ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាត់​ការ​យោធា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​សមុទ្រ​ចិនខាង​ត្បូង​បាន​ត្រូវគេ​មើល​​ឃើញ​ថាមិនបាន​ជួយ​វៀតណាម​និងហ្វីលីពីន​ទេ


រូបភាពឯកសារ៖ ទាហាន​ជើង​ទឹក​វៀតណាម​ឈរ​យាម​កោះ Thuyen Chai នៅ​ដែនបណ្តុំ​កោះ Spratly។
រូបភាពឯកសារ៖ ទាហាន​ជើង​ទឹក​វៀតណាម​ឈរ​យាម​កោះ Thuyen Chai នៅ​ដែនបណ្តុំ​កោះ Spratly។

រដ្ឋ​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ដែល​ទាម​ទារផ្នែកនានា​នៃសមុទ្រ​នឹង​ត្រូវ​ការ​ការគាំទ្រនៃ​គោលនយោបាយ​ការបរទេស​ដ៏​ធំទូលាយ​របស់​សហរដ្ឋ​អាមេ​រិក​ដើម្បី​ឲ្យ​មាន​ទំនុកចិត្ត​នៅ​ក្នុងការ​ទប់ទល់​ការត្រួតត្រា​របស់​ចិន។

យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 ​របស់​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​សមុទ្រ​ចិនខាងត្បូង​កាល​ពី​សប្តាហ៍មុនមិន​បាន​ផ្តល់​អំណាច​ដល់​ប្រទេស​តូចៗ​ដើម្បី​ទប់​ទល់​ការទាម​ទារ​អធិបតេយ្យ​ភាព​ផ្លូវនាវា​ចរណ៍​របស់​ចិន។ នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​អ្នក​វិភាគ។

​បណ្តាញ​ព័ត៌មានOnline ឈ្មោះ Air Force Times ​បាន​រាយការណ៍​ថា យន្តហោះ​ទម្លាក់​គ្រាប់​បែក​២គ្រឿង​របស់កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​បាន​ហោះចេញ​ពី​ទីតាំង​មួយ​កន្លែងក្នុង​មហាសមុទ្រឥណ្ឌា​ទៅ​កាន់​ប្រជុំ​កោះ​ Spratly ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​។ ការហោះហើរ​នេះ​បានកើត​មាន​ឡើង​ក្រោយ ពី​នាវា​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​កាត់​តាម​សមុទ្រ​ដដែល​នោះចំនួន៧លើកចាប់​តាំងពី​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​បានកាន់​អំណាច​នៅឆ្នាំ​២០១៧​មក។

លោក​ Yun Sun អ្នក​ស្រាវជ្រាវជាន់​ខ្ពស់រង​នៃ​កម្មវិធី​តំបន់អាស៊ី​ខាង​កើត​នៅឯ​មជ្ឈមណ្ឌល Stimson ដែល​ជាអង្គការ​ស្រាវជ្រាវ​មួយ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​បង្អាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងមិន​ឲ្យ​មាន​សកម្ម​ភាព​ខាង​យោធា​នៅប្រជុំ​កោះ Spratly ហើយ​នឹង​កោះផ្សេង​ៗ​ទៀត​នៅ​ក្នុងការ​ប្រកួត​ប្រជែង​ក្នុង​សមុទ្រ​ចិនខាង​ត្បូង​ដែល​សម្បូរ​ធនធាន។

​ចិន​បាន​ហៅសមុទ្រដែល​មាន​ទំហំ​ទាំង​មូល​ចំនួន3,5 ​លាន​គីឡូម៉ែត្រ​ការ៉េថា ​ជា​របស់​ខ្លួន ថ្វីបើមានការ​ទាមទារ​ដោយ​ប្រទេស​ម៉ាឡេស៊ី ​ហ្វីលីពីន កោះតៃវ៉ាន់​និង​វៀត​ណាម​ក៏ដោយ។

​ពួក​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ជឿ​ជាក់​ថា ចល​នា​ខាង​យោ​ធា​របស់​សហរដ្ឋ​អាមេរិក​នឹង​ឆាឆៅបង្អាក់​ចិន​ដោយ​មិនមានការ​លើក​ទឹក​ចិត្ត​ប្រទេស​ផ្សេង​ៗ​ទៀតដែល​ប្រ​ទេស​ទាំងអស់​ដែល​មាន​កម្លាំង​ប្រដាប់​អាវុធ​តូចជាង​កងទ័ព​រំដោះ​ប្រជា​ជន​ចិន ​វាលែងតែ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្តល់​កិច្ច​សហប្រតិបត្តិការខាង​នាវា​ឬ​ការ​គាំទ្រ​ផ្នែក​ខាង​ការទូត​និង​សេដ្ឋ​កិច្ច​ទេនោះ។

លោក​ Gregory Poling ​នាយក​នៃ​កិច្ច​ផ្តួចផ្តើមតម្លាភាព​ខាង​នាវាចរណ៍​តំបន់​អាស៊ី​ដែល​ស្ថិត​នៅ​ក្រោម​មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ​និយាយថា «យើង​ត្រូវតែរំពឹងយ៉ាងពិតប្រាកដ​ថា ​ការ​បង្កើនកិច្ច​ប្រតិបត្តិការ​របស់​សហរដ្ឋ​អាមេរិក​មាន​ន័យថា ​ដើម្បី​បង្ហាញ​ថា​ រដ្ឋាភិ​បាល​ក្រុងវ៉ាស៊ីនតោន​មិន​ទទួលស្គាល់​ការរឹតត្បិតជាឯកតោភាគី​របស់​ចិន​នៅ​លើផ្ទៃ​ទឹក​និង​ផ្ទៃ​អាកាស​ជុំវិញ​សមុទ្រ​ចិនខាងត្បូង»។

លោក Poling ​និយាយ​ទៀត​ថា «ក៏ប៉ុន្តែ ​កិច្ច​ប្រតិបត្តិការ​នេះ​នឹង​ជួយ​ប្រទេស​ទាម​ទារ​សមុទ្រ​នោះ​នៅ​ក្នុង​តំបន់ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​កាន់​តែ​ធំ​ឡើង​របស់​សហរដ្ឋ​អាមេរិក​ដែល​រហូត​មក​ទល់​ពេល​នេះ​ខ្លួន​មិន​បាន​ធ្វើ»។

យោងតាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា ការ​ហោះ​កាត់​របស់​យន្តហោះ​ទម្លាក់​គ្រាប់​បែកសហរដ្ឋ​អាមេរិក​ B-52 ​កើត​មាន​ឡើង​បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ថា ​ចិនបាន​ស្ថាប​នា​ទីតាំង​យោធា​នៅ​លើកោះតូចៗ៣​នៅ​ប្រជុំកោះ Spratly ​ហើយ​យ៉ាង​ហោច​ណាស់​ក៏ម្តងដែល​នៅ​ប្រជុំ​កោះ Paracel ​នៅ​ក្នុង​សមុទ្រ​នោះ។ ចិន​បាន​ចុះ​យន្ត​ហោះយោធា​ហើយ​បាន​ដាក់​ពង្រាយ​កាំជ្រួចមីស៊ីល។

ស្រ្តី​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​ចិនបាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា ​ប្រទេស​របស់​លោកស្រី​មិន​ខ្លាច​យន្តហោះ​ទម្លាក់​គ្រាប់​បែក​នោះ​ទេ។ ​ចិន​បាន​និយាយ​យោង​ដល់​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដើម្បី​គាំទ្រ​ការទាមទារសមុទ្ររបស់​ខ្លួនប្រ​ហែល​៩០ភាគរយ​ដែល​លាត​សន្ធឹង​ពី​ទីក្រុង​ហុងកុង​ទៅ​កោះ​ Borbeo។

​ប្រទេស​ផ្សេង​ៗ​ទៀត​មិនបានបាន​ឆ្លៀត​ប្រយោជន៍​ពី​ចំណាត់​ការ​របស់សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យ​ជឿនលឿន​ការទាមទារ​ដែន​សមុទ្រ​របស់​ខ្លួន ថ្វីបើ​គេ​មាន​ការ​ទោមនស្ស​ពីការ​បង្កើន​សកម្មភាព​ខាង​យោធា​របស់​ចិន​ពីការ​ស្ថាបនា​ខាង​យោធា​រហូត​ដល់​ការ​បង្កើន​វត្តមាន​ឆ្មាំ​ការពារ​ហើយ​នឹងការ​បង្អាក់ការនេ​សាទ​ប្រចាំ​ឆ្នាំ។

ក្រសួង​ការបរទេស​របស់​កោះ​តៃវ៉ាន់​បាន​ថ្លែង​នៅ​សប្តាហ៍នេះ​ពីការ​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៨​នេះ ​ក៏ប៉ុន្តែ ​មិនបាន​និយាយ​ថា ចលនា​នៃ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 ឬចលនា​នាវា​សហរដ្ឋ​អាមេរិកក្នុង​សមុទ្រ​នឹង​ទទួល​បាន​ការ​ពេញ​ចិត្ត​ដែរឬទេ។

​កោះតៃវ៉ាន់​កាន់កាប់​ផ្នែក​ដ៏​ធំបំផុត​នៃ​ប្រជុំ​កោះ Spratlyដែល​ហៅ​ថា កោះតៃពីង។​លោក Andrew Leeអ្នក​នាំពាក្យ​ក្រសួងការបរទេស​កោះ​តៃវ៉ាន់​បាន​និយាយកាល​ពី​ថ្ងៃ​ព្រហស្បត៍ថា៖ «ការ​ទាម​ទារ​អធិបតេយ្យ​ភាព​របស់​រដ្ឋាភិបាល​មិនមាន​ការផ្លាស់​ប្តូរ​ទេ។ ក៏ប៉ុន្តែ ​នៅពេល​ឥឡូវនេះ​ចំពោះ​អា​មេរិក​ឬ​ស្ថានភាព​យោធា​របស់​ចិន ​យើង​នឹង​យកចិត្ត​ទុកដាក់​ដ៏​ខ្លាំង​បំផុត​ចំពោះ​បញ្ហា​នេះ ក៏ប៉ុន្តែ ​យើង​មិនមាន​អត្ថាធិ​ប្បាយ​បន្ថែម​ទៀត​ទេ»។

លោកស្រី Maria Ela Atienzaជា​សាស្រ្តាចារ្យ​ខាង​វិទ្យា​សាស្រ្ត​នយោបាយ​នៅឯ​សាកល​វិទ្យា​ល័យ Diliman នៃ​ប្រទេស​ហ្វីលីពី​ន​បាន​និយាយថា ​នៅហ្វី​លី​ពីន ​កង​កម្លាំង​ប្រដាប់​អាវុធ​ហើយ​នឹង​សមាជិក​សភា​ខ្លះ​ចង់បាន​ការគាំទ្រ​ខាងយោធា​កាន់តែ​ខ្លាំង​ឡើងពី​សហរដ្ឋ​អាមេរិក។

​ក៏ប៉ុន្តែ ​ប្រធានា​ធិបតី​ហ្វីលីពីន លោក​ Rodrigo Duterte ​បាន​ជំទាស់​ប្រឆាំង​ការ​ពឹង​ផ្អែក​លើសហរដ្ឋ​អាមេរិក​ដែល​ជា​អតីត​អាណានិគម​របស់​ហ្វីលីពីន។ លោក​បាន​ទុក​ចោលមួយ​ឡែក​នូវ​បញ្ហាអធិបតេយ្យ​ភាពដែនសមុទ្រ​នៅ​ឆ្នាំ​ ២០១៦​ ​ដើម្បី​បង្កើន​ចំណង​ទាក់​ទង​ខាង​សេដ្ឋកិច្ច​ជាមួយ​ចិន។

​លោកស្រីសាស្ត្រាចារ្យ​ Atienza ​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រហែល​មាន​ការ​ពោល​អះអាងកាន់​តែធំឡើង​ពី​ប្រទេស​ទាមទារ​ខ្លះ​ដូចជា វៀតណាម​ចំពោះ​តួនាទី​កាន់​តែ​ធំ​ឡើង​របស់​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ក្រុម​ខ្លះទៀត​នៅប្រទេស​ហ្វីលី​ពីនដើម្បី​ដាក់​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​យ៉ាង​ហោច​ណាស់ការ​ពោល​អះអាង​ខាង​ការទូត​ដែរ»។​

​ចិន​និង​ហ្វីលីពីន​បាន​ប្រឈម​មុខដាក់​គ្នា​នៅ​ផ្ទៃ​សមុទ្រ​ទល់មុខ​កោះ​ Scaborough Shoal អស់​រយៈ​ពេល​៤ឆ្នាំ​ដែល​លាត​សន្ធឹង​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ផ្តាច់មុខ​របស់រដ្ឋាភិបាល​ក្រុង​ម៉ានីលក៏ប៉ុន្តែ ត្រូវ​បាន​ត្រួតត្រា​ដោយ​នាវារដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​នៅ​ឆ្នាំ​២០១២។

​អ្នក​វិភាគ​និយាយថា ​ទំនុក​ចិត្ត​កាន់​តែខ្លាំង​ឡើងលើ​សហរដ្ឋ​អាមេរិក​ជា​អ្នក​ការពារទប់​ទុល​នឹង​ចិន​នឹង​កើត​ចេញ​ពីចំណង​ទាក់​ទង​យោធា​កាន់តែ​ខ្លាំងឡើង​ហើយ​នឹង​កិច្ច​សហប្រតិបត្តិការ​ខាង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ លោក​ Poling ​និយាយ​ទៀត​ថា រដ្ឋាភិ​បាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវការយុទ្ធសាស្រ្ត​ខាង​ការទូត​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ធ្វើ​ឲ្យប្រទេស​ចិនឯកកោ រួមមាន​វិធានការ​ខាង​សេដ្ឋ​កិច្ច។

​អួក​អ្នក​ស្រាវ​ជ្រាវជាន់​ខ្ពស់​និយាយថា ​កិច្ច​សហប្រតិបត្តិការ​ខាងយោធា​ដូចជា​ការ​ហ្វឹកហាត់​ខាង​នាវា​និងការ​ប្រើ​អាវុធ​របស់​អាមេរិក​ ក៏នឹងជួយ​លើកទឹក​ចិត្តរដ្ឋតូចៗ​ដែល​ទាម​ទារ​សមុទ្រ​នោះ​ដែរ។

លោកស៊ុន​បាន​និយាយថា ក៏ប៉ុន្តែ ​វៀត​ណាមក៏មាន​ការ​ប្រយ័ត្នប្រយែង​សហរដ្ឋ​អាមេរិក​ដែរពី​ព្រោះ​តែ​អាមេរិក​ដក​ខ្លួន​ចេញ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​ឆ្លងកាត់​មហាសមុទ្រប៉ាស៊ី​ហ្វិក​កាល​ពី​ឆ្នាំ​ទៅ។​ វៀត​ណាម​នឹង​បាន​ទទួល​ប្រយោជន៍ជា​អ្នក​នាំ​ទំនិញ​ចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក។

លោក​ស៊ុន​បាន​និយាយថា៖ ​«ខ្ញុំ​គិតថា ​មាន​សំណួរ​អំពី​ភាព​ដែល​គួរឲ្យ​ទុកចិត្ត​បាន​ហើយ​នឹង​ចីរភាព​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន។ ខ្ញុំ​គិត​ថា ការយក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ឡើង​របស់​សហរដ្ឋ​អាមេរិក​ដល់សមុទ្រ​ចិនខាង​ត្បូង​នឹង​ពង្រឹង​ជំ​ហរ​របស់​ប្រទេស​ទាម​ទារផ្សេង​ៗ​ទៀត ក៏ប៉ុន្តែ ​ការណ៍​នេះ​នឹង​ពឹងផ្អែក​លើ​គោល​នយោបាយ​របស់​រដ្ឋ​បាល​អាមេរិក​នៅ​ពេល​បច្ចុប្បន្នដែល​បង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ត្រូវ​បាន​គេ​មើល​ឃើញឬអត់៕

ប្រែសម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG