ក្រុមសកម្មជនសហគមន៍ខ្មែរនៅក្រៅប្រទេសបានទទូចជាថ្មីដល់ពលរដ្ឋនិងអ្នកនយោបាយគ្រប់មជ្ឈដ្ឋានឲ្យធ្វើសកម្មភាពរួមគ្នាកាន់តែខ្លាំងដើម្បីជួយលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ការអំពាវនាវនេះធ្វើឡើងតាមរយៈសន្និសីទតាមអនឡាញដែលរៀបចំដោយមហាសនិ្នបាតកំពូលខ្មែរឯនាយសមុទ្រកាលពីចុងខែកក្កដាដើម្បីពិនិត្យមើលកិច្ចការដែលត្រូវធ្វើក្នុងរយៈ ពេល១០ឆ្នាំទៅមុខទៀតដោយ ផ្តោតលើ«ទុក្ខភ័យន្តរាយនិងការស្រោចស្រង់»។ ក្រុមសកម្មជនដែលនៅសហរដ្ឋអាមេរិកនិងបារាំងបានបង្ហាញពីការព្រួយបារម្ភចំពោះការដើរថយក្រោយនៃសិទ្ធិមនុស្សនៅកម្ពុជានិងបានឈានទៅដល់ការគ្រប់គ្រងឯកបក្សដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងកាលពីខែតុលាឆ្នាំ១៩៩១ដែលធានាឲ្យមានរបបនយោបាយពហុបក្សនិងការគោរពសិទ្ធិមនុស្ស។
សកម្មជនយល់ឃើញថាបច្ចុប្បន្នមានយន្តការច្បាប់ជាច្រើនដែលក្រុមអ្នកតស៊ូមតិអាចយកមកប្រើប្រាស់បានក្នុងនោះមានច្បាប់អន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័នដែលមានដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលជាការបន្ថែមទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងច្បាប់ម៉ានីតស្គីដែលសហរដ្ឋអាមេរិកទើបបានអនុម័តកាលពីឆ្នាំ២០១២និងបានយកមកប្រើដើម្បីដាក់ទណ្ឌកម្មដោយផ្ទាល់លើបុគ្គលនិងមន្ត្រីរដ្ឋាភិបាលណាដែលបានរំលោភសិទ្ធិមនុស្ស។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានហៅយន្តការច្បាប់អន្តរជាតិដែលមាននេះថាជា«កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បូក» ឬ PPA plus។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានថ្លែងប្រាប់កិច្ចប្រជុំថា៖ «ឥឡូវនេះពួកយើងសមាគមមួយក្រុមធំបានយល់ថា PPA plus។ PPA plus គឺថាពួកយើងអាចប្រើជាឧបករណ៍។ក្រៅពី PPA បូកនឹងសន្ធិសញ្ញាអន្តរជាតិផ្សេងៗទៀតហើយនឹងច្បាប់ផ្សេងៗទៀតរួមគ្នាទៅដើម្បីជួយដោះស្រាយបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅស្រុកខ្មែរ។ ម្ល៉ោះហើយយើងមានឧបករណ៍ច្រើន»។
ទន្ទឹមគ្នានោះដែរសកម្មជនក៏បានលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជាត្រូវអប់រំខ្លួនដោយស្វែងយល់ពីច្បាប់ជាតិនិងអន្តរជាតិទាំងនេះផងដែរ។
លោក យ័ប គឹមទឹង បានបន្ថែមទៀតថា៖ «យើងត្រូវដឹងអំពីសេចក្តីប្រកាសជាសាកលអំពីសិទ្ធិមនុស្សហើយនឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយឲ្យបានច្បាស់លាស់។ បើគិតទៅច្បាប់នេះវាមិនមែនប៉ុន្មានទេគឺមួយៗប្រហែល៧ទំព័រទេ។ យើងយកទៅ ពេលគេរំលោភសិទ្ធិយើងយើងដឹង»។
ការអនុវត្តនយោបាយកម្ពុជាបានដើរថយក្រោយចាប់តាំងពីឆ្នាំ២០១៧នៅពេលដែលគណបក្សកាន់អំណាចបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅចុងឆ្នាំនោះនិងបានចាប់ប្រធានគណបក្សដាក់ពន្ធនាគារដែលនាំឲ្យមន្ត្រីនិងសកម្មជនថ្នាក់មូលដ្ឋានជាច្រើនរត់ភៀសខ្លួនទៅរស់នៅក្រៅប្រទេស។ សកម្មជននយោបាយអ្នកសារព័ត៌មាននិងសកម្មជនសហជីពមួយចំនួនត្រូវបានចាប់ដាក់ពន្ធនាគារដោយសារតែការរិះគន់រដ្ឋាភិបាល។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានគ្រប់គ្រងរដ្ឋសភាទាំងស្រុងបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៨ដោយគ្មានគូប្រជែងដែលមានសក្តានុពល។
មាត្រាទី១៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធានាឲ្យមានការគោរពនិងអនុវត្តសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានតាមសេចក្តីប្រកាសជាសាកលនៃសិទ្ធិមនុស្សហើយប្រទេសហត្ថលេខីត្រូវជួយធានាឲ្យមានការអនុវត្តត្រឹមត្រូវដោយរារាំងមិនឲ្យមានការរំលោភសិទ្ធិមនុស្សឡើងវិញដូចក្នុងអតីតកាលដែលកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់ប្រទេសវៀតណាមនិងរបបខ្មែរក្រហមដែលចិនគាំទ្រ។
ប៉ុន្តែការវិវត្តន៍ចុងក្រោយនេះធ្វើឲ្យក្រុមសកម្មជនយល់ថាក្តីសង្ឃឹមលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបើកចំហប្រទេសកម្ពុជាឲ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានក្លាយជាក្តីស្រម៉ៃមួយប៉ុណ្ណោះ។
លោក ខ្ចៅ សុផល អ្នកសង្កេតការណ៍ឯករាជ្យថ្លែងប្រាប់កិច្ចប្រជុំថា៖ «បើយើងមើលព្រឹត្តិការណ៍តាំងពីឆ្នាំ២០១៧មកដែលមានការបំបិទអង្គការប្រជាធិបតេយ្យដូចជាអង្គការ NDI បំបាត់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបំបាត់បក្សប្រឆាំងរហូតដល់អាចត្រួតត្រាជាឯកបក្សយើងអាចសន្និដ្ឋានថាប្រទេសយើងកំពុងធ្វើដំណើរឆ្ពោះទៅរបបផ្តាច់ការហើយ»។
ក្នុងរយៈពេលជិត៣០ឆ្នាំនេះមានករណីឃាតកម្មជាបន្តបន្ទាប់ដែលមានជនរងគ្រោះជាមេដឹកនាំសហជីពអ្នកវិភាគនយោបាយអ្នកការពារបរិស្ថាននិងតារាចម្រៀងជាដើម។ ប៉ុន្តែអាជ្ញាធរកម្ររកឃើញឃាតករពិតប្រាកដមកផ្តន្ទាទោសណាស់។ នេះបើតាមការកត់សម្គាល់របស់ក្រុមអ្នកចូលរួមកិច្ចប្រជុំ។
លោក ខ្ចៅ សុផល យល់ថាក្នុងខណៈពេលនេះដែររដ្ឋាភិបាលកម្ពុជាកំពុងធ្វើសង្គ្រាមប្រឆាំងនឹងការបញ្ចេញមតិដោយមានការធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលហើយអ្នកសារព័ត៌មានគ្រាន់តែយកសម្តីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអំពីវិធានការក្នុងពេលមានជំងឺកូវីដ១៩មកផ្សាយដោយមិនបានធ្វើឲ្យលោកសប្បាយចិត្តក៏ត្រូវចាប់ដាក់គុកផងដែរ។
លោក ខ្ចៅ សុផល បានបន្ថែមថា៖ «ការចាប់ស្រដៀងសម័យប៉ុល ពតដែរព្រោះយើងជាអ្នករងគ្រោះដឹងយើងមិនដឹងថ្ងៃណានឹងដល់វេនយើង»។
សកម្មជនសហគមន៍យល់ថាពេលវេលាជិតអស់ហើយក្នុងការជួយប្រទេសកម្ពុជាឲ្យវិលមកដើរតាមផ្លូវប្រជាធិបតេយ្យវិញ។ ពួកគេស្នើឲ្យសហគមន៍ខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសធ្វើសកម្មភាពព្រមៗគ្នាដើម្បីជួយដល់សកម្មជននានាដែលបានក្រោកឈរឡើងដើម្បីការពារសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យនិងធនធានធម្មជាតិនៅកម្ពុជា។
លោក ហាស់ សារ៉េន អតីតសមាជិកព្រឹទ្ធសភានៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចដែលបច្ចុប្បន្នរស់នៅរដ្ឋវ៉ាស៊ីនតោនបានស្នើសុំដល់ថ្នាក់ដឹកនាំគណបក្សនយោបាយក្នុងប្រទេសកម្ពុជាដែលអះអាងថាគាំទ្រគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សគួរហ៊ានក្រោកឈរឡើងនិងបញ្ចេញមតិដើម្បីការពារសកម្មជននានាដែលរងទុក្ខបុកម្នេញពីរដ្ឋាភិបាលកម្ពុជា។ លោក សារ៉េនបានរិះគន់ថារាល់ការតវ៉ាកន្លងមកនិងការធ្វើបាបជនរងគ្រោះកម្រមានគណបក្សនយោបាយណាចេញសេចក្តីថ្លែងការណ៍ឬធ្វើសកម្មភាពគាំទ្រពួកគេណាស់។
លោក ហាស់ សារ៉េន បានបន្ថែមថា៖ «កន្លែងទាំងនេះហើយដែលបង្ហាញឲ្យឃើញថាយើងជាខ្មែរខ្វះការសាមគ្គីរួបរួមជាកម្លាំងដើម្បីការពារអធិបតេយ្យរបស់យើងសេរីភាពរបស់យើង។ កន្លែងនេះហើយដែលធ្វើឲ្យរដ្ឋាភិបាលសព្វថ្ងៃគាត់អាចធ្វើអ្វីក៏បានដែរ»។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២០ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅជុំវិញពិភពលោកដែលទើបចេញផ្សាយនៅចុងខែមីនាឆ្នាំនេះបានបង្ហាញថារដ្ឋាភិបាលកម្ពុជាមិនបានគោរពសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធីទេ។ រីឯក្រុមអង្គការសង្គមស៊ីវិលនៅតែត្រូវបានរឹតត្បិតដោយមិនអាចបញ្ចេញមតិយោបល់បានដោយសេរីទេជាពិសេសក្រុមណាដែលរដ្ឋាភិបាលជឿថាពាក់ព័ន្ធនឹងនយោបាយប្រឆាំង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរាយការណ៍ដោយដកស្រង់របាយការណ៍របស់អង្គការសិទ្ធិមនុស្សនានាថាក្នុងឆ្នាំ២០២០ប្រទេសកម្ពុជាមានអ្នកទោសឬអ្នកជាប់ឃុំនយោបាយយ៉ាងហោចណាស់ចំនួន៤០នាក់ក្នុងនោះចំនួន២៣នាក់ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ អ្នកគាំទ្រគណបក្សប្រឆាំងជាង៨០នាក់ដែលចាប់ខ្លួនក្នុងឆ្នាំ២០១៩ត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្រោយពីត្រូវចោទប្រកាន់ប៉ុន្តែអាចនឹងត្រូវចាប់ខ្លួនវិញពេលណាក៏បាន។ ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានឲ្យដឹងថាក្នុងចំណោមការជួបជុំតវ៉ាចំនួន១៨៥ក្នុងឆ្នាំកន្លងទៅនេះគឺអាជ្ញាធរបានរឹតត្បិតចំនួន៥៣និងបញ្ឈប់ចំនួន២១។
ប៉ុន្តែស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវបានចោទថាបាតុកម្មមួយចំនួនគឺធ្វើឡើងដោយខុសច្បាប់និងចាត់ទុកថាគឺជា«បាតុកម្មស៊ីឈ្នួល»ដើម្បីដាក់សម្ពាធលើប្រព័ន្ធតុលាការឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈនិង«ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី»ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ។នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មបានប្រាប់ដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិថាកាលពីដើមខែកក្កដា។
សកម្មជនសហគមន៍ខ្មែរនៅក្រៅប្រទេសក៏បានស្នើឲ្យគណបក្សនយោបាយនានាបញ្ចូលគោលការណ៍សិទ្ធិមនុស្សទៅក្នុងកម្មវិធីនយោបាយផងដែរ។
លោក យ័ប គឹមទឹង នៃសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានបន្ថែមថា៖ «បើអ្នកខ្លះទៅបង្កើតជាគណបក្សអីចឹងសូមដាក់គោលការណ៍គោរពសិទ្ធិមនុស្សចូលក្នុងគោលការណ៍នយោបាយផងដែរដើម្បីឈ្នះឆ្នោត»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិកបានថ្លែងថាបរិយាកាសនយោបាយដូចបច្ចុប្បន្នពិបាកធ្វើឲ្យគណបក្សក្នុងប្រទេសកម្ពុជាហ៊ានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។ ប៉ុន្តែគណបក្សប្រឆាំងនេះនឹងបន្តជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អេង ឆៃអ៊ាង បានបន្ថែមថា៖ «យើងនឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាមានប្រជាធិបតេយ្យឡើងវិញមានការគោរពសិទ្ធិមនុស្សឡើងវិញស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ដូចជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ អីចឹងទោះបីជាយើងធ្វើពីខាងក្រៅមិនមានប្រសិទ្ធភាពខ្លាំងក៏ដោយក៏ប៉ុន្តែយើងមានជំនឿថានៅពេលមួយប្រទេសកម្ពុជានឹងប្រែប្រួលផ្លាស់ប្តូរ»។
គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា (HR 4686) កាលពីចុងខែកក្កដាដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដែលបានធ្វើឲ្យខូចខាតលទ្ធិប្រជាធិបតេយ្យ។ លោក Steve Chabot សមាជិករដ្ឋសភានៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Ohio និងជាអ្នកស្នើសេចក្តីព្រាងច្បាប់នេះឡើងបានចាត់ទុកថាទង្វើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ទុយនឹងអ្វីដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