នៅថ្ងៃសៅរ៍នេះ លោក Najib Razak នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីបានអំពាវនាវដល់មេដឹកនាំតំបន់អាស៊ីអាគ្នេយ៍ឲ្យរួបរួមគ្នាដើម្បីប្រយុទ្ធនឹងពួកសង្រ្គាមសាសនា។ ថ្លែងបើកសន្និសីទកំពូលអាស៊ានលើកទី២៧ មេដឹកនាំ ដែលជាម្ចាស់ផ្ទះរូបនេះបាននិយាយថា លោកបានកែប្រែកំណត់សម្គាល់ដែលលោកមានគោលបំណងនឹងធ្វើការថ្លែងឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មកាលពីពេលថ្មីៗនេះដោយពួកជ្រុលនិយមឥស្លាមនៅក្នុងប្រទេសបារាំង ម៉ាលី និងទីកន្លែងផ្សេងទៀត។
លោកនាយករដ្ឋមន្រ្តី Najib ជាអ្នកកាន់សាសនាឥស្លាម ដែលបានដឹកនាំប្រទេសដែលមានប្រជាពលរដ្ឋកាន់សាសនាឥស្លាមភាគច្រើន បានមានប្រសាសន៍ថា « យើង មិនត្រូវមើលរំលងការពិតដែលថា មនោគមវិជ្ជានោះជាការភូតកុហក ហើយអំពើរបស់ពួកជ្រុលនិយមនោះមិនមែនជាជ័យជម្នះរបស់សាសនាឥស្លាមទេ»។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានដកស្រង់ព្រះគម្ពីរកូរ៉ាន់ដើម្បីបង្ហាញកំហុសរបស់ពួកសង្រ្គាមសាសនាទាំងនោះ ដើម្បីប្រាប់ទៅសហការីជាមេដឹកនាំអាស៊ានថា ការនិយមផ្លូវកណ្តាល ឬ wasatiyyah ជាចំណុចសំខាន់របស់ឥស្លាម។
ប្រធានបទនេះក៏បានត្រូវពិភាក្សាដែរ នៅពេលដែលលោកនាយករដ្ឋមន្រ្តី Najib បានជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ានៅក្នុងរដ្ឋធានី កូឡាឡាំពួកាលពីរសៀលថ្ងៃសុក្រ។
លោក Najib បាននិយាយទៅកាន់ពួកអ្នកយកព័ត៌មានបន្ទាប់ពីជំនួបនោះថា «ការណ៍នេះមានសារៈសំខាន់សម្រាប់យើងដើម្បីបង្ហាញនូវសាសានាឥស្លាមពិតប្រាកដ»។
លោកប្រធានាធិបតីអូបាម៉ាបានប្រាប់ពួកអ្នកយកព័ត៌មានថា «ម៉ាឡេស៊ីស្ថិតនៅជាផ្នែកមួយរបស់ក្រុមចម្រុះដើម្បីប្រយុទ្ធក្រុមរដ្ឋឥស្លាម»។