យុវជនមួយចំនួន បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពី៣០ឆ្នាំមុន ដោយពួកគេជំរុញឲ្យអ្នកនយោបាយដឹកនាំប្រទេស ដើរតាមគន្លងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងតាមស្មារតីនៃកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។
កិច្ចព្រមព្រៀងដែលមានប្រទេសហត្ថលេខីចំនួន១៨ប្រទេស ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមក្នុងប្រទេសកម្ពុជា ប៉ុន្តែភ្ជាប់កម្ពុជាឲ្យដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្ស។
យុវជនមួយចំនួនបានបញ្ចេញយោបល់របស់ពួកគេ ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់ការអនុវត្តតាមសន្ធិសញ្ញានេះ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។ ពួកគេយល់ថា សន្ធិសញ្ញានេះ នៅតែដើរតួនាទីសំខាន់ ហើយយុវជនចាំបាច់ត្រូវសិក្សាស្វែងយល់ពីអត្ថន័យខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដើម្បីចូលរួមអភិវឌ្ឍប្រទេស ប្រកបដោយសុខសន្តិភាព។
កញ្ញា តុប ម៉ីជូ និស្សិតផ្នែកព័ត៌មានវិទ្យាម្នាក់ អាយុ២៣ឆ្នាំ ប្រាប់វីអូអេថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសពិតជាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ដែលអាចឲ្យប្រទេសកម្ពុជាបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ។ ប៉ុន្តែកញ្ញាមើលឃើញថា រដ្ឋាភិបាលមិនទាន់បានអនុវត្តពេញលេញទៅតាមមាត្រាខ្លះ ដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះ នៅឡើយទេ។
កញ្ញាស្នើឲ្យរដ្ឋាភិបាលអនុវត្តឲ្យបានល្អបន្ថែមទៀតទៅលើបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិក្នុងការបញ្ចេញមតិជាដើម។
កញ្ញានិយាយថា៖ «អ៊ីចឹងក្រោយពេលដែលយើងចុះសន្ធិសញ្ញា យើងឃើញការប្រែប្រួលជាមួយរឿងជាច្រើន ដែលបានកើតឡើងហ្នឹង ដូចជាប្រសិនបើប្រទេសកម្ពុជាយើងត្រូវបានគេគំរាមកំហែង ឬរំលោភបំពានអធិបតេយ្យផ្សេងៗ [គឺ]សមាជិកសន្ធិសញ្ញាទីក្រុងប៉ារីសហ្នឹង គាត់នឹងធ្វើការកោះប្រជុំ ឬចាត់វិធានការ ដើម្បីជួយកម្ពុជាយើង»។
កញ្ញាបន្ថែមថា៖ «ប្រទេសយើងបញ្ហាអត់បានដោះស្រាយ[ឲ្យបាន]ប្រសើរឡើង ហើយការអនុវត្តហ្នឹង វាអត់ទាន់មានប្រសិទ្ធភាពហ្នឹង ខាងសិទ្ធិមនុស្ស ហើយនឹងភាពយុត្តិធម៌ យើងអត់ទាន់មានអ៊ីចឹង។ ហើយថ្មីៗ យើងឃើញថា ផ្ទុះខ្លាំងបំផុត គឺសិទ្ធិសេរីភាពនៃការបញ្ចេញមតិហ្នឹងតែម្តង ជាពិសេសតាមប្រព័ន្ធអនឡាញអីហ្នឹង។ អ៊ីចឹងសិទ្ធិមនុស្ស ក៏យើងអត់ទាន់បានអនុវត្ត [គឺ]និយាយទៅបញ្ហាខ្លាំង ហើយក៏ភាពអយុត្តិធម៌ហ្នឹង វានៅតែមានដដែលអ៊ីចឹង»។
យុវតីម្នាក់ទៀត គឺអ្នកនាង នឿន ដាវីន អាយុ២៥ឆ្នាំ ជាអ្នកលក់ចាប់ហួយម្នាក់នៅរាជធានីភ្នំពេញ លើកឡើងថា រដ្ឋាភិបាលបានព្យាយាមក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ប៉ុន្តែមិនទាន់អនុវត្តឲ្យបានពេញលេញនៅឡើយទេ។ អ្នកនាងយល់ថា កិច្ចព្រមព្រៀងនេះ ពិតជាមានសារៈសំខាន់ ហើយយុវជនគួរតែស្វែងយល់អំពីកិច្ចព្រមព្រៀងមួយនេះ ដើម្បីយល់ពីទិសដៅនៃការអភិវឌ្ឍ និងជួយជំរុញសង្គមជាតិឲ្យរីកចម្រើន។
