មេដឹកនាំអតីតគណបក្សប្រឆាំងនៅប្រទេសកម្ពុជា បានយកឱកាសខួបទី១នៃការបោះឆ្នោតជាតិនៅកម្ពុជាអំពាវនាវឱ្យពលរដ្ឋខ្មែររួបរួមគ្នាដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងខណៈពេលដែលអ្នកការពារសិទ្ធិមនុស្សអាមេរិកាំងស្នើសហរដ្ឋអាមេរិកឱ្យកោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាបន្ទាន់ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់សិទ្ធិមនុស្សដែលបានធ្លាក់ចុះ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានចេញសារអំពាវនាវនេះតាមបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃអាទិត្យថា៖
«ក្នុងឱកាសខួបមួយឆ្នាំនៃការបោះឆ្នោតក្លែងក្លាយថ្ងៃ២៩ខែកក្កដាឆ្នាំ២០១៨ ក្នុងនាមគណបក្សសង្គ្រោះជាតិនិងក្នុងនាមប្រជារាស្រ្តខ្មែររាប់លាននាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់រួបរួមគ្នាជាធ្លុងមួយដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរឱ្យទាល់តែបានក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជាដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា ដើម្បីការពារអាយុជីវិតប្រទេសជាតិយើង ការពារសន្តិភាពសន្តិសុខនៅប្រទេសកម្ពុជានិងតំបន់អាស៊ីភាគអាគ្នេយ៍ទាំងមូល»។
ការបោះឆ្នោតជាតិនៅកម្ពុជាដែលបានរៀបចំឡើងកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំមុនធ្វើឡើងដោយគ្មានការចូលរួមពីអតីតគណបក្សប្រឆាំងនេះក្រោយពីតុលាការកំពូលបានរំលាយចោលហើយចាប់ប្រធានគណបក្សដាក់ពន្ធនាគារនិងហាមឃាត់មន្ត្រីជាន់ខ្ពស់ចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
នៅក្នុងសារវីដេអូដែលមានរយៈពេល៧នាទី លោក សម រង្ស៊ី ក៏បានបានអះអាងពីតួនាទីមិនអាចខ្វះបាននៃអតីតគណបក្សប្រឆាំងនេះក្នុងការធានាឱ្យមានលទ្ធិប្រជាធិបតេយ្យ និងការទទួលស្គាល់ពីអន្តរជាតិហើយបានបន្តទាមទារឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សដែលកំពុងជាប់ឃុំនៅក្នុងលំនៅដ្ឋាន ទម្លាក់ចោលការចោទប្រកាន់មកលើមន្ត្រីគណបក្សសង្គ្រោះជាតិ អនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ប្រគល់សងតំណែងមេឃុំចៅសង្កាត់និងក្រុមប្រឹក្សាឃុំសង្កាត់ទាំង៥០០៧មកគណបក្សសង្គ្រោះជាតិនិងរៀបចំការបោះឆ្នោតតំណាងរាស្រ្តឡើងវិញ។
លោក សម រង្ស៊ី បានបន្ថែមថា៖
«ខ្ញុំសូមបញ្ជាក់ម្តងទៀតថាការបោះឆ្នោតឆ្នាំទៅគឺជាការបោះឆ្នោតក្លែងក្លាយពីព្រោះរបបហ៊ុន សែនបានរំលាយគណបក្សសង្គ្រោះជាតិមួយឆ្នាំមុនការបោះឆ្នោតគឺដើម្បីទប់ស្កាត់មិនឱ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះ។ របបហ៊ុន សែនដឹងច្បាស់ថាបើមានគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតនោះ គណបក្សកាន់អំណាចសព្វថ្ងៃច្បាស់ជាចាញ់ឆ្នោត»។
លោក សម រង្ស៊ី ក៏បានរិះគន់នយោបាយការបរទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលខិតទៅជិតប្រទេសកុម្មុយនិស្តកាន់តែខ្លាំងជាពិសេសវត្តមានរបស់ជនជាតិចិននៅ ខេត្តព្រះសីហនុនិងខេត្តកោះកុងដែលអាចនឹងឈានទៅរកអស្ថិរភាពនៅក្នុងតំបន់។
«នយោបាយលោក ហ៊ុន សែន ទៅអែបចិននៅពេលនេះ គឺនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជាពីព្រោះមិនត្រឹមតែប៉ះពាល់ផលប្រយោជន៍ប្រទេសកម្ពុជាទេ តែប៉ះពាល់ដល់ផលប្រយោជន៍និងសន្តិសុខប្រទេសជិតខាងនិងតំបន់អាស៊ីភាគអាគ្នេយ៍ ទាំងមូល»។
កាលពីចុងសប្តាហ៍មុនអនុគណៈកម្មាធិការមួយរបស់សភាតំណាងរាស្រ្តដែលទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកបានរៀបចំសវនាការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់ដោយបានធ្វើការរិះគន់ខ្លាំងៗលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រី Olivia Enos អ្នកវិភាគគោលនយោបាយជាន់ខ្ពស់មជ្ឈមណ្ឌលសិក្សាអំពីអាស៊ីនៃអង្គការ Heritage Foundation ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានប្រាប់ដល់អង្គសវនាការនៃអនុគណៈកម្មាធិការកិច្ចការបរទេសថា៖
«វាជាការពិបាកក្នុងការហៅប្រទេសកម្ពុជាថា មានលទ្ធិប្រជាធិបតេយ្យនៅពេលនេះ។ ការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨មិនមែនសេរីនិងត្រឹមត្រូវទេ។ វាជំរុញឱ្យប្រទេសកម្ពុជាកាន់តែធ្លាក់ចូលទៅក្នុងការគ្រប់គ្រងដោយគណបក្សតែមួយ។ ការបោះឆ្នោតក្លែងក្លាយនៅឆ្នាំ២០១៨ កើតឡើងក្រោយពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយការរំលាយគណបក្សសង្គ្រោះជាតិកើតឡើងក្រោយពីការចាប់ខ្លួនលោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៧»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះយកអាសនៈទាំង១២៥នៅរដ្ឋសភាហើយបានគ្រប់គ្រងទាំងព្រឹទ្ធសភាទាំងស្រុង។
អាជ្ញាធរកម្ពុជា នៅបន្តការយាយីរំខានដល់អតីតសកម្មជនគណបក្សប្រឆាំងដោយតាមដានសកម្មភាពរបស់ពួកគេ និងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំភិតបំភ័យ។ កាលពីថ្ងៃសៅរ៍អាជ្ញាធរប៉ូលិសកម្ពុជា បានប្រកាសពីការអនុវត្តដីការតាមចាប់ខ្លួនលោក សម រង្ស៊ី និងបក្សពួកមួយចំនួនដែលតុលាការបានផ្តន្ទាទោសរួចហើយ និងកំពុងគេចខ្លួន។
អ្នកនាំពាក្យនៃស្នងការនគរបាលជាតិបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងតែ«ចាត់វិធានការតាមគ្រប់រូបភាព និងមធ្យោបាយស្របច្បាប់» ដើម្បីតាមស្វែងរកចាប់ខ្លួនលោក សម រង្ស៊ី និងបក្សពួកហើយបានអំពាវនាវដល់មហាជនជាតិ និងសហគមន៍អន្តរជាតិកុំចាញ់ការឃោសនានានារបស់ក្រុមប្រឆាំង។
ការប្រកាសរបស់អាជ្ញាធរប៉ូលិសកើតមានឡើងក្រោយពី លោក សម រង្ស៊ី ប្រកាសបញ្ចប់ការធ្វើនិរទេសខ្លួននៅក្រៅប្រទេសហើយមានគម្រោងវិលចូលប្រទេសកម្ពុជាវិញនៅចុងឆ្នាំនេះ។ ហើយលោក សម រង្ស៊ី បានប្រកាសជាបន្តបន្ទាប់ឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធក្រោកឈរឡើងប្រឆាំងនឹងការដឹកនាំជាង៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ និងសងសំណងជំងឺចិត្តនៅក្នុងសំណុំរឿងជាច្រើនក្នុងនោះមានការបរិហាកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ។
លោកស្រី អូលីវៀ អ៊ីណូស នៃមូលនិធិ Heritage មើលឃើញថា ប្រតិកម្មរបស់សហរដ្ឋអាមេរិកមាន «តិចតួច» ក្រោយពីការបោះឆ្នោតជាតិនៅកម្ពុជា គឺមិនដូចជាក្រោយពីការចាប់ខ្លួនលោក កឹម សុខានិងការរំលាយគណបក្សសង្គ្រោះជាតិភ្លាមទេ ដែលមានការដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីខ្លះរបស់រដ្ឋាភិបាលកម្ពុជា។ លោកស្រី បានស្នើឱ្យដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន និងមន្ត្រីរបស់លោកចំពោះការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងកោះប្រជុំក្រុមទំនាក់ទំនងកម្ពុជាដែលមានម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមួយចំនួនដោយសារពួកគេមានកាតព្វកិច្ចឱ្យប្រទេសកម្ពុជាទទួលខុសត្រូវ ប្រសិនបើលទ្ធិប្រជាធិបតេយ្យត្រូវខូចខាត។ ប្រទេសធំៗទាំងនោះមានសហរដ្ឋអាមេរិក បារំាង អូស្ត្រាលី កាណាដា ជប៉ុន និងឥណ្ឌូនេស៊ីជាដើម។
លោកស្រី អ៊ីណូស បានបន្ថែមថា៖
«សហរដ្ឋអាមេរិកបានសន្យាថានឹងមានសកម្មភាពបន្តទៀតដែលអាចមានការដាក់ទណ្ឌកម្ម ប៉ុន្តែរយៈពេលជាង១ឆ្នាំក្រោយពីការបោះឆ្នោតដ៏បរាជ័យនេះ គឺគ្មានការដាក់ទណ្ឌកម្មអ្វីបន្ថែមទៀតទេ។ សហរដ្ឋអាមេរិកគួរតែមើលមកប្រទេសកម្ពុជាដូចជាសមរភូមិមួយដើម្បីគុណតម្លៃមួយឬក៏ជាការសាកល្បងមើលថា តើតំបន់អាស៊ីអាគ្នេយ៍កំពុងតែងាកទៅរកលទ្ធិប្រជាធិបតេយ្យឬ ការដឹកនាំផ្តាច់ការ»។
លោក ថេត យូហូ អ្នកតំណាងរាស្រ្តនៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋផ្លរីដា និងជាអនុប្រធានអនុគណៈកម្មាធិការនេះមើលឃើញថា សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ នឹងផ្តល់សិទ្ធិបន្ថែមដល់ក្រសួងការបរទេសនិងសេតវិមាននូវអំណាចដាក់ទណ្ឌកម្មកម្ពុជាជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ថេត យូហូ បានបញ្ជាក់នៅក្នុងសវនាការថា៖
«ខ្ញុំសូមប្រាប់អស់លោកអ្នកឱ្យដឹងថា សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដែលបានអនុម័តដោយសភាតំណាងរាស្រ្ត ហើយយើងកំពុងតែខិតខំធ្វើការជាមួយនឹងខាងព្រឹទ្ធសភាឱ្យបានចុះហត្ថលេខានៅឆ្នាំនេះ។ ដូច្នេះនេះ គឺជាឧបករណ៍មួយទៀតដែលយើងអាចដាក់លើមេដឹកនាំផ្តាច់ការនៃប្រទេសមួយដែលមិនគួរនៅកាន់អំណាចទេ។ លោកគួរតែដម្កល់ផលប្រយោជន៍ប្រជាជនលើសពី ផលប្រយោជន៍ និងការសប្បាយផ្ទាល់ខ្លួន»។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបមកវិញតាមរយៈកម្មវិធីមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទដោយសារព្រមានខ្លាំងៗថា ការអនុម័តសេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» នឹងបង្កឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី កម្ពុជា និងសហរដ្ឋអាមេរិក។
សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា មានគោលដៅដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ឧត្តមសេនីយ៍យោធា និងប៉ូលិស ដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