លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ នៅថ្ងៃពុធនេះនឹងមានគម្រោងជួបអ្នកការទូត ប្រទេសអឺរ៉ុបសំខាន់ចំនួនបីក្នុងពេលតែមួយ ដែលឯកអគ្គរាជទូតនិងឯកអគ្គរដ្ឋទូតទាំងនោះមានស្ថានបេសកកម្មការទូតនៅក្នុងប្រទេសថៃហេីយទទួលបន្ទុកកិច្ចការកម្ពុជានិងតំបន់។
អ្នកការទូតទាំងបីរួមមាន ឯកអគ្គរាជទូត Philippe Kridelka នៃរាជាណាចក្របែលហ្សិក (Belgium) និងលោកស្រីឯកអគ្គរាជទូត Kjersti Rødsmoen នៃរាជាណាចក្រន័រវែស (Norway) ដែលមានស្ថានឯកអគ្គរាជទូតនៅទីក្រុងបាងកក ទទួលបន្ទុករាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា និងលោកស្រីឯកអគ្គរដ្ឋទូត Satu Suikkari-Kleven នៃសាធារណរដ្ឋហ្វាំងឡង់ (Finland) ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទទួលបន្ទុកប្រទេសថៃ កម្ពុជា និង មីយ៉ាន់ម៉ា(ភូមា)។
ជំនួបជាមួយឯកអគ្គរាជទូតនិងឯកអគ្គរដ្ឋទូតអឺរ៉ុបចំនួនបីប្រទេសក្នុងពេលតែមួយនេះគឺនឹងប្រព្រឹត្តទៅនៅគេហដ្ឋានលោក កឹម សុខា នៅខណ្ឌទួលគោគរាជធានីភ្នំពេញ ជាកន្លែងដែលលោកជាប់ឃុំក្នុងផ្ទះ ហេីយជាកន្លែងដែលលោកទទួលជួបសវនាការជាមួយអ្នកការទូតមហាអំណាចនិងប្រទេសផ្តល់ជំនួយសំខាន់ៗ និងប្រទេសមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មសំខាន់ៗសម្រាប់កម្ពុជា។
លោក កឹម សុខា កាលពីសប្តាហ៍កន្លងទៅបានទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតប្រទេសស្វីស (Switzerland) គឺលោកស្រី Helene Budliger Artieda ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទទួលបន្ទុកប្រទេសថៃ កម្ពុជា និងឡាវ។
ជំនួបនៅថ្ងៃពុធនេះកេីតឡេីងក្រោយពេលលោក កឹម សុខា បានទទួលជួបឯកអគ្គរដ្ឋទូតមហាអំណាចនិងប្រទេសធំៗចំនួន៦ប្រទេសក្នុងរយ:ពេលបួនថ្ងៃជាប់ៗគ្នាកន្លងមក បន្ទាប់ពីតុលាការបានដោះលែងលោក ដោយការបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ។ នេះបេីតាមសេចក្តីប្រកាសព័ត៌មាននិងការបញ្ជាក់របស់លោក មុត ចន្ថា មន្ត្រី អតីតនាយកខុទ្ទកាល័យលោក កឹម សុខា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំ។
កាលពីសប្តាហ៍មុន លោក កឹម សុខា ក៏បានជួបឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាគឺលោកស្រី ទីណា រេដស័រ (Tina Redshaw)។ ជំនួបជាមួយចក្រភពអង់គ្លេសដែលជាប្រទេសមហាអំណាចមួយលេីពិភពលោក បានប្រព្រឹត្តទៅនៅឯគេហដ្ឋានរបស់លោក កឹម សុខា ជាកន្លែងដែលលោកទទួលជួបសវនាការជាមួយមន្ត្រីការទូតនានាចាប់ផ្តេីមពីថ្ងៃដំបូង គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ភ្លាមៗបន្ទាប់ពីលោក កឹម សុខា ត្រូវតុលាការដោះលែងដោយបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យត្រួតពិនិត្យរបស់តុលាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា។ កាលពីថ្ងៃទី១៣ វិច្ឆិកា លោក កឹម សុខា បានជួបអគ្គរដ្ឋទូតប្រទេសចំនួនពីរ។
ឯកអគ្គរដ្ឋទូតទាំងពីរនោះ គឺឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ខាមិន ម៉រីណូ (Carmen Moreno) និង ឯកអគ្គរាជទូតជប៉ុន ម៉ាសាហ៊ីរូ មីកាមិ (Masahiro Mikami) ប្រចាំកម្ពុជា។ ការជួបទូតសហភាពអឺរ៉ុបបានកើតឡើងចំពេលដែល សហភាពអឺរ៉ុបទេីបបានបញ្ជូនរបាយការណ៍បឋមរបស់ខ្លួនទៅឱ្យអាជ្ញាធរកម្ពុជាស្ដីពីលទ្ធផលនៃការស៊ើបអង្កេត ទៅលើការចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិមនុស្ស ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាក្រោមលក្ខខណ្ឌ EBA។
ជំនួបនេះដូចលេីកមុនៗដែរ មិនត្រូវបានគេបញ្ជាក់ឲ្យដឹងអំពីខ្លឹមសារស៊ីជម្រៅទេ គ្រាន់តែអ្នកនាំពាក្យនៃកិច្ចប្រជុំគឺលោក មុត ចន្ថា អះអាងថា អ្នកការទូតទាំងពីរដែលតំណាងឲ្យប្រទេសផ្តល់ជំនួយធំជាងគេបង្អស់មួយ និងជាប្រទេសផ្តល់ការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា លេីកលែងតែអាវុធនោះគឺជា ការជួបសម្តែងការគួរសម និងសួរសុខទុក្ខអំពីបញ្ហាសុខភាពរបស់លោក កឹម សុខា។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ខាមិន ម៉រីណូ វ (Carmen Moreno) និងឯកអគ្គរាជទូតជប៉ុន ម៉ាសាហ៊ីរូ មីកាមិ (Masahiro Mikami) ប្រចាំកម្ពុជា មិនបានបញ្ជាក់ពីខ្លឹមសារនៃជំនួបនោះភ្លាមៗទេ។ ប៉ុន្តែបេីតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបស្តីពីលោក កឹម សុខា ដែលបានចេញផ្សាយក្រោយពីជំនួបនោះ អ្នកនាំពាក្យសហភាពអឺរ៉ុប ដែលជាប្លុកមានប្រទេសចំនួន២៨នោះ បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានជួបជាមួយលោក កឹម សុខា នៅពេលព្រឹក បន្ទាប់ពីតុលាការរាជធានីភ្នំពេញ បានដោះលែងដោយបន្ធូរបន្ថយលក្ខខណ្ឌដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយហេតុផលសុខភាព។
អ្នកនាំពាក្យបានអះអាងថា នេះគឺជាជំហានវិជ្ជមានមួយទៅតាមទិសដៅត្រឹមត្រូវ តែ«យេីងរំពឹងថាលោកកឹម សុខានឹងត្រូវបានដោះលែង ហេីយផ្តល់សិទ្ធិធ្វេីនយោបាយជូនលោកវិញ ដូចនេះលោក កឹម សុខាអាចចូលរួមក្នុងជីវភាពនយោបាយបានពេញលេញ»។
ដោយឡែកលោកឯកអគ្គរដ្ឋទូតជប៉ុនបានសរសេីរលោក កឹម សុខា អំពីការអត់ធ្មត់របស់លោក ដេីម្បីប្រជាធិបតេយ្យនិងផលប្រយោជន៍ជាតិ។
កាលពីថ្ងៃអង្គារសប្តាហ៍មុនដែរលោក កឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូត ទាំងពីររូបដែលក្នុងនោះមានលោក Christian Berger នៃប្រទេសអាល្លឺម៉ង់ដែលជាសមាជិកសំខាន់បំផុតមួយរបស់សហភាពអឺរ៉ុបនិងលោកស្រី Angela Corcoran នៃប្រទេសអូស្ត្រាលី។
កាលពីថ្ងៃចន្ទសប្តាហ៍មុនទៀត លោក កឹ ម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតចំនួនពីររូបដែរគឺលោកស្រី អេវ៉ា ង្វៀន ប៊ិ ញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំ ងប្រចាំនៅកម្ពុជា ដែលជាសមាជិកសំខាន់បំផុតមួយ និងឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy ប្រចាំកម្ពុជា។
អ្នកកាទូតនានា ដែលបានជួបរួមទាំងលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy បានជំរុញឲ្យមានការទម្លាក់បទចោទ ទាំងអស់ប្រឆាំងនឹងលោក កឹម សុខា និងមន្ត្រីរបស់លោកទាំងក្នុងនិងក្រៅប្រទេសពាក់ព័ន្ធនឹងអ្វីមួយដែលថា លោកត្រូវបានចោទថាបានឃុបឃិត ជាមួយជនបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កឹម សុខា ត្រូវបានដោះលែងនិងបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក្រោយពីក្រុមមេធាវីបានស្នេីសុំឲ្យមានការដោះលែងលោក កឹម សុខា ដោយយោងថាថិរវេលានៃការឃុំខ្លួនដោយគ្មានការកាត់ទោសបានលេីសកំណត់ជាងពីរឆ្នាំ ហេីយមិនមានភស្តុតាងដាក់បន្ទុកលេីលោក កឹម សុខា។
ប៉ុន្តែតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌដោយផ្អែកលើហេតុផលសុខភាពនិងការសហការល្អរបស់លោក កឹម សុខា ជាមួយតុលាការ។ នេះបេីតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក កឹម សុខា បានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សហមេធាវីការពារសិទ្ធិរបស់លោកបានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរ លើកលែងបទចោទមកលើរូបលោក តែលោកថា «ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ (អាទិត្យ) មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ»។
ពេលនេះ លោក កឹម សុខា ត្រូវតុលាការហាមមិនឲ្យធ្វេីនយោបាយ មិនឲ្យចេញក្រៅប្រទេសនិងត្រូវសហការជាមួយតុលាការ។ ប៉ុន្តែលោកអាចដេីរចេញពីផ្ទះនិងជួបជុំពលរដ្ឋ ក្រុមគ្រួសារបានលេីកលែងតែ «សកម្មភាពនយោបាយ» ដែលគ្មានការបញ្ជាក់ច្បាស់ថា ជាអ្វីពិតប្រាកដ ដែលជាសកម្មភាពនយោបាយ ហើយបេីមិនដូច្នោះទេ តុលាការអាចឃុំលោកវិញ។
លោក កឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូត បារាំង និង អាមេរិក កាលពីថ្ងៃចន្ទ សប្តាហ៍មុន ហេីយបញ្ជាក់ថា សេរីភាពរបស់លោក នៅរងការ រឹតត្បិត មិនអាចនិយាយអ្វីបានដោយសារ ថាការហាមមិនឲ្យធ្វេីនយោបាយរបស់តុលាការ នោះ មិនបញ្ជាក់ឲ្យបានច្បាស់ថា ជាសម្មភាពអ្វី ហើយ បទចោទមកលើរូបលោកក៏មិនទាន់ត្រូវបានទម្លាក់ចោល។
នៅលេីហ្វេសប៊ុករបស់លោក លោក កឹម សុខា បានសរសេរថា៖ «ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំ មកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះ គឺជាជំហានទី១ ប៉ុន្តែរូបខ្ញុំក៏ ដូចជា ពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយ នៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ»៕