អ្នកនាងថ្លែងថា៖ «យុវជនយើងដូចជាកោសិកាសង្គម។ យើងជាអ្នកជួយជំរុញសង្គមជាតិរបស់យើងមានការរីកចម្រើន។ អ៊ីចឹងប្រសិនបើយើងជាកោសិកានៃសង្គមម្នាក់ៗ បានយល់ដឹងអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងរួមគ្នា ដើម្បីការអនុវត្តនូវច្បាប់ និងការអនុវត្តនូវច្បាប់ និងកិច្ចព្រមព្រៀងហ្នឹងបានល្អប្រសើរ ទៅតាមកិច្ចព្រមព្រៀងហ្នឹង អ៊ីចឹងធ្វើឲ្យប្រទេសយើងហ្នឹងមានការរីកចម្រើនខ្លាំងមែនទែន»។
ចំណែកយុវតីមួយរូបទៀតដែលជានិស្សិតឆ្នាំទី៣ផ្នែកនីតិសាស្រ្តនៅវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កញ្ញា ប៉ែត ម៉ូនីកា អាយុ២០ឆ្នាំ យល់ថា ទិវារំឭកខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀង២៣ តុលានេះ មានអត្ថន័យជារួមសំខាន់សម្រាប់ប្រទេស ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើន ឈានដល់ការនាំមកនូវសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរគ្រប់រូបឡើងវិញ ក្រោយបញ្ចប់ជម្លោះរវាងភាគីខ្មែរ។
កញ្ញាបន្ថែមថា៖ «និយាយរួមទៅយុវជនកម្ពុជាត្រូវតែសិក្សាស្វែងយល់ពីអត្ថន័យនៃថ្ងៃទី២៣ តុលា តែម្តង ដោយសារតែថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ហ្នឹងហើយទើបធ្វើឲ្យប្រទេសកម្ពុជាយើងរស់រានមានជីវិតឡើងវិញ។ ធ្វើឲ្យប្រទេសមួយដែលជួបនឹងសង្គ្រាមអាចងើបឡើងវិញបាន [និង]ស្តារឡើងវិញបាន ធ្វើឲ្យប្រជាជន ប្រជាពលរដ្ឋមានការលើកឡើង ជាចំណែកមួយដែលធ្វើឲ្យប្រទេសយើងរីកចម្រើនបានដូចសព្វថ្ងៃហ្នឹង» ។
ស្រដៀងគ្នានេះដែរ យុវជន ម៉េង គ្រុយពន្លក អាយុ២២ឆ្នាំ ដែលជានិស្សិតទើបបញ្ចប់ឆ្នាំទី៤ ផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រាប់វីអូអេថា សន្ធិសញ្ញាទីក្រុងប៉ារីសពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការបញ្ចប់សង្រ្គាមស៊ីវិលក្នុងប្រទេស និងងាកមករកការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។
លោកបន្តថា កម្ពុជាគួរតែព្យាយាមបំពេញចំណុចដែលនៅខ្វះចន្លោះ ខណៈលោកយល់ថា កម្ពុជាមិនទាន់មានការរួបរួមគ្នាជារួម ដោយឈរលើការសម្រេចបាននូវសេរីភាពបញ្ចេញមតិ សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ខណៈប្រព័ន្ធនីតិរដ្ឋក្នុងប្រទេសក៏នៅមានកម្រិត ដែលមិនទាន់ស្របតាមសន្ធិសញ្ញាសន្តិភាពនេះទេ។
យុវជនដដែលបានស្នើឲ្យរដ្ឋាភិបាល គណបក្សជំទាស់ ក៏ដូចជាអង្គការសង្គមស៊ីវិលធ្វើការរួមគ្នាក្នុងការពង្រឹងការអនុវត្តនានា ឲ្យស្របតាមស្មារតីនៃសន្ធិសញ្ញានេះ ដើម្បីផលប្រយោជន៍ជារួមសម្រាប់កម្ពុជា។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ទាំងបីហ្នឹង ដូចជាគណបក្សនយោបាយផ្សេងៗ រដ្ឋាភិបាល សង្គមស៊ីវិលហ្នឹង គួរតែព្យាយាមរកចំណុចរួមមួយ ដើម្បីឲ្យកម្ពុជាយើងដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ»។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា មកទល់ពេលនេះ យើងនៅតែអនុវត្តទៅរកភាពឯកភាពជាតិជារួម បានន័យថា យើងយកផលប្រយោជន៍ជាតិជារួម ប្រជាជនជារួមអ៊ីចឹងទៅ» ។
