ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​ ទៅ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​បន្ទាប់​ពី​មាន​​សេចក្តី​​រាយការណ៍​ពី​ការ​រារាំង​រូប​លោក


លោកសមរង្ស៊ីនិយាយជាមួយអ្នកសារព័ត៌មានពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងខេត្ត Tangerang ប្រទេសឥណ្ឌូនេស៊ី។​ (AP Photo/Tatan Syuflana)

លោក សម រង្ស៊ីថា ខ្លួន​បាន​ខកខាន​ជើង​យនុ្ត​ហោះ​ទៅ​ទីក្រុង​ហ្សាការតា តែ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ។

ប្រធានស្តី​ទី​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ទៅ​ដល់​ទឹក​ដី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​មាន​សេចក្តី​រាយការណ៍​ពីការ​ហាមឃាត់​រូប​លោក​មិន​ឲ្យ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ចូល​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​ពុធ។​

កាល​ពី​ថ្ងៃ​ពុធ លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​សង្គម​ Twitter ​របស់​លោក​ថា លោក​បាន​ខកខាន​ជើង​យនុ្ត​ហោះ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ទៅ​ទីក្រុង​ហ្សាការតា។ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នោះ​ទេ។

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​ប្រាប់​VOAនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក សម រង្ស៊ី បាន​ទៅ​ដល់ទីក្រុង​ហ្សាការតា​នៃប្រទេស​ឥណ្ឌូណេស៊ី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​លោក​បាន​ជួប​ជាមួយ​តំណាងរាស្រ្ត​មួយ​ចំនួន។ ប៉ុន្តែ​លោកស្រី​មិន​បាន​បញ្ជាក់​ថា​តំណាង​រាស្រ្ត​ណា​នោះ​ទេ។

លោក​ស្រី​បន្ត​ថាការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ពេល​នេះគឺ​ដើម្បី​ចង​បណ្តាញ​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​នៅ​បណ្តាអាស៊ាន។ លោកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​ជា​អ្នក​ប្រជាធិបតេយ្យ យើង​ត្រូវ​តែ​ខិត​ខំ​ចង​មិត្តភាព​ ជាមួយ​នឹង​អ្នក​ប្រជាធិបតេយ្យ​ដូច​គ្នា​ ជាពិសេស​អ្នក​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ាន។ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស អ្នក​ប្រជាធិបតេយ្យ ត្រូវ​តែ​រួម​កម្លាំង​គ្នា​ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា អ្នក​ប្រជាធិបតេយ្យ​នៅ​ជាមួយ​គ្នា​ ពង្រឹង​គ្រឹះមូលដ្ឋាន​នៃ​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ទាំង​មូល»។

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines ​បាន​ប្រាប់​សារព័ត៌មាន​បរទេស​ Reuters កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​បាន​ទទួល​ការ​ណែនាំ​ពី​អាជ្ញាធរ​ឥណ្ឌូណេស៊ី​មិន​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ដំណើរ​ចូល​ទឹក​ដី​ឥណ្ឌូណេស៊ី។

លោក សម រង្ស៊ី បាន​បង្ហោះសារ​នៅ​លើ Twitter​ ថា​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​MH711ហើយ​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ Jakarta Soekarno Hatta នៅ​វេលាម៉ោង​១០​និង​១០នាទី​ព្រឹក។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines​ បាន​នៅ​ឡើយ​ទេ។

ស្ថាន​ទូត​ឥណ្ឌណេស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់ ​VOA ថា ស្ថានទូត​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទាក់ទង​អំពី​បញ្ហា​នេះ​ពី​រដ្ឋាភិបាល​របស់​ឥណ្ឌូណេស៊ី​នៅ​ឡើយ​ទេ។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី តាម​អ៊ីម៉េល​បាន​ដែរ។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​ថា​ មូល​ហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី អាចធ្វើ​ដំណើរ​ចូល​ដល់​ប្រទេសឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​នេះ​បាន ក្រោយ​ពី​មាន​ការ​ខកខានកាល​ពី​ថ្ងៃ​ពុធ។

លោក Phil ​Robertson ​អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​សម្រេច​ចិត្ត​ដាក់​ជា​អាទិភាព​នូវ​តម្រូវ​ការ​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជាជាង​វិធាន​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​អាស៊ាន។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាម​រយៈ​អ៊ីម៉េល​ឬ​សារអេឡិចត្រូនិក​ថា៖ «ក្នុង​នាម​ជា​ប្រទេស​មួយ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​តិច​តួច ដែល​ប្រកាន់​ខ្ជាប់​នូវ​ការអនុវត្ត​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ ឥណ្ឌណេស៊ី​ពិត​ជា​ចង់​ឮ​អ្វី​ដែល​លោក សម រង្ស៊ី និង​សហការី​របស់​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​តែ​និយាយ ហើយ​វា​គឺ​ជា​ការ​វិវត្ត​មួយ​ដ៏​វិជ្ជមាន ដែល​ឥណ្ឌូណេស៊ី អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ក្នុង​ប្រទេស។ វា​អាក្រក់​ណាស់​ដែល​ប្រទេស​ថៃ វៀតណាម និង​ឡាវ មិន​មាន​គោល​ការណ៍​ប្រជាធិបតេយ្យ​ទាំង​នោះ»។

