ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រៀន​នៅ​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​លោក Jimmy Carter៖ តើ​វា​មាន​លក្ខណៈ​ដូច​ម្ដេច?


រូបឯកសារ៖ លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Jimmy Carter បង្រៀន​នៅសាលា​ថ្ងៃ​អាទិត្យ​នៅ​ព្រះវិហារ Maranatha Baptist ក្នុង​ទីក្រុង Plains រដ្ឋ Georgia កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Jimmy Carter បង្រៀន​នៅសាលា​ថ្ងៃ​អាទិត្យ​នៅ​ព្រះវិហារ Maranatha Baptist ក្នុង​ទីក្រុង Plains រដ្ឋ Georgia កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

មិនថា​មនុស្ស​ម្នាក់​ចូល​ទៅ​ក្នុង​ទីសក្ការៈ​តូច​មួយ​នៅ​ព្រះ​វិហារ Maranatha Baptist ប៉ុន្មាន​ដង​នោះទេ​ ពួកគេ​តែងតែ​មាន​គំនិត​សុភវិនិច្ឆ័យ​មួយ​ចំនួន​ពី​ពាក្យ​របស់​លោក Jimmy Carter ដែលយក​គំរូ​តាម​ព្រះ​គម្ពីរ។

នេះ​គឺ​ជា​ផ្នែក​មួយ​ទៀត​របស់​លោក Carter ​ដែល​ជា​ប្រធានាធិបតី​ទី ៣៩ របស់​សហរដ្ឋ​អាមេរិក។ លោក​ជា​បុរស​ម្នាក់មាន​ជំនឿ​យ៉ាង​ខ្ជាប់ខ្ជួន​ ដែលបាន​ចំណាយពេលបង្រៀន​នៅ​សាលា​ថ្ងៃ​អាទិត្យ នៅ​ពេល​ដែលលោក​ទំនេរ​ពី​ការ​សាងសង់​ផ្ទះ​សម្រាប់​អ្នក​ខ្វះខាត ឬ​ទំនេរ​ពី​ការ​តស៊ូ​មតិ​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រកប​ដោយ​យុត្តិធម៌​ ឬជួយកម្ចាត់​ជំងឺ​ដ៏​កាច​សាហាវ។

សម្រាប់​មនុស្ស​ក្មេង ចាស់ អ្នក​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា​ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នកជឿ​និង​អ្នក​មិន​ជឿ​សាសនា អ្នកស្បែក​ខ្មៅ ស្បែក​ស និង​ស្បែក​ត្នោត ព្រះវិហារ Maranatha គឺ​ជា​ទិសដៅ​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នៅ​ភាគ​និរតី​នៃ​រដ្ឋ Georgia ដែល​នៅ​ទីនោះ​លោក Carter ​ក្នុង​វ័យ ៩០ ឆ្នាំ​ប្លាយ​របស់​លោក​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បង​ប្អូន​ជនរួមជាតិ​របស់​លោក​នៅ​ទូទាំង​ពិភពលោក។

នរណា​ម្នាក់​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុកកំណើត​របស់​លោក​នៅ​ទីក្រុង Plains ដែល​មាន​អ្នក​រស់នៅ​រាប់​រយ​នាក់ ​ដូច​ត្រូវ​រង្វាន់​ដោយ​អាច​ចូល​ទៅ​ជួប​បុរស​សក់ស​ម្នាក់​ដែល​ធ្លាប់​កាន់​តំណែង​ខ្ពស់​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Carter បង្រៀន​នៅ​សាលា​ថ្ងៃ​អាទិត្យចំនួន​ពីរ​លើក​ក្នុង​មួយ​ខែដែលពេល​ខ្លះ​មាន​មនុស្ស​រហូត​ដល់​ជាង ៥០០ នាក់។ នៅ​ថ្ងៃ​អាទិត្យ​ណា​ដែល​លោក​មិន​បង្រៀន មាន​មនុស្ស​តែប្រមាណ​២០ ឬ​៣០​នាក់ ​និង​អ្នក​មក​ទស្សនា​មួយ​ចំនួន​ដែល​តែងតែ​ចូលរួម។

នៅ​ទីនេះ អតីត​មេបញ្ជាការ​កំពូល​សហរដ្ឋ​អាមេរិកនិង​ភរិយា​របស់​លោករយៈពេល​ជាង ៧ ទសវត្សរ៍តាំងខ្លួនជា​បុគ្គល​សាមញ្ញ​គឺ​លោក Jimmy និង​អ្នកស្រី Rosalynn។ ហើយ​នៅ​ពេល​និយាយ​ពី​ការបន់ស្រន់​ព្រះ​ជាមួយ​នឹង​ពួកគេ នរណា​ក៏​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដែរ។

​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​លោក Jimmy

នៅ​មុន​ពេល​លោក​អតីត​ប្រធានាធិបតី​ចូល​ទៅ​កាន់​ទីសក្ការៈ ដែល​មាន​ឆ្កែ​ហិតរក​ក្លិន​គ្រាប់បែក​នៅ​ខាង​ក្រៅ​និង​កងការពារ​ប្រធានាធិបតី​នៅ​ជុំវិញ​នោះ បទបញ្ជា​តឹងរ៉ឹង​មួយ​ចំនួន​នឹង​ត្រូវ​បាន​រៀបរាប់​ដោយ​អ្នកស្រី Jan ដែល​មាន​ឈ្មោះ​ពេញ​ថា Jan Williams។ អ្នកស្រី Jan គឺ​ជា​សមាជិក​ដ៏​យូរអង្វែង​ម្នាក់​នៃ​ព្រះវិហារនេះ ហើយ​ក៏​ជា​មិត្តភក្តិ​របស់​គ្រួសារ​លោក Carter ផង​ដែរ។ អ្នកស្រី​នឹង​ធ្វើ​ដូច​ជា​ពលបាលត្រី​ម្នាក់​អ៊ីចឹង។ ​

វា​ប្រៀប​ដូចជា​ទម្លាប់​របស់​ប៉ូលិស​ល្អ​និង​ប៉ូលិស​អាក្រក់​អ៊ីចឹង។ អ្នកស្រី Jan រៀបរាប់​បទបញ្ជា​ដែល​អ្នក​ដឹង​ថា​ចេញ​មក​ដោយ​ផ្ទាល់​ពី​លោក Jimmy ដែល​លោក​បាន​សិក្សា​អំពី​រូបវិទ្យា​នុយក្លេអ៊ែរ​និង​បាន​ធ្វើអ្វីៗ​ដោយ​មាន​សណ្ដាប់ធ្នាប់​តាម​របៀប​វិស្វករ។

សំខាន់​ជាង​គេ​សម្រាប់​អ្នក​ដែល​ចង់​ថតរូប​ជាមួយ​នឹង​គ្រួសារ​លោក Carter ដែល​មាន​ស្ទើរ​តែ​គ្រប់​គ្នា​នោះ គេ​ត្រូវ​នៅ​រហូត​ដល់​ម៉ោង ១១ ព្រឹក​ដែលជា​កម្មវិធី​សំខាន់​នៅ​របស់​ព្រះវិហារ។ ហើយ​ការ​ថតរូប​ចាប់ផ្ដើម​នៅ​ម៉ោង​ប្រហែល​ ១២ ថ្ងៃ​ត្រង់។

ប្រសិន​បើ​អ្នក​ចាកចេញ​ពី​ព្រះវិហារ​នៅ​មុន​ពេល​នោះ អ្នក​មិន​អាច​ត្រឡប់​មក​វិញ​បាន​ទេ។ តែ​ប្រសិន​បើ​អ្នក​បន្ដ​នៅ អ្នក​ត្រូវ​ធ្វើ​តាម​បទបញ្ជា។ គ្មាន​ការ​សុំ​ហត្ថលេខា។ គ្មាន​ការ​ចាប់ដៃ។ គ្មាន​ការ​សន្ទនា​អ្វី​ស៊ីជម្រៅ​ក្រៅ​តែ​ពី​និយាយ​ថា «អរុណសួស្ដី‍» ឬ ‍«អរគុណ‍» ទេ។

លោកCarter ដែល​តែងតែ​ពាក់​អាវក្រៅ​សម្រាប់​លេង​កីឡា ខោ​សាច់​ក្រណាត់ និង​ក្រវាត់ក ចាប់ផ្ដើម​បង្រៀន​ដោយ​ដើរ​ជុំវិញ​ទីសក្ការៈ សួរ​ដោយ​ទឹកមុខ​ធម្មតា​ថា​តើ​មាន​ភ្ញៀវ​មក​ដែរ​ឬទេ​ហើយ​បើ​សិន​ជា​មាន​តើ​ពួកគេ​មក​ពី​ណា​ដែរ ហើយ​សំណួរ​នេះ​តែងតែ​ធ្វើ​ឱ្យ​គេ​សើច។ ក្នុង​ដំណើរ​របស់​ខ្ញុំ​ជាច្រើន​លើក​ទៅ​កាន់​ព្រះវិហារ Maranatha ខ្ញុំ​ប្រាកដ​ថា ខ្ញុំ​ធ្លាប់​ឮ​រដ្ឋ​ទាំង​៥០ នេះ​មិន​រាប់​ទាំង​អ្នក​មក​ពី​បណ្ដា​ប្រទេស​ឆ្ងាយៗ​មួយ​ចំនួន​ផង។ ​

ប្រសិន​បើ​មាន​នរណា​ម្នាក់​ឆ្លើយ​ថា​មក​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ចម្លើយ​គឺ​ត្រូវ​បាន​ទស្សន៍ទាយ​ទុក​ជា​មុន​ហើយ។ លោក​អតីត​ប្រធានាធិបតី Carter ដែល​ធ្លាប់​កាន់​តំណែង​បាន​មួយ​អាណត្តិ​នឹង​ឆ្លើយតប​វិញទាំង​ញញឹម​ថា «ខ្ញុំ​ធ្លាប់​រស់នៅ​ទីនោះ‍»។

មេរៀន​អំពី​ព្រះ​គម្ពីរ​របស់​លោកCarter ផ្ដោត​លើ​មូលបទ​សំខាន់​ថា៖ ព្រះប្រទាន​ជីវិត ក្ដីស្រឡាញ់​ដោយ​គ្មាន​លក្ខខណ្ឌ និង​ផ្ដល់​សេរីភាព​ឱ្យ​រស់នៅ​ជីវិត​ដ៏​ជោគជ័យ​ទាំង​ស្រុង​មួយ។ ប៉ុន្តែ​មេរៀន​ទាំង​នោះ​តែងតែ​ចាប់ផ្ដើម​ដោយ​និយាយ​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ ឬ​ទស្សនៈ​របស់​លោក​ចំពោះ​កិច្ចការ​ពិភពលោក។

លោក Carter អាច​និយាយ​អំពី​ការ​សាងសង់​ផ្ទះ​ជាមួយ​នឹង​អង្គការ Habitat for Humanity ឬ​សោកស្ដាយ​ចំពោះ​ជម្លោះ​អាមេរិក​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី២​មក។ លោក​អាច​និយាយ​អំពី​ការងារ​របស់​លោក​ជាមួយ​នឹងក្រុម The Elders ដែល​ជា​ក្រុម​នៃ​អតីត​មេដឹកនាំ​ពិភពលោក ឬ​អំពី​ដំណើរ​កម្សាន្ត​ទៅ​ប៉ែក​ខាង​លិច​ដើម្បី​ទៅ​ស្ទូច​ត្រី ជាមួយ​នឹង​លោក Ted Turner។ លោក​អាច​និយាយ​អំពី​ជោគជ័យ​របស់​មជ្ឈមណ្ឌល The Carter ក្នុង​ការ​កម្ចាត់​ដង្កូវ​ហ្គីណេ ឬ​មិត្តភាព​យូរអង្វែង​របស់​លោក​ជាមួយ​នឹង​លោក Willie Nelson និង​លោក​ Bob Dylan ជាដើម។

លោក Carter ធ្លាប់​និយាយ​ម្ដង​អំពី​ចំណង់ចំណូល​ចិត្ត​របស់​លោក Nelson ចំពោះ​កញ្ឆា​ថា៖ «Willie Nelson គឺ​ជា​មិត្ត​ចាស់​ម្នាក់។ គាត់​ធ្លាប់មក​លេង​ខ្ញុំ​នៅ​សេតវិមាន‍»។

លោក Carter ថ្លែង​ទៀត​ទាំង​ញញឹម​និង​ញាក់ភ្នែក​ថា​មាន​ន័យ​ថា​លោក​ជឿ​គ្រប់​ពាក្យ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​ Willie និង​កូនៗខ្ញុំ​ធ្វើ​អ្វី​ទេ​បន្ទាប់​ពី​ខ្ញុំ​ចូល​គេង​បាត់​នោះ។ ខ្ញុំ​ធ្លាប់​ឮ​ពាក្យ​ចចាម​អារ៉ាម‍»។

អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​នោះ​គឺ៖ លោក Carter ប្រាប់​អំពី​គម្រោង​សៀវភៅ​ចុងក្រោយ​បង្អស់​របស់​លោក​និង​របៀប​ដែល​លោក​បាន​ប្រើប្រាស់ encyclopedias ជា​យូរ​មក​ហើយ​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ។

លោក Carter បាន​សម្រេចចិត្ត​ថា ​ទិន្នន័យ​ទាំង​នោះប្រើ​កន្លែង​ទុក​ធំ​ពេក ដូច្នេះ​លោក​ក៏​ប្រមូល​វា​ដាក់​ក្នុង​កេស រួច​ធ្វើ​ដំណើរ​ទៅ​តាម​សាលារៀន​និង​បណ្ណាល័យដោយ​រំពឹង​ថា នឹង​មាន​នរណា​ម្នាក់​ចង់​បាន​ឥវ៉ាន់​បរិច្ចាគ​ពី​អតីត​ប្រធានាធិបតី​ម្នាក់។ ផ្ទុយ​ទៅវិញ លោក​បែរ​ជា​ទទួល​បាន​ការ​បដិសេធ​ថា៖ សូមទោស គ្មាន​នរណា​ម្នាក់​ប្រើ encyclopedias ទៀត​ទេ។

ខ្ញុំ​ក៏នឹក​ឃើញ។ លោក Carter ដែល​កើត​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១​បញ្ចប់​បាន​៥​ឆ្នាំ​សួរ​ថា៖ «តើ​ឥឡូវ​នេះ​ខ្ញុំ​អាច​រក​ចម្លើយ​អ្វី​មួយ​តាម​ណា?‍» ​លោក​ឈប់​បន្ដិច រួច​ក៏​ឆ្លើយ​ថា៖ «Google‍»។

ការ​ចងចាំ​អំពី​ទស្សនកិច្ច

ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​ភាគច្រើន​របស់​ខ្ញុំ​ទៅ​កាន់​ Maranatha លោក Carter និយាយ​ ៤៥ នាទី​ដោយ​មិន​អង្គុយចុះ។ ​ការចងចាំ​របស់​លោក​នៅ​តែ​ល្អ​ដដែល ដោយ​មាន​តែ​ម្ដងម្កាល​ប៉ុណ្ណោះ​ដែល​លោក​ត្រូវ​មើល​កំណត់ត្រា​ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​លោក ប៉ុន្តែ​រាងកាយ​របស់​លោក​កាន់​តែ​ទន់ខ្សោយ​ខណៈ​ដែល​លោក​ឈាន​ចូល​ដល់​អាយុ​៩០​ក្រាស់។ ​លោក​បាន​និយាយ​ដោយ​បើក​ចំហ​អំពី​វ័យជរា​របស់​លោក។

លោកប្រឆាំងនឹង​សមាជិក​ព្រះវិហារ​ដែល​ចង់​ឱ្យ​លោក​អង្គុយ​ចុះ​ពេល​បង្រៀន។ ខ្ញុំ​បាន​ស្ថិត​នៅ​ទីនោះ​ពេល​លោក​ព្យាយាម​ធ្វើ​វា​លើក​ទីមួយ​កាល​ពី​ខែ​សីហា ឆ្នាំ២០១៨។

លោក Carter បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ស្រួល​ចិត្ត​ទេ​ក្នុង​ការ​អង្គុយ​ចុះ‍ តែខ្ញុំ​នឹង​ព្យាយាម​ធ្វើ​វា‍»។

លោក​ធ្វើ​វា​មិន​បាន​ទេ​នៅ​ពេល​នោះ។ លោក Carter អង្គុយ​មិន​ដល់​១០​នាទី​ផង រួច​ក៏​ក្រោក​ឈរ​បង្រៀន។ លោក​ក៏​បន្ដ​ឈរ​នៅ​នឹង​តុ​រហូត​ដល់​បង្រៀន​ចប់។

ពេល​ត្រឡប់​ទៅ​ទីនោះ​ម្ដង​ទៀត​មួយ​ឆ្នាំ​ក្រោយ​មក លោក Carter បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើ​កៅអី​ពណ៌​ស​ដែល​មាន​តេឡេ​សម្រាប់​បញ្ជា​ពី​ចម្ងាយ។ បន្ទាប់​ពី​អង្គុយ​ចុះ កុងតាក់​មួយ​នឹង​លើក​លោក​ឡើង​យឺតៗ​ទៅលើ ដែល​ធ្វើ​ឱ្យ​អ្នក​អង្គុយ​នៅ​ខាង​ក្រោយ​ក៏​អាច​មើល​លោក​ឃើញ។

ប្រសិន​បើ​គ្មាន​បន្ទប់​គ្រប់គ្រាន់​នៅ​ក្នុង​ទីសក្ការៈ កៅអី​បត់​បន្ថែម​ទៀត​ត្រូវ​បាន​តម្រៀប​នៅ​ក្នុង​សាល​និង​នៅ​តាម​ថ្នាក់រៀន​តូចៗ។ មេរៀន​របស់​លោក Carter នឹង​ត្រូវ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​បន្ត​ពី​បន្ទប់​ធំ។​

តើ​វា​ជា​រឿង​ខក​ចិត្ត​សម្រាប់​ភ្ញៀវ​មក​ទស្សនា​ឬ? វា​អាច​កើតឡើង។ ប៉ុន្តែ​ការ​រំលែក​ទៅ​បន្ទប់​នៅ​ក្រោយ​មាន​អត្ថប្រយោជន៍​របស់​វា។ លោក Carter ដែល​តែងតែ​មក​ដល់​១៥​នាទី​មុន​ពេល​ចាប់ផ្ដើម​បង្រៀន​នៅ​ម៉ោង​១០ព្រឹក នឹង​ទៅ​មើល​ថ្នាក់​រៀន​ទាំង​នោះ​មុន​ពេល​លោក​ដើរ​ឆ្ពោះ​ទៅ​កាន់​ទីសក្ការៈ។ លោក​ក៏​នឹង​អាច​ឆ្លើយ​សំណួរ​មួយ​ចំនួន​ដែល​លោក​មិន​ធ្វើ​នៅ​មុខ​ហ្វូង​មនុស្ស​ច្រើន​នោះ​ទេ។

បន្ទាប់​ពី​អត្ថបទ​អំពី​ប្រវត្តិរូប​សង្ខេប​របស់​លោក​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ២០១៨​ដោយ​កាសែត The Washington Post ថា​គ្រួសារ​លោក Carter តែងតែ​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ថ្ងៃ​សៅរ៍​ដោយ​រួម​មាន​ទាំង​ការ​ទទួល​ទាន​ស្រា​ Chardonnay តម្លៃ​សមរម្យ​មួយ​កែវ​ម្នាក់​នៅ​ផ្ទះ​របស់​អ្នកស្រី Jill Stuckey ដែល​ជា​មិត្ត​សម្លាញ់​ផង​ដែរ។ ខ្ញុំ​បាន​សួរ​លោក​ Carter ថា​តើ​លោក​បាន​ទទួល​ទាន​ស្រា​ប៉ុន្មាន​កែវ​កាល​ពី​យប់។​

លោក Carter ឆ្លើយ​ទាំង​ញញឹម​ថា «ខ្ញុំ​នឹង​និយាយ​ថា​មួយ​កែវ‍»។ អ្នកស្រី Stuckey ដែល​ឈរ​នៅ​ពីក្រោយ​លោក គ្រវី​ក្បាល​ហើយ​លើក​ម្រាម​ដៃ​ពីរ​ឡើង។

មិន​ថា​អ្នក​អង្គុយ​នៅ​ទីណា​នោះ​ទេ ទោះ​ជា​នៅ​ទីសក្ការៈ​ឬ​នៅ​បន្ទប់​ក្រោយ អ្នក​រាល់​គ្នា​អាច​ថត​រូប​ជាមួយ​នឹង​លោក Jimmy និង​អ្នកស្រី Rosalynn។ អស់រយៈពេល​ជាច្រើន​ឆ្នាំ នេះ​ទំនង​ជា​អំណោយដ៏​ធំ​បំផុត។

នៅ​ពេល​យើង​ចាប់ផ្ដើម​ចូល​ដំបូង រូប​ថត​ទាំង​នោះ​ត្រូវ​បាន​ថត​នៅ​ខាង​ក្រោម​ដើមឈើ​មួយ​ដើម​នៅ​ខាង​ក្រៅ​ព្រះវិហារ។ ក្រោយ​ពី​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ជំងឺ​មហារីក​កាល​ពីឆ្នាំ២០១៥ លោក Carter និង​ភរិយា​របស់​លោក​ឈរ​ថតរូប​ជាមួយ​នឹង​ភ្ញៀវ​នៅ​ខាង​ក្នុង​ទីសក្ការៈ។ លោក Carter ចូល​ចិត្ត​និយាយ​កំប្លែងអំពី​បន្ទុក​ដែល​លោក​ត្រូវ​អង្គុយ​ថតរូប​ទាំង​នោះ ដែល​មាន​រហូត​ដល់​រាប់​សែន​ប៉ុស្ដិ៍។

លោក Carter និយាយ​បន្ទាប់​ពី​ការ​បង្រៀន​ចុងក្រោយ​របស់​លោក​មួយ​ថា «ខ្ញុំ​នឹង​រីករាយ​ដែល​បាន​ថតរូប​ជាមួយ​នឹង​អ្នក​ទាំងអស់​គ្នា។ តាមពិត ដោយសារ​តែ​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ ខ្ញុំ​គួរ​តែ​និយាយ​ថា ខ្ញុំ​មាន​ឆន្ទៈ​នឹង​ថត​រូប​ជាមួយ​នឹង​អ្នក​ទាំងអស់​គ្នា‍»។

សម្រាប់​គ្រួសារ​របស់​ខ្ញុំ រូបថត​ទាំង​អស់​នោះ​បង្ហាញ​នូវ​កុមារា​ម្នាក់​ធំធាត់​ទៅ​ជា​បុរស​ម្នាក់​ជាមួយ​នឹង​លោក Jimmy និង​អ្នកស្រី Rosalynn។ វា​ពិត​ជា​មាន​អត្ថន័យ​ណាស់។

ការ​បង្រៀន​ចុងក្រោយ​បង្អស់

វត្តមាន​អ្នក​ចូលរួម​រៀន​នៅ​សាលា​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​លោក Carter បាន​ថយចុះ​ក្នុង​អំឡុង​វិបត្តិ​សេដ្ឋកិច្ច Great Recession។ ប៉ុន្តែ​ហ្វូង​មនុស្ស​បាន​ត្រឡប់​មក​វិញ​បន្ទាប់​ពី លោក​ប្រកាស​ថា​លោក​មាន​ជំងឺ​មហារីក ដោយ​មាន​អ្នក​ខ្លះ​ឈរ​តម្រង់ជួរ​រង់ចាំ​នៅ​ខាង​ក្រៅ​ព្រះវិហារ​តាំង​ពី​មួយ​យប់​មុន។

លោកCarter បាន​ប្រកាស​ថា​លោក​លែង​មាន​ជំងឺ​មហារីក ប៉ុន្តែ​លោក​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត។ ក្រោយ​ពី​លោក​ដួល​នៅ​ផ្ទះ​លោក​កាល​ពី​ខែ​តុលា ឆ្នាំ២០១៩ ដែល​បាន​បណ្ដាល​ឱ្យ​លោក​បាក់​ឆ្អឹង​ត្រគាក ព្រះវិហារ​នេះ​បាន​ប្រកាស​ថា លោក Carter នឹង​មិន​បង្រៀននៅ​ថ្នាក់​បន្ទាប់​ទៀត​ទេ​នៅ​ថ្ងៃទី ៣ ខែវិច្ឆិកា ដែល​យើង​បាន​គ្រោង​នឹង​ចូលរួម​ក្នុង​ថ្ងៃនោះ។ យើង​បាន​លុបចោល​ការ​កក់​បន្ទប់​សណ្ឋាគារ​របស់​យើង​ទាំង​ខកចិត្ត។

ប៉ុន្តែ​លោក Jimmy មិន​ឈប់​ត្រឹម​នេះ​ទេ។

ព្រះវិហារ​បាន​លុបចោល​ថ្ងៃ​បង្រៀន​នោះ​ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​នឹង​លោក។ លោក​បាន​និយាយ​យ៉ាង​ច្បាស់​ថា​លោក​នឹង​មិន​លុបចោល​មេរៀន​នោះ​ទេ។ ក្រោយ​មក​យើងក៏​បាន​កក់​បន្ទប់​សណ្ឋាគារ​វិញ​យ៉ាង​លឿន។ មេរៀន​របស់​លោក Carter នៅ​ថ្ងៃ​នោះ ដែល​ផ្អែក​លើ​សៀវភៅ Book of Job គឺ​ពិសេស​ក្នុង​ការ​រំឭក​ឡើងវិញ។

លោក​និយាយ​ថា៖ «ខ្ញុំ​នឹង​ចាប់ផ្ដើម​ដោយ​សួរ​អ្នក​នូវ​សំណួរ​ដ៏​ស៊ីជម្រៅ​មួយ។ តើ​មាន​ប៉ុន្មាន​នាក់​ដែល​ជឿ​ថា​មាន​ជីវិត​ក្រោយ​ការ​ស្លាប់?‍»

លោក Carter បាន​សារភាព​ថា​លោក​មាន​មន្ទិល​សង្ស័យ​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក​ រហូត​ដល់​ពេល​ដែល​មាន​ជំងឺ​មហារីក ទើប​លោក​អាច​លុប​ចោល​មន្ទិល​ទាំង​នោះ​បាន។ នៅ​ពេល​ដែល​ចុង​បញ្ចប់​នៃ​ពិភពលោក​នេះ​មក​ដល់ លោក​នឹង​ត្រៀម​ខ្លួន​រួចរាល់។

លោក Carter និយាយ​ទាំង​ញញឹម​ថា៖ «យើង​មិន​មាន​អ្វី​ដែល​ត្រូវខ្លាច​ទេ បន្ទាប់​ពី​ការ​ស្លាប់‍»។​

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​របស់​លោក លោក​បាន​ស្នើ​ឱ្យ​គ្រប់គ្នា​ធ្វើ​រឿង​ល្អ​មួយ​សម្រាប់​អ្នក​ដទៃ​ម្នាក់។ លោក Carter បាន​សន្យា​ថា៖ «ខ្ញុំ​នឹង​ឱ្យ​អ្នក​ធានា​ថា​ធ្វើ​វា​ឱ្យ​បាន‍»។

ប៉ុន្តែ​លោក​មិន​ដែល​មាន​ឱកាស​នោះ​ទេ។

សុខភាព​របស់​លោក​បន្ត​ចុះ​ដុនដាប រហូត​ដល់​រដូវ​បុណ្យ​ណូអែល។ ក្រោយ​មក​ក៏​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ដែល​បង្ក​ឱ្យ​មាន​ការ​បិទ​ខ្ទប់​ពិភពលោក​នៅ​ក្នុង​ឆ្នាំ២០២០។

នៅ​ត្រឹម​រដូវ​ក្ដៅ​កាល​នោះ វា​ច្បាស់​ណាស់​ថា​តួនាទី​ដ៏​អស្ចារ្យ​របស់​លោក Jimmy ក្នុង​នាម​ជា​អ្នក​ចែករំលែក​រឿង​ល្អៗ ដែល​លោក​បាន​ចាប់ផ្ដើម​នៅ​ធ្វើ​វា​នៅ​អាយុ​១៨ឆ្នាំ​និង​បានបន្ដ​ធ្វើ​វាឡើងវិញ​ក្រោយ​អាណត្តិ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​លោក​ បាន​បញ្ចប់​ហើយ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

អត្ថបទ​ទាក់ទង

XS
SM
MD
LG