គណៈកម្មាធិការស៊ើបការសម្ងាត់របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបាន ណែនាំឲ្យសភាអនុម័តសេចក្តីព្រាងច្បាប់មួយជាបន្ទាន់ ដើម្បីជំរុញឲ្យរដ្ឋាភិបាលសហព័ន្ធជួយដល់រដ្ឋនានា ដែលកំពុងព្យាយាមទប់ស្កាត់កុំឲ្យមានការចូលលួចតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រព័ន្ធបោះឆ្នោតរបស់ពួកគេ ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៦។
សេចក្តីព្រាងច្បាប់ថ្មីត្រូវដាក់បញ្ជូលក្នុងសេចក្តីណែនាំនានារបស់គណៈកម្មាធិការដើម្បីការពារការចូលលួចតាមប្រព័ន្ធអ៊ីធឺណិតនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។ សេចក្តីណែនាំទាំងនោះត្រូវបានដាក់បញ្ជូលនៅក្នុងការរកឃើញរបស់គណៈកម្មាធិការបន្ទាប់ពីបានចំណាយពេលជាងមួយឆ្នាំដើម្បីស៊ើបអង្កេតការជ្រៀតជ្រែករបស់រុស្ស៊ី ដែលបានវាយប្រហារទៅលើប្រព័ន្ធបោះឆ្នោតរបស់សហរដ្ឋអាមេរិកនៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦។
សេចក្តីណែនាំទាំងនោះក៏បានអំពាវនាវឲ្យក្រសួងសន្តិសុខមាតុភូមិបង្កើតប្រព័ន្ធទាក់ទងផ្សេងៗរវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋាភិបាលតាមរដ្ឋ និងមន្ត្រីក្នុងតំបន់ និងថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវតែចែងឲ្យច្បាស់ថាការវាយប្រហារលើការបោះឆ្នោតគឺជាសត្រូវរបស់សហរដ្ឋអាមេរិក ហើយទីភ្នាក់ងារទទួលបន្ទុកនានាត្រូវដោះស្រាយជាបន្ទាន់»។
ក្រសួងសន្តិសុខមាតុភូមិបានឲ្យដឹងថា ទីភ្នាក់ងាររុស្ស៊ីបានដាក់គោលដៅវាយប្រហារលើប្រព័ន្ធបោះឆ្នោតនៅក្នុងរដ្ឋចំនួន២១ នៅមុនការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងបានចូលជ្រៀតជ្រែកនៅក្នុងយុទ្ធនាការតាមបណ្តាញសង្គម ដោយបានបង្កើតឲ្យមានការភាន់ច្រឡំនិងបញ្ឆេះឲ្យមានជម្លោះនៅក្នុងប្រទេសផងដែរ៕