ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បង្ហាញ​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​ដល់​អ្នក​សារព័ត៌មាន​ដើម្បី​បំបាត់​ការ​ចោទ​ពី​វត្តមាន​កងទ័ព​ចិន


រថយន្តដឹកអ្នកកាសែតបើកលើផែកប៉ាល់ចម្បាំងក្នុងអំឡុងទស្សនកិច្ចពិសេសមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
រថយន្តដឹកអ្នកកាសែតបើកលើផែកប៉ាល់ចម្បាំងក្នុងអំឡុងទស្សនកិច្ចពិសេសមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

ក្រោយ​សន្និសីទ​សារព័ត៌មាន​ច្រានចោល​សេចក្តី​រាយការណ៍​របស់​កាសែត ​The Wall Street Journal​ ​ដែល​ចោទ​ថា ​កម្ពុជា​បើក​ដៃ​ឱ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​សមុទ្រ​រាម​ មន្ត្រី​កម្ពុជា​អញ្ចើញ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ធ្វើ​ទស្សនកិច្ច​បង្ហាញ​មូលដ្ឋាន​យោធា​ដ៏​ចំណាស់​នេះ។

កាលពី​ថ្ងៃ​សុក្រ​ ក្រុម​មន្ត្រី​កម្ពុជា​បាន​បើក​បង្ហាញ​មូលដ្ឋាន​កងទ័ព​ជើងទឹក​ក្នុង​ឆក​សមុទ្រ​រាម​នៃ​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​បញ្ចប់​ការ​ចោទ​ប្រកាន់​ដែល​ថា​ខ្លួន​បាន​ធ្វើ​កិច្ច​សន្យា​បើក​ដៃ​ឱ្យ​ចិន​បោះ​ទីតាំង​យោធា​ក្នុង​តំបន់​សមុទ្រ​នេះ។​

អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ជិត​៦០រូប​បាន​ចូលរួម​ក្នុង​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ ដើម្បី​ទស្សនកិច្ច​ក្នុង​មូល​ដ្ឋាន​កងទ័ព​ជើងទឹក​ ​ជាអ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ហៅ​ថា​ជា​ ​«ការ​បង្ហាញ​ការពិត»​ដើម្បី​បញ្ចប់​ព័ត៌មាន​ក្លែងក្លាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​ខ្លួន។​ ​ក្រុម​មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​និង​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ដែល​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ បាន​បង្ហាញ​អគារ​និង​សម្ភារៈ​សឹក​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​ទ័ព​ អម​ដោយការ​ឃ្លាំមើល​ពី​មន្ត្រី​យោធា​