លោកប្រធានាធិបតីប្រឹងប្រែងបន្ធូរបន្ថយភាពភ័យខ្លាចរបស់ពលរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីសប្តាហ៍មុននៅក្នុងរដ្ឋកាលីហ្វរញ់ា ដោយបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ដែលត្រូវបានធ្វើឡើងដើម្បីបង្ហាញពីយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការប្រឆាំងនឹងការគំរាមកំហែងដែលចេះតែកើនឡើង។
ដោយថ្លែងនៅក្នុងការិយាល័យ Oval លោកអូបាម៉ាទទួលស្គាល់នូវការភ័យខ្លាចយ៉ាងខ្លាំងដែលកើតឡើងបន្ទាប់ពីការវាយប្រហារនៅក្នុងក្រុងប៉ារីស និងក្រុង San Bernardino រដ្ឋកាលីហ្វរញ៉ា ដែលរដ្ឋបាលរបស់លោកបានហៅថាជា «សកម្មភាពភេរវកម្ម»។ សកម្មភាពទាំងនោះត្រូវបានគេជឿថា ទទួលបានការលើកទឹកចិត្ត ដោយសមាជិកនៃក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទោះមិនដោយផ្ទាល់ក៏ដោយ។
លោកអូបាម៉ាបាននិយាយថា៖ «ការគំរាមកំហែងផ្នែកភេរវកម្មបានវិវត្តទៅដល់ដំណាក់កាលថ្មីមួយ។ ខ្ញុំដឹងថា បន្ទាប់ពីសង្រ្គាមជាច្រើន ពលរដ្ឋអាមេរិកាំងជាច្រើនកំពុងតែសួរថាតើ យើងប្រឈមមុខនឹងបញ្ហាដ៏រ៉ាំរ៉ៃដែលមិនមានដំណោះស្រាយឬយ៉ាងណា»។
លោកបានបន្ថែមថា៖ «ការគំរាមកំហែងពីភេរវកម្មគឺពិតប្រាកដណាស់ ប៉ុន្តែយើងនឹងយកឈ្នះលើវា»។
សុន្ទរកថារបស់លោកប្រធានាធិបតីមិនមែនធ្វើឡើងក្នុងគោលបំណងប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្រ្ត ឬគោលនយោបាយថ្មីដើម្បីប្រយុទ្ធនឹងការគំរាមកំហែងភេរវកម្មនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនោះទេ។ វាត្រូវបានធ្វើឡើងដើម្បីជូនដំណឹងដល់ពលរដ្ឋអាមេរិកាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោកអូបាម៉ា និងដើម្បីលើកទឹកចិត្តដល់ពលរដ្ឋអាមេរិកាំងកុំឲ្យចុះចាញ់នឹងភាពភ័យខ្លាចនេះ»៕