រដ្ឋបាលអូបាម៉ាបាន «ផ្អាក» និង «កែសម្រួលជាលំដាប់» នូវកម្មវិធីមួយដឹកនាំដោយមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិ) ស.រ.អា.មានទឹកប្រាក់៥០០លានដុល្លារដើម្បីហ្វឹកហ្វឺននិងផ្តល់គ្រឿងសម្ភារៈឱ្យដល់ពួកឧទ្ទាមស៊ីរីដែលប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
កិច្ចប្រតិបត្តិការនេះនឹងប្តូរចេញពីការពិនិត្យប្រវត្តិពួកឧទ្ទាមស៊ីរីមិននិយមជ្រុលនិងហ្វឹកហ្វឺនពួកគេនៅក្នុងប្រទេសហ្ស៊កដានី (Jordan) អារ៉ាប៊ីសាអូឌីត (Saudi Arabia) កាតា (Qatar) និងប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates)។
លោកស្រី Christine Wormuth អនុរដ្ឋមន្ត្រីក្រសួងការពារជាតិស.រ.អា.ទទួលបន្ទុកខាងគោលនយោបាយបានមានប្រសាសន៍ទៅកាន់ក្រុមអ្នកកាសែតនៅក្នុងសន្និសីទតាមទូរស័ព្ទថា «នៅពេលនេះយើងនឹងផ្អាកកិច្ចប្រតិបត្តិការនេះសិនក៏ប៉ុន្តែប្រហែលនឹងមានឱកាសមួយក្នុងពេលអនាគតដែលនៅទីនោះស្ថានការណ៍នៅនឹងកន្លែងនឹងមានផលល្អជាងមុន»។
បើតាមក្រុមមន្ត្រីសេតវិមាន កម្មវិធីនេះនឹងផ្តល់ការគាំទ្រតាមអាកាស គ្រឿងឧបករណ៍ជាមូលដ្ឋាន និងការហ្វឹកហ្វឺនដល់ក្រុមមេដឹកនាំប្រឆាំងដែលត្រូវបានពិនិត្យប្រវត្តិរួចស្រេចហើយ។
លោកស្រី Wormuth បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅក្នុងសន្និសីទតាមទូរស័ព្ទកាលពីថ្ងៃសុក្រថា «យើងនឹងពិនិត្យមើលប្រវត្តិមេដឹកនាំដែលប្រឆាំងនឹងយុទ្ធជនជាបុគ្គលនីមួយៗ»។
មន្ទីរបញ្ចកោណនឹងប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនតូចមួយក្នុងប្រទេសតួកគីដើម្បីបង្រៀនជំនាញនានាដល់ក្រុមមេដឹកនាំទាំងនេះដោយមានរួមបញ្ចូលអំពីការធ្វើបែបណាដើម្បីហៅជំនួយតាមអាកាស។ មន្ទីរនេះក៏នឹងផ្តល់គ្រឿងឧបករណ៍ល្អប្រសើរជាងមុនឱ្យដល់កងឯកភាពនៅនឹងកន្លែងដែលប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម៕