ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ី​សាអូឌីត​ប្រកាស​បង្កើត​សម្ព័ន្ធ​ភាព​ឥស្លាម​ដែល​មាន​សមាជិក​៣៤​ប្រទេសប្រឆាំង​​ភេរវកម្ម


រូបឯកសារ៖ រូបថត​របស់​ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត បង្ហាញ​ពីកងកម្លាំងថ្មើរជើង​របស់​អារ៉ាប៊ីសាអូឌីត និង​កងកម្លាំង​ពិសេស​របស់​ប្រទេស​ប៉ាគីស្ថាន​ ក្នុង​សមយុទ្ធរួមគ្នាមួយ​នៅ​តំបន់ Baha ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​អារ៉ាប៊ីសាអូឌីត។
រូបឯកសារ៖ រូបថត​របស់​ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត បង្ហាញ​ពីកងកម្លាំងថ្មើរជើង​របស់​អារ៉ាប៊ីសាអូឌីត និង​កងកម្លាំង​ពិសេស​របស់​ប្រទេស​ប៉ាគីស្ថាន​ ក្នុង​សមយុទ្ធរួមគ្នាមួយ​នៅ​តំបន់ Baha ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ប្រទេស​អារ៉ាប៊ី​សាអូឌីត ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ អំពី​អ្វី​មួយ​ដែល​ប្រទេស​នេះ បាន​ហៅ​ថា ​ជា​សម្ព័ន្ធ​ភាព​យោធា​ឥស្លាម​ថ្មី​មួយ​ ដែល​មាន​សមាសភាព​៣៤​ប្រទេស​ចូល​រួម​ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម។

ទីភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​ផ្សព្វផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​និយាយ​ថា ​គំនិត​ផ្តួច​ផ្តើម​នេះ​នឹង​រួម​បញ្ចូល​មណ្ឌល​ប្រតិបត្តិការ​មួយ​នៅក្នុង​រាជធានី​រីយ៉ាដ​ (Riyadh)​ របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ដើម្បី​សម្រប​សម្រួល​ប្រតិបត្តិ​ការណ៍​យោធា។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​លើកឡើង​ថា ​ភេរវកម្ម៖ «គឺជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ លើ​សិទ្ធិ​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ ជាពិសេស​សិទ្ធិ​រស់រាន​មាន​ជីវិត​និង​សិទ្ធិ​រស់​នៅ​ដោយ​ឥត​ភ័យ​ខ្លាច‍»។ សេចក្តី​ថ្លែងការណ៍​នោះ​ បានបន្ថែម​ថា៖ «‍អំពើ​ពុករលួយ​និង​អំពើ​ភេរវកម្ម​ មិន​អាច​ត្រូវ​បានអះអាងថា​ជា​ទង្វើ​សម​ហេតុផល តាម​គ្រប់​រូបភាព​ទាំង​អស់។»

ព្រះ​អនុជ​នៃ​ព្រះរាជបុត្រ​គ្រង​រាជ្យ​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត គឺ​ព្រះអង្គ​ម្ចាស់ ​Mohammed bin Salman​ បាន​មាន​បន្ទូល​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ​សម្ព័ន្ធ​ភាព​យោធា​នេះ​នឹង​មិន​ផ្តោត​ទៅ​លើ​ក្រុម​ភេរវជន​ជាក់​លាក់​ណាមួយទេ។ សម្ព័ន្ធ​ភាព​យោធា​នេះ​រួម​មាន​ប្រទេស​ស៊ូដង់ ​បារ៉ែន​ តួកគី​ និង​អេមីរ៉ាត​អារ៉ាប់​រួម ដែល​កំពុង​ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ​ក្នុង​ប្រទេស​ស៊ីរី ជា​ផ្នែក​មួយ​នៃ​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម។

ប្រទេស​ដទៃ​ទៀត​មក​ពី​មជ្ឈឹម​បូព៌ា​ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​យោធា​ថ្មី​នេះ​ រួម​បញ្ចូល ប្រទេស​ទុយនីស៊ី លីបង់ លីបេរីយ៉ា និង​អេហ្ស៊ីប។ ប្រទេស​ប៉ាគីស្ថាន ​បង់ក្លាដែស និង​ម៉ាឡេស៊ី​ ក៏​ជា​ផ្នែក​នៃ​កិច្ច​ប្រឹងប្រែង​នេះដែរ​ រួម​ជាមួយ​នឹង​ប្រទេស​នៅ​អាហ្វ្រិក​មួយ​ចំនួន​ទៀត​ដូចជា​ សូម៉ាលី ​ម៉ាលី និង​នីហ្សេរីយ៉ា​ជាដើម។​

សេចក្តី​ថ្លែង​ការណ៍​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បាន​និយាយ​ថា ប្រទេស​ដទៃ​ទៀត​ក៏​បាន ​«‍សម្តែង​ការ​គាំទ្រ​របស់​ពួកគេ» ផង​ដែរ​ ដោយ​រួម​ទាំង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​មាន​ពលរដ្ឋ​កាន់​សាសនា​ឥស្លាម​ច្រើន​ជាងគេ​បង្អស់​លើ​លោក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG