កំណត់និពន្ធ៖ នេះជាភាគទី១នៃកម្រងសេចក្តីរាយការណ៍ពិសេស៣ភាគរបស់វីអូអេក្នុងខួបលើកទី៣០ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប្រិយមិត្តអាចចូលអានបន្ថែមភាគដទៃទៀតក៏ដូចជាទស្សនាបទសម្ភាសន៍ជាមួយអ្នកជំនាញនៅក្នុងទំព័រសេចក្តីរាយការណ៍ពិសេសេនៅត្រង់នេះ https://khmer.voanews.com/cambodiappa30។
បរិយាកាសនយោបាយនៅកម្ពុជាបានវិលត្រឡប់ទៅការគ្រប់គ្រងដោយឯកបក្សដូចស្ថានភាពមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពី៣០ឆ្នាំមុន។ គណបក្សប្រឆាំងធំជាងគេបង្អស់គឺគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧។ប៉ុន្តែគណបក្សកាន់អំណាចបានទុកច្រកខ្លះសម្រាប់អង្គការការពារសិទ្ធិមនុស្សនិងសារព័ត៌មានអាចដំណើរការបានដែលជាការផ្តល់ក្តីសង្ឃឹមយ៉ាងស្តួចស្តើងដល់អ្នកតស៊ូមតិ។
ក្រុមបស្ចិមប្រទេសនាំគ្នារិះគន់ចំពោះការដើរថយក្រោយនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុន្តែមិនបានចាត់វិធានការអ្វីជាដុំកំភួនទេ។ ការផ្លាស់ប្តូរនិងអាទិភាពរបស់ក្រុមប្រទេសមហាអំណាចហាក់ផ្តោតទៅលើបញ្ហាផ្សេងៗដែលពិភពលោកជួបប្រទះដែលមានដូចជាវីរុសកូរ៉ូណានិងវិបត្តិនយោបាយនៅប្រទេសក្នុងតំបន់និងពិភពលោក។ ចំណែកសហគមន៍ខ្មែរនៅក្រៅប្រទេសបាននាំគ្នាទាមទារឲ្យមានការកោះប្រជុំមួយរបស់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដូចក្នុងឆ្នាំ១៩៩១ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងនេះ។
លោក Gareth Evans អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីនិងជាអ្នកជួយរៀបចំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយល់ថាឱកាសកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញពិបាកនឹងកើតឡើងវិញ។
លោក Evans បានពន្យល់ថា៖ «ពេលវេលាបានកន្លងផុតទៅ៣០ឆ្នាំហើយចាប់តាំងពីរៀបចំសន្និសីទនោះ។ កាលៈទេសៈបានផ្លាស់ប្តូរ។ គេទាំងឡាយជាប់រវល់រឿងផ្សេងហើយលើសពីនោះបើទោះបីជាអាចកោះប្រជុំឡើងវិញក៏ដោយក៏អំណាចដែលសន្និសីទនោះមានគឺបញ្ជូនក្តីកង្វល់ទាំងនោះទៅឲ្យអង្គការសហប្រជាជាតិ។ ក្នុងន័យនេះគឺអង្គការសហប្រជាជាតិកំពុងតែដោះស្រាយក្តីកង្វល់ទាំងនោះតាមរយៈក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈអ្នករាយការណ៍ពិសេសដែលបានបង្កើតឡើងតាំងពីពេលចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយបច្ចុប្បន្ននៅតែមានតួរនាទីដដែល»។
ក្នុងរបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅដើមខែតុលានេះលោកស្រី Michelle Bachelet ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់ថារដ្ឋាភិបាលកម្ពុជាបានរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនិងអង្គការសង្គមស៊ីវិលក៏ដូចជាគូប្រកួតនយោបាយដោយបានចាប់ឃាត់ខ្លួននិងដាក់ពន្ធនាគារជាង១០០នាក់។
លោក Gareth Evans យល់ថាអ្វីដែលសហគមន៍ខ្មែរគួរធ្វើគឺបន្តចងក្រងករណីរំលោភសិទ្ធិមនុស្សដើម្បីបង្ហាញដល់ប្រទេសហត្ថលេខីហើយបន្ថែមពីនេះគឺការអប់រំយុវជនឲ្យយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួននិងការឈឺចាប់ដែលអ្នកជំនាន់មុនបានឆ្លងកាត់និងការតស៊ូនានាដើម្បីឲ្យពួកគេបន្តទាមទារថ្នាក់ដឹកនាំឲ្យធ្វើការងារត្រឹមត្រូវវិញ។
លោក Evans បានបន្ថែមថា៖ «រឿងទាំងនេះត្រូវតែចូលទៅក្នុងខួរក្បាលរបស់ពួកគេហើយពួកគេត្រូវតែយល់ពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដើម្បីអនាគតដ៏មានប្រសិទ្ធភាពរបស់ពួកគេ។.... ប្រជាជនកម្ពុជាបានបង្ហាញថាពួកគេពូកែស៊ូទ្រាំណាស់និងក៏ក្លាហានណាស់ដែរហើយខ្ញុំមិនគិតថាពួកគេនឹងនៅអនុគ្រោះរហូតទេចំពោះការបដិសេធមិនប្រគល់សិទ្ធិដល់ពួកគេ។ ពួកយុវជនជំនាន់ក្រោយនឹងមិនអត់ឱនឲ្យទេ»។
កម្ពុជាគឺជាប្រទេសដែលមានពលរដ្ឋវ័យក្មេងច្រើន។ ស្ថិតិជំរឿនឆ្នាំ២០១៩របស់រដ្ឋាភិបាលកម្ពុជាបង្ហាញថាពលរដ្ឋដែលមានអាយុ៣៤ឆ្នាំចុះក្រោមមានរហូតដល់៦៤%នៃប្រជាជនកម្ពុជាទាំងអស់ជាង១៥លាននាក់។
សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យក្រុមយុវជនកម្ពុជាធ្វើសកម្មភាពនៅពេលបច្ចុប្បន្ននេះដោយមិនចាំបាច់រង់ចាំយូរដោយដើរតួនាទីក្នុងសហគមន៍វិស័យឯកជននិងរដ្ឋាភិបាល។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖ «ការលើកទឹកចិត្តរបស់ខ្ញុំដល់យុវជនកម្ពុជាគឺកុំគិតថាអ្នកជាមេដឹកនាំក្នុងពេលអនាគត។ ចូរគិតថាអ្នកគឺជាមេដឹកនាំក្នុងពេលបច្ចុប្បន្ននេះ។ យុវជននៅជុំវិញពិភពលោកអាចចូលរួមចំណែកបាន។ យើងមានបញ្ហាប្រឈមជាច្រើនហើយយើងត្រូវការដំណោះស្រាយហើយយើងត្រូវការយុវជនដែលជំនាញខាងបច្ចេកវិទ្យាមានគំនិតច្នៃប្រឌិតបង្កើតថ្មីមានថាមពល»។
នេះជាអ្វីដែលក្រុមការងារដឹកនាំដោយយុវជនពីររូបកំពុងធ្វើការជាប្រចាំតាំងពីឆ្នាំ២០១៧មក។ ក្រុម«យុវជនដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»ដែលនាំមុខដោយលោក ស្រ៊ុន ស្រ៊ន និងកញ្ញាភឹង សោភាបានប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនេះ។
លោក ស្រ៊ុន ស្រ៊ន សកម្មជន១រូបបានប្រាប់វីអូអេថា៖ «អ៊ីចឹងបើនិយាយពីទូរស័ព្ទមួយហើយអាចធ្វើឲ្យមនុស្សពីរបីលាននាក់មើលដែរក្នុងមួយខែពួកខ្ញុំជឿថាអំណាចនៃការភ្ជាប់ទំនាក់ទំនងរវាងខ្មែរទូទាំងសាកលលោកព្រោះខ្មែរនៅកម្ពុជាក្រោមក៏ចូលមើលខ្មែរនៅឡាវក៏ចូលមើលខ្មែរនៅបារាំងក៏ចូលមើលអ៊ីចឹងពួកយើងជឿជាក់ថារបៀបដែលពួកខ្ញុំធ្វើសព្វថ្ងៃសាមញ្ញបន្តិចប៉ុន្តែមានឥទ្ធិពលច្រើនសម្រាប់យុវជនជំនាន់ក្រោយៗ»។
កញ្ញា ភឹង សោភា បានបន្ថែមដែរថា៖ «អ្វីដែលពួកខ្ញុំចែករំលែកនេះគឺពួកយើងធ្វើបែបណាគឺនិយាយអំពីដំណោះស្រាយ។ ពួកយើងនិយាយពីច្បាប់ហើយបំបែកទៅជាដំណោះស្រាយរហូតទោះបីនិយាយពីកសិកម្មប៉ុន្តែជាដំណោះស្រាយនិយាយពីសេដ្ឋកិច្ចក៏ជាដំណោះស្រាយ។ បើនិយាយពីកាតព្វកិច្ចប្រជាពលរដ្ឋគឺថាតើយើងពង្រឹងថាតើយើងម្នាក់ៗធ្វើអ្វី។ អ៊ីចឹងបានន័យថាហាក់ដូចជាសារប្រាប់ជនរួមភាសាដទៃថាពួកយើងនេះមិនមែនជាពលរដ្ឋដែលរង់ចាំទេ។ បើយើងមិនចាប់ផ្តើមធ្វើគឺយើងក្លាយជាពលរដ្ឋដែលមានចរិតលក្ខណៈចាំតែមេដឹកនាំដោះស្រាយប៉ុន្តែចង់បានលទ្ធផលដែលចិត្តយើងចង់តាមច្បាប់»។
ក្រុមយុវជនបានដាក់ផែនការ ៧.០០០ ថ្ងៃសម្រាប់ការងារនេះប៉ុន្តែលទ្ធផលបានបង្ហាញខ្លះៗ។
លោក ស្រ៊ុន ស្រ៊ន បានបញ្ជាក់ប្រាប់វីអូអេថា៖ «បើគិតពីឥទ្ធិពលរបស់វាគឺមានចំនួនធំ។ នៅគ្រប់វត្តអារាមដែលខ្ញុំដើរទៅគឺក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះគឺពេលទៅដល់វត្តណាក៏មានព្រះសង្ឃចេញមកទទួលស្វាគមន៍ពួកខ្ញុំដែរ។ បានន័យថាព្រះអង្គបានមើល។ ក្មេងអាយុ៨ ឬ៩ឆ្នាំឥឡូវនេះក៏បានចូលមកដែរ។ ពួកគេខំមឹន(comment)ឬមកជួបផ្ទាល់។ ឪពុកម្តាយរបស់កូនៗហ្នឹងបានណែនាំឲ្យរកពួកខ្ញុំ។ អ៊ីចឹងវាជាឥទ្ធិពលខ្លាំងដែលកូនក្មេងអាយុ៨ ឬ៩ឆ្នាំបានរៀនពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
នៅរដ្ឋ Minnesota (មីនីសូតា) សហរដ្ឋអាមេរិកមានគណៈកម្មការកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយទើបបង្កើតឡើងក្នុងឆ្នាំ២០១៦ដើម្បីអប់រំពលរដ្ឋក្នុងសហគមន៍ឲ្យបានយល់កាន់តែច្រើនពីកិច្ចព្រមព្រៀងនេះដែរ។
លោក សុធា ប៉ូច សមាជិកគណៈកម្មការកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានថ្លែងថា៖ «ក្រៅពីធ្វើខួបរំលឹកយើងក៏បង្កើតជាវេទិការសាធារណៈដើម្បីធ្វើទៅតាមហ្នឹងដែរ។ យើងពន្យល់ពីគោលការណ៍និងបទប្បញ្ញត្តិមួយៗដោយយោងទៅតាមព័ត៌មាននិងអត្ថបទអង្គការផ្សេងៗទៀត»។
ក្រុមការងារក៏តស៊ូមតិផងដែរដោយមានការសរសេរលិខិតទៅប្រទេសហត្ថលេខីធំៗឲ្យជួយឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមកិច្ចព្រមព្រៀងនេះ។
លោក សុធា ប៉ូច បានបង្ហាញក្តីសង្ឃឹមថា៖«បើកាលណាការតស៊ូមតិរបស់យើងរួមគ្នាមានកម្រិតខ្ញុំគិតថាវាអាចជាវិជ្ជមាននិងវាអាចកែនិងនាំប្រទេសកម្ពុជាយើងត្រឡប់ឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញមានការគោរពសិទ្ធិមនុស្សឡើងវិញ»។
គណបក្សនយោបាយខ្លះបានត្រៀមយុវជនរបស់ខ្លួនដើម្បីបន្តតំណែងជាពិសេសគណបក្សកាន់អំណាចបានបញ្ចូលយុវជនថ្មីដែលជាកូនរបស់វរជននយោបាយក្នុងតំណែងសំខាន់ៗនៅស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
លោក មាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយយល់ថាជាការចាំបាច់ដែលយុវជនត្រូវត្រៀមខ្លួនដើម្បីបន្តវេនអ្នកនយោបាយបច្ចុប្បន្ននិងបន្តអ្វីដែលពួកគាត់ធ្វើមិនទាន់សម្រេចដោយលោកបញ្ជាក់ថា៖ «អ្នកជំនាន់ថ្មីត្រូវតែមាន។ អ្នកជំនាន់ថ្មី នៃបក្សកាន់អំណាចនៃបក្សប្រឆាំង។ អ៊ីចឹងហើយយើងត្រូវមានសីលធម៌គុណធម៌ជាមួយនឹងសមត្ថភាពហើយប្រើបញ្ញាចំណេះដឹងក្នុងផ្នែកនយោបាយក្តីសង្គមកិច្ចក្តីហើយត្រូវគោរពគោលការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»។
រីឯក្រុមយុវជនពីពេលមុនបានឈានឡើងដើម្បីបន្តមរតកនយោបាយនេះ។ បច្ចុប្បន្នប្រទេសកម្ពុជាមានគណបក្សនយោបាយជាង៦០បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានទើបតែបង្កើតឡើងនៅខែសីហាឆ្នាំ២០១៥និងកំពុងតែធ្វើឲ្យស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅរស់រវើកបើទោះបីជាប្រឈមមុខនឹងលម្ហសេរីភាពតូចចង្អៀតជាងមុនក៏ដោយ។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានថ្លែងថា៖ «មកដល់ពេលនេះគឺស្ថានភាពនៅមិនទាន់បានកែលម្អឲ្យបានច្រើនទេប៉ុន្តែក្នុងនាមយើងជាគណបក្សនយោបាយមួយគឺយើងត្រូវតែកែលម្អស្ថានភាពហ្នឹង។ ដូច្នេះយើងធ្វើម៉េចឲ្យប្រជាពលរដ្ឋយល់ឃើញថាដើម្បីឲ្យប្រជាធិបតេយ្យរស់រវើកទាល់តែប្រជាពលរដ្ឋចូលរួមសកម្ម។ យើងចូលរួមក្នុងការតស៊ូមតិចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោតចូលរួមក្នុងការបោះឆ្នោតចូលរួមយ៉ាងម៉េចដើម្បីឲ្យយើងមានជាតំណាងសេរីពហុបក្សវិញនៅក្នុងសង្គមជាតិរបស់យើងនៅក្នុងស្ថាប័នជាតិសំខាន់ៗ»។
លោក យ៉ង សាំងកុមារ គឺជាអ្នកជំនាញខាងកសិកម្មដែលបានដឹកនាំអង្គការសង្គមស៊ីវិលមុនពេលលោកចូលប្រឡូកក្នុងឆាកនយោបាយ។គណបក្សនេះត្រូវប្រឈមនឹងការរើសអើងនយោបាយនិងមានការចោទប្រកាន់លាបពណ៌ដាក់គ្នា។
លោក យ៉ង សាំងកុមារ បានបញ្ជាក់បន្ថែមថា៖ «ជារួមខ្ញុំឃើញថាកត្តាហ្នឹងនៅតែប្រឈមតទៅមុខទៀតជាពិសេសភាពភ័យខ្លាចភាពរើសអើងនយោបាយក្នុងសង្គមជារឿងមួយធំដែលទាមទារឲ្យយើងត្រួសត្រាយជម្នះ។ យើងត្រូវបើកផ្លូវដើម្បីឲ្យពលរដ្ឋគ្រប់រូបទៅថ្ងៃមុខចូលរួមនយោបាយដោយគ្មានការភ័យខ្លាច។ ប្រជាពលរដ្ឋមួយរូបជាអ្នកនយោបាយមួយរូប»។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលកម្ពុជាបានបញ្ចេញសារដែលមានលក្ខណៈសម្របសម្រួលសភាពការណ៍៖ «ទស្សនវិស័យទៅខាងមុខសូមឲ្យអ្នកនយោបាយនយោបាយទាំងអស់បង្កើតការទុកចិត្តគ្នាឲ្យមានការជឿទុកចិត្តគ្នាទៅវិញទៅមកកុំឲ្យចេញមកប្រើវប្បធម៌ទឹកស្រកស្រមោចស៊ីត្រីទឹកឡើងត្រីស៊ីស្រមោច។ កាលណាបើយើងបង្កើតនូវវប្បធម៌នេះគឺជាវប្បធម៌មួយដែលមិនអាចទទួលយកបានហើយកម្ចាត់គ្នាទៅវិញទៅមកអត់ឈប់ឈរទេ»។
អង្គការសិទ្ធិមនុស្សលីកាដូដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២បានខិតខំជំរុញនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
លោក អំ សំអាត នាយករងអង្គការលីកាដូមិនបានពេញចិត្តនឹងការវិវត្តចុងក្រោយនេះទេ៖«យើងមានការសោកស្តាយដែរទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនេះគឺសហគមន៍អឺរ៉ុបបានកាត់បន្ថយអនុគ្រោះពន្ធយើង២០%ដោយសារតែគេទាមទារយើងឲ្យគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហើយពេលថ្មីៗនេះអ្នកជំនាញរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សក៏ដូចជាអន្តរជាតិដូចជាបណ្តាស្ថានទូតមួយចំនួនក៏មានការរិះគន់អំពីបញ្ហាធ្លាក់ចុះនូវបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាយើងដែរ»។
វាហាក់ដូចជាមរតកមួយដែលមិនគួរជាទីអបអរសាទរប៉ុន្តែលោក អំ សំអាត បានប្តេជ្ញាបន្តបេសកកម្មបើទោះបីជាត្រូវធ្វើប្រតិបត្តិការក្នុងស្ថានភាពប្រុងប្រយ័ត្នជាងមុន។
លោកថ្លែងប្រាប់វីអូអេថា៖ «ក្នុងនាមខ្ញុំក៏ដូចជាអង្គការលីកាដូដែលធ្វើការសិទ្ធិមនុស្សយើងអត់ចង់ឃើញនូវការរិះគន់ឬផលប៉ះពាល់ដែលកើតចេញពីបញ្ហាសិទ្ធិមនុស្សចំពោះកម្ពុជាយើងទេ។ អ៊ីចឹងហើយបានជាអង្គការលីកាដូយើងនៅតែខិតខំប្រឹងប្រែងជាដៃគូរដ្ឋាភិបាលដើម្បីជំរុញការលើកកម្ពស់បញ្ហាសិទ្ធិមនុស្សកម្ពុជាតទៅទៀត»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគឺជាអ្នកដឹកនាំទី៣ចាប់តាំងពីមជ្ឈមណ្ឌលនេះបានបង្កើតនៅក្នុងឆ្នាំ២០០២ដោយលោកកឹម សុខាមុនពេលលោកវិលត្រឡប់ទៅចូលរួមជីវភាពនយោបាយជាថ្មី។
លោកស្រី ចក់ សុភាព បានកាន់តំណែងនេះតាំងពីឆ្នាំ២០១៤ហើយប្តេជ្ញាបន្តបេសកកម្មនៃមជ្ឈមណ្ឌលនេះ៖ «សម្រាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយើងគឺទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំជាច្រើនជំនាន់រហូតមកដល់ខ្ញុំហើយខ្ញុំសង្ឃឹមថាទៅមុខគឺយើងនឹងនៅតែប្រកាន់គោលការណ៍ឯករាជ្យភាពរបស់យើងប្រកាន់គោលការណ៍ដែលយើងចង់ឃើញប្រទេសកម្ពុជាជាប្រទេសមួយដែលគោរពគោលការណ៍នីតិរដ្ឋលុបបំបាត់វប្បធម៌និទណ្ឌភាពនិងធ្វើកិច្ចការងារជាច្រើនឲ្យពលរដ្ឋកម្ពុជាមានសេរីភាពពេញលេញ»។
ការធ្វើអន្តរកាលនេះកើតមានឡើងស្របពេលដែលប្រទេសកម្ពុជាងាកមកដើរជាន់ដានចាស់ខ្លះៗដោយបានងាកមកចាប់ដៃចិនកុម្មុយនីស្តកាន់តែខ្លាំងខណៈរិះគន់ឱវាទរបស់ក្រុមបស្ចិមប្រទេសដែលធ្លាប់តែជួយកម្ពុជាជាបន្តបន្ទាប់ក្នុងរយៈពេល៣ទសវត្សរ៍នេះ។ អ្នកនយោបាយប្រឆាំងខ្លះមិនអាចចូលក្នុងប្រទេសដើម្បីធ្វើសកម្មភាពបាន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាស្នើអ្នកនយោបាយឲ្យគិតដល់ការគោរពសិទ្ធិមនុស្សនិងការបង្រួបបង្រួមជាតិ៖ «ពាក់ព័ន្ធនឹងការបង្រួបបង្រួមជាតិការផ្សះផ្សារឯកភាពជាតិនេះខ្ញុំយល់ថាគួរតែជាគោលនយោបាយអាទិភាពសម្រាប់រាជរដ្ឋាភិបាលសម្រាប់អ្នកនយោបាយក៏ដូចជាអ្នករៀបចំគោលនយោបាយជាតិយុទ្ធសាស្ត្រជាតិពីព្រោះនៅពេលដែលយើងបាត់ឯកភាពជាតិមិនមានការផ្សះផ្សារជាតិឲ្យបានពេញលេញទេគឺការអនុវត្តគោលនយោបាយជាតិរបស់យើងគឺមិនបានជោគជ័យទេ។ មានន័យថាផ្នែកណាមួយនៃសង្គមត្រូវបានផាត់ចេញពីសហគមន៍ជាតិ»
លោក គិន ភា ក៏ស្នើឲ្យការអនុវត្តច្បាប់ស៊ីសង្វាក់គ្នានឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាអនុវត្ត៖ «បើយើងមើលទិដ្ឋភាពរដ្ឋធម្មនុញ្ញទិដ្ឋភាពច្បាប់ក៏ដូចជាលិខិតបទដ្ឋានក៏ដូចជាលិខិតូបករណ៍ដែលកម្ពុជាជាហត្ថលេខីឬកម្ពុជាបានបង្កើតឡើងខ្ញុំឃើញថាវាមានភាពល្អក៏ប៉ុន្តែការអនុវត្តវានៅមានចំណុចឆកល្វែងដែលទាមទារឆន្ទៈនយោបាយខ្ពស់ពីរាជរដ្ឋាភិបាលពីស្ថាប័នពាក់ព័ន្ធនានា»។
សហគមន៍ខ្មែរនៅក្រៅប្រទេសនៅតែបន្តទាមទារសិទ្ធិមនុស្សដើម្បីផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋនៅកម្ពុជា។ ជាពិសេសនៅខួបទី៣០នេះពួកគេបានរៀបចំសវនាការដើម្បីប្រមូលភស្តុតាងពីការរំលោភសិទ្ធិមនុស្សដើម្បីប្រើប្រាស់ក្នុងការតស៊ូមតិបន្តទៀត។
លោក Gareth Evans បានសរសើរស្មារតីនេះថា៖ «អ្នកត្រូវតែមានសុទ្ទិដ្ឋិនិយមអំពីរឿងទាំងអស់នេះ។ កង់ប្រវត្តិសាស្ត្រនឹងវិលជុំ។ ប្រធានាធិបតីនឹងធ្លាក់ចេញពីតំណែង។ នាយករដ្ឋមន្ត្រីនឹងអស់តំណែង។ កង់ប្រវត្តិសាស្ត្រនឹងវិលជុំ។ ប៉ុន្តែវាក៏អាចជារឿងមួយដែលហត់នឿយណាស់ដែលត្រូវរស់នៅក្នុងស្ថានភាពដូចនេះក្នុងខណៈស្ថានការណ៍កំពុងកើតឡើងហើយបច្ចុប្បន្ននេះគឺវាមិនមែនជាស្ថានការណ៍គួរឲ្យរីករាយទេ»៕