កម្លាំងសន្តិសុខចម្រុះរាប់សិបនាក់ នៅថ្ងៃសុក្រនេះ បានបន្តវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់បឹងទំពុនក្នុងខណ្ឌមានជ័យ ដោយមានការឃ្លាំមើលការថតរូបភាព និងវីដេអូរបស់អ្នកសារព័ត៌មានយ៉ាងតឹងរ៉ឹង។ អ្នកសារព័ត៌មាន២នាក់ដែលបានចុះទៅយកព័ត៌មានអំពីការវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យគំរាមមិនឲ្យផ្តិតយកសកម្មភាពវាយកម្ទេចផ្ទះ និងការតវ៉ារបស់ប្រជាពលរដ្ឋ ដោយបង្ខំឲ្យលុបចោលរូបភាពទាំងនោះ។
កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា កម្លាំងចម្រុះរាប់សិបនាក់ បានប្រើគ្រឿងចក្រវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរចោទថារស់នៅខុសច្បាប់ក្នុងតំបន់បឹងទំពុន។ ពួកគេត្រូវបានបង្ខំឲ្យចេញពីផ្ទះ តាមការកំណត់រយៈពេលមួយសប្តាហ៍របស់អាជ្ញាធរឲ្យពលរដ្ឋរុះរើចេញ។
កម្លាំងសន្តិសុខប្រមាណ២០នាក់បានមករារាំងប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមិនឲ្យយកព័ត៌មាន និងថតរូបនោះទេ។ នៅវេលាម៉ោង៩និង១០នាទី កម្លាំងបានបណ្តេញអ្នកសារព័ត៌មានពីរនាក់ចេញក្នុងនោះមានអ្នកសារព័ត៌មានវីអូអេផងដែរ និងបានដកយកបណ្ណសារព័ត៌មានរបស់អ្នកកាសែតម្នាក់។
លោក អាន វិចិត្រ អ្នកយកព័ត៌មានរបស់ខេមបូចា បានប្រាប់VOAថាលោកត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះខណ្ឌមានជ័យហាមមិនឲ្យផ្តិតយករូបភាពនៃការតវ៉ារបស់ប្រជាពលរដ្ឋ ហើយថែមទាំងបានដកយកបណ្ណសារព័ត៌មានសម្គាល់ខ្លួនរបស់លោកនិង«បង្ខំ»រូបលោកឲ្យចាកចេញពីកន្លែងនោះ។ លោកបន្តថាសមត្ថកិច្ចបានព្រមានថានឹងមានវិធានការផ្សេងទៀត ប្រសិនបើលោកនៅតែមិនចេញពីតំបន់នោះ។
លោកថ្លែងថា៖ «បើយើងនិយាយមែនទែន [កងកម្លាំង]ខណ្ឌតែម្តង គាត់រោម[ព័ទ្ធ]យើងជិត ហើយគាត់បានមកសួរនាំយើង។ មកសួរនាំថាមកពីខាងអី ខាងណាអញ្ចឹងទៅ។ ហើយស្នើឲ្យយើងលុបរូបដែលខ្ញុំបានប្រាប់គាត់ថាយើងមកពីស្ថាប័នសារព័ត៌មានហើយគាត់ស្នើសុំមើលកាតមើលអី[ផ្សេងៗ]អញ្ចឹងទៅ។ យើងក៏បានបង្ហាញកាត ហើយគាត់ក៏បានថតរូបថតអីហើយក៏ឲ្យយើងលុបរូបចេញ លក្ខណៈដែលយើងអត់ទាន់បានថតមានរូបភាពអីផង[ហើយ]មានអ្នកបញ្ជាមកពីក្រោយ[តាមអាយកូម]ឲ្យដកកាតយើងរក្សាទុក ហើយអញ្ចឹងក៏មានអ្នកដក...គេក៏បានប្រាប់ដែរថាយើងធ្វើតាមគេ[សមត្ថកិច្ច] យើងនឹងមិនមានបញ្ហាអ្វីនោះទេ»។
លោក អាន វិចិត្រ ចាត់ទុកថានេះជា«ការគំរាមកំហែងដ៏ធ្ងន់ធ្ងរ» មកលើអ្នកសារព័ត៌មានក្នុងការបំពេញការងារតាមវិជ្ជាជីវៈសារព័ត៌មាន។
