ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​ព័ត៌មាន​ថៃ៖ ​អតីត​សមាជិក​សភា​គណបក្ស​ប្រឆាំង​កម្ពុជា​​ត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​ទីក្រុង​បាងកក


សមាជិក​ការិយាល័យ​ស៊ើបអង្កេត​ឈរ​នៅទីតាំង​ដែលអតីត​សមាជិក​រដ្ឋសភា​គណបក្ស​ប្រឆាំង​កម្ពុជា​​ត្រូវបាញ់​សម្លាប់ នៅ​ក្នុង​ទីក្រុង​បាងកក កាលពីថ្ងៃទី​០៧ មករា ឆ្នាំ២០២៥។
សមាជិក​ការិយាល័យ​ស៊ើបអង្កេត​ឈរ​នៅទីតាំង​ដែលអតីត​សមាជិក​រដ្ឋសភា​គណបក្ស​ប្រឆាំង​កម្ពុជា​​ត្រូវបាញ់​សម្លាប់ នៅ​ក្នុង​ទីក្រុង​បាងកក កាលពីថ្ងៃទី​០៧ មករា ឆ្នាំ២០២៥។

អតីត​សមាជិក​រដ្ឋសភា​គណបក្ស​ប្រឆាំង​កម្ពុជាត្រូវបាញ់​សម្លាប់ នៅ​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​ជិះ​ម៉ូតូ​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ថៃ​ហើយ​ត្រូវ​បាន​រាយការណ៍ ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក លិម គិមយ៉ា បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ។ ពួក​មន្ត្រី​នៅ​ការិយាល័យ​ប៉ូលិស​ក្រុង​បាន​ចាប់ផ្តើម​ស្វែងរក​ចាប់ខ្លួន​ឃាតករ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Bangkok Post។ កាសែត​នោះ​បាន​បន្ថែម​ទៀត​ថា​លោក លិម គិមយ៉ា មាន​សញ្ជាតិ២គឺ ខ្មែរ​ និង​បារាំង។

ប៉ូលិស​ថៃ​បាន​បញ្ជាក់​ពី​ការស្លាប់​របស់​បុរស​ជនជាតិ​ខ្មែរ​នោះ ដោយ​មិន​បាន​ប្រាប់​ថា ជា​លោក លិម គិមយ៉ា ទេ ដោយគ្រាន់តែ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា«យើង​នៅពេល​នេះ​កំពុង​ស៊ើបអង្កេត​ពី​គោលបំណង​នៃ​ការសម្លាប់​នេះ​ ហើយ​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​នៅពេល​ក្រោយ»។

បណ្តាញ​ព័ត៌មាន​ថៃ​ជា​ច្រើន​បាន​រាយការណ៍​ថា​បុរស​ខ្មាន់​កាំភ្លើង​ដែល​ជិះ​ម៉ូតូ​បាន​បាញ់​លោក លិម គិមយ៉ា នៅពេល​ដែល​លោក​បាន​ទៅដល់​រាជធានី​របស់​ថៃ​ដោយ​ការចាកចេញ​ពី​ទីក្រុង​សៀមរាប​តាម​រថយន្ត​ក្រុង​ដែល​អម​ដំណើរ​ដោយ​ភរិយា​ជាតិ​បារាំង​ និង​ឪពុកមា​របស់​លោក។

អ្នក​ថតរូប​ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ឃើញ​ឈាម​នៅ​កន្លែង​កើតហេតុ​នៅ​ជិត​តំបន់ Khao San Road ដ៏​មាន​ប្រជាប្រីយភាព​មួយ​នៃ​ទីក្រុង​បាងកក។

លោក លិម គិមយ៉ា បាន​ជាប់​ឆ្នោត​ជា​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រឆាំង​បន្ទាប់​ពី​ការបោះឆ្នោត​សាកល​ក្នុង​ឆ្នាំ២០១៣ដែល​គណបក្ស​កាន់​អំណាច​នៅ​ក្រោម​មេដឹកនាំ​លោក​ហ៊ុន សែន ស្ទើរតែ​ចាញ់​ឆ្នោត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះ​ជាតិ CNRP ដែល​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ២០១២​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី​និង​កឹម សុខា បាន​ត្រូវ​រំលាយ​ដោយ​បទ​បញ្ជា​តុលាការ​នៅ​ឆ្នាំ២០១៧។

អ្នក​នយោបាយ​និង​សមាជិក​រដ្ឋសភា​មួយ​ចំនួន រួមទាំង​លោក លិម គិមយ៉ា ត្រូវ​បាន​ហាមឃាត់​មិន​ធ្វើ​សកម្មភាព​នយោបាយ​បន្ទាប់ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចោទប្រកាន់​លោក ហ៊ុន សែន ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជិត៤ទសវត្សរ៍​ពី​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បង្ក្រាប​នរណា​ដែល​ប្រឆាំង​នឹង​ការកាន់​អំណាច​របស់​លោក។

អ្នក​នយោបាយ​បក្ស​ប្រឆាំង​និង​សកម្មជន​មួយ​ចំនួន​បាន​ត្រូវ​កាត់ទោស​និង​ជាប់​ពន្ធនា គារ​ក្នុង​អំឡុង​នៃ​ការកាន់​អំណាច​របស់​លោក ហ៊ុន សែន។

ថ្វីបើ​មាន​សញ្ជាតិ​បារាំង​ក៏ដោយ លោក លិម គិមយ៉ា មិន​បាន​ចូលរួម​ជា​មួយ​សមាជិក​រដ្ឋសភា​មួយ​ចំនួន​ដែល​បាន​រត់គេច​ខ្លួន​ទៅកាន់​បរទេស​ បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP លោក កឹម សុខា បាន​ត្រូវ​ឃុំខ្លួន​លើ​ការចោទប្រកាន់​ពីការក្បត់​ជាតិ​ក្នុង​ឆ្នាំ២០១៧ទេ។

លោក លិម គិមយ៉ា បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅពេល​ដែល​លោក​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា«ខ្ញុំ នឹង​មិន​បោះបង់​នយោបាយ​ទេ»។

ការបាញ់​សម្លាប់​កើត​មាន​ឡើង​នៅ​ថ្ងៃ​តែ​មួយ​ដែល​អតីត​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជា​គឺ​លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​មាន​ច្បាប់​ថ្មី​មួយ​ដែល​កំណត់​ថាជា «ភេរវជន»ចំពោះ​ជន​ណា​ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កូនប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG