កំណត់និពន្ធ៖ នេះជាភាគទី១នៃកម្រងសេចក្តីរាយការណ៍ពិសេស៣ភាគរបស់វីអូអេក្នុងខួបលើកទី៣០ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប្រិយមិត្តអាចចូលអានបន្ថែមភាគដទៃទៀតក៏ដូចជាទស្សនាបទសម្ភាសន៍ជាមួយអ្នកជំនាញនៅក្នុងទំព័រសេចក្តីរាយការណ៍ពិសេសេនៅត្រង់នេះ https://khmer.voanews.com/cambodiappa30។
កាលពីចុងខែកញ្ញារដ្ឋសភានៃសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពី«ប្រជាធិបតេយ្យកម្ពុជា»ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដែលបានរំលោភសិទ្ធិមនុស្សនិងធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ។ ការអនុម័តនេះធ្វើឡើងមិនដល់មួយខែផងមុនពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវមានគម្រប់៣០ឆ្នាំ។
នៅថ្ងៃទី២៨ខែកញ្ញា សមាជិករដ្ឋសភាអាមេរិកាំងដែលមកពីគណបក្សនយោបាយធំៗទាំងពីរគឺគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យដែលរមែងតែខ្វែងគំនិតគ្នាក្នុងការបោះឆ្នោតលើសេចក្តីស្នើច្បាប់ផ្សេងៗនោះ បាននាំគ្នាបោះឆ្នោតគាំទ្រយ៉ាងលើលលុបលើសេចក្តីស្នើច្បាប់ស្តីពី«ប្រជាធិបតេយ្យកម្ពុជា»ដោយសំឡេង៤០៣គាំទ្រទល់នឹង១៧សំឡេងជំទាស់គឺលើសចំនួន២ភាគ៣ដែលត្រូវការតាមច្បាប់។
នៅក្នុងការជជែកដេញដោលក្នុងសវនាការរបស់រដ្ឋសភាសហរដ្ឋអាមេរិកអំពីសេចក្តីស្នើច្បាប់នេះលោកស្រី Susan Wild សមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Pennsylvaniaបានថ្លែងថា៖ «ការអនុម័តច្បាប់នេះដោយរដ្ឋសភាបញ្ជូនសារដ៏ខ្លាំងពីគណបក្សទាំងពីរដើម្បីបង្កើនសម្ពាធលើមន្ត្រីកម្ពុជាដែលបន្តគាបសង្កត់សិទ្ធិសេរីភាពនិងធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
អ្វីដែលបានកើតមានឡើងនៅកម្ពុជានាពេលនេះបានដើរផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ដើម្បីបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរនិងនាំមកនូវសន្តិភាពការអភិវឌ្ឍនិងការគោរពសិទ្ធិមនុស្សតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស។ នេះបើតាមសម្តីរបស់លោក Gareth Evans អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីនិងជាអ្នកចូលរួមចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ភាគីជម្លោះទាំងបួនរបស់កម្ពុជានិងសហគមន៍អន្តរជាតិដែលមាន១៨ប្រទេសដែលក្នុងនោះមានសហរដ្ឋអាមេរិកផងដែរបានចុះហត្ថលេខា។
លោក Gareth Evans បានសម្តែងប្រតិកម្មចម្រុះចំពោះការអនុវត្តកិច្ចព្រមព្រៀងក្នុងរយៈពេល៣០ឆ្នាំនេះ។
លោកបានថ្លែងប្រាប់វីអូអេខេមភាសាក្នុងបទសម្ភាសន៍ពិសេសថា៖ «ដំណើរការសន្តិភាពនិងកិច្ចព្រមព្រៀងប៉ារីសពិតជាបាននាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា។ ជាសន្តិភាពយូរអង្វែង។ អ្នកចាកចេញពីទីលំនៅប្រហែល៤០ម៉ឺននាក់បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ។ ក្រុមខ្មែរក្រហមបានបាត់ខ្លួនបើទោះបីជាត្រូវចំណាយពេលយូរបន្តិច។ កម្ពុជាធ្លាប់ជាបញ្ហាមួយក្នុងនយោបាយការទូតក្នុងតំបន់និងពិភពលោកក៏លែងជាបញ្ហា។ កិច្ចព្រមព្រៀងនេះបានបង្កឱកាសមួយដល់កម្ពុជារីកចម្រើនខាងផ្នែកសេដ្ឋកិច្ចនិងមានស្ថិរភាពសុខសន្តិភាពយូរអង្វែងទៅអនាគត»។
សហរដ្ឋអាមេរិកដែលជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងនេះបានផ្តល់ថវិកាជំនួយដល់កម្ពុជាជាង៣ពាន់លានដុល្លារក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះដោយផ្តោតលើការអភិវឌ្ឍផ្នែកសុខាភិបាលកសិកម្មនិងសន្តិសុខស្បៀងការអប់រំសិក្សាធិការនិងការដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។ សហរដ្ឋអាមេរិកក៏បានបើកទីផ្សារឲ្យកម្ពុជានាំទំនិញចូលឡើងវិញដែរ។
បើតាមតួលេខរបស់ការិយាល័យអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានទទួលទិញទំនិញកម្ពុជាទំហំ៥.៤០០លានដុល្លារ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានបញ្ជាក់ក្នុងបទសម្ភាសន៍ពិសេសជាមួយនឹងវីអូអេខេមរភាសាថា៖ «យើងបានវិនិយោគជាច្រើន។ ពលរដ្ឋកម្ពុជាមានការងារជាច្រើនដែលអាចបង្ហាញបាន។ យើងនឹងបន្តជាដៃគូដ៏សំខាន់មួយហើយខ្ញុំគិតថាវានឹងកាន់តែប្រទាក់ក្រឡាគ្នាមិនគ្រាន់តែនៅខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេប៉ុន្តែក៏ចូលដល់ឆ្នាំ២០២២ដែលជាឆ្នាំដ៏សំខាន់សម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ សហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយជាមួយនឹងអាស៊ានដូច្នេះតួនាទីប្រធាននេះនឹងកាន់តែសំខាន់»។
ប៉ុន្តែបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យគឺជាការព្រួយបារម្ភសម្រាប់បស្ចិមប្រទេស។
លោក Gareth Evans បានថ្លែងបន្ថែមថា៖ «លើជ្រុងនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សគឺយើងមានក្តីសង្ឃឹមខ្ពស់ណាស់ថាវាអាចបង្កើតអនាគតដ៏ភ្លឺស្វាងមួយសម្រាប់កម្ពុជា។ ប៉ុន្តែយើងខកចិត្តយ៉ាងខ្លាំង។ កម្ពុជាមានប្រវត្តិអាក្រក់ណាស់»។
ការណ៍នេះដោយសារគណបក្សកាន់អំណាចបានរឹតបន្តឹងបន្តិចម្តងៗលើសិទ្ធិសេរីភាពរបស់ក្រុមគណបក្សប្រឆាំងអង្គការសង្គមស៊ីវិលបណ្តាញសារព័ត៌មាននិងអង្គការអន្តរជាតិ។ គណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយនៅចុងឆ្នាំ២០១៧ដោយចោទប្រកាន់ថាបានឃុបឃិតនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់វីអូអេថា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចែងថាប្រទេសកម្ពុជាត្រូវតែគោរពនិងអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ឥឡូវប្រជាធិបតេយ្យក៏បាត់បង់សេរីក៏អត់ ពហុបក្សក៏អត់ពីព្រោះវាបានក្លាយជាឯកបក្សទៅវិញហើយ។ នេះហើយដែលយើងត្រូវកែលម្អធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរស់ឡើងវិញ»។
លោក មាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិបានពន្យល់ថា៖ «អ្វីដែលធ្ងន់ធ្ងរបំផុតគឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិក្រោយពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៧គឺថាក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវបានដកសិទ្ធិពីអ្វីដែលប្រជាពលរដ្ឋបានបោះឲ្យហើយគណបក្សដែលមានសក្តានុពលប្រដំប្រសងក្នុងការប្រកួតប្រជែងដែលមើលទៅថាសង្គមប្រជាធិបតេយ្យត្រូវមានបក្សប្រឆាំងជាដៃគូនៅក្នុងនីតិប្បញ្ញត្តិហ្នឹងគឺថាត្រូវបានគេរំលាយគឺមានការស្រុតចុះខាងផ្នែកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ»។
អ្នកការពារសិទ្ធិមនុស្សអ្នកសារព័ត៌មានមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងនិងសកម្មជនបរិស្ថានជាង១០០នាក់ត្រូវបានចោទប្រកាន់ឬចាប់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងសកម្មភាពសង្គមរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ថ្នាក់ដឹកនាំខ្លះក្នុងគណបក្សសង្គ្រោះជាតិបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស។ បច្ចុប្បន្នលោក កឹម សុខា ដែលជាប្រធានគណបក្សត្រូវរងការចោទប្រកាន់ពីបទក្បត់ជាតិដោយសំណុំរឿងរបស់លោកនៅអូសបន្លាយក្នុងតុលាការកម្ពុជា។
លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះគឺលំហសង្គមស៊ីវិលទូទៅហ្នឹងគឺមានការប្រឈមខ្លាំង។ ជាធម្មតាប្រតិបត្តិការរបស់យើងគឺមានលក្ខណៈចង្អៀតនៅក្នុងលំហសង្គមស៊ីវិលហ្នឹង»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលត្រូវបានបង្កើតឡើងដោយលោក កឹម សុខា មុនពេលលោកហក់ចូលឆាកនយោបាយជាថ្មីក៏បានក្លាយជាមុខសញ្ញាយាយីរំខានផងដែរ។
លោកស្រី ចក់ សុភាព បានបញ្ជាក់ថា៖ «មជ្ឈមណ្ឌលសិទ្ធិមនុស្សធ្លាប់ត្រូវគំរាមបិទស្ថាប័ននៅចុងឆ្នាំ២០១៧ប៉ុន្តែក៏មានការកែប្រែពីរដ្ឋាភិបាលវិញក្នុងការអនុញ្ញាតឲ្យប្រតិបត្តិការដោយសារលោកមិនអាចរកឃើញកំហុសណាមួយពាក់ព័ន្ធនឹងស្ថាប័នរបស់យើង»។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) របស់សហរដ្ឋអាមេរិកត្រូវបានបណ្តេញចេញក្រោយពីធ្វើប្រតិបត្តិការជាង២៥ឆ្នាំ។ សារព័ត៌មានThe Cambodia Daily ត្រូវបិទទ្វារ។ វិទ្យុអាស៊ីសេរីដែលផ្តល់ថវិកាដោយសហរដ្ឋអាមេរិកត្រូវបិទទ្វារមិនអាចធ្វើប្រតិបត្តិការក្នុងប្រទេសបាន។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានបញ្ជាក់ថា៖ «ជាការពិតក្នុងរយៈពេលពីរបីឆ្នាំនេះមានការដើរថយក្រោយខ្លះមានការបិទលំហសម្រាប់សង្គមស៊ីវិលខ្លះការប្រឈមខ្លះសម្រាប់បណ្តាញសារព័ត៌មានដែលធ្វើការដោយឯករាជ្យនិងមានបញ្ហាប្រឈមសម្រាប់ពលរដ្ឋកម្ពុជាក្នុងការរិះគន់និងបញ្ចេញសំឡេងនិងមានតំណាងក្នុងស្ថាប័នរបស់រដ្ឋាភិបាល»។
ការវិវត្តនេះបានធ្វើឲ្យអ្នកតាក់តែងច្បាប់នៅរដ្ឋធានីវ៉ាស៊ីនតោនខឹងសម្បាដែលបានឃើញការវិនិយោគរយៈពេល៣០ឆ្នាំបានរលាយបាត់។
លោក Steve Chabot សមាជិករដ្ឋសភានៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Ohio និងជាអ្នកដែលបានស្នើសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជាជាមួយនឹងលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ California បានថ្លែងថា៖ «រហូតមកដល់ថ្ងៃនេះលោកហ៊ុន សែននៅមិនទាន់ប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកចំពោះទង្វើរបស់លោកនៅឡើយទេ។ នេះគឺជារឿងគួរឲ្យអាម៉ាស់។ ដោយហេតុនេះហើយច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជាដាក់ទណ្ឌកម្មលើអ្នកដែលបានចូលរួមក្នុងការសម្លាប់ប្រជាធិបតេយ្យដោយដាក់ទណ្ឌកម្មដោយផ្ទាល់លើអ្នកដែលទទួលខុសត្រូវ។ យើងសង្ឃឹមថាយើងអាចធ្វើឲ្យលោកហ៊ុន សែននិងបក្ខពួករបស់គាត់ដឹងខ្លួនថាផ្លូវតែមួយគត់ឆ្ពោះទៅមុខសម្រាប់ប្រទេសជាតិគឺអនុញ្ញាតឲ្យបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ យើងមិនត្រូវភ្លេចថាជនរងគ្រោះចម្បងនៃការគាបសង្កត់របស់លោកហ៊ុន សែនគឺពលរដ្ឋកម្ពុជា»។
គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន គឺជាភាគីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ភាគីពីរទៀតគឺក្រុមខ្មែរក្រហមនិងរណសិរ្សជាតិរំដោះពលរដ្ឋខ្មែររបស់លោកសឺន សានបានរលាយបាត់ចេញពីឆាកនយោបាយ។ រីឯភាគីនៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចបានរួមតូចពីគណបក្សដ៏ធំមកគ្មានអាសនៈនៅក្នុងសភាជាតិដោយសារជម្លោះបែកបាក់ផ្ទៃក្នុងជាបន្តបន្ទាប់។
មូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យមិនទាន់បានសាងសង់រឹងមាំទេតាំងពីឆ្នាំ១៩៩១មកដែលធ្វើឲ្យគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិមនុស្សមិនត្រូវបានរដ្ឋាភិបាលកម្ពុជាគោរព។ រីឯសហគមន៍អន្តរជាតិក៏មានចំណែកទទួលខុសត្រូវដែរ។ នេះបើតាមការវាយតម្លៃរបស់លោក Gareth Evans។
លោក Evans បានបន្ថែមថា៖ «ជាមូលដ្ឋានសហគមន៍អន្តរជាតិលែងចាប់អារម្មណ៍នឹងកម្ពុជាដោយពួកគេជឿថាសន្តិភាពត្រូវយកបានហើយ។ លោកហ៊ុន សែនក៏ចាប់ផ្តើមកែប្រែមូលដ្ឋានប្រជាធិបតេយ្យដែលមិនរឹងមាំស្រាប់តាំងពីដំបូងបន្តិចម្តងៗឲ្យទៅជារបបផ្តាច់ការមួយដែលពេញទំហឹង។ យើងត្រូវតែទទួលស្គាល់ការពិត។ នេះជាអ្វីដែលយើងទទួលបាននៅពេលនេះ»។
ការបោះឆ្នោតជាតិក្នុងខែកក្កដាឆ្នាំ២០១៨រៀបចំឡើងដោយគ្មានគណបក្សប្រឆាំងដែលមានសក្តានុពលចូលរួមប្រកួតនិងបាននាំឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនឈ្នះយកអាសនៈទាំង១២៥នៅក្នុងរដ្ឋសភា។ បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសនោះលោកហ៊ុន សែនបានធ្វើដំណើរមកទីក្រុង New York សហរដ្ឋអាមេរិកមកថ្លែងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិក្នុងនាមជាអ្នកដែលឈ្នះនិងបង្ហាញពីភាពស្របច្បាប់របស់លោក។
លោក ហ៊ុន សែន បានថ្លែងថា៖ «ពីប្រទេសដែលល្បីខាងប្រើអាវុធដើម្បីដណ្តើមអំណាចគ្នាក្នុងការផ្លាស់ប្តូររដ្ឋាភិបាលឥឡូវនេះកម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋហើយគោរពយ៉ាងមុតមាំនូវគោលការណ៍សេរីពហុបក្សជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់សេរីនិងយុត្តិធម៌ដើម្បីផ្តល់សិទ្ធិឲ្យប្រជាជនបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស»។
លោក ហ៊ុន សែន ក៏បានឆ្លៀតឱកាសវាយប្រហារក្រុមបស្ចិមប្រទេសដែលនាំមុខដោយសហរដ្ឋអាមេរិកផងដែរ៖ «ក៏ប៉ុន្តែមជ្ឈដ្ឋានខាងក្រៅមួយចំនួនដែលចិញ្ចឹមជាប់នូវមហិច្ឆតាប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានៅតែធ្វើមិនឃើញនូវគុណភាពនិងសុចរិតភាពនៃការបោះឆ្នោតរបស់យើងតាមរយៈការចេញសេចក្តីថ្លែងការណ៍នានាប្រឆាំងឬវាយប្រហារលើលទ្ធផលនៃការបោះឆ្នោតនេះដែលទង្វើបែបនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ឆន្ទៈប្រជាជនកម្ពុជា....។ យើងមានការសោកស្តាយជាពន់ពេកក្នុងការរំលេចនូវតថភាពដែលថាសិទ្ធិមនុស្សនៅពេលបច្ចុប្បន្ននេះបានក្លាយទៅជាបេសកកម្មដើម្បីបំពាក់អរិយធម៌សម្រាប់ប្រទេសដែលមានអំណាចមួយចំនួនឬក៏អាចនិយាយបានថាជានិយាមប្រតិបត្តិថ្មីរបស់ពួកគេដែលជាលេសសម្រាប់លូកដៃជ្រៀតជ្រែកក្រោមស្លាកការពារសិទ្ធិនយោបាយ»។
ខណៈឥទ្ធិពលបស្ចិមប្រទេសថយចុះប្រទេសកុម្មុយនីស្តចិនបានបង្កើនទំនាក់ទំនងជាមួយនឹងកម្ពុជាកាន់តែខ្លាំងដោយបានពង្រីកទំនាក់ទំនងមកដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។
លោក Gareth Evans យល់ថាចិននឹងមិនទៅណាឆ្ងាយទេ។ គោលគំនិតមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺឲ្យចិនបញ្ឈប់ការគាំទ្រដល់ក្រុមខ្មែរក្រហមប៉ុន្តែឥឡូវចិនបែរជាមកគាំទ្រលោកហ៊ុន សែនដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុយោធានិងនយោបាយដែលធ្វើឲ្យស្ថានការណ៍កាន់តែលំបាក។
លោក Evans បានបន្ថែមថា៖ «សព្វថ្ងៃនេះកម្ពុជាហាក់ដូចជាប្រទេសចំណុះមួយដែលចិនជាម្ចាស់ទាំងស្រុង។ កម្ពុជាលោតតាមចង្វាក់ភ្លេងចិន។ កម្ពុជាស្ថិតនៅក្នុងហោប៉ៅចិនទាំងស្រុងដោយសារតែការជំពាក់បំណុលដ៏ច្រើនសន្ធឹកនិងការវិនិយោគនិងការជួយផ្នែកសេដ្ឋកិច្ចពីប្រទេសចិននៅកម្ពុជា។ នេះគឺជាការពិតមួយដែលយើងត្រូវតែទទួលស្គាល់។ ទំនាក់ទំនងនេះមានផលប្រយោជន៍ក្នុងការបំបែកអាស៊ានដែលមិនបានជួយរក្សាសាមគ្គីភាពទេ។ នេះគឺជារឿងដ៏លំបាក»។
តាមរយៈកម្មវិធី«ក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម»(BRI) របស់ចិនកម្ពុជាបានទទួលបានប្រាក់ជំនួយនិងកម្ចីជាច្រើនពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលមានដូចជាអគារផ្លូវថ្នល់និងកំពង់ផែជាដើម។ ទន្ទឹមនឹងនេះចិនក៏ជាម្ចាស់បំណុលដ៏ធំដែរដោយក្តោបក្តាប់ជិត៤៤%នៃបំណុលសរុបចំនួនជាង៩ពាន់លានដុល្លារ។នេះបើតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុកម្ពុជាសម្រាប់ឆ្នាំ២០២១។
ក្នុងពេលជាមួយនេះដែរគម្រោងអភិវឌ្ឍន៍របស់ចិននៅខេត្តកោះកុងនិងការអភិវឌ្ឍនៅកំពង់ផែ កងទ័ពជើងទឹករាមនៃក្រុងព្រះសីហនុបានធ្វើឲ្យសហរដ្ឋអាមេរិកព្រួយបារម្ភពីគោលបំណងយោធារបស់ចិនក្នុងរយៈពេលវែង។
លោក សម រង្ស៊ី មើលឃើញថាការពឹងពាក់ចិនជាគ្រោះថ្នាក់មួយដល់ប្រទេសកម្ពុជានិងតំបន់ដែលនាំឲ្យមានបញ្ហាសន្តិសុខ៖ «ដោយសារយើងបាត់បង់លទ្ធិប្រជាធិបតេយ្យហ៊ុន សែនត្រូវការចិនឲ្យមកគ្រប់គ្រងប្រទេសកម្ពុជា យកប្រទេសកម្ពុជាធ្វើជាឈ្នាន់ហ្នឹងហើយដែលធ្វើឲ្យយើងបាត់បង់ទាំងឯករាជ្យភាពទាំងអព្យាក្រឹតភាពអីចឹងហើយបើចង់ឲ្យប្រទេសកម្ពុជាទទួលបាននូវអព្យាក្រឹតភាពនិងឯករាជ្យភាពដើម្បីរួមចំណែកពង្រឹងសន្តិសុខនិងសន្តិភាពក្នុងតំបន់យើងត្រូវតែឲ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ»។
រដ្ឋាភិបាលកម្ពុជាបានការពារថាប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ល្អឥតខ្ចោះប៉ុន្តែថាអ្នកនយោបាយកំពុងតែស្វែងរកភាពសុខដុមរមនានឹងគ្នាផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងថា៖ «យើងមិនទាន់មានទេប្រជាធិបតេយ្យដែលដំណើរការបានប៉ុន្តែយើងកំពុងតែកសាងហើយដើម្បីកសាងប្រជាធិបតេយ្យបានកសាងសិទ្ធិមនុស្សបានត្រឹមត្រូវទាល់តែយើងធានាបាននូវសន្តិភាពនិងស្ថិរភាព។ បើយើងគ្មានស្ថិរភាពនិងគ្មានសន្តិភាពយើងមិនអាចធ្វើអ្វីបាននោះទេហើយមិនមែនយើងបោះបង់ចោលអ្វីដែលជាការសម្រេចចិត្តដែលមាននៅក្នុងរដ្ឋធម្មនុញ្ញទេប៉ុន្តែយើងត្រូវឆ្លើយតបនឹងស្ថានភាពជាក់ស្តែងដែលយើងមាន»។
លោក ផៃ ស៊ីផាន បានរិះគន់ការធ្វើបាតុកម្មក្នុងពេលកន្លងមកជាពិសេសក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣៖ «ពាក្យប្រជាធិបតេយ្យមួយម៉ាត់មិនមែនបានសេចក្តីថាទៅធ្វើបាតុកម្មមិនមែនបានសេចក្តីថាទម្លាក់នាយករដ្ឋមន្ត្រីទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងគឺមិនមែនអីចឹងទេ។ កម្ពុជាយល់ឃើញថាយើងត្រូវធ្វើច្បាប់ហើយច្បាប់នោះឆ្លើយតបនិងការពារប្រជាពលរដ្ឋដែរឬទេឬច្បាប់សម្រាប់បង្គាប់បញ្ជាសម្រាប់ដាក់ទោសប្រជាពលរដ្ឋ? យើងកំពុងតែខិតខំប្រឹងប្រែងកែសម្រួលច្បាប់»។
ខណៈកម្ពុជាទទួលបានការអភិវឌ្ឍហើយបានឈានឡើងមកឋានៈប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដោយមានពលរដ្ឋចំនួន១៣,៥%រស់នៅក្រោមបន្ទាត់ក្រីក្រក៏ប៉ុន្តែមានពលរដ្ឋប្រហែល៤,៥លាននាក់ដែលស្មើនឹង៣៤%រស់នៅក្បែរបន្ទាត់ក្រីក្រដែលអាចធ្លាក់ខ្លួនក្រជាថ្មីបើជួបនឹងឧបសគ្គសេដ្ឋកិច្ចអ្វីមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ធនាគារពិភពលោក។ ពលរដ្ឋកម្ពុជាយ៉ាងតិច១,៨លាននាក់បានធ្វើចំណាកស្រុកនិងកំពុងធ្វើការនៅប្រទេសថៃក្នុងស្ថានភាពដែលមិនមានការគោរពសិទ្ធិសេរីភាពបានត្រឹមត្រូវ។ កម្ពុជាពឹងផ្អែកស្ទើរតែទាំងស្រុងលើទីផ្សារផលិតផលសម្លៀកបំពាក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បីផ្តល់ការងារដល់កម្មករជាង៨០ម៉ឺននាក់ដែលភាគច្រើនជាស្ត្រីមកពីទីជនបទនិងធ្វើការក្នុងស្ថានភាពលំបាកដោយទទួលបានប្រាក់ខែតិចតួច។
តំណាងសហជីពតែងតែត្រូវបានថៅកែនិងអាជ្ញាធរប្តឹងទៅតុលាការដោយសារតែការពារសិទ្ធិកម្មករទាំងនោះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាត្រូវរងពាក្យបណ្តឹងចំនួន៧ករណីក្នុងនោះបណ្តឹងព្រហ្មទណ្ឌចំនួន៥។
លោក អាត់ ធន់ បានបញ្ជាក់ប្រាប់វីអូអេថា៖ «ជួនកាលកម្មករគាត់គ្រាន់តែធ្វើកូដកម្មនៅតាមរោងចក្ររបស់គាត់ទេហើយគ្រាន់តែមកពឹងពាក់យើងសោះហើយទោះបីជាយើងនៅការិយាល័យក៏ដោយក៏គេចោទថាញុះញង់ជាដើមដែលយើងយល់ថាបទចោទប្រកាន់ទាំងនោះមិនស្របតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាទេ»។
សហភាពអឺរ៉ុបបានដកហូតឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»ចំនួន២០ភាគរយតាំងពីខែសីហាឆ្នាំ២០២០ដោយសារតែការរំលោភសិទ្ធិមនុស្សសិទ្ធិសេរីភាពសហជីពនិងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ មួយខែក្រោយមកសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជាដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ គន់ គីម និងក្រុមហ៊ុនចិនយូញៀន ឌីវេឡុបមេន គ្រុប (Union Development Group) ដែលមានទំនាក់ទំនងនឹងលោកគន់ គីម។ មួយឆ្នាំមុននោះក៏បានដាក់ទណ្ឌកម្មលោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់លោកហ៊ុន សែនផងដែរ៕