ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកចេញផ្សាយថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ២នាក់នៅក្នុងការបាញ់សម្លាប់មនុស្សចំនួន១៤នាក់នៅរដ្ឋ California ទទួលបានការលើកទឹកចិត្តពីសំណាក់ក្រុមរដ្ឋឥស្លាម។
ប្រភពអ្នកអនុវត្តច្បាប់របស់អាមេរិកបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ស្រ្តីឈ្មោះ Tashfeen Malik ដែលបានធ្វើការបាញ់ប្រហារជាមួយនឹងប្តីរបស់នាងឈ្មោះ Syed Rizwan Farook កាលពីថ្ងៃពុធនោះ បានសន្យាស្មោះត្រង់នឹងក្រុមរដ្ឋឥស្លាមនៅក្នុងសារបង្ហោះមួយលើបណ្តាញសង្គមហ្វេសប៊ុក (Facebook)។ សារព័ត៌មាន New York Times បានចេញផ្សាយថា មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថាក្រុមរដ្ឋឥស្លាមបានបញ្ជាឲ្យស្រ្តីឈ្មោះ Malik នេះធ្វើការវាយប្រហារនោះទេ។
គេនិយាយថា អ្នកអង្កេតរបស់សហរដ្ឋអាមេរិកកំពុងតែសិក្សាទៅលើភស្តុតាងដែលបញ្ជាក់ថា ឈ្មោះ Malikដែលមានដើមកំណើតប៉ាគីស្ថាន ហើយដែលបានរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) នៅពេលដែលនាងបានរៀបការជាមួយនឹងឈ្មោះ Farook បានសន្យាស្មោះត្រង់នឹងមេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Badhdadi។
ទូរទស្សន៍ Fox News បានផ្សាយអំពីការទាក់ទងរវាងជនសង្ស័យម្នាក់ ឬទាំង២នាក់ ជាមួយនឹងក្រុមអាល់កៃដា (al-Qaida) ដោយបញ្ជាក់ថាមានការទាក់ទងជាមួយនឹងជនសង្ស័យជាសមាជិកក្រុមភេរវកម្មនៅប្រទេសអារ៉ាប៊ីសាអូឌី។
ការអង្កេតនេះបានផ្តោតលើមូលហេតុនៅពីក្រោយការវាយប្រហារនេះ ដែលបានធ្វើឲ្យមនុស្សចំនួន២១នាក់រងរបួសក្នុងអំឡុងពេលនៃពិធីជប់លៀងមួយនៅឯទីភ្នាក់ងារសេវាសង្គមមួយក្នុងទីក្រុង San Bernardino នៃរដ្ឋ California៕