ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ប្រកាស​ឲ្យ​កម្ពុ​ជា​ត្រៀម​ខ្លួន​សម្រាប់​ការ​បាត់​បង់​ EBA


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រាប់​ឲ្យ​ប្រជាជនកម្ពុជា​ និង​មន្ត្រី​ពាក់ព័ន្ធ​ត្រៀម​ខ្លួន​ក្នុង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អា​វុធ​(EBA)‍» ​តែ​កុំ​ឲ្យ​បាត់បង់​អធិបតេយ្យ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ថ្លែង​ដូច្នេះ​ក្រោយ​ពី​សហភាព​អឺរ៉ុប​ (EU)​ កាល​ពី​ថ្ងៃទី​១២​ ខែ​វិច្ឆិកា​នេះ ​បាន​ផ្ញើ​របាយ​ការណ៍ជា​លើក​ទី​២​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ទុករយៈពេល​មួយ​ខែ​ដើម្បី​ឲ្យកម្ពុជា​ឆ្លើយ​តប​បញ្ហា​សិទ្ធិ​មនុស្ស ដូច​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ក្រុម​ប្រឆាំង​ អង្គការ​សង្គម​ស៊ីវិល​ និង​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​មិន​ចំណុះ​រដ្ឋាភិបាល។​

ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រទេវី​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​នេះ​ លោក​ហ៊ុន សែន ​ថ្លែង​ថា​ ​កម្ពុជា​មិន​អាច​យក​អធិបតេយ្យ​ភាព​ជាតិ​ទៅ​ដោះដូរ​ជាមួយជំនួយ ​ឬ​ការ​អនុគ្រោះ​ណា​មួយ​នោះ​ទេ។​

«ព្រោះ​ឥឡូវគេ​យក​អាហ្នឹង​ [EBA]​ មក​គំរាម​យើង​ថា​ ​អ្នក​ឯង​ត្រូវ​ធ្វើ​អា​នេះ​ អា​នេះ។​ អីចឹង​បាន​យើង​ប្រាប់​ទៅ​វិញ​ថា​ យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើង​ទៅ​ដោះ​ដូរ​ជាមួយ​ជំនួយ ​ឬ​ការ​អនុគ្រោះ​ណា​ទេ។ ​អ្វី​ដែល​យើង​ខិត​ខំ​ធ្វើ​ ​យើង​ធ្វើ​បាន​យើង​ធ្វើ​ តែ​អ្វី​ដែល​យើង​ធ្វើ​មិន​អាច​ធ្វើ​បាន គឺ​អត់​ទេ។ ​ទីផ្សារ​នៅ​តែ​ជា​ទីផ្សារ ​គ្រាន់តែ​ពី​មុន​អត់​បង់​ពន្ធ ​ឥឡូវត្រូវ​បង់​ពន្ធ»។​

លោកហ៊ុន សែន​ បន្ត​ថា ​នៅ​ឆ្នាំ​២០២៥ ​ឬ​២០២៦ ​កម្ពុជា​នឹង​ត្រូវ​ដក​ចេញ​ពី​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​(EBA) ដោយ​ស្វ័យ​ប្រវត្តិដោយ​សារ​សេដ្ឋ​កិច្ច​កម្ពុជា​រីក​ចម្រើន ​ដូច្នេះ​លោក​ថា​ ​កម្ពុជា​នៅ​ត្រូវ​តែ​បង់​ពន្ធ​នាំ​ចេញ​ពេញ​ដដែល។​

លោក​ហ៊ុន សែន ក៏​បាន​បន្ថែម​ ​ដោយ​ជំរុញ​ឲ្យ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ផ្នែក​ធុរកិច្ច​ត្រូវ​សម្លឹងឆ្ពោះ​ទៅ​រក​ទីផ្សារ​នានា​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​និង​ត្រូវ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ទាញ​យក​ផល​ប្រយោជន៍​ពី​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-ចិន។​

លោក​ឈាង វណ្ណារិទ្ធ​ ​នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​លើក​ឡើង​ថា​ ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ ​កម្ពុជា​មិន​ទាន់​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​ចិន ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​នៅ​ឡើយ។​ ​លោក​បន្ត​ថា​ ការ​រក្សា​ឲ្យបាន​ ​EBA​ និង​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ​គឺ​ជា​កត្តា​សំខាន់​សម្រាប់​កម្ពុជា។​

«EBA​ បើ​នៅ​បាន​ល្អ​ ពីព្រោះ​ថា​ យើង​ត្រូវ​ការ​រយៈពេល​មួយ​ transition ​[ការ​ផ្លាស់ប្តូរ] ​ទៅ​ knowledge base economy ​[សេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង]។​ អាហ្នឹង​វា​ត្រូវ​ការ​រយៈពេល​មួយ។ ​ហើយ​ល្បឿន​នៃ​កំណែ​ទម្រង់​ហ្នឹង​វា​ត្រូវ​តែ​លឿន​មែន​ទែន។ ​ឥឡូវល្បឿន​កំណែ​ទម្រង់​ហ្នឹង​ វា​នៅ​យឺត​នៅ​ឡើយ​ diversify [ការ​ធ្វើ​ពិពិធកម្ម]​ ហ្នឹង​ អីចឹង​យើង​គិត​ថា​ EBA ​នៅ​តែ​មាន​សារសំខាន់ ​ហើយ​បើ​ការពារ​បាន​ផ្នែក​ណា​មួយ ​ជាពិសេស​វិស័យ​កាត់​ដែរ ​កាន់​តែ​ល្អ»។​

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ គណៈ​កម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ពី​ប្រទេស​កម្ពុជា​ ​ដោយសារ​តែ​ការ​ខូចខាត​យ៉ាង​ដំណំ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ​និង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ជាពិសេស​គឺ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧។​

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ខ្មែរ កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ខ្មែរ កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។

បន្តិចមុន​ សហភាព​អឺរ៉ុប​ចេញ​របាយ​ការណ៍​ជា​លើក​ទី​២​ ​គេ​ឃើញ​ក្រុម​សហជីព​ និង​សមាគម​ផ្សេង​មួយ​ចំនួន​ ពិសេស​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ ​បាន​ព្រមាន​ពី​ហានិភ័យ​ផ្សេងៗ​ ​ប្រសិន​បើ​កម្ពុជា​បាត់​បង់​ EBA។ ​ចំណែក​ក្រុមហ៊ុន​វិនិយោគ​ទុន ​ដូចជា ​H&M ​ក៏​បាន​ឲ្យ​ដឹង​ថា ​ពួកគេ​បាន​ត្រៀម​ខ្លួន​ផ្លាស់​ប្តូរ​ទីតាំង​ផលិត​កម្ម​របស់​ពួកគេ​ទៅ​ប្រទេស​ចិន ​ឬ​ឥណ្ឌូនេស៊ី ​បើ​សិន​ជា​កម្ពុជា​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ពី​សហភាព​អឺរ៉ុប។​

ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​លើក​ឡើង​ថា​ ​ប្រសិន​បើ​កម្ពុជា​បាត់បង់​ EBA​ ​នោះ​ក្រុមហ៊ុន​ដែល​នាំ​ផលិតផល​កាត់ដេរ​ចេញ​ទៅ​ប្រទេស​អឺរ៉ុប​ជាច្រើន​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​រក​ប្រទេស​ដែល​ផលិត​កម្ម​មាន​តម្លៃ​ថោក​ជាង​កម្ពុជា។​ ​អ្នក​ធ្វើការ​ជាង​៧៥០.០០០​នាក់ ​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល ​ឬ​បាត់បង់​ប្រាក់​ចំណូល​ទាំង​ស្រុង។​

លោក​ដួង តុលា​ តំណាង​សហជីព​នៅ​រោងចក្រ​អ៊ីហ្គាមិនដែល​ជា​រោង​ចក្រ​ផលិត​សម្លៀក​បំពាក់​នាំ​ចេញ​ទៅ​ទី​ផ្សារ​អឺរ៉ុប ​ប្រាប់ ​VOA ​ថា ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញ​ពី​កម្ពុជា ​អាច​ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន​ដក​ចេញ​ពី​កម្ពុជា ​ទៅ​កាន់​ប្រទេស​ផ្សេង។ លោក​បន្ត​ថា ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កម្មករ ​ដែល​ត្រូវ​ការ​ប្រាក់​ចំណូល​ជា​ប្រចាំ​ក្នុង​ការ​ទំនុក​បម្រុង​គ្រួសារ ​និង​បង់​ធនាគារ ​រហូត​អាច​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស។​

លោក​ដួង តុលា​ សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជានឹង​ព្យាយាមទប់​ស្កាត់​មិន​ឲ្យមាន​ការ​ដក​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធពី​កម្ពុជា។​

«សម្រាប់​ពួក​ខ្ញុំ​ជា​កម្មករ​គឺរង​ហានិភ័យ​ច្រើន​ ​ដោយ​សារ​អត់​មាន​ការងារ ​ហើយ​បើ​សិន​មាន​ការងារ​ ​ប្រាក់​ខែ​ក៏​មិន​ច្រើន​ដូច​ពួក​គាត់[រដ្ឋាភិបាល]ដែរ​ គឺ​ប្រាក់​ខែ​តែ​២០០​ឬ​៣០០​ដុល្លារ​ បែង​ចែក​ទៅ​ថ្លៃ​ទឹក​ភ្លើង​សព្វ​គ្រប់។​ ​សម្រាប់​ពួក​គាត់​ ទោះ​ជា​បាត់​បង់​ក៏​អត់​មានអី​ត្រូវ​ខ្វល់​ទេ​ ​ដោយសារ​ពួក​គាត់​មាន​លុយ​ត្រៀមសម្រាប់​ពួកគាត់​ស៊ី​ចាយ​ហើយហ្នឹង!​ ​វា​អាច​ជះ​ឥទ្ធិពល​មិន​ត្រឹម​តែ​ក្នុង​ប្រព័ន្ធ​វាយនភ័ណ្ឌ។​ វា​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយ​ចំនួន​ទៀត»។​

សភា​ពាណិជ្ជ​កម្ម​អឺរ៉ុបបាន​សន្និដ្ឋាន​ថា​ ​មនុស្ស​យ៉ាង​ហោច​ណាស់​៩​ម៉ឺន​នាក់​ អាច​នឹង​បាត់បង់​ការងារ​ធ្វើ ​បើ​សិន​ជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ​ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​ចំណេញ​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំពី​ការ​នាំ​ចូល​ភាគ​ច្រើន​នៃ​ផលិត​ផល​ក្នុង​ស្រុក​ទៅ​អឺរ៉ុប​ ដោយ​មិន​បាច់​បង់​ពន្ធ។​ វិស័យ​កាត់ដេរ​បាន​ផ្តល់​ការងារ​យ៉ាង​ហោច​ណាស់​ចំនួន​៧​សែន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​ស្ត្រី៕

XS
SM
MD
LG