លោកបញ្ជាក់ថា៖ «ខ្ញុំម្នាក់ហើយខាងវីអូអេម្នាក់ដែលបានចុះទៅដែរ ហើយត្រូវបានអាជ្ញាធរឲ្យលុប ឬគាបសង្កត់ឲ្យលុបរូបភាពដូចគ្នា គំរាមកំហែងឲ្យលុបរូបភាពចេញពីកាមេរ៉ា ឬទូរស័ព្ទក៏ដូចគ្នាហើយមិនអញ្ចឹងគេ គេនឹងមានចំណាត់ការមកលើយើង»។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានថ្លែងប្រាប់ VOA ថានេះជា«ការគំរាមកំហែង រឹតត្បិតសេរីភាពដ៏ធ្ងន់ធ្ងរ»មកលើអ្នកសារព័ត៌មាន ហើយវាក៏ជាសញ្ញាមួយ«កាន់តែអាក្រក់» ដែលមិនគួរកើតឡើងលើអ្នកសារព័ត៌មាន។
លោកថ្លែងថា៖ «ក្នុងករណីនេះដូចឃើញអ្នកសារព័ត៌មានព្រឹកមិញ …. គឺនៅថតផ្តិតរូបភាពនេះពីចម្ងាយ អញ្ចឹងវាហាក់បីដូចជាមិនមានអ្វីរារាំងដល់ការអនុវត្តច្បាប់របស់ពួកគាត់ទេ។ ហើយគាត់នៅតែមកតាមយាយីអ្នកសារព័ត៌មានមិនឲ្យថត ហើយគាត់ថតបានហើយហ្នឹង តម្រូវឲ្យលុបទាំងមួយពីរបីហ្នឹង។ ខ្ញុំគិតថាបែបនេះជាសញ្ញាដ៏អាក្រក់មួយសម្រាប់វិជ្ជាជីវៈ ក៏ដូចជាវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើង»។
លោក អ៊ិត សូធឿត បន្តថាក្រសួងព័ត៌មានបានបង្កើតគណៈកម្មការក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីចង់លើកកម្ពស់វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងក្រមសីលធម៌សារព័ត៌មាន ប៉ុន្តែអាជ្ញាធរហាក់បីដូចជាមិនយល់អំពីតួនាទី និងបានផ្តល់តម្លៃដល់អ្នកសារព័ត៌មាន។
លោកបន្តថា៖ «អាជ្ញាធរមានការរឹតត្បិតអញ្ចឹងវាហាក់បីដូចជាផ្ទុយគ្នាជាមួយក្រសួងព័ត៌មានដែលជាសកម្មភាពគាត់កំពុងតែព្យាយាមលើកកម្ពស់វិជ្ជាជីវៈ[សារព័ត៌មាន]ដ៏សំខាន់មួយនេះ»។
លោកជំរុញឲ្យក្រសួងព័ត៌មាននិងអាជ្ញាធរពាក់ព័ន្ធគួរតែជជែកគ្នាឡើងវិញឲ្យយល់អំពីតួនាទីរបស់អ្នកសារព័ត៌មាន។
នៅពេលទាក់ទងទៅកាលពីព្រឹកថ្ងៃសុក្រ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ VOA ថា លោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងការហាមឃាត់ និងលុបចោលរូបភាពនិងវីដេអូរបស់អ្នកសារព័ត៌មាននោះទេ ហើយលោកសុំពេលពិនិត្យមើលព័ត៌មានជាមុនសិន។
លោកថ្លែងថា៖ «...ដោយសារ ខ្ញុំកំពុងតែរង់ចាំការផ្តល់ព័ត៌មានពីខាង...មន្ទីរព័ត៌មានរាជធានី។ អញ្ចឹងខ្ញុំមិនទទួលបានព័ត៌មាននេះទេអញ្ចឹងចាំកន្លះម៉ោង ឬមួយម៉ោងទៀត...»។
VOA ក៏បានទាក់ទងទៅលោក មាស សុភ័ណ្ឌ ម្តងទៀតលោកសុំមិនអត្ថាធិប្បាយ ដោយស្នើឲ្យសួរទៅខាងអាជ្ញាធរខណ្ឌមានជ័យវិញ។
លោកបញ្ជាក់ថា៖ «អញ្ចេះ! រឿងហ្នឹងសូមទៅសួរនាំអាជ្ញាធរដែលហាមឃាត់ហ្នឹងណាស់!»
VOA មិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានទេនៅថ្ងៃសុក្រនេះ។ ចំណែកអភិបាលរងខណ្ឌ លោក ឡុង ង៉ែត បានលើកទូរស័ព្ទ រួចចុចកាត់ផ្តាច់ ពេលដឹងថាអ្នកសារព័ត៌មានវីអូអេហៅទូរស័ព្ទទៅ។
ទាក់ទងនឹងការបង្ខំឲ្យអ្នកសារព័ត៌មានលុបចោលរូបភាព សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាខេមបូចា ក៏បានចេញសេចក្ដីថ្លែងការណ៍«ថ្កោលទោស»ចំពោះទង្វើអាជ្ញាធរខណ្ឌមានជ័យ។
លោក ណុប វី នាយកប្រតិបត្តិសមាគមខេមបូចា បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ការដកបណ្ណអ្នកសារព័ត៌មាន ការគំរាមកំហែង ការរារាំងមិនអនុញ្ញាតឲ្យពួកគាត់បំពេញតួនាទីភារកិច្ចបានជាការរំលោភបំពានធ្ងន់ធ្ងរទៅដល់សេរីភាពសារព័ត៌មាន ទៅដល់សិទ្ធិរបស់អ្នកសារព័ត៌មានហើយជាការរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋ គឺសិទ្ធិទទួលបានព័ត៌មាន»។
លោកបានអំពាវនាវដល់អាជ្ញាធរឲ្យបញ្ឈប់សកម្មភាពរារាំង ការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែងមកលើអ្នកសារព័ត៌មានជាបន្ទាន់ ហើយផ្ដល់ការសហការគ្នានិងការគោរពទៅដល់ការអនុវត្តតួនាទីរបស់អ្នកសារព័ត៌មាន។
កាលពីព្រឹកថ្ងៃសុក្រ ប្រជាពលរដ្ឋប្រមាណ៣០នាក់បាននាំគ្នាទ្រហោយំ និងសុំអង្វរឲ្យមានដំណោះស្រាយសមរម្យ។
អ្នកស្រី ស៊ុម ចាន់ថា អាយុ៦៤ឆ្នាំដែលជាពលរដ្ឋម្នាក់ដែលមានដីនៅកន្លែងកើតហេតុនេះ បានប្រាប់អ្នកសារព័ត៌មានមុនពេលអាជ្ញាធរវាយកម្ទេចផ្ទះថាអ្នកស្រីនៅតែទាមទារនិងចង់បានដំណោះស្រាយមួយសមរម្យ ដោយអះអាងថាអ្នកស្រីបានកាន់កាប់ដីនេះស្របច្បាប់ច្រើនឆ្នាំមកហើយ និងមានឯកសារគ្រប់គ្រាន់។
អ្នកស្រីថ្លែងថា៖ «ប្រសិនបើជាមិនមានដំណោះស្រាយឲ្យពួកខ្ញុំពួកខ្ញុំនឹងតវ៉ារហូត ពីព្រោះខ្ញុំមានលិខិតស្នាមរបស់ខ្ញុំគ្រប់គ្រាន់ អត់មានខ្វះអីនោះទេ។ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំតវ៉ារហូតទាល់តែមានដំណោះស្រាយឲ្យពួកខ្ញុំ»។
គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ ខែសីហា អាជ្ញាធរខណ្ឌមានជ័យរាជធានីភ្នំពេញបានចេញលិខិតឲ្យប្រជាពលរដ្ឋរស់នៅតំបន់ជាប់អាងស្តុកទឹកបឹងទំពុនរុះរើផ្ទះចេញ ដោយទុករយៈពេល១សប្តាហ៍ដែលពលរដ្ឋអះអាងមិនមានការផ្តល់សំណងអ្វីនោះទេ។ អាជ្ញាធរក៏ព្រមានចាត់វិធានការច្បាប់ និងរដ្ឋបាលលើប្រជាពលរដ្ឋផងដែរ ប្រសិនបើពួកគេមិនព្រមចាកចេញ។ ការឲ្យរុះរើផ្ទះនេះធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនអះអាងថាពួកគេមានការលំបាកយ៉ាងខ្លាំងទៅរកទីតាំងថ្មីរស់នៅខណៈពួកគេមានការខ្វះខាតផ្នែកសេដ្ឋកិច្ចក្នុងពេលវិបត្តិកូវីដ១៩៕