ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​សារៈ​សំខាន់​ក្នុង​ដំណើរ​រក្សា​សន្តិភាព​ប្រទេស


រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុង​​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុង​​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ក្នុងខួប៣០ឆ្នាំនៃការចុះកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​ការពិភាក្សាគ្នា​ជាបន្តបន្ទាប់​អំពី​ស្មារតី​នៃកិច្ចព្រមព្រៀង​នេះ ដោយ​ខាងសង្គម​ស៊ីវិល​យល់ថា កម្ពុជា​នៅ​ត្រូវការ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​រក្សា​សន្តិភាព ខណៈ​បញ្ញវន្ត​មើលឃើញ​ផ្សេងៗគ្នា​ថា កិច្ចព្រមព្រៀងនេះ បានផុត​សុពលភាព តែអាច​នៅជា​មូលដ្ឋាន​សម្រាប់​កម្ពុជា​ក្នុងការ​បន្ត​រៀបចំ​ប្រទេស​ទៅថ្ងៃ​អនាគត។

ក្នុងកិច្ច​ពិភាក្សា​តុមូលស្តីពី​ខួបលើក​ទី​៣០​ឆ្នាំ​នៃការ​ចុះកិច្ច​ព្រមព្រៀង​សន្តិភាព​ រៀបចំ​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ អ្នកស្រី ​ចក់ សុភាព​ បាន​ថ្លែង​ថា ​ក្នុងចំណុច​មាត្រា​១ ​ក្នុង​ផ្នែក​ទីមួយ​នៃ​កិច្ច​ព្រមព្រៀង​បានចែង​ពីដំណាក់​កាល​អន្តរកាល​ ដែល​កម្ពុជា​ត្រូវរៀប​ចំឲ្យ​មាន​ការ​បោះឆ្នោត​ដោយសេរី​ និង​ត្រឹមត្រូវ​ ហើយ​ក៏ត្រូវ​មាន​សភា និង​មាន​រដ្ឋធម្មនុញ្ញ។​ ប៉ុន្តែ​ក្នុង​ផ្នែក​ផ្សេងៗ​ទៀត​ អ្នកស្រី​យល់​ថា​ នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា​ ក្នុងការ​កសាង​សន្តិភាព​ និងការ​អភិវឌ្ឍ​ប្រទេស។

អ្នកស្រី ​ចក់ សុភាព​ បានប្រាប់​កិច្ច​ពិភាក្សា​តុមូល​នោះថា៖ «ជាការពិត​ហើយ​កិច្ច​ព្រមព្រៀង​ក្នុងភាគ​ទីមួយ​ហ្នឹង ហើយ​ក្នុង​មាត្រា​មួយ​ហ្នឹង​ គឺ​កំណត់​តែ​នៅ​ក្នុង​អន្តរកាល​ទេ​។ ប៉ុន្តែ​ក្នុងផ្នែក​ផ្សេង​ៗ​ទៀត​ គឺមិន​បាន​គ្រប​ដណ្តប់​ តែនៅ​ក្នុង​ពេល​អន្តរកាល​នោះ​ទេ​ ព្រោះដូច​ខ្ញុំបាន​និយាយ​អ៊ីចឹង ការ​កសាង​សន្តិភាព​ មិនមែន​បាន​ន័យ​ថា​ យើង​អាច​ធ្វើ​តែ​១ឆ្នាំ​ ២ឆ្នាំ​ ឬ​ក៏​៣ឆ្នាំ​នៅ​ក្នុងពេល​អន្តរកាល​នោះ​ទេ​។ បើមិន​ដូច្នោះ​ មិនមែន​ ប្រទេស​រដ្ឋហត្ថលេខី​ជា​ច្រើន ​លោក​បាន​ចូល​រួម​ចំណែក​គាំ​ទ្រ​ដល់​កិច្ច​ការកសាង​ប្រទេស​របស់​ប្រទេស​កម្ពុជា​យើង​តាំងពីការ​អនុម័តនូវ​កិច្ច​ព្រម​ព្រៀងនេះ​ រហូត​មក​ដល់​បច្ចុប្បន្ន​ហ្នឹង​»។

អ្នកតាម​ដាន​ការ​អភិវឌ្ឍ​សង្គម​ និងជា​អ្នក​អត្ថាធិប្បាយ​នយោបាយលោក ​មាស​ នី​ លើក​ឡើង​ថា​ រហូតមក​ដល់​ពេលនេះរដ្ឋាភិបាល​ គឺតួអង្គ​សំខាន់​មួយដែល​បន្ត​នាំ​នាវា​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​ក្នុងគន្លង​សន្តិភាព​ និង​ប្រជាធិប​តេយ្យ​ដូច​អ្វីដែល​បាន​តម្កល់​ក្នុងកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុងប៉ារីស។ លោក​បន្ថែម​ថា​ ពលរដ្ឋ​កម្ពុជា ​ក៏ត្រូវ​តាម​មើល​ថា ​តើ​មានការ​អនុវត្ត​កិច្ច​ព្រមព្រៀង​បានជោគ​ជ័យ​ត្រង់​ចំណុចណា និង​ចំណុច​ដែល​បរាជ័យ ហើយ​ត្រូវ​កែលម្អ​នោះ។

លោក មាស​ នី​ ថ្លែងថា៖ «គឺ​សំខាន់​ថា​ តើ​មាន​សូចនាករ​ណាខ្លះ​ដែល​បាន​បង្ហាញ​ថា​ ចំណុច​នីមួយ​ៗនៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង​ បាន​យក​មក​អនុវត្ត​សមស្រប​ទៅតាម​អ្វីដែល​បាន​ចែង​ ត្រង់​ណា​បាន​ពិន្ទុ​៥ ត្រង់​ណា​បាន​៦ ត្រង់​ណា​បាន​១០ ហើយ​ត្រង់ណា​ដែល​បាន​តែ​២ ឬ៣​។ អានេះ​ កាតព្វកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូបដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។ ​

សម្រាប់​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​លោក​ គិន ភា​ យល់​ថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ គឺជាមេរៀន​សំខាន់​មួយ​សម្រាប់​កម្ពុជា​ដែលត្រូវ​ចងចាំ​ដើម្បី​បញ្ចៀស​ជម្លោះផ្ទៃក្នុង​ច្រំដែល​ ដូចដែលបាន​កើត​ឡើង​កាលពី​អតីត​កាល។

លោក​និយាយ​ថា៖ «អ៊ីចឹង​យើង​គួរ​តែ​យក​អ្វីដែល​ជា​មេរៀន​ ដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ​ពី​អតីត​កាល​ ដែល​យើង​ធ្លាប់​បែក​បាក់​ជាតិ​ ហើយ​ដែល​យើង​ធ្លាប់​បង្រួប​បង្រួម​ជាតិ​ ផ្សះផ្សាជាតិ​ យើង​រួម​សាមគ្គី​គ្នា​ ក្រោម​គេ​ហៅ​ថា​កិច្ច​ព្រម​ព្រៀង​ ហើយ​ក្រោយមក​យើង​មាន​រដ្ឋធម្មនុញ្ញ​របស់​យើង​ ដូច្នេះ​យើង​បន្ត​ទៅ​លើ​មាគា​ គោល​ការណ៍​គំនិត​ពហុ​និយម​ ដើម្បី​សង្គម​ជាតិ​យើង​ទាំង​អស់​គ្នា»។

លោក​ក៏​ស្នើ​សុំ​កុំឲ្យ​មាន​ការ​យក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៅ​បក​ស្រាយ​ ​ដើម្បី​កេង​ចំណេញនយោបាយ និង​ដើម្បី​ប្រយោជន៍​ផ្សេង​ៗ​ទៀត។

​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ គឺ​ជា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ ដែលបាន​បញ្ជាក់​អំពី​ការ​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា​ ការ​នាំ​មក​នូវ​ការ​បោះឆ្នោត​ជ្រើស​រើស​មេដឹក​នាំ​ប្រទេស​ តាម​លំនាំ​ប្រជាធិប​តេយ្យ​ សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ដើម។

ក្នុងកិច្ច​ពិភ្សាតុមូល​របស់​រាជបណ្ឌិត្យ​ដដែល​នោះ​ ទោះបី​មានការ​បកស្រាយ​ថា​ កិច្ចព្រមព្រៀង​នេះ ​នៅ​តែ​ជាចលករ​ស្នូល​ ដើម្បី​រុញច្រាន​ដំណើរ​អភិវឌ្ឍ​ឲ្យដើរ​ទៅមុខ ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ លោក​ សុខ ទូច​ អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ កិច្ច​ព្រម​ព្រៀង​ដែល​មាន​អាយុ​កាល​៣០​ឆ្នាំនេះ​ បាន​ស្លាប់​បាត់​ទៅ​ហើយ។

លោក​ថ្លែង​ថា៖ «ព្រោះ​កាល​ណា​មិន​ទាន់​មាន​រដ្ឋសភា​តាម​ការ​បោះឆ្នោត​ តាម​ការ​បោះឆ្នោត​ត្រឹម​ត្រូវ​ ឲ្យ​យក​តាម ​ហ៊ុន សែន​ គេ​អត់​ព្រម​ យក​តាម​ហ្វ៊ុនស៊ិន​ប៉ិច ​ក៏​គេ​អត់​ព្រម​ យក​តាម​នេះ​ ក៏​អត់​ព្រម​តាម​កម្ពុជា​ប្រជាធិបតេយ្យ​ ឬក៏​សម្តេច​ សឺន សាន​ ហ្នឹង​ក៏អត់​ព្រម​។ អីចឹង គេ​ត្រូវ​ធ្វើ​ម៉េច​? ក្នុង​អន្តរកាល​ហ្នឹង​ គេ​បង្កើត​ច្បាប់​ គឺកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​ ហើយ​កាល​ណា​ដល់​ពេល​មាន​រដ្ឋ​ធម្មនុញ្ញ​ស្រប​ច្បាប់​ហើយ​វាស្វ័យ​ប្រវត្តិ​ វា​សុគត​ភាព​រួច​ទៅ​ហើយ​ គេ​បាន​និយាយ​ មិន​មែន​ខ្ញុំ​និយាយ​ទេ»​។

ចំណែកអ្នកនយោបាយ​ពីររូប​ដែល​ចូល​រួម​ក្នុងកិច្ចពិភាក្សា​នោះដែរ​ យល់ថា ​បញ្ហា​សុពល​ភាពនៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ មិនមែន​ជារឿង​ដែល​ត្រូវ​ព្រួយ​បារម្ភ​នោះ​ទេ តែ​ចំណុច​សំខាន់​ គឺនៅត្រង់​ថា​ តើ​ពលរដ្ឋកម្ពុជា​នៅ​ទទួល​យក​កិច្ច​ព្រមព្រៀង​នេះ ​ ហើយ​ថា​ តើ​អ្នក​នយោបាយ​ខ្មែរ​គួរ​ឈប់​បន្ត​វាយ​ប្រហារ​គ្នា ដោយ​លាប​ពណ៌គ្នាទៅវិញ​មក និងមក​គៀកស្មា​ប្រកួត​ប្រជែង​តាម​លំអាន​នៃលទ្ធិ​ប្រជាធិបតេយ្យ​បាន ​ឬទេ?

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជាស្ថាបនិក​នៃគណបក្ស​កែ​ទម្រង់​កម្ពុជា​និយាយថា៖ «សម្រាប់​ខ្ញុំសុពលភាព ​មិនសុពល​ភាព​ វាអាស្រ័យ​ទៅលើ​យើង​ទាំង​អស់​គ្នា​ទេ​។ តើ​វា​អាច​មាន​ប្រយោជន៍​សម្រាប់​ប្រជា​ជាតិ​យើង​ដែរ​ឬទេ? បើសិន​ជាយើង​មិនដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ។ ឬក៏​យើង​មិន​បញ្ចប់​សុពលភាព​នៃកិច្ច​ព្រមព្រៀង​នេះ។ ព្រោះ​ដូច​ខ្ញុំ​លើក​ឡើង​ពី​មុន​[នេះ]​បន្តិច​ហ្នឹង​ពីរឿង​សុពលភាព​នេះ​ ហាក់​ដូច​ជា​មិនមាន​ប្រទេស​ណាមួយ​ ប្រកាស​ថា​បញ្ចប់​សុពល​ភាព​ ឬក៏​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​ទេ​ ព្រោះ​យើង​ដឹង​ថា​ មិនមែន​ជា​ប្រយោជន៍​កម្ពុជា​តែ​ម្នាក់​ឯង​ទេ​ វាជា​ប្រយោជន៍​តំបន់​។ ដូច្នេះ​អាច​ប្រទេស​មួយ​ចំនួន​យល់​ឃើញ​អីចឹង​ដែរ មិន​អាច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀងនេះ​ទេ»។

ប្រធាន​គណៈកម្មាធិការ​នាយកនៃ​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​លោក យ៉ង់ សាំងកុមារ​ បកស្រាយ​ថា៖ «សុពល​ភាព​នៃកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​នេះ​ វាសំខាន់​ទៅលើ​យើង​ទេ​។ ដូច​ខ្ញុំបញ្ជាក់​ នៅ​ពេល​ប្រទេស​ខ្មែរ​មាន​សន្តិភាព​ពិតប្រាកដ​ អាសុពល​ភាពហ្នឹង ​ក៏​វាចប់ដែរ​ សន្តិភាព​ពិតប្រាកដ​កើតមាន​ឡើង​នៅ​ពេល​ណា​? ជាពិសេសនេះ​ នៅពេល​ខ្មែរយើង​ហ្នឹង​ប្រឡង​ជាប់​ក្នុងការ​រៀន​រស់​នៅ​ជាមួយ​គ្នា​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​សេរីពហុបក្ស...គោរពនូវ​សិទ្ធិ​សេរីភាព​នយោបាយ​គ្នា​ទៅវិញ​ទៅមក ធ្វើ​នយោបាយ​ ដោយ​ប្រកួត​ប្រជែង​គ្នា​គោល​នយោ​បាយ​ការ​ឈ្នះចាញ់​ជារឿង​ធម្មតា​។ ហើយ​ជា​ពិសេស​លុបបំបាត់​ចោល​នូវ​ទង្វើ​ដែល​បំភ័យ​បន្លាច​ សម្លុត​លាបពណ៌​អី​គ្រប់​ប្រភេទ​ហ្នឹង​ ជា​រឿង​មួយ​ដែល​យើង​បង្ក​បញ្ហា​ឲ្យ​ខ្មែរ​យើងកើត​មាន​កន្លង​មកហ្នឹង»។ ​

យ៉ាង​ណាក៏ដោយ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន​ មានប្រសាសន៍​ថា បញ្ហា​សុពលភាព​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​ មិន​សំខាន់​ជាង​ការអនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នោះ​ទេ ខណៈ​កម្ពុជា​លែង​មាន​សង្រ្គាម​ទៅ​ហើយ។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ដែលវីអូអេ​ទទួល​បាន ​បាន​ឲ្យដឹងថា ​កម្ពុជា​គ្រោង​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើកទី៣០ ​នៃការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ដំណោះ​ស្រាយនយោបាយរួ​មនៃ​ជម្លោះ​កម្ពុជា​ ហៅថា​ «កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស» នៅថ្ងៃសៅរ៍​ទី ​២៣ ​ខែតុលា ឆ្នាំ២០២១​ នៅវិមាន​សន្តិភាព។

កម្មវិធី​នេះ​ នឹងមាន​ការ​ចូលរួម​ពីតំណាង​មន្ត្រី​រាជការ​នៅ​ស្ថាប័ន​នានា​ អង្គទូត​ តំណាង​ការិយាល័យអង្គការ​សហប្រជាជាតិ​ នៅ​រាជធានី​ភ្នំពេញ ​ហើយនឹង​ការ​ផ្ញើ​លិខិត​ចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​បារាំង ​និង​ឥណ្ឌូនេស៊ីនៅពេល​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នឹង​ថ្លែង​សុន្ទករថា​ផងដែរ ។

លោក​ ឧបនាយក​រដ្ឋមន្ត្រី ​ប្រាក់ សុខុន​ រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​ នឹងថ្លែង​សុន្ទរកថា​ តំណាង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នៃរាជ​រដ្ឋាភិបាល​កម្ពុជា៕

រាយការណ៍បន្ថែម​ដោយ​ លោក ​ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG