ស្ថាប័នអន្តរជាតិចំនួន២ដែលការពារសិទ្ធិរបស់អ្នកសារព័ត៌មាន រួមជាមួយសមាគមសារព័ត៌មាននិងអ្នកសារព័ត៌មានក្នុងស្រុកបានបង្ហាញក្តីព្រួយបារម្ភអំពីការបន្តរឹតត្បិតបន្ថែមទៀតលើសារព័ត៌មានឯករាជ្យ នៅគ្រាដែលក្រសួងព័ត៌មានបានបង្កើតគណៈកម្មការវាយតម្លៃក្រមសីលធម៌មួយ ដែលសមាជិកភាគច្រើនជាមន្រ្តីមកពីក្រសួងព័ត៌មាន។
កាលពីថ្ងៃទី២ ខែសីហា ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការមួយ ដែលមានសមាជិក១៥រូប ក្នុងនោះ១០រូបជាមន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មាននិង៥រូបជាសមាគមអង្គការសារព័ត៌មានមួយចំនួន។
គណៈកម្មការនេះនឹងដើរតួនាទីជាអ្នកតាមដាន វាយតម្លៃ និងលើកសរសើរអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ប៉ុន្តែគណៈកម្មការក៏អាចវាយតម្លៃឈានដល់ការ«ដាក់វិន័យ»ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលប្រព្រឹត្តល្មើសសីលធម៌វិជ្ជាជីវៈផងដែរ។ នេះបើយោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
គណៈកម្មការក៏មានភារកិច្ចក្នុងការពិនិត្យមើលការតវ៉ាពីសាធារណជនឬអង្គភាពស្ថាប័ននានា ដោះស្រាយបណ្តឹងតវ៉ាដែលទាក់ទងនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរវាងអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ជាមួយបុគ្គលឬក្រសួងស្ថាប័នផ្សេងៗ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ឬហៅកាត់ជាភាសាបារាំងថា RSF បានបង្ហាញការព្រួយបារម្ភទៅលើគណៈកម្មការនេះថានឹងអនុញ្ញាតឲ្យមានការរឹតត្បិតសារព័ត៌មានបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការនេះចេញផ្សាយកាលពីថ្ងៃពុធ។ អង្គការបញ្ជាក់ថាគណៈកម្មការនេះ«កង្វះពិតប្រាកដនូវឯករាជ្យភាពតម្លាភាព និងគណនេយ្យភាព និងតាក់តែងមកច្បាស់ណាថា ដើម្បីបម្រើឲ្យយន្តការរឹតត្បិតថ្មីមួយទៀត»។
សេចក្តីថ្លែងការណ៍ឲ្យដឹងថា៖ «ក្នុងការអនុវត្តន៍ គណៈកម្មការនឹងរក្សាសិទ្ធិក្នុងការកោះហៅ និងដាក់ទណ្ឌកម្មអ្នកសារព័ត៌មានណាមួយដែលសេចក្តីរាយការណ៍របស់គេធ្វើឲ្យរដ្ឋាភិបាលមិនសប្បាយចិត្ត»។
គណៈកម្មការនេះត្រូវបានបង្កើតឡើង៣ថ្ងៃបន្ទាប់ពីមានកិច្ចពិភាក្សាមួយស្តីពី«ក្រមសីលធម៌ក្នុងការផ្សាយព័ត៌មានតាមហ្វេសប៊ុក» កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដែលកាលនោះរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចូលរួម ហើយលោកបានថ្លែងថាបច្ចុប្បន្ននេះ សមាគមសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា មិនទាន់ហ៊ានរិះគន់អ្នកកាសែតណា ដែលបំពេញការងារមិនគោរពតាមក្រមសីលធម៌វិជ្ជាជីវៈនៅឡើយទេ។ ការណ៍នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុកថាវាជាបញ្ហាមួយដែលធ្វើឲ្យអ្នកសារព័ត៌មាននៅតែប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈរបស់ពួកគេ ដោយសារពួកគេមិនខ្លាច។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ « មកដល់ឥឡូវយើងឃើញសមាគមមានជាង៥០មែន។ តើមានសមាគមណាមួយហ៊ានថ្កោលទោសអ្នកកាសែតយើងដែលសរសេរខុសវិជ្ជាជីវៈទេ? អត់មានសមាគមណាមួយហ៊ានទេ។ ហ្នឹងដែលជាចំណុចខ្សោយដែលធ្វើឲ្យអ្នកកាសែតមួយចំនួនចេះតែរសាត់ រង្រ្កៀកចេញពីផ្លូវល្អរបស់យើង»។
ចំណែកសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ) ក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៩ ខែសីហា ដោយបង្ហាញក្តីបារម្ភដូចគ្នាថាយន្តការពិនិត្យមើលក្រមសីលធម៌នេះអាចត្រូវបានប្រើប្រាស់ ដើម្បីបំភិតបំភ័យអ្នកកាសែត និងបំបិទការរិះគន់នៅក្នុងប្រទេស។
អង្គការជំរុញឲ្យទម្លាក់ចោលយន្តការនេះ និងធានាថាមានភាពជាតំណាងរបស់អ្នកសារព័ត៌មានក្នុងការបង្កើតគំនិតផ្តួចផ្តើមលើក្រមសីលធម៌ណាមួយនៅក្នុងប្រទេស។ អង្គការបន្ថែមថាគណៈកម្មការក្រមសីលធម៌ណាមួយដែលដឹកនាំដោយរដ្ឋាភិបាល និងអ្នកនយោបាយ ជា«ការប្រមាថមួយ»ទៅលើសារព័ត៌មានឯករាជ្យ និង«បង្ហាញការយល់ខុសយ៉ាងច្បាស់មួយនៃតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យមួយ»។
បើតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន សមាសភាពនៃគណៈកម្មការនេះ មានមន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មានចំនួន១០នាក់ និងប្រធានសមាគមអង្គការការពារអ្នកសារព័ត៌មានចំនួន៥ស្ថាប័ន ដែលរួមមានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្លឹបអ្នកកាសែតកម្ពុជា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ និងសមាគមកម្ពុជាការពារអ្នកកាសែត។ កិច្ចប្រជុំនេះគណៈកម្មការនេះ អាចដំណើរការទៅបាន លុះត្រាតែសមាជិកមានចំនួនពីរភាគបីនៃសមាជិកសរុបរបស់គណៈកម្មការ។ ចំណែកការសម្រេចរបស់អង្គប្រជុំដែលអាចយកជាការបាន លុះត្រាតែមានសំឡេង៥០បូក១នៃសមាជិករបស់អង្គប្រជុំ។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចាដែលបានចូលរួមជាសមាជិកនៃគណៈកម្មការនេះ បានថ្លែងថាកន្លងទៅមានការរិះគន់ច្រើនលើការអនុវត្តការងាររបស់អ្នកសារព័ត៌មានមួយចំនួន ដែលមិនគោរពតាមក្រមសីលធម៌ត្រឹមត្រូវ។ លោកយល់ថាការបង្កើតគណៈកម្មការជារឿងសំខាន់មួយ ដើម្បីធ្វើការងារលើកសរសើរ និងអប់រំបណ្តុះបណ្តាលអ្នកសារព័ត៌មានដែលទើបប្រឡូកការងារនេះ។ លោកជំរុញឲ្យមានការធានាអំពីភាពស្មើគ្នានៃសមាជិកក្នុងគណៈកម្មការ ដើម្បីកុំឲ្យមានឥទ្ធិពលណាមួយពីក្រសួងព័ត៌មាន។
លោក ណុប វី បន្ថែមថាវាគួរតែមានការពិនិត្យមើលលក្ខខណ្ឌតួនាទីភារកិច្ចរបស់គណៈកម្មការនេះ ដើម្បីធានាកុំឲ្យមានការប្រើប្រាស់ឥទ្ធិពលរបស់ក្រសួងព័ត៌មាន។
លោកបន្ថែមថា៖ «ហើយបើសិនជាវាពិតជាមានបញ្ចូលនូវចំណុចមួយចំនួនដែលធ្វើឲ្យមានការព្រួយបារម្ភទៅដល់ការប្រើឥទ្ធិពលរបស់ក្រសួង របស់រដ្ឋាភិបាលទៅក្នុងគណៈកម្មការហ្នឹង អាហ្នឹងហើយគឺជាអ្វីដែលអង្គការសង្គមស៊ីវិល អង្គការអ្នកសារព័ត៌មានដែលគេកំពុងតែលើកពីការព្រួយបារម្ភ ខ្ញុំគិតថាវាអត់ខុសទេ»។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានថ្លែងប្រាប់វីអូអេថាលោកនៅតែមានចម្ងល់នៅឡើយចំពោះការអនុវត្តជាក់ស្តែងរបស់គណៈកម្មការមួយនេះ ដោយសារកន្លងទៅអ្នកសារព័ត៌មានឯករាជ្យត្រូវបានចោទប្រកាន់ថាជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល។
លោកថ្លែងថា៖ «ដោយសារតែគេទើបតែបង្កើតហើយយើងហាក់ដូចជាលឿនពេកក្នុងការវាយតម្លៃ។ គ្រាន់តែថាតាមការសង្កេតយើងកន្លងមក យើងឃើញថាជាពិសេសយន្តការរបស់ក្រសួងកន្លងមកដែលគាត់បានចេញហ្នឹង ហាក់ដូចជាមិនសូវគាំទ្រច្រើនដល់អ្នកសារព័ត៌មានឯករាជ្យទេ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន និងជាសមាជិកមួយរូបនៃគណៈកម្មការនេះ បានថ្លែងថាការបារម្ភនិងរិះគន់ពីក្រុមអង្គការអន្តរជាតិ និងក្រុមសិទ្ធិមនុស្ស គឺមានបំណង«រារាំង»ដំណើរការអនុវត្តតួនាទីនិង«មិនយល់អំពីតួនាទីពិតប្រាកដ»នៃគណៈកម្មការនេះ។ លោកបន្ថែមថាការដាក់វិន័យទៅលើអ្នកសារព័ត៌មានដែលអនុវត្តខុសវិជ្ជាជីវៈ«មិនមែនជាការរឹតត្បិត ឬក៏ដាក់បន្ទុក ឬក៏គាបសង្កត់»នោះទេ។
លោកថ្លែងថា៖ «ហើយខ្ញុំយល់ឃើញថាការលើកឡើងរបស់ក្រុម ឬក៏អង្គការសង្គមស៊ីវិលមួយចំនួននោះ គ្រាន់តែជាការយកចិត្តរាទឹក បានន័យថាសុភាសិតខ្មែរមួយថាមិនជួយចូកជួយចែវ បែរជាយកជើងរាទឹកទៅវិញ។ គាត់មិនទាន់ទាំងយល់ មិនទាន់ទាំងឃើញអំពីសកម្មភាពរបស់គណៈកម្មការហ្នឹងតើគេនឹងអនុវត្តតួនាទីភារកិច្ចរបស់គេយ៉ាងដូចម្តេចផង គាត់បែរជាវាយតម្លៃ សម្តែងនូវការព្រួយបារម្ភ»។
ទាក់ទងនឹងចំនួនសមាជិកច្រើនដែលសុទ្ធតែជាមន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មិនបានបកស្រាយ ដោយស្នើឲ្យរង់ចាំមើលការអនុវត្តន៍ការងាររបស់គណៈកម្មការទៅតាមករណីជាក់ស្តែងជាមុនសិន។
លោក ឃុត សុគន្ធ អាយុ៣៣ឆ្នាំ ដែលធ្វើការជាអ្នកសារព័ត៌មានតាំងពីឆ្នាំ២០១៤នៅវិទ្យុសំឡេងប្រជាធិបតេយ្យ VOD បានថ្លែងថាលោកធ្លាប់ត្រូវបានគំរាមកំហែង នៅពេលចុះទៅយកព័ត៌មានទាក់ទងនឹងការតវ៉ារបស់ប្រជាពលរដ្ឋរឿងដីធ្លី និងបញ្ហាអយុត្តិធម៌ផ្សេងៗ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ លោកបារម្ភថាគណៈកម្មការនេះអាចរិះគន់អត្ថបទរបស់លោក និងការចុះយកព័ត៌មានរបស់លោក ហើយឈានទៅសម្រេចអ្វីមួយ ដែលលោកមិនអាចទុកចិត្តបាន ដោយសារសមាសភាពនៃគណៈកម្មការ មានសុទ្ធតែជាមន្រ្តី មិនមែនអ្នកកាសែតឯករាជ្យដែលមិនមានទំនោរទៅរដ្ឋាភិបាល។
លោកប្រាប់វីអូអេថា៖ «បើយកអត្ថបទរបស់យើងទៅពិនិត្យមើល យើងបារម្ភដែរ បើសិនជាក្នុងគណៈកម្មការហ្នឹង អត់មានអ្នកសារព័ត៌មានឯករាជ្យចូលជាសមាជិក»។
គួរបញ្ជាក់ថាកាលពីកន្លងទៅ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ធ្លាប់បានស្នើសុំគោលការណ៍ពីក្រសួងព័ត៌មាន ដើម្បីចាត់វិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មានមួយចំនួន ដែលអាជ្ញាធរថា«គ្មានវិជ្ជាជីវៈផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អាជ្ញាធរ»។
ឆ្លើយតបនឹងការស្នើសុំនេះ ក្រសួងព័ត៌មានបានទទួលឯកភាព និងអះអាងថាអ្នកសារព័ត៌មានមិនមានសិទ្ធិចូលទៅក្នុងតំបន់ហាមឃាត់របស់អាជ្ញាធរឡើយ។ ក្រសួងបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី២ ខែកក្កដាថាអាជ្ញាធរអាចចាត់វិធានការតាមនីតិវិធីច្បាប់ដោយពុំចាំបាច់ស្នើសុំគោលការណ៍ចាត់វិធានការពីក្រសួងព័ត៌មានឡើយ៕