នៅពេលលោក Jimmy Carter ជ្រើសរើសសញ្ញាសំគាល់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក លោកមិនបានជ្រើសរើសពណ៌ក្រហម ស និងខៀវ ដូចសព្វដងនោះទេ។ ប៉ុន្តែលោកបានជ្រើសយកពណ៌បៃតង។
ក្នុងគោលដៅសង្កត់ធ្ងន់ពីទំហំក្តីស្រឡាញ់ដែលអ្នកនយោបាយគណបក្សប្រជាធិបតេយ្យពីរដ្ឋ Georgia រូបនេះមានចំពោះធម្មជាតិក៏ដូចជាការផ្តល់អាទិភាពលើគោលនយោបាយការពារបរិស្ថាន ពណ៌បៃតងនេះត្រូវបានប្រើគ្រប់កន្លែង។ គេបានប្រើពណ៌នេះនៅលើឡេវអាវ ស្ទីកគ័របិទរបាំងក្រោយរថយន្ត ខិត្តប័ណ្ណ ស្លាកសញ្ញាថ្មីសម្រាប់ទីស្នាក់ការយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក និងលើអ្វីៗផ្សេងទៀត។
អ្នកស្រី LeAnne Smith ដែលជាក្មួយស្រីរបស់លោក Carter បានរំឭកអំពីការប្រារព្ធជ័យជម្នះការបោះឆ្នោតឆ្នាំ ១៩៧៦ ថា៖ «នៅពេលជ័យជម្នះត្រូវបានប្រកាសឡើង យើងទាំងអស់គ្នាទទួលបានអាវដើម្បីពាក់ ហើយអាវទាំងនោះក៏មានពណ៌បៃតងផងដែរ»។
ជិតពាក់កណ្តាលសតវត្សរ៍ក្រោយមក លោក Carter បានទទួលមរណភាពកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំមុននៅអាយុ ១០០ ឆ្នាំ។ ក្រុមអ្នកបរិស្ថានបានរំឭកវិញ្ញាណក្ខន្ធលោកក្នុងនាមជាប្រធានាធិបតីដែលលើកកម្ពស់ការគាំពារបរិស្ថាន ការអភិរក្សថាមពល និងការពិភាក្សាអំពីការគំរាមកំហែងជាសាកលនៃការកើនឡើងកម្រិតឧស្ម័នកាបូនឌីអុកស៊ីត។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានប្តេជ្ញាថានឹងលះបង់ចោលនូវការវិនិយោគលើវិស័យថាមពលកកើតឡើងវិញដែលលោកប្រធានាធិបតី Joe Biden បានដាក់បញ្ចូលទៅក្នុងច្បាប់កាត់បន្ថយអតិផរណា (Inflation Reduction Act) ឆ្នាំ ២០២២ ដោយលោកបានលើកឡើងពីការដែលលោកអតីតប្រធានាធិបតី Ronald Reagan បានដកចេញនូវបន្ទះស្រូបថាមពលព្រះអាទិត្យដែលលោក Carter បានដាក់នៅលើដំបូលសេតវិមាន។ ប៉ុន្តែក្រៅពីរឿងនយោបាយ ការមូលមតិគ្នាផ្នែកវិទ្យាសាស្រ្តបានបង្ហាញឱ្យឃើញដូចជំហររបស់លោក Carter កាលពីពីរជំនាន់មុន។
លោក Manish Bapna ដែលដឹកនាំអង្គការក្រុមប្រឹក្សាការពារធនធានធម្មជាតិ (Natural Resources Defense Council) បាននិយាយថា៖ «លោក Carter បានបោះជំហានទៅមុខ ៤ ទសវត្សរ៍មុនគេ»។ លោកបានបន្ថែមថា លោក Carter បានអំពាវនាវឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅយូរណាស់មកហើយមុនពាក្យ «ការប្រែប្រួលអាកាសធាតុ» បានក្លាយជាផ្នែកមួយនៃភាសាទូទៅនៅសហរដ្ឋអាមេរិកទៅទៀត។
ការពាក់អាវ Cardigan និងការកំណត់ស្តង់ដារ
អតីតអនុប្រធានាធិបតីអាមេរិកលោក Al Gore ដែលសកម្មភាពតស៊ូមតិផ្នែកអាកាសធាតុរបស់លោកបានធ្វើឱ្យលោកទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០០៧ បានហៅលោក Carter ថាជា «បុគ្គលគំរូពេញមួយជីវិតសម្រាប់ចលនាការពារបរិស្ថានទាំងមូល»។
នៅពេលជាប្រធានាធិបតី លោក Carter បានអនុវត្តច្បាប់ស្តង់ដារប្រសិទ្ធផលអាមេរិកាំងដំបូងគេបង្អស់សម្រាប់យានយន្តនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។ លោកបានបង្កើតក្រសួងថាមពលដែលបានដឹកនាំការស្រាវជ្រាវផ្នែកថាមពលនិងបានដាក់តំបន់ព្រៃឈើច្រើនជាងមុនពីរដងនៅក្រោមការការពាររបស់ទីភ្នាក់ងារឧទ្យានជាតិ។
បើទោះបីជាត្រូវប្រឈមនឹងការសើចចំអកក៏ដោយ ក៏លោក Carter បានស្នើឱ្យពលរដ្ឋអាមេរិកាំងសន្សំសំចៃថាមពលតាមរយៈការលះបង់ជាលក្ខណៈបុគ្គលដូចជាការបើកបរតិចជាងមុននិងការបន្ថយសីតុណ្ហភាពម៉ាស៊ីនកម្តៅក្នុងផ្ទះក្នុងអំឡុងរដូវរងានៅចំពេលដែលមានកង្វះឥន្ធនៈនៅលើពិភពលោកជាដើម។
លោកក៏បានជំរុញនូវផ្នែកថាមពលកកើតឡើងវិញផងដែរដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈផូស៊ីល ដោយបានស្នើថាថាមពល ២០% នៅសហរដ្ឋអាមេរិកត្រូវមានប្រភពមកពីថាមពលផ្សេងទៀតនៅត្រឹមឆ្នាំ ២០០០។
ប៉ុន្តែការសោកស្ដាយនៅតែបន្តមានចំពោះអ្វីដែលប្រធានាធិបតីទី ៣៩ រូបនេះមិនអាចធ្វើបានឬមិនបានព្យាយាមធ្វើមុនពេលលោកទទួលបរាជ័យនៅក្នុងការបោះឆ្នោតដោយចាញ់លោក Ronald Reagan។
ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
លោក Carter បានបញ្ចប់អាណត្តិនៅឆ្នាំ ១៩៨១ ក្នុងពេលមិនយូរប៉ុន្មានបន្ទាប់ពីទទួលបានរបាយការណ៍ West Wing មួយដែលភ្ជាប់ឥន្ធនៈផូស៊ីលទៅនឹងការកើនឡើងកម្រិតឧស្ម័នកាបូនឌីអុកស៊ីតក្នុងបរិយាកាសផែនដី។ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកបរិស្ថានរបស់លោក Carter បានជំរុញឱ្យមានការកាត់បន្ថយ «ជាបន្ទាន់» លើការប្រើប្រាស់ឥន្ធនៈផូស៊ីលដើម្បីកាត់បន្ថយអ្វីដែលអ្នកវិទ្យាសាស្រ្តនៅពេលនោះហៅថា «ការបំពុលដោយឧស្ម័នកាបូនឌីអុកស៊ីត»។
លោក Jonathan Alter ដែលជាអ្នកនិពន្ធជីវប្រវត្តិលោក Carter បាននិយាយថា៖ «គ្មាននរណាម្នាក់នៅលើពិភពលោកដែលមានឋានៈខ្ពង់ខ្ពស់ក្នុងជួររដ្ឋាភិបាលបាននិយាយអំពីបញ្ហានេះ» មុនលោក Carter នោះទេ។
សេតវិមានបានបញ្ចេញរបាយការណ៍ស្ដីពីបញ្ហាប្រែប្រួលអាកាសធាតុដែលនៅពេលនោះមានការរាយការណ៍តិចតួចប៉ុណ្ណោះអំពីរបាយការណ៍នេះ។ សារព័ត៌មាន The New York Timesបានចុះផ្សាយព័ត៌មាននេះនៅលើទំព័រទី ១៣ នៃផ្នែកដំបូងរបស់ខ្លួន។ ហើយខណៈពេលវេលាកាន់តំណែងនៅសេសសល់តិចតួច លោក Carter មិនអាចធ្វើអ្វីជាដុំកំភួនបានច្រើននោះទេក្រៅពីការចុះហត្ថលេខាលើច្បាប់ស្តីពីថាមពល។
របាយការណ៍នេះបានស្នើឱ្យមានការដាក់កម្រិតលើសីតុណ្ហភាពជាមធ្យមលើសាកលលោកឱ្យត្រឹម២ អង្សារសេលើសពីកម្រិតមុនសម័យបដិវត្តន៍ឧស្សាហកម្ម។ ៣៥ ឆ្នាំក្រោយមក នៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ ប្រទេសដែលបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងនេះបានកំណត់គោលដៅស្រដៀងគ្នានេះ។
លោក Alter បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖ «ប្រសិនបើលោក [Carter] ជាប់ឆ្នោតនៅអាណត្តិទីពីរ យើងប្រហែលជាបានចាប់ផ្តើមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅដើមទសវត្សរ៍ ១៩៨០ ម្ល៉េះ។ នៅពេលអ្នកគិតអំពីរឿងនេះ វាជារឿងដែលស្ទើរតែគួរឱ្យសោកសៅមួយទៀតបន្ថែមទៅនឹងការបរាជ័យផ្នែកនយោបាយរបស់លោក»។
លោក Ronald Reagan បានបញ្ចប់កិច្ចពិភាក្សាជាន់ខ្ពស់អំពីការបញ្ចេញកាបូន។ លោកបានប្រឆាំងនឹងច្បាប់ស្ដង់ដារប្រសិទ្ធផលថាមពលដោយចាត់ទុកច្បាប់នេះថាជាទង្វើលើសលប់ជ្រុលពីសំណាក់រដ្ឋាភិបាល និងបានកាត់បន្ថយនិយតកម្មខ្លះ។ លោក Don Regan ដែលជានាយកខុទ្ទកាល័យសេតវិមាននៅពេលនោះ បានហៅបន្ទះស្រូបថាមពលព្រះអាទិត្យថាជា «រឿងកំប្លែង»។
ការបន្តសម្រេចឱ្យបានឯករាជ្យភាពផ្នែកថាមពល
ទោះបីជាលោក Carter បានសង្កត់ធ្ងន់លើថាមពលកកើតឡើងវិញក៏ដោយ ក៏វិស័យឥន្ធនៈផូស៊ីលនៅតែទទួលបានប្រយោជន៍ពីការជំរុញរបស់លោកឆ្ពោះទៅកាន់ឯករាជ្យភាពផ្នែកថាមពល។
លោក Collin O'Mara នាយកប្រតិបត្តិអង្គការ National Wildlife Foundation បានចង្អុលទៅលើរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មដែលសាងសង់ឡើងក្នុងអំឡុងអាណត្តិរបស់លោក Carter និងក្នុងពេលភ្លាមៗក្រោយមក និងទៅលើការលុបចោលនិយតកម្មលើផលិតកម្មឧស្ម័នធម្មជាតិ។ លោក O'Mara បានហៅការលុបចោលនិយតកម្មលើផលិតកម្មឧស្ម័នធម្មជាតិនេះថាជា «លក្ខខណ្ឌដំបូង» ឆ្ពោះទៅកាន់ការខួងយកឧស្ម័នធម្មជាតិនិងប្រេងក្រោមដីទ្រង់ទ្រាយធំ។
លោក Bapna បានកត់សម្គាល់ថា លោក Carter បានគាំទ្រការខួងយកឧស្ម័ននិងប្រេងក្រោមដីនៅក្នុងសមុទ្រឆ្ងាយពីមាត់សមុទ្រនៃកោះ Long Island ក្នុងរដ្ឋ New York និងតំបន់ New England។
លោក Steven Nadel នាយកប្រតិបត្តិក្រុមប្រឹក្សាអាមេរិកាំងសម្រាប់សេដ្ឋកិច្ចប្រសិទ្ធផលផ្នែកថាមពល (American Council for an Energy-Efficient Economy) បានចង្អុលទៅលើសាជីវកម្មឥន្ធនៈសំយោគ (Synthetic Fuels Corporation) របស់លោក Carter ដែលជាកិច្ចប្រឹងប្រែងរយៈពេលខ្លីមួយក្នុងការផលិតជម្រើសផ្សេងពីឥន្ធនៈផូស៊ីល ដែល «អាចនឹងជំរុញឱ្យមានការបញ្ចេញកាបូនច្រើនជាងមុន»។
លោក Nadel បានបន្តថា លោក Carter មានអាទិភាពត្រឹមត្រូវ ជាពិសេសលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលសម្របសម្រួលតាមរយៈក្រសួងថាមពល។ លោក Nadel បានថ្លែងថា៖ «លោកបាននាំឱ្យយើងចាត់ជាវិធានការថ្នាក់ជាតិជាជាងវិធានការរបស់ទីភ្នាក់ងារនេះផងទីភ្នាក់ងារនោះផង»។
ការការពារសមិទ្ធផលរបស់ព្រះជាម្ចាស់
ការយកចិត្តទុកដាក់មកលើបរិស្ថានរបស់លោក Carter មានឫសគល់ចេញពីកុមារភាពរបស់លោកនៅតំបន់ជនបទដែលលោកធ្លាប់បានប្រមាញ់និងធ្វើការនៅក្នុងកសិដ្ឋានឪពុករបស់លោក។
លោក Dubose Porter មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Georgia បាននិយាយថា៖ «លោក Jimmy Carter គឺជាអ្នកគាំពារបរិស្ថានមុនពេលប្រធានបទនេះបានក្លាយជាផ្នែកដ៏ពិតប្រាកដមួយនៃការពិភាក្សានយោបាយទៅទៀត។ ខ្ញុំមិនមែននិយាយអំពីរឿងបន្ទះស្រូបថាមពលព្រះអាទិត្យនៅសេតវិមាននោះទេ។ ការផ្តោតលើតែរឿងនេះមានន័យថាយើងនឹងមើលរំលងកិច្ចប្រឹងប្រែងតាំងពីដើមនិងការតាំងចិត្តរបស់លោក»។
លោក Porter បានបន្តថា យុវភាពរបស់លោក Carter បានជះឥទ្ធិពលមកលើលោក Carter ខ្លួនឯងផ្ទាល់ពេលលោកធ្វើជាអភិបាលរដ្ឋ ដោយលោកបានលើកកម្ពស់ប្រព័ន្ធឧទ្យានជាតិនៅរដ្ឋ Georgia ហើយបានប្រឆាំងនឹងសមាជិកសភារដ្ឋនេះដែលចង់សាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមួយ។ លោក Carter បានធ្វើដំណើរនៅលើទន្លេនោះដោយផ្ទាល់ហើយបានសម្រេចថាស្ថានភាពធម្មជាតិរបស់ទន្លេនោះមានតម្លៃធំធេងជាងសំណើសាងសង់ដែលចំណេញច្រើនរបស់រដ្ឋាភិបាលសហព័ន្ធទៅទៀត។
នៅរដ្ឋធានីវ៉ាស៊ីនតោន លោក Carter បានបន្តការតតាំងបើទោះបីពេលខ្លះមិនទទួលបានជោគជ័យក៏ដោយដើម្បីប្រឆាំងនឹងការផ្តល់មូលនិធិសម្រាប់គម្រោងនានាដែលលោកចាត់ទុកថាបង្កការខូចខាតនិងមិនចាំបាច់។ ប៉ុន្តែលោកទទួលបានជោគជ័យនៅក្នុងផ្នែកពង្រីកការការពាររបស់រដ្ឋាភិបាលសហព័ន្ធលើផ្ទៃដីជាង ៦០,៧ លានហិកតារួមមានព្រៃឈើ Redwood នៅក្នុងរដ្ឋ California និងផ្ទៃដីដ៏ធំក្នុងរដ្ឋ Alaska ផងដែរ។
លោក Randall Balmer សាស្រា្តចារ្យមហាវិទ្យាល័យ Dartmouth ដែលបានសរសេរពីជំនឿរបស់លោក Carter បាននិយាយថា លោក Carter បានចាត់ទុកខ្លួនឯងថាជាអ្នកការពារសម្បត្តិធម្មជាតិដែលព្រះបានប្រទាន។
លោក Balmer បានថ្លែងថា៖ «សមាជិកសាសនាគ្រិស្ដវ័យក្មេងនៅតែផ្សារភ្ជាប់ខ្លួនជាមួយលោក [Carter] នៅពេលសព្វថ្ងៃនេះ»។
ការរិះគន់លើការប្រើប្រាស់មិនចាំបាច់
លោក Nadel បានកត់សម្គាល់ថា លោក Carter បានឈ្នះតំណែងជាប្រធានាធិបតីក្នុងអំឡុងពេលដែលមានកង្វះថាមពលដែលបានចាក់ឫសនៅក្នុងជម្លោះជាសាកល ជាពិសេសនៅតំបន់មជ្ឈិមបូព៌ាដែលជាតំបន់សម្បូរទៅដោយប្រេងឥន្ធនៈ ដូច្នេះសន្តិសុខជាតិនិងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចមានភាពស៊ីគ្នាជាមួយនឹងជំនឿសាសនានិងការស្រឡាញ់ធម្មជាតិរបស់លោក Carter។
លោក Carter បានប្រៀបប្រដូចវិបត្តិថាមពលទៅនឹង «សង្រ្គាមផ្នែកសីលធម៌» ហើយស្របពេលដែលអតិផរណានិងការប្រើប្រាស់ឧស្ម័នកើនឡើង លោកបានអំពាវនាវឱ្យមានការលះបង់លក្ខណៈបុគ្គលនិងអនុវត្តវិធានការទាំងស្រុងលើថាមពលកកើតឡើងវិញ។
លោក Carter បានព្រមានកាលពីឆ្នាំ ១៩៧៩ ថា៖ «អត្តសញ្ញាណមនុស្សគឺលែងកំណត់បានដោយអ្វីដែលបុគ្គលម្នាក់បានធ្វើទៀតហើយ ប៉ុន្តែដោយអ្វីដែលបុគ្គលម្នាក់មានទៅវិញ។ ប៉ុន្តែយើងបានរកឃើញថា ការមាននិងការប្រើប្រាស់របស់របរផ្សេងៗមិនបានបំពេញចំណង់របស់យើងក្នុងការស្វែងរកអត្ថន័យនោះទេ»។
ការលើកឡើងបែបនេះគឺជារបៀបពិសេសមួយនៅក្នុងនយោបាយរបស់ប្រធានាធិបតីសម្រាប់ការរិះគន់លើការប្រើប្រាស់ដែលមិនបានតាមដានត្រឹមត្រូវក្នុងសង្គមអាមេរិកាំង។ លោក Carter ពេញចិត្តដែលពលរដ្ឋអាមេរិកាំងជាង ១០០ លាននាក់បានទស្សនាសុន្ទរកថានេះ។ នៅឆ្នាំ ២០១០ លោក Carter បានទទួលស្គាល់នៅក្នុង «កំណត់ហេតុសេតវិមាន» របស់លោកថា សុន្ទរកថារបស់លោកគឺធ្វើឡើងមិនបានល្អនោះទេ ប៉ុន្តែថាសុន្ទរកថានេះគឺជាកត្តានាំមុខនៃការតស៊ូមតិឱ្យមានវិធានការមុតមាំនិងដោយផ្ទាល់ក្នុងវិស័យថាមពល។
អភិបាលរដ្ឋ Washington លោក Jay Inslee ដែលក្នុងអំឡុងពេលឈរឈ្មោះប្រធានាធិបតីឆ្នាំ ២០២០ បានផ្តោតលើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បាននិយាយថា៖ «អ្នកអាចនិយាយបានថាអាណត្តិប្រធានាធិបតីរបស់លោក Carter នៅតែផ្តល់ជាលទ្ធផលនៅពេលសព្វថ្ងៃនេះ។ ខ្ញុំបានយល់ដឹងក្នុងឆាកនយោបាយថាការចំពេលល្អនិងព្រេងសំណាងគឺជារឿងសំខាន់»៕