ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន​ សែន ​ថា​ប្រធានាធិបតី​​អាមេរិក​មិន​គាំទ្រ​ការ​ប្តូរ​របប​នៅ​កម្ពុជា


រូបឯកសារ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមពិធីគម្រប់ខួប៦៨ឆ្នាំនៃការបង្កើតគណបក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមពិធីគម្រប់ខួប៦៨ឆ្នាំនៃការបង្កើតគណបក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

ទំព័រហ្វេសប៊ុក​របស់​មេដឹកនាំ​ខ្មែរ​លោក​ហ៊ុន សែន​ បាន​អះអាង​ថា​ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គឺ​លោក​ដូណាល់ ត្រាំ​ (Donald Trump) បាន​សរសេរ​លិខិត​បញ្ជាក់​ជូន​លោក​ថា​ ​អាមេរិក​គាំទ្រ​កម្ពុជា​ និង​មិន​គាំទ្រ​ការ​ផ្លាស់​ប្តូរ​របប​ទេ។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​សរសេរ​ថា៖​ «ក្នុង​លិខិត​ពី​សេតវិមាន White House​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី ​Donald Trump​ គឺ​បាន​បញ្ជាក់​ច្បាស់​អំពី​ជំហរ​សហ​រដ្ឋ​អាមេរិក​ដោយ​មាន​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ជាពិសេស​គោរព​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា​ និង​មិន​មាន​ការ​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ‍»។​

លោក​ហ៊ុន សែន​ ថ្លែង​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​អះអាង​ថា​ លោក​បាន​ទទួល​លិខិត​ពីរ​ច្បាប់​ពី​លោក​ប្រធានាធិបតី​ ត្រាំ​ ពេល​ជួប​ជាមួយ លោក​ Patrick Murphy ​ឯកអគ្គ​រដ្ឋទូត​អាមេរិកប្រចាំ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ឯ​វិមាន​សន្តិភាព។​

ក្រោយពី​ជំនួប​លោក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ​លោក​ Patrick Murphy​ គ្រាន់​តែ​បញ្ជាក់​ថា​ លោក​បាន​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​និង​បញ្ហា​កិច្ច​ប្រជុំ​ពិសេស​អាមេរិក​អាស៊ាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ។

គេហ​ទំព័រ​របស់​ស្ថានទូត​អាមេរិក​សរសេរ​ថា៖ «នៅ​ថ្ងៃ​នេះ​ លោក​ឯក​អគ្គ​រដ្ឋទូត​ W. Patrick Murphy​ បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដើម្បី​បន្ត​ការ​ពិភាក្សា​របស់​យើង​ អំពី​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​ពលរដ្ឋ​កម្ពុជា​ និង​ប្រជាធិបតេយ្យ​ ព្រម​ទាំង​បន្ត​ជំហាន​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​ដែល​នឹង​ជួយ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី។​

លោក​ឯកអគ្គ​រដ្ឋទូត​បាន​សាក​សួរ​ពី​លិខិត​អញ្ជើញ​ដែល​បេសកជន​ប្រធានាធិបតី​ O'Brien ​ដែល​បាន​ផ្ញើជូន​បន្ត​ពី​លោក​ប្រធានាធិបតី ​ត្រាំ ​ទៅ​កាន់​បណ្តា​មេដឹកនាំ​ ដែល​បាន​ជួប​ប្រជុំ​នៅ​ក្រុង​បាងកក ​សម្រាប់​កិច្ច​ប្រជុំ​ពូល​អាមេរិក​អាស៊ាន​ ដ៏​ពិសេស​នៅ​ឆ្នាំ​២០២០​នេះ‍»។

លោក​ Patrick Murphy​ បាន​ជួប​ជាមួយ​លោក​កឹម សុខា ​មេ​ដឹកនាំ​ក្រុម​ជំទាស់​កាលពី​ថ្ងៃ​ទី​១១ខែ​វិច្ឆិកា​ គឺ​មួយ​ថ្ងៃ បន្ទាប់ពីលោក​កឹម សុខា​ ត្រូវ​តុលាការ​ដោះ​លែង​ដោយ​ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​នៃ​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ តែ​មិន​ឲ្យ​ធ្វើ​នយោបាយ​ និង​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស​ទេ។ ​លោក​ Patrick Murphy ​បាន​ស្នើ​សុំឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់ ​និង​ផ្តល់​សេរីភាព​ធ្វើ​នយោបាយ​ពេញ​លេញ​ដល់​លោក​កឹម សុខា​ ដែល​ជាប់​ចោទ​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ រួម​ទាំង​មន្ត្រី​ជំទាស់​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ផង​ដែរ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​ បាន​អះអាង​អំពី​ការ​រឹត​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អាមេរិក​ឲ្យ​កាន់​តែ​ប្រសើរ ​និង​អំពី​ការ​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ ត្រាំ​ ចំពោះ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​នៅ​ដើម​ឆ្នាំ​ខាង​មុខ។

ទំព័រ​ហ្វេសប៊ុករបស់​លោក​សរសេរ​ថា៖ «សម្តេច​តេជោបាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​បង្កើន​មិត្តភាព​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ ហើយ​រីករាយ​នឹង​ចូលរួម​កិច្ច​ប្រជុំ​ពិសេស​ដែល​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ក្រោយ​នេះ‍»។​

លោក​ប្រធានាធិបតី ​ត្រាំ​ បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​ហើយ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទៅ​ចូលរួម​នៅ​អាមេរិក​ដើម​ឆ្នាំ​ខាង​មុខ​នេះ​ គឺ​ក្រោយ​ពេល​លោក ត្រាំ​ មិន​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​មិន​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូល​រួមទេ​ កាល​ពី​ដើម​ខែ​វិច្ឆិកា​ ដែល​ថៃ​ជា​ម្ចាស់​ផ្ទះ​ ហើយ​គ្រាន់តែ​បញ្ជូន​ទីប្រឹក្សា​សន្តិសុខ​ម្នាក់​គឺ​លោក​ Robert O’Brien ​ប៉ុណ្ណោះ។

ទង្វើ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​រកាំ​រកូស​ខ្លះ​ក្នុង​ចំណោម​មេ​ដឹកនាំ​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​មួយ​ចំនួន។​

នៅ​ក្នុង​ជំនួប​នេះ​ផង​ដែរ ​លោក​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ក៏​បាន​ចូលរួម​រំលែក​នូវ​ព្រះ​មរណទុក្ខ​ចំពោះ​ការ​យាង​សោយ​ទិវង្គត​របស់​សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម ​នរោត្តម ​បុប្ផាទេវី​ដែល​ព្រះ​អង្គ​បាន​ចូល​រួម​លើក​ស្ទួយ​វិស័យ​វប្បធម៌​ជាច្រើន​របស់​ប្រទេស​កម្ពុជា​នោះ​ ​ហើយ​បាន​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ៕

XS
SM
MD
LG