ពួកប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការស៊ើបការសម្ងាត់របស់សភាតំណាងរាស្ត្រអាមេរិកាំងបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងខិតខំព្យាយាមបន្តការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្សីក្នុងការបោះឆ្នោតក្នុងស.រ.អា.កាលពីឆ្នាំ២០១៦នៅក្រោយពួកសាធារណរដ្ឋដែលជាពួកភាគច្រើននៅក្នុងគណៈកម្មាធិការនេះបាននិយាយថា ការស៊ើបអង្កេតរបស់គណៈកម្មាធិការនេះបានចប់ហើយ។
លោក Adam Schiff ដែលជាអ្នកប្រជាធិបតេយ្យជាន់ខ្ពស់ម្នាក់នៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងបានចេញផ្សាយរបាយការណ៍មួយមាន២២ទំព័រដោយបង្ហាញដោយល្អិតល្អន់អំពីគោលការណ៍នៃការស៊ើបអង្កេតដែលពួកប្រជាធិបតេយ្យមានជំនឿថា គួរធ្វើជាមួយនិងបញ្ជីមួយនៃឈ្មោះពួកមន្ត្រីសេតវិមាន, ពួកមន្ត្រីធ្វើការឃោសនាបោះឆ្នោតឱ្យលោក ត្រាំ និងពួកសមាជិកនៃសហគមន៍ស៊ើបការសម្ងាត់ដែលគួរត្រូវសម្ភាស។
លោក Schiff បានមានប្រសាសន៍ថា សេចក្តីព្រាងរបាយការណ៍របស់ពួកសាធារណរដ្ឋស្តីពីការស៊ើបអង្កេតមួយឆ្នាំរបស់គណៈកម្មាធិការនេះ«បង្ហាញហេតុការណ៍នាំឱ្យមានការភ័ន្តច្រឡំហើយបង្ហាញពីរូបភាពមួយដែលរៀបរាប់អំពីរឿងរ៉ាវមួយដែលច្បាស់លាស់ជាងរបាយការណ៍ដែលត្រូវសរសេរដោយសេតវិមានខ្លួនឯងទៅទៀត»។
លោក Mike Conaway អ្នកតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texas បាននិយាយកាលពីថ្ងៃចន្ទដោយលោកបានពណ៌នាអំពីសេចក្តីរាយការណ៍នេះថា គណៈកម្មាធិការនេះ«មិនបានរកឃើញភ័ស្តុតាងនៃការឃុបឃិត»រវាងប្រទេសរុស្សីនិងក្រុមអ្នកឃោសនាបោះឆ្នោតឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ទេ៕