ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​យ៉ាង​តិច​១០​គ្រួសារ​រុះ​រើ​ផ្ទះ​ចេញ​ពី​តំបន់​​ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន​ក្នុង​ពេល​មួយ​សប្តាហ៍ ដោយ​មិន​ផ្តល់​សំណង


អាជ្ញាធរ​ប្រើ​គ្រឿង​ចក្រ​វាយ​កម្ទេច​ផ្ទះ​ថ្ម​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
អាជ្ញាធរ​ប្រើ​គ្រឿង​ចក្រ​វាយ​កម្ទេច​ផ្ទះ​ថ្ម​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ឲ្យ​ប្រជា​ពលរដ្ឋរស់​នៅ​តំបន់ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន​រុះរើ​ផ្ទះចេញ ដោយ​ទុក​រយៈ​ពេល​១​សប្តាហ៍ ​ដែល​ពលរដ្ឋ​អះអាង​មិន​មាន​ការ​ផ្តល់​សំណង​អ្វី​នោះ​ទេ។

អាជ្ញាធរ​ក៏​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់ និង​រដ្ឋ​បាល​លើ​ប្រជាពលរដ្ឋ​ផង​ដែរ ប្រសិន​បើ​ពួកគេ​មិន​ព្រម​ចាក​ចេញ។ ការ​ឲ្យ​រុះ​រើ​ផ្ទះ​នេះ​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា​ពួកគេ​មាន​ការលំបាកយ៉ាង​ខ្លាំង​ទៅ​រក​ទី​តាំង​ថ្មីរស់​នៅខណៈ​ពួកគេ​មាន​ការខ្វះ​ខាត​ផ្នែកសេដ្ឋ​កិច្ច​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩។

លិខិត​ចំនួន​១០​ចេញ​ដោយ​សាលា​ខណ្ឌ​មាន​ជ័យ ​ចុះ​ថ្ងៃ​ទី៦ ខែ​សីហា​ដូច​គ្នា បាន​បង្ហាញ​ឈ្មោះ​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​១០​គ្រួសារ ដោយ​បញ្ជា​ឲ្យរុះ​រើ​សំណង់​ដែល​សាង​សង់​នៅ​ក្នុង​បឹង​តូច ស្ថិត​ក្នុង​បឹង​ទំពុន​ទី១ ខណ្ឌ​មាន​ជ័យ ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍។ ប៉ុន្តែ​ប្រជា​ពល​រដ្ឋទើប​តែ​ទទួល​បាន​លិខិត​នេះ ២​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា។

អាជ្ញាធរ​បាន​អះអាង​ថា​វា​ជា​ការ​រំលោភ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ហើយ​ដើម្បី​រក្សា​ស្ថាន​ភាព​ផ្ទៃ​បឹង ដែល​ជា​អាង​ស្តុក​ទុក​ទឹក​ក្នុង​ការ​កាត់​បន្ថយ​ការ​លិច​លង់​នារដូវ​វស្សា។ នេះ​យោ​ង​តាម​តាម​លិខិត​របស់​សាលា​ខណ្ឌ​មានជ័យ។

លិខិត​នោះ​ឲ្យ​ដឹង​ថា៖ «ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ​ខាង​លើ​នេះ​ទេ រដ្ឋបាល​ខណ្ឌ​មាន​ជ័យ​នឹង​ចាត់​វិធាន​ការ​រដ្ឋបាល និង​វិធានការ​ច្បាប់​បញ្ជូន​ទៅ​តុលាការ​»។

កាល​ពីព្រឹក​ថ្ងៃ​១១ ខែ​សីហា​នេះ អាជ្ញាធរក៏​បាន​ចាប់​ផ្តើម​ប្រើ​គ្រឿង​ចក្រ​ក្នុង​ការ​វាយ​កម្ទេច​ផ្ទះ​មួយ​ចំនួន ក៏​ដូចសំណង់​រឹង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ។

ប្រជា​ពលរដ្ឋ​ជាង​១០​នាក់ដែល​រស់​នៅ​ទីនោះ​បាន​ឈរ​មើល​ការ​វាយ​កម្ទេចរបស់​អាជ្ញាធរ ដោយ​ពុំ​បាន​ចេញ​ហាម​ឃាត់​នោះ​ទេ។ ម្នាក់​ៗ​មាន​ទឹក​មុខ​ស្រពោន ហាក់​បី​ដូច​ជា​គ្មាន​សង្ឃឹម និង​អះអាង​ថា​មិន​មាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ​សម្រាប់​ពួកគេ​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​ដែល​មាន​ផ្ទះ​ថ្ម​ជាប់​បឹង​ទំពុន​ លោក​ សារី វណ្ណដា អាយុ​៣៤​ឆ្នាំ ដែល​ផ្ទះ​មិន​ទាន់​ត្រូវ​បាន​កម្ទេច បាន​ប្រាប់​អ្នក​សារព័ត៌មាន ​VOA ​ថា ​លោកព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​លោកបាន​ទទួល​លិខិត​ឲ្យ​រុះ​រើផ្ទះ ដោយ​ទុក​ពេល​មួយ​សប្តាហ៍​។ លោក​បញ្ជាក់​ថា​លោក​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ដែលត្រូវ​ចេញ​ទៅរក​លុយ​ ដើម្បី​ដោះ​ស្រាយ​ជីវភាព​ក្នុង​គ្រួសារ ដែល​មាន​ភរិយា និង​កូន​ក្នុង​បន្ទុក និង​ត្រូវ​ព្យាបាល​ម្តាយ​ដែល​កំពុង​តែ​ឈឺ​ធ្ងន់។ ចំណែក​ភរិយា​របស់​លោក​ក៏​ជិត​គ្រប់​ខែ​សម្រាល​កូន​មួយ​ទៀត។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​សំណង​ជូន​ប្រជា​ពល​រដ្ឋ​។

​លោក​ថ្លែង​ថា​៖ «ខ្ញុំ​មាន​តែឱប​ជញ្ជាំង​នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង ដើម្បី​ការ​ពារ​ទ្រព្យ​សម្បត្តិ​ខ្លួនឯង​ប៉ុណ្ណឹង​ ពីព្រោះ​អី​ខ្ញុំ​អស់​ទី​ពឹង​ហើយ​។ បើ​ខ្ញុំ​ទៅ​ណា​ទៀត ​បើ​ខ្ញុំ​អស់​កន្លែង​ទៅ​ហើយ ហើយ​ណា​មួយ​រាជ​រដ្ឋាភិបាល​ក៏​អត់​មាន​ដំណោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង តើ​ឲ្យ​ខ្ញុំ​ទៅ​រស់​នៅ​[បែប]​ម៉េច​»។

លោក​បន្ថែម​ថា​៖ «ខាង​មុខ​ខ្ញុំ​គេ​អត់​មាន​វាយ​ទេ គេ​ខ្វៀល​ឲ្យ​ខាង​មុខ​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ទល់​មុខ​គ្នា​ហេតុ​អ្វី​ខ្វៀល​ម្ខាង​អត់​ម្ខាង...ផ្ទះ​ទល់​មុខ​គ្នា​ទេ ហើយ​សំណង់​រឹង​ដូច​គ្នា​ទៀត​ ហេតុ​អី​បាន​គេ​ខ្វៀល​ម្ខាង​ហើយម្ខាង​ទៀត​អត់​ខ្វៀល​ឲ្យ...។ ខ្ញុំ​អត់​យល់​ហេតុ​អ្វី​បាន​ជា​ប្រជា​ជន​ក្រីក្រ​បាន​ជា​ជួប​ទុក​លំបាក​បែប​ហ្នឹង លំបាក​គ្រប់​បែប​យ៉ាង​ហើយ​គេ​អត់​ខ្វៀល​ឲ្យ​យើង ហើយ​ទល់​មុខ​គ្នា​ម្ខាង​បាន​ម្ខាង​អត់!​»។

ចំណែក​បុរស​ម្នាក់​ទៀត​ឈ្មោះ សូ សារាយ ​អាយុ​៤២​ឆ្នាំ ដែល​រស់​នៅ​ក្បែរ​គ្នា​ជាមួយ​លោក សារី វណ្ណដា ដែរ​នោះ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ VOA ថា លោក​រស់​នៅ​តំបន់​នេះយូរ​ណាស់​មក​ហើយ ដោយ​ដី​នេះ​ក៏​ជា​កេរ​ម្តាយ ដែល​លោក​ថា​បាន​ទិញ​តាំង​ពី​ឆ្នាំ​១៩៩១។ លោក​បាន​ធ្វើ​ផ្ទះ​ថ្ម​រួច​រាល់​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ដោយ​លោក​បាន​យក​ប្លង់​ដី​ទៅ​ខ្ចី​ធនាគារ​ថែម​ទៀត​ផង ប៉ុន្តែ​លោក​មាន​ការ​ងឿង​ឆ្ងល់​ថា​មក​ដល់​ឆ្នាំ​នេះ​គេ​ចេញ​លិខិត​ឲ្យ​លោក​រុះ​រើ​ផ្ទះ​ចេញ​ទៅ​វិញ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​គាត់​ខ្វៀល​ឲ្យ​ផ្ទះ​ខ្ញុំ​រស់​នៅ​ពីព្រោះ​ខ្ញុំ​អាស្រ័យ​ផល​ជាក់​ស្តែង​ហើយ ខ្ញុំ​ធ្វើ​[ផ្ទះ]តាំង​ពី​២០០៩មក​...។ កាលពី​២០០៩​ ខ្ញុំ​ផ្ទះ​ខ្ទម​ទេ​ ដោយ​សារ​ពួក​ខ្ញុំ​ក្រ​ ពេល​បន្ទាប់​មក​ទៀត​បាន​ពួកខ្ញុំ​មាន​ការ​បែង​ចែក​ដី​ជា​ប្លុក​ៗ​បង​ប្អូន​ខ្ញុំ​ទាំង​អស់​ហ្នឹង បាន​ខ្ញុំ​យក​ដី​ទៅ​បញ្ចាំ​ធនាគារ​ ដើម្បី​យ​ក​លុយ​មក​ធ្វើ​ផ្ទះ​ថ្ម​ដើម្បី​រស់​នៅ​។ ២០១៧​ ខ្ញុំ​បាន​ធ្វើ​ផ្ទះថ្ម​ហើយៗ ពេល​ឥឡូវ​អនុក្រឹត្យ​គេ​ចេញ​២០១៨ [ហើយ​ដល់] ២០២១ គេ​ឲ្យ​យើង​វាយ​ផ្ទះ​ហ្នឹង​ចោល​បណ្តោយ​»។

លោក​បញ្ជាក់​ទៀត​ថា​ប្លង់​ដីរបស់​លោក​ក៏​ត្រូវ​បាន​លោក​ចៅ​សង្កាត់​ទទួល​ស្គាល់ និង​បោះត្រា​ឲ្យ​លោក​ខ្ចី​លុយ​ពី​ធនាគារ​ផង​ដែរ។

ចំណែក​អ្នក​ស្រី​ ហ៊ុន ម៉ា​រ៉ាន ​ដែល​មាន​ដី​នៅ​តំបន់​នោះ ថ្លែង​ថា​ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បន្ត​ការ​រុះរើ​ និង​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ទី​កន្លែង​នោះ វា​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់សម្រាប់​អ្នកស្រី ដោយ​សារ​តែ​ត្រូវ​សង​បំណុល​ធនាគារ និង​ត្រូវ​រក​ចំណូល​ផ្គត់​ផ្គង់​ជីវភាព និង​ការ​សិក្សា​របស់​កូន​ស្រី។

អ្នកស្រី​ថ្លែង​ថា៖ «​ខ្ញុំ​ជំពាក់​ធនាគារ​គេ​ដែរ​ អញ្ចឹង​ យើង​សន្សំ​លុយ​បាន​តិច​តួច​មក​ទិញ​នៅ​កន្លែង​ហ្នឹង​អញ្ចឹង​ទៅ ហើយ​ដល់​ពេល​ឥឡូវ​យើង​អត់​ទាន់​សង​លុយ​គេ​រួច​អញ្ចឹង​ យើង​នៅ​ជំពាក់​គេ​ ហើយ​ដី​ក៏​អស់​ផ្ទះ​ក៏​អស់។ ខ្ញុំ​អត់​ដឹង​ថា​ទៅ​នៅ​ឯណា​ទៀត​អញ្ចឹង»។

ប្រជាពលរដ្ឋ​ឈរ​មើល​សមត្ថកិច្ច​ប្រើ​គ្រឿង​ចក្រ​វាយ​កម្ទេច​ផ្ទះ​ថ្ម​របស់​ប្រជាពលរដ្ឋ​ នៅ​តំបន់​ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ នៅ​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ​២០២១។ (លាស់ លីបលីប/វីអូអេ)
ប្រជាពលរដ្ឋ​ឈរ​មើល​សមត្ថកិច្ច​ប្រើ​គ្រឿង​ចក្រ​វាយ​កម្ទេច​ផ្ទះ​ថ្ម​របស់​ប្រជាពលរដ្ឋ​ នៅ​តំបន់​ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ នៅ​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ​២០២១។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី​បន្ត​ទាំង​សំឡេង​សោះ​ក​ក្រោះ​ជាមួយ​ទឹក​មុខសោក​សៅ ដោយ​អំពាវ​ទៅ​ដល់​អាជ្ញាធរ និង​រដ្ឋាភិបាល​រកដំណោះ​ស្រាយ​ដល់​រូប​គាត់។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​មាន​តែ​សំណូម​ពរ​ឲ្យ​ពួក​គាត់​[អាជ្ញា​ធរ]​ខ្វៀល​ឲ្យ​ពួក​ខ្ញុំ​អញ្ចឹង​ទៅ​ណា​ ពីព្រោះ​ខ្ញុំ​គិត​ថា​បឹង​ស្តុក​ទឹក​ហ្នឹង​វា​ធំ​ដែរ​។ អញ្ចឹង​បើ​ខ្វៀល​ឲ្យ​ពួក​ខ្ញុំ​ទៅ​ ​ក៏ដូច​ជា​មិន​ប៉ះ​ពាល់​ខ្លាំង​ សម្រាប់​ពួក​គាត់​ធ្វើ​អាង​អី​អញ្ចឹង។ ពីព្រោះ​ឥឡូវ​ខ្ញុំ​អត់​ដឹង​ទៅ​ទីពឹង​អ្នក​ណា​ទេ មាន​តែ​សំណូម​ពរ​ទៅ​សម្តេច ហ៊ុន ​សែន ​ឲ្យ​គាត់​ជួយ​ដោះ​ស្រាយ​ឲ្យ​កូន​ចៅ​ផង ពី​ព្រោះ​កូន​ចៅ​អត់​មាន​ទី​ពឹង​ណា​ទៀត​ទេ»។

លោក ពេជ្រ កែវមុនី អភិបាល​ខណ្ឌ​មាន​ជ័យ ​បាន​ប្រាប់ ​VOA​ ថា​ការ​កំណត់​ថ្ងៃ​ឲ្យ​ប្រជាពលរដ្ឋ​រុះ​រើ​ចេញ​ពី​ដី​បឹង​ទំពុន​នេះ​ធ្វើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​កំណត់​ទៅ​តាមទំហំ​ផ្ទៃ​បឹង​នេះ។ លោក​បន្ត​ថា​ប្រជា​ពល​រដ្ឋ​ទាម​ទារ គឺ​ជា​តម្រូវ​ការ​របស់​ពួក​គាត់ ប៉ុន្តែ​រដ្ឋ​មិន​មាន​ផ្តល់​សំណង​អ្វី​ទៅ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ទេ ដោយ​លោក​ថា​ពួក​គេរស់​នៅ​លើ​ដី​របស់​រដ្ឋ។

លោក​ថ្លែង​ថា៖ «ជា​ធម្មតា​ទេ អាហ្នឹង​ប្រជា​ពលរដ្ឋ គាត់​មាន​ការ​ទាមទារ​ តម្រូវ​ការ​របស់​គាត់ ...ក៏​ប៉ុន្តែ​បញ្ជាក់​ជូន​ដែរ​ថា​អាង​ស្តុក​ទឹក​នេះ​ជា​អាង​ស្តុក​ទឹក​របស់​រដ្ឋ ហើយ​យើង​អនុវត្ត​ទៅ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គោល​ការណ៍​ណែ​នាំ​ផ្សេង​ទៀត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ និយាយរួម យើង​បាន​អនុវត្ត​ទៅតាម​អនុក្រឹត្យ​ផ្ទៃ​អាង​ហ្នឹង»។

អភិបាល​ខណ្ឌ​មាន​ជ័យ​រូប​នេះ​បន្ត​ថា​សមត្ថកិច្ច​នៅ​តែប្រើ​គ្រឿង​ចក្ររុះរើ​ជា​ធម្មតា ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​មិន​ព្រម​ចាក​ចេញ​ក៏​ដោយ​។

លោក​បន្ត​ថា៖ «ប្រសិន​ណា​គាត់​មិន​ចេញ គ្រឿង​ចក្រ​នៅ​តែ​បន្ត​ទៅ​មុខ​អញ្ចឹង​ ពីព្រោះ​ថា​គាត់​៣​ទៅ​៤​គ្រួសារ​ហ្នឹង គឺ​បង្ក​បញ្ហា​លំបាក​ដល់​អ្នក​ដទៃ​រាប់​ពាន់​រាប់​ម៉ឺន​គ្រួសារ​នោះ​ទេ [ព្រោះ​បឹង​នេះ​ជា​កន្លែង​ស្តុក​ទឹក​មាន​ផល​ប្រយោជន៍]​»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​ប្រាប់​VOA​ថា​ការ​អភិវឌ្ឍន៍​កន្លែង​ណា​មួយត្រូវ​តែ​មាន​ការ​សិក្សា​ពីផល​ប៉ះ​ពាល់ មាន​ការ​ចូលរួម​ និង​ផ្សាយ​ដំណឹង​ជា​មុន ដើម្បី​ឲ្យ​មាន​ការ​យល់​ស្រប និង​អាច​ឲ្យ​ប្រជា​ពល​រដ្ឋទទួល​បាន​ដំណោះ​ស្រាយ​សម​រម្យ​។ ហើយ​អាជ្ញាធរ​គួរ​តែ​ជូ​ន​ដំណឹង ​ក្នុងពេល​វេលា​មួយ​សម​រម្យ ដើម្បី​កុំ​ឲ្យ​បង្ក​ជា​ផល​លំបាក​ដល់​ប្រជា​ពលរដ្ឋ។

លោក​ថ្លែង​ថា៖ «អាជ្ញាធរ​គួរ​តែ​គិត​គូរ​ដែរ​ពី​ផល​ប្រយោជន៍​របស់​គាត់​ ប្រសិន​បើ​គាត់​រស់​នៅ​ និង​អាស្រ័យ​ផល​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ ហើយ​បើ​គាត់​មាន​គាត់​មាន​ឯកសារ​គ្រប់​គ្រាន់​ក្នុ​ង​ការ​ស្វែង​រក​ដំណោះ​ស្រាយ។ គួរ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​សម​ស្រប​សម្រាប់​ពួក​គាត់​មុន​ធ្វើ​ការ​អភិវឌ្ឍ។ ហើយ​រយៈ​ពេល​មួយ​សប្តាហ៍​នេះ​ជា​រយៈ​ពេល​ខ្លី​បំផុត ប្រសិន​បើ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទីនោះ​ ខ្ញុំ​គិត​ថា ពិបាក​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ ឬ​ក៏​ដោះ​ស្រាយ​សម្រាប់​ខ្លួន​គាត់»។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ២០១៨ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី លោក ស៊ូ ភិរិន្ទ បាន​ចេញ​សេចក្តី​សម្រេច​មួយ ដោយ​ផ្តល់​ដី​បឹង​ទំពុន​៣៥​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ព្រី​ខាស​ផ្លេន ​ដើម្បី​អភិវឌ្ឍ​ទៅ​ជា​តំបន់​ពាណិជ្ជកម្ម​ តំបន់​លំនៅដ្ឋាន​ និង​សួន​បៃ​តង​។ រដ្ឋាភិបាល​ក៏​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ត្រូវ​ដោះ​ស្រាយ​សំណង​ជូន​ប្រជា​ពលរដ្ឋ ​ដោយ​ផ្តល់តម្លៃ​២០ទៅ​៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដល់​ប្រជា​ពល​រដ្ឋ​។ ​

បើ​តាម​សេចក្តី​សម្រេច​នោះ​ ផ្ទៃ​ដី​បឹង​ទំពុន​ដែល​មាន​ការ​សាង​សង់​ជា​សំណង់​រឹងមាំ​យូរ​ឆ្នាំ រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ស្នើ​សុំ​រដ្ឋាភិបាល​ធ្វើ​ប្រទាន​កម្ម​ជូន​ប្រជា​ពលរដ្ឋ​ តាម​ស្ថាន​ភាព​នៃ​សំណង់​ជាក់ស្តែង ចៀស​វាង​កុំឲ្យ​មាន​ផល​ប៉ះ​ពាល់​លំនៅដ្ឋាន​របស់​ប្រជា​ពលរដ្ឋ៕

XS
SM
MD
LG