ស្រ្តីជាច្រើនបានទទួលអាសនៈក្នុងក្រុមប្រឹក្សាក្រុង នៅក្នុងការបោះឆ្នោតលើកទីមួយនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលបើកឲ្យក្រុមអ្នកបោះឆ្នោតស្រ្តីនិងបេក្ខជនស្រ្តីចូលរួម។
លទ្ធផលដំបូងៗកាលពីថ្ងៃអាទិត្យបង្ហាញថា លោកស្រី Salma bint Hizab al-Oteibiបានទទួលជ័យជម្នះជាលើកទីមួយសម្រាប់ស្រ្តីដែលបានឈរឈ្មោះសម្រាប់អាសនៈក្រុមប្រឹក្សាក្រុង ដោយបានយកឈ្នះបុរស៧នាក់ហើយនិងស្រ្តី២នាក់ទៀតសម្រាប់តំណែងនៅក្នុងក្រុង Madrakahដែលស្ថិតនៅចម្ងាយ១៥០ Km ភាគខាងជើងទីក្រុងMecca។
ប្រព័ន្ធវែបសាយរបស់រដ្ឋហើយនិងទីភ្នាក់ងារព័ត៌មានឯករាជ្យបានប្រាប់ឲ្យដឹងថា ជនជាតិអារ៉ាប់ប៊ីសាអូឌីត អាចបោះឆ្នោតជ្រើសរើសស្រ្តីរហូតដល់១៧នាក់ ក៏ប៉ុន្តែលទ្ធផលនៃការរាប់សន្លឹកឆ្នោតចុងក្រោយមិនទាន់ប្រកាសនៅឡើយទេ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានរាយការណ៍ថា បេក្ខជន៩០០នាក់នៃបេក្ខជនទាំងអស់៦០០០នាក់នៅក្នុងការបោះឆ្នោតមូលដ្ឋានជាស្រ្តី ថ្វីបើមានឧបសគ្គនៅក្នុងការឈរឈ្មោះនិងចុះឈ្មោះបោះឆ្នោតក៏ដោយ។ អង្គការសិទ្ធិមនុស្សនោះ ប្រាប់ឲ្យដឹងទៀតថា មជ្ឈមណ្ឌលបោះឆ្នោតនៅឆ្ងាយៗហើយនិងអត្តសញ្ញាណប័ណ្ណសម្រាប់បោះឆ្នោតដែលស្រ្តីជាច្រើនមិនមាន បានបង្អាក់ដំណើរការបោះឆ្នោតនោះ។
មន្រ្តីអារ៉ាប់ប៊ីសាអូឌីតម្នាក់បាននិយាយថា ស្រ្តីប្រហែល១៣០.០០០នាក់ បានចុះឈ្មោះបោះឆ្នោតនៅស្ថានីយបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដែលជាចំនួនមួយភាគដប់នៃចំនួនបុរសដែលបានចុះឈ្មោះបោះឆ្នោត៕