យុវជនម្នាក់ទៀត លោក យូ ប៊ុនហេង អាយុ៣១ឆ្នាំ ជានិស្សិតទើបបញ្ចប់ការសិក្សាខាងផ្នែករដ្ឋបាលសាធារណៈ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជំរុញឲ្យរដ្ឋាភិបាលផ្សព្វផ្សាយបន្ថែមអំពីអត្ថន័យនៃកិច្ចព្រមព្រៀងមួយនេះទៅសាធារណជន។
លោកនិយាយថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋ សាធារណជនទូទៅ ឲ្យយល់អំពីសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ហ្នឹង ព្រោះយើងឃើញថា ឥឡូវហ្នឹង ដូចអត់សូវមាន [ការផ្សព្វផ្សាយ] តិចតួចមែនទែន»។
លោក ស្រ៊ន ស្រ៊ុន សកម្មជនម្នាក់ដែលចូលរួមផ្សព្វផ្សាយអំពីកិច្ចព្រៀមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានប្រាប់វីអូអេថា ការចូលរួមចំណែកពីបណ្តាយុវជន ពិតជាដើរតួនាទីសំខាន់មិនអាចខ្វះបាន ជាពិសេសក្នុងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យក្លាយជាអ្នកដឹកនាំជំនាន់ថ្មី ប្រកបដោយសក្តានុពល ដែលជាអ្នកបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។
លោកបន្តថា កាលណាយុវជនជំនាន់ថ្មី អាចសិក្សាស្វែងយល់ពីសន្ធិសញ្ញាសន្តិភាពនេះបាន នោះកម្ពុជា នឹងអាចពង្រឹងទំនាក់ទំនងការបរទេសរវាងកម្ពុជា និងប្រទេសផ្សេងៗទៀត ឲ្យមានភាពប្រសើរឡើង។
លោកថ្លែងថា៖ «ខ្ញុំថា អ្វីដែលយុវជនចាំបាច់ធ្វើដំបូងគេ គឺរៀន និងសិក្សាស្វែងយល់ពីឯកសារ[សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស] ហ្នឹងសិនទី១។ ហើយទី២ គាត់ចេះចូលរួមនូវការងារសង្គម បានន័យថា ជួយទៅលើការងារជួយមនុស្សដែលខ្សោយជាងគាត់ មនុស្សដែលពិបាកជាងគាត់ ការដែលយុវជនចាប់ផ្តើមបង្កើនសេចក្តីក្លាហាននានាក្នុងការចូលរួមជួយសង្គមនេះ គឺសំខាន់ណាស់។ ហើយចំណុចទី៣ គឺគាត់[យុវជន]ចាប់ផ្តើមរៀនចេះជួយសង្គមហើយ។ គាត់នឹងបានរៀនពីកាតព្វកិច្ចខ្លួនឯងក្នុងការជំរុញនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដោយអនុវត្តតាមរយៈការដាក់ញត្តិ ឬក៏ការផ្ញើសារភាគីហត្ថលេខី ដែលជាប្រទេសចុះហត្ថលេខា»។
កាលពីកន្លងទៅ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វីអូអេថា រដ្ឋាភិបាលបានអនុវត្តកិច្ចព្រមព្រៀងមួយនេះទទួលបានផ្លែផ្កាច្រើន ហើយនឹងបន្តអនុវត្តប្រទេស ដើរតាមកិច្ចព្រមព្រៀងមួយនេះ។
លោកថ្លែងថា៖ «យើងអត់ខ្វល់អំពីការរិះគន់ទេ ក៏ប៉ុន្តែយើងដើរឲ្យត្រឹមត្រូវទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបានបញ្ចូលទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
គួរបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានវាយតម្លៃថា កម្ពុជាមិនទាន់អនុវត្តបានល្អតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះនៅឡើយទេ ដោយពួកគេទទូចឲ្យភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀង ជំរុញកម្ពុជាឲ្យមានការគោរពសិទ្ធិមនុស្ស និងដោះស្រាយជម្លោះនយោបាយក្នុងប្រទេស ដើម្បីទទួលបានសុខសន្តិភាពពេញលេញ៕