លោក Rick Gates អតីតជំនួយការយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ កាលពីថ្ងៃសុក្របានសារភាពកំហុសនិងយល់ព្រមសហការជាមួយលោក Robert Muller រដ្ឋអាជ្ញាពិសេសដឹកនាំការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយសហរដ្ឋអាមេរិកមួយចំនួនបានរាយការណ៍កាលពីថ្ងៃសុក្រ។
លោកស្រី Amy Jackson រដ្ឋអាជ្ញាសហព័ន្ធបានថ្លែងថា លោក Gates អាចប្រឈមមុខជាប់ពន្ធនាគារពី៥៧ខែទៅ៧១ខែ ប៉ុន្តែក្រុមរដ្ឋអាជ្ញាអាចស្នើសុំបន្ថយទោសយោងតាមការសហការរបស់លោក។
យោងតាមសារព័ត៌មាន ABC បានរាយការណ៍ថា លោក Gates បានផ្ញើរលិខិតទៅមិត្តភ័ក្រ្ត និងក្រុមគ្រួសាររបស់លោក ដោយបានប្រាប់ពីផែនការសារភាពកំហុសរបស់លោក។
លោក Thomas Green មេធាវីរបស់លោក Gates មិនទាន់ឆ្លើយតបនឹងសំណួរអំពីការសារភាពរបស់លោក Gates នៅឡើយទេ។
ការិយាល័យរបស់លោក Mueller បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះទេ។
លោក Gates គឺជាមនុស្សទីបីនៃអតីតបុគ្គលិកយុទ្ធនាការរបស់លោក ត្រាំ ដែលសារភាពកំហុសពីបទព្រហ្មទណ្ឌ និងយល់ព្រមសហហការជាមួយនឹងការស៊ើបអង្កេតរបស់លោក Mueller ដើម្បីរកឲ្យឃើញថាតើមានការឃុបឃិតរវាងក្រុមការងាររបស់លោក ត្រាំ ជាមួយនឹងរុស្ស៊ីនៅអំឡុងពេលការបោះឆ្នោតឆ្នាំ២០១៦ឬយ៉ាងណា៕