ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សុំ​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន​លោក​ សម រង្ស៊ី


មេដឹកនាំគណបក្សប្រឆាំងកម្ពុជាលោក សម រង្ស៊ី មកដល់ទីក្រុងហ្សាការតានៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ (AP)

ប្រទេស​កម្ពុជាបាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន​ឬ​បណ្ដេញលោក សម រង្ស៊ី ចេញ​ពី​ប្រទេស​តាម​អំណាចដីកា​ស្វែងរកចាប់ខ្លួន​របស់​តុលាការ​កម្ពុជា។

សំណើ​នេះ​ធ្វើ​ឡើង​តាមរយៈ​ស្ថានទូត​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សាការតា​និង​ក្នុង​រយៈ​ពេលតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិបានទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ីនៅ​ថ្ងៃព្រហស្បតិ៍​នេះ​។ នេះ​បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន​ដែល​បានចេញផ្សាយ​ដោយ​ក្រុម​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា។

ស្ថានទូត​កម្ពុជា​បាន​បន្ថែម​ថា៖

«យើង​សូម​ស្នើ​ឱ្យ​អាជ្ញាធរឥណ្ឌូណេស៊ី​ចាត់​វិធានការ​ប្រឆាំង​នឹង​លោក សម រង្ស៊ី ពីព្រោះ​គាត់​បាន​រំលោភ​ទិដ្ឋាការ​ទេសចរណ៍ឥណ្ឌូណេស៊ី​ ដោយ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​និង​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​ប្រទេស​ជា​មិត្ត​អាស៊ាន​ដូច​គ្នា»។

ស្ថាន​ទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ពន្យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​រួច​ហើយនិង​ក៏​មាន​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ​តាម​ស្វែង​រក​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ចំនួន​៧នាក់ ​ដែល​ក្នុង​នោះ​មាន​លោក សម រង្ស៊ី និង​លោក​ស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ផង​ដែរ ដោយសារ​តែ​រង​ការ​ចោទ​ប្រកាន់​ថា​ ខិតខំ​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាលរបស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក សម រង្ស៊ី ដែល​មាន​សញ្ជាតិ​បារំាង​ផង​ដែរ​ បាន​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូណេស៊ី​ពី​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់ពី​គម្រោង​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជាវិញ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃទី​៩ខែវិច្ឆិកា ​បាន​ត្រូវ​អាជ្ញាធរ​កម្ពុជា​រារាំង​ដោយ​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​បិទ​ច្រក​ព្រំដែននិង​ប្រើ​ច្រក​ការ​ទូត​មិន​ឱ្យ​រដ្ឋាភិបាលថៃ​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ទឹកដី​របស់​ខ្លួន។

រដ្ឋាភិបាល​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​មិន​បាន​ចាប់​ខ្លួនមន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ណា​ម្នាក់​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ។

លោក តឹកគូ ហ្វៃហ្សាស៊ីយ៉ាស់ (Teuku Faizasyah) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​បាន​ប្រាប់​ដល់​បណ្ដាញ​សារព័ត៌មាន​ថាប្រសិនបើ​ជន​ណា​ម្នាក់​មិន​ប្រព្រឹត្ត​ខុស​ទិដ្ឋាការ​ទេសចរណ៍​ ដើម្បីធ្វើ​សកម្មភាព​នយោបាយ​នៅ​ឥណ្ឌូណេស៊ី​ទេ​គឺ «ជន​នោះ​មិន​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​សម្រាក​លំហែ​ឡើយ»។

ស្ថានទូត​កម្ពុជា​ផ្តល់​អំណះអំណាង​ថា ​វត្តមាន​របស់​លោក ​សម រង្ស៊ី គឺ​ដើម្បី​សកម្មភាព​នយោបាយ៖

«ប្រសិនបើ​លោក សម រង្ស៊ី​ មក​ឥណ្ឌូណេស៊ីដើម្បី​សម្រាក​លំហែ​គឺ​យើង​មិន​ជំទាស់​ទេ។​ ប៉ុន្តែ​គាត់​មក​ទីនេះ​ដើម្បី ចូលរួម​សកម្មភាព​នយោបាយ​និង​រិះគន់​រដ្ឋាភិបាល​របស់​យើង។ គាត់​នឹង​ធ្វើ​ការងារ​ដែល​រំលោភ​ទិដ្ឋាការ។ យើង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​លោក​នៅ​ក្នុង​ទីក្រុង​ហ្សាការតា»។

នៅ​ទីក្រុង​ហ្សាការតា លោក សម រង្ស៊ី បាន​ជួប​ជាមួយ​នឹង​អ្នកតំណាងរាស្ត្រ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ឥណ្ឌូនេស៊ី។

ស្ថានទូត​កម្ពុជា​ធ្លាប់​បាន​ព្យាយាម​ដោយ​មិន​បាន​ជោគជ័យ​ម្ដង​ហើយ​កាល​ពី​សប្ដាហ៍​មុន​ដោយ​ព្យាយាមរារាំង​សន្និសីទ​សារព័ត៌មាន​របស់​លោកស្រី មូរ សុខហួរ និង​សុំ​ឱ្យ​អាជ្ញាធរ​បណ្ដេញ​ចេញ។

ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​២ឆ្នាំ​មកនេះ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ទុក្ខ​បុក​ម្នេញ​អង្គការ​សង្គម​ស៊ីវិល​និង​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ។

កាល​ពី​ថ្ងៃ​អង្គារ​សហភាព​អឺរ៉ុប​បាន​បញ្ជូន​របាយការណ៍​បឋម​មួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ទុក​ពេលឱ្យ​មួយ​ខែ​ដើម្បី​កែ​លម្អ​ស្ថានការណ៍​ឡើង​វិញ​ជា​ថ្នូរ​នឹង​ការ​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ» (EBA)​។ សហភាព​អឺរ៉ុប​នៅតែ​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ពលកម្ម​ដែល​មិន​បាន​ប្រសើរ​ឡើង​ក្នុង​រយៈពេល​៩ខែ​នៃ​ការ​តាមដាន​របស់​ខ្លួន។

លោក ហ្សង់ បាបទីស​ ឡឺម៉ូញ៉េ (Jean-Baptiste Lemoyne) រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស​និង​អឺរ៉ុប​របស់​ប្រទេស​បារាំង​បញ្ជាក់​ប្រាប់​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃពុធថា​ ប្រសិន​បើ​មិន​មាន​ការ​រីក​ចម្រើន​ទេ​គឺ​ប្រទេស​បារំាង​និង​សហភាព​អឺរ៉ុប​នឹង​ត្រូវ​តែ​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​នេះ។

​អត្ថាធិប្បាយ​របស់​លោក​គឺ​ជា​ការឆ្លើយ​តប​នឹង​សំណួរ​របស់​លោក អង់ដ្រេ​ កាតូឡាំង​ (Andre Gattolin) សមាជិក​ព្រឹទ្ធសភា​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក អង់ដ្រេ​ កាតូឡាំង​ ក៏​ជា​អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​នៃ​ព្រឹទ្ធសភា​បារាំង​ផង​ដែរ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG