពីឆ្នាំ ២០០០ នៅពេលដែលលោក Anwar Ibrahim បានជាប់ឃុំក្នុងមន្ទីរឃុំឃាំង ភរិយារបស់លោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមូរ៉ា បានមកសួរសុខទុក្ខលោក Anwar ដើម្បីបង្ហាញសាមគ្គីភាពរបស់សំឡេងបក្សប្រឆាំងនៃប្រទេសទាំងពីរ។
សមាជិកព្រឹទ្ធសភាម៉ាឡេស៊ីរូបនេះ ត្រូវបានដកស្រង់សម្តីថា៖
«នៅទីនេះ យើងដឹងថា នរណាជាមិត្តពិតប្រាកដរបស់យើង។ លុះត្រាតែពេលយើងបរាជ័យ ទើបយើងដឹងថានរណាជាមិត្តពិតប្រាកដរបស់យើង»។
យ៉ាងណាមិញ គោលជំហរថ្មីរបស់ម៉ាឡេស៊ី ដែលបានអនុញ្ញាតឲ្យសមាជិកគណបក្សសង្គ្រោះជាតិ ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថាជាក្រុម «ឧទ្ទាមផ្តួលរំលំរដ្ឋាភិបាល»នោះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា ម៉ាឡេស៊ីមិនបានធ្វើតាមស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យប្រទេសជាសមាជិកអាស៊ានដទៃទៀតសហការ ធ្វើយ៉ាងណាកុំឲ្យលោក សម រង្ស៊ី និងសមាជិកគណបក្សប្រឆាំងដែលរស់នៅក្រៅប្រទេស បានធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍បាន។
លោក ឈាង វណ្ណារិទ្ធិ បានលើកឡើងថា៖ «ទង្វើរបស់ប្រទេសម៉ាឡេស៊ី គឺថា វាចេញឆ្ងាយពីគោលការណ៍មិនចូលកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសជាសមាជិក។ អីចឹងទេ វាអាចធ្វើឲ្យប៉ះពាល់ទៅដល់គោលការណ៍មិនលូកដៃចូលរបស់អាស៊ាន ហើយវាអាចធ្វើឲ្យប៉ះពាល់ទៅដល់សាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ានដែរ»។
អ្នកជំនាញនិងស្រាវជ្រាវអំពីតំបន់អាស៊ីរូបនេះក៏បានបន្ថែមថា ការផ្លាស់ប្តូរគោលជំហររបស់ម៉ាឡេស៊ី ក៏អាចបណ្តាលឲ្យរដ្ឋាភិបាលកម្ពុជា «អាក់អន់ចិត្តច្រើនដែរ»។
ក៏ប៉ុន្តែ ក្នុងនាមជាប្រទេសមួយដែលមាននិន្នាការនយោបាយបែបលទ្ធិប្រជាធិបតេយ្យ បើធៀបនឹងប្រទេសថៃដែលគ្រប់គ្រងដោយរបបយោធានិយម ម៉ាឡេស៊ីកំពុងបង្ហាញឲ្យពិភពលោកមើលឃើញថា ខ្លួនពិតជាគោរពតាមគោលការណ៍គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
លោក អៀ សុផល សាស្ត្រាចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក យល់ថា ទង្វើរបស់ម៉ាឡេស៊ីក្នុងការអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលប្រទេសខ្លួន បង្ហាញថា «ស្មារតីផ្តាច់ការនិយមរបស់អាស៊ានមិនខ្លាំង» ដូចការមើលឃើញពីសំបកក្រៅនោះទេ។
លោកបានសរសេរឆ្លើយតបនឹងសំណួររបស់ VOA តាមសារអេឡិចត្រូនិកថា៖ «ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ គឺធ្វើឲ្យខ្លួនឯងចុះចាញ់ទេ។ ម៉ាឡេស៊ីបានយល់ដឹងតាមបទពិសោធន៍របស់ខ្លួនពីមុនថា អ្នកទោសនយោបាយពេលនេះ អាចក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃណាមួយបាន។ សូមមើលលោក Anwar Ibrahim ជាឧទាហរណ៍»។
លោកសាស្ត្រាចារ្យខាងផ្នែកការទូតនិងកិច្ចការអន្តរជាតិរូបនេះ ក៏បានបន្ថែមថា «ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមានលទ្ធិប្រជាធិបតេយ្យ ដែលបានរួចផុតពីរបបគ្រប់គ្រងដោយឯកបក្សជាច្រើនទសវត្សរ៍មកហើយ។ ម៉ាឡេស៊ីដឹងពីផលវិបាកនៃរបបឯកបក្ស គឺ«អំពើពុករលួយដែលលួចទ្រព្យសម្បត្តិជាតិ»។
រីឯអ្នកនយោបាយម៉ាឡេស៊ី ក៏យល់ថា វាសំខាន់ណាស់ដែលម៉ាឡេស៊ីបង្ហាញឲ្យប្រទេសជិតខាងខ្លួនបានដឹងពីអ្វីទៅដែលហៅថាការគោរពសិទ្ធិមនុស្ស។ លោក Yusmadi Yusoff សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី បានប្រាប់កាសែត The Sun Daily ថា ការណ៍ដែលម៉ាឡេស៊ីអនុញ្ញាតឲ្យលោក សម រង្ស៊ី ធ្វើដំណើរមកកាន់ប្រទេសខ្លួន មិនមែនជា «ការជ្រៀតជ្រែកក្នុងបញ្ហារបស់ប្រទេសផ្សេងនោះទេ» តែជាការបង្ហាញឲ្យឃើញពីគោលការណ៍«គោរពលទ្ធិប្រជាធិបតេយ្យទៅវិញទេ»៕