លោក​បញ្ជាក់​ថា​ ទស្សនកិច្ច​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី «អាច​តតាំង​នឹង​ឥរិយាបទ​រំលោភ​សិទ្ធិ​និង​ការ​គាំទ្រ​របស់​អាស៊ាន​ទៅ​កាន់​លោក ហ៊ុន សែន ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​វិល​ត្រឡប់​មក​វិញ​របស់​អ្នក​និរទេស​ខ្លួនគណបក្ស​សង្រ្គោះ​ជាតិ​ មក​ភ្នំពេញ​វិញ»។ លោក​បន្ត​ថា ការ​ជួប​ជាមួយ​មន្រ្តី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សង្គម​ស៊ីវិល ក៏​ដូ​ចជា​តំណាង​នៃគណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន លោក សម រង្ស៊ី នឹង​អាច​ស្វែង​រក​ការ​គាំទ្រ​ក្នុងកម្រិត​តំបន់។

លោក សម រង្ស៊ី បាន​ស្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា នៅ​ពេល​លោក​ខក​ខាន​មិន​បាន​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ព្រំដែន​ថៃ ដោយសារ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដី​ប្រទេស​ថៃ កន្លែង​ដែល​សកម្មជន​របស់​លោក​ស្នាក់​នៅ​និង​ត្រៀម​ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​បាន​ត្រៀម​កម្លាំង​រាប់​រយ រាប់ពាន់​នាក់ នៅ​តាម​ព្រំដែន ដើម្បី​ទប់​ទល់​នឹង​ការ​វិល​ត្រឡប់​នេះ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក សម រង្ស៊ី មិន​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ ហើយ​លោក​បាន​ជួប​ជាមួយ​តំណាងរាស្រ្ត​របស់​ម៉ាឡេស៊ី​មួយ​ចំនួន​ផង​ដែរ។

អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ហៅ​សកម្មភាព​យុទ្ធនាការ​ប្រជាធិបតេយ្យ​និង​ការ​ទូត​របស់លោក សម រង្ស៊ី នៅ​តំបន់​អាស៊ាន​ថា គ្រាន់​តែ​ជា​«ទេសចរ​ឧទ្ទាម»តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖«ខ្ញុំ​មើល​ឃើញ​ថា​គាត់​គ្រាន់​តែ​ជា​ទេសចរ ដែល​គេ​ហៅ​ថា​ទេសចរ​ឧទ្ទាម​តែ​ប៉ុណ្ណោះ»។ លោក​ចាត់​ទុក​សកម្ម​ភាព​របស់​លោក​ សម រង្ស៊ី «ជាស​កម្មភាព​បរាជ័យ ឲ្យ​គេ​ចាប់​អារម្មណ៍​តាម​បណ្តាញ​សារព័ត៌មាន​តែ​ប៉ុណ្ណោះ»។

លោក ផៃ ស៊ីផាន បន្ត​ថា រដ្ឋាភិបាល​របស់​លោកមិន​បាន​រារាំង​លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​ការ​ចូល​មក​របស់​លោក សម រង្ស៊ី ត្រូវ​ប្រឈម​នឹង​ចំណាត់​ការ​របស់​តុលាការ។

ពី​រាជ​ធានី​ភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ ក៏​បាន​បន្ត​ការ​ព្រមានលោក សម រង្ស៊ី និង​បាន​ចាត់​ទុក​ថា​អ្នក​ដែល​ត្រៀម​ទទួល​លោក​នៅ​ក្រៅ​ប្រទេស និង​អ្នក​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​ជា​«អ្នក​ចាញ់​បោក»​លោក សម រង្ស៊ី។

ទោះ​ជា​យ៉ាងណា លោក​អំពាវនាវ​ឲ្យ​អ្នក​ទាំង​នោះ​អាច​ចូល​ប្រទេស​វិញ ដោយ​ពុំ​មាន​ការ​ចាប់​ខ្លួន ដោយ​លោក​ស្នើ​ឲ្យ​តុលាការ​ពិនិត្យ​មើល​ទិដ្ឋភាព​ផ្លូវ​ច្បាប់​លើ​ពួកគេ។

លោកស្រី មូរ សុខហួរ នៃ​គណបក្ស​សង្រ្គោះជាតិ បាន​ថ្លែង​ថា ការ​បញ្ជា​ឲ្យ​ដោះ​លែង​ និង​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង «​ជា​រឿង​ធម្មតា​របស់​លោក ហ៊ុន សែន»។ លោកស្រី​ស្នើ​ឲ្យ​បញ្ចប់​ការ​គំរាម​កំហែង ការ​យក​ខ្មែរ​ជា​សត្រូវ ហើយ​ចាប់​ផ្តើម​ដំណើរ​ការ​ផ្សះ​ផ្សា​ជាតិ​ទាំង​អស់​គ្នា៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG