ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រមព្រៀង​នេសាទ​រវាង​ចិន និង​ហ្វីលីពីន​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង


រូបភាព​ឯកសារ៖ ទូក​ល្បាត​សមុទ្រ​របស់​ចិន​ចូល​មក​ក្នុង​តំបន់​នេសាទ​របស់​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាង​ត្បូងកាលពី​ថ្ងៃទី​២៣ កញ្ញា ឆ្នាំ ២០១៥។
រូបភាព​ឯកសារ៖ ទូក​ល្បាត​សមុទ្រ​របស់​ចិន​ចូល​មក​ក្នុង​តំបន់​នេសាទ​របស់​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាង​ត្បូងកាលពី​ថ្ងៃទី​២៣ កញ្ញា ឆ្នាំ ២០១៥។

ប្រទេស​ចិន និង​ប្រទេស​ហ្វីលីពីន​កំពុង​ពិភាក្សា​គ្នា​អំពី​កិច្ច​ព្រមព្រៀង​នេសាទ​រួម​គ្នា​មួយ។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ធូរស្រាល​ចំពោះ​ជម្លោះ​អធិបតេយ្យ​ដែន​សមុទ្រ​ដ៏​យូរ​អង្វែង​មួយ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជា​ទំនាក់ទំនង​មួយ​ដែល​គេ​គិត​ថា​ស្ទើរតែ​មិន​អាច​ទៅ​រួច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា​នៅ​ក្នុង​តំបន់។

នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​នៅ​ទ្វីប​អាស៊ី​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​អំពី​កិច្ច​ព្រមព្រៀង​បណ្ដោះ​អាសន្ន​មួយ បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ឯកភាព​គ្នា​បន្ត​ពិភាក្សា​កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​ជំនួប​របស់​មេដឹកនាំ​ទាំង​ពីរ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

លោក Fabrizio Bozzato អ្នក​ស្រាវជ្រាវ​ជំនាញ​ខាង​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក​នៃ​សមាគម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​តៃវ៉ាន់ (Taiwan Strategy Reserach Association) បាន​និយាយ​ថា៖ «ប្រសិនបើ​កិច្ច​ព្រមព្រៀង​នោះ​ពិតជា​ត្រូវ​បាន​ចុះ​ហត្ថលេខា និង​អនុវត្ត នោះ​វា​មិន​មែន​បង្ហាញ​ឲ្យ​ឃើញ​ពី​ព្រឹត្តិការណ៍​សំខាន់​នោះ​ទេ ប៉ុន្តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ការ​ប្រើប្រាស់​ធនធាន​រួម​គ្នា​គឺ​មិន​មែន​ជា​បញ្ហា​តូចតាច​នោះ​ទេ»។

ប្រទេស​ហ្វីលីពីន​បាន​ប្រឆាំង​ជា​ផ្លូវការ​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​នាវា​នេសាទ នាវា​ល្បាត​តាម​សមុទ្រ និង​នាវា​យោធា​ជើង​ទឹក​របស់​ចិន​នៅ​ក្នុង​រង្វង់​ចម្ងាយ ៣៧០ គីឡូម៉ែត្រ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ដែន​សមុទ្រ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ប៉ុន្តែ ក្នុង​រយៈពេល​ជា​ច្រើន​ខែ​ក្រោយ​មក បន្ទាប់ពី​លោក Duterte បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ក្នុង​ឆ្នាំ ២០១៦ មក លោក Duterte និង​លោក Xi Jinping បាន​ជួប​គ្នា​ដើម្បី​បង្កើត​ទំនាក់ទំនង​មួយ​ដែល​គេ​មើល​ឃើញ​ថា ភាគី​ទាំង​ពីរ​បាន​ទុក​ជម្លោះ​ដែន​សមុទ្រ​មួយ​ឡែក។ នៅ​ក្នុង​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​ជាង​មុន​នេះ ប្រទេស​ចិន​បាន​បង្ហាញ​ពី​ការ​សន្យា​របស់​ខ្លួន​នៅ​ក្នុង​ការ​ផ្ដល់​ជំនួយ និង​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់ ២៤ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​ហ្វីលីពីន។

ភាព​ជូរចត់​នៅ​ពី​ក្រោយ​ទំនាក់ទំនង​រវាង​មេដឹកនាំ​ទាំង​ពីរ?

រដ្ឋាភិបាល​ចិន​បាន​យោង​ទៅ​លើ​ផែនទី​ប្រវត្តិសាស្ត្រ ដើម្បី​គាំទ្រ​លើ​ការ​ទាមទារ​កាន់កាប់​របស់​ខ្លួន​លើ​ដែន​សមុទ្រ​ប្រហែល ៩០ ភាគរយ នៃ​សមុទ្រ​ចិន​ខាង​ត្បូង ទោះបីជា​មាន​ការ​ប្រជែង​គ្នា​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ទាំង​នេះ​ពី​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់​ក៏​ដោយ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​មាន​ជម្លោះ​ជាមួយ​គ្នា​ចាប់​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៦ ពាក់ព័ន្ធ​នឹង​តំបន់ Scarborough Shoal ដែល​សំបូរ​ធនធាន​ត្រី។ នៅ​ទី​បំផុត ប្រទេស​ចិន​ដែល​មាន​អំណាច​ផ្នែក​យោធា​ខ្លាំង​ជាង​បាន​គ្រប់គ្រង​តំបន់​នោះ។

នៅ​ពេល​ដែល​លោក Duterte បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ ២០១៦ ដើម្បី​បំបែក​ភាព​ជាប់​គាំង លោក Xi Jinping បាន​ស្នើ​ឲ្យ​មាន «កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ខ្លាំងក្លា​ជាង​មុន​នៅ​ក្នុង​ផ្នែក​នេសាទ» ក្នុង​ចំណោម​ផ្នែក​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ចិន កាល​ពី​ខែ​តុលា​ឆ្នាំ​មុន។

ប៉ុន្តែ អ្នក​សិក្សា​ស្រាវជ្រាវ​ខ្លះ​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេសាទ​រវាង​ប្រទេស​ទាំង​ពីរ​ប្រហែល​ជា​អ្វី​ដែល​អាច​ហួស​ពី​លក្ខខណ្ឌ​កំណត់​ផ្នែក​ផ្លូវ​ច្បាប់​សម្រាប់​ប្រទេស​ហ្វីលីពីន។

អំណាច​របស់​ប្រទេស​ហ្វីលីពីន​គឺ «ត្រូវ​បាន​ចង​ភ្ជាប់​ផ្នែក​ផ្លូវ​ច្បាប់» ទៅ​នឹង​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​នេសាទ​ផ្លូវការ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Jay Batongbacal សាស្ត្រាចារ្យ​កិច្ចការ​ដែន​សមុទ្រ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ University of the Philippines។

លោក​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ណា​មួយ​ក៏​ដោយ​គឺ​អាច​គ្រាន់តែ​ជា «ការ​សម្របសម្រួល​គ្នា» តែ​ប៉ុណ្ណោះ។

លោក Antonio Contreras អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ De La Salle នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​ការ​នេសាទ​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​រង្វង់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ដែន​សមុទ្រ​របស់​ហ្វីលីពីន វា​មិន​គួរ​ជា​កិច្ច​ព្រមព្រៀង​នោះ​ទេ វា​គួរតែ​ជា​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នេសាទ​ទៅ​វិញ​ទេ។ វា​មិន​មែន​ជា​កិច្ច​ព្រមព្រៀង​មួយ​រវាង​ភាគី​ដែល​មាន​កម្រិត​ស្មើ​គ្នា​នោះ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ដូច​ថា ខ្ញុំ​ផ្ដល់​សិទ្ធិ​នេសាទ​ទៅ​ឲ្យ​អ្នក​ក្រោម​លក្ខខណ្ឌ​កំណត់​របស់​ខ្ញុំ​ទៅ​វិញ​ទេ»។

កិច្ច​ព្រមព្រៀង​ផ្លូវការ​ជាង​នេះ​មួយ​អាច​បញ្ជាក់​ថា ភាគី​ណា​មួយ​អាច​នេសាទ​នៅ​កន្លែង​ណា​មួយ​បាន ដែល​ក្នុង​នោះ​មាន​ទាំង​លទ្ធភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​នេសាទ​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​ផង​ដែរ។

លោក Jay Batongbacal បាន​បញ្ជាក់​ថា៖ «ដោយសារតែ​គ្មាន​កិច្ច​ព្រមព្រៀង​ពិត​ប្រាកដ ដូច្នេះ​ជម្លោះ​អាច​កើត​ឡើង​សារ​ជា​ថ្មី​ម្ដង​ទៀត​បាន»។

ជាង​នេះ​ទៅ​ទៀត ប្រទេស​ហ្វីលីពីន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ជាមួយ​នឹង​កោះ​តៃវ៉ាន់​កាល​ពី​ឆ្នាំ ២០១៥។ ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី​កំពុង​ធ្វើ​ការ​លើ​កិច្ច​ព្រមព្រៀង​នេសាទ​មួយ​រវាង​ប្រទេស​ទាំង​ពីរ​កាល​ពី​ឆ្នាំ​មុន។

សារ​សម្រាប់​ប្រទេស​ដទៃ​ទៀត

ប្រទេស​ចិន​អាច​សង្ឃឹម​ថា កិច្ច​ព្រមព្រៀង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​បំណង​ល្អ​ចំពោះ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត​ដែល​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សា​កិច្ចការ​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់។

ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ខឹង​សម្បារ​ដោយសារតែ​ខ្លួន​បាន​សាងសង់​កោះ​ជម្លោះ​តូចៗ​នានា។ ការ​សាងសង់​នេះ​គឺ​មួយ​ផ្នែក​សម្រាប់​ការ​ប្រើប្រាស់​បែប​យោធា​របស់​ខ្លួន។ ជាង​នេះ​ទៅ​ទៀត ប្រទេស​ចិន​ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​មិន​សប្បាយ​ចិត្ត​ផង​ដែរ ដោយសារតែ​ការ​ប្រកាស​ពី​ការ​ហាម​ឃាត់​មិន​ឲ្យ​នេសាទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ផ្នែក​ភាគ​ខាង​ជើង​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ​នេះ។

លោក Alexander Huang បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​ចិន​ប្រហែល​ជា​ចង់​បង្កើត​អ្វី​មួយ​ដែល​ជា​ការ​នាំ​មុខ​មុន ដើម្បី​ឲ្យ​ប្រទេស​ដទៃ​ទៀត​អាច​យោង​ទៅ​លើ ឬ​ក៏​គិត​ពិចារណា​អំពី​ករណី​ទាំង​នេះ​បាន។ ខ្ញុំ​គិត​ថា វិធី​ដោះស្រាយ​របស់​ហ្វីលីពីន​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះស្រាយ​ជម្លោះ​ដែន​អធិបតេយ្យ​នោះ​ទេ។ វិធី​ដោះស្រាយ​នោះ​នឹង​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​វិធានការ​បង្ការ​ជម្លោះ»។

ប្រទេស​ចិន​បាន​ចាញ់​ប្រទេស​ហ្វីលីពីន​នៅ​ឯ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​កាល​ពី​ឆ្នាំ ២០១៦ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ហ្វីលីពីន​ប្រឆាំង​នឹង​ការ​ពង្រីក​ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​ការ​កាន់កាប់​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ប៉ុន្តែ​ប្រទេស​ចិន​បាន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​ដូច​នេះ​របស់​តុលាការ។

តាំង​ពី​ពេល​នោះ​មក ប្រទេស​ចិន​បាន​ស្វែង​រក​សន្តិភាព​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត​ដែល​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង តាម​រយៈ​កិច្ច​ព្រមព្រៀង​ទ្វេភាគី និង​ជំនួយ​សេដ្ឋកិច្ច។

ប្រសិន​បើ​ហ្វីលីពីន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ចិន នោះ​មាន​ន័យ​ថា ចិន «មាន​លទ្ធភាព​ប្រើប្រាស់​ធនធាន​នៅ​ក្នុង​សមុទ្រ​នៅ​តំបន់​នោះ​បាន។ ចិន​អាច​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ទៅ​ទី​នោះ​បាន ហើយ​ប្រទេស​ចិន​នឹង​មាន​មុខមាត់​ល្អ​ទាំង​នៅ​លើ​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ»។

ហានិភ័យ​នៃ​កិច្ច​ព្រមព្រៀង​ដែល​មិន​ស្មើ​ភាព​គ្នា?

នាវា​នេសាទ​រហូត​ដល់ ១ លាន ៦ សែន​គ្រឿង​មក​ពី​ប្រទេស​នានា​បាន​រួម​គ្នា​នេសាទ​ត្រី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​កម្មវិធី​កិច្ចការ​ប្រទេស​ចិន​នៃ​មហាវិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ S. Rajaratnam នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

ប៉ុន្តែ នាវា​នេសាទ​ហ្វីលីពីន​ជា​ទូទៅ​ធ្វើ​ការ​នេសាទ​តែ​នៅ​ក្នុង​រង្វង់ ៣៧០ គីឡូម៉ែត្រ និង​នៅ​ក្នុង​ដែន​ទឹក​នៃ​ប្រជុំ​កោះ Spratly ដែល​នៅ​ក្បែរ​នោះ​តែ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​ដែន​នេសាទ​កាល​ពី​យូរយារ​ណាស់​មក​ហើយ​របស់​ហ្វីលីពីន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Jay Batongbacal។ ជា​រឿយៗ នាវា​នេសាទ​របស់​ហ្វីលីពីន​មាន​ទំហំ​តូច​ពេក ឬ​ក៏​មាន​កម្លាំង​ខ្សោយ​ពេក​ដែល​ធ្វើ​ឲ្យ​នាវា​ទាំង​នោះ​ពិបាក​សាកល្បង​ធ្វើ​ការ​នេសាទ​នៅ​ក្នុង​សមុទ្រ​ដែល​ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយៗ។

ចំណែក​ឯ​នាវា​នេសាទ​របស់​ចិន តៃវ៉ាន់ និង​វៀតណាម ជា​ទូទៅ​នេសាទ​នៅ​ក្នុង​ដែន​សមុទ្រ​ឆ្ងាយៗ។

អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ខ្លាច​ថា កិច្ច​ព្រមព្រៀង​នេសាទ​នេះ​ប្រសិនបើ​សម្រេច​បាន អាច​អនុញ្ញាត​យ៉ាង​មាន​ប្រសិទ្ធភាព​ឲ្យ​នាវា​នេសាទ​ចិន​ប្រើប្រាស់​ដែន​សមុទ្រ​ដែល​ហ្វីលីពីន​ទាមទារ​កាន់កាប់​ដោយ​គ្មាន​គ្រោះថ្នាក់​អ្វី​ទាំង​អស់ ទោះបីជា​មិន​មាន​ការ​ផ្សង​គ្រោះថ្នាក់​ណា​មួយ​របស់​នាវា​នេសាទ​ហ្វីលីពីន​នៅ​ក្នុង​ដែន​ទឹក​ដែល​នៅ​ជិត​ប្រទេស​ចិន​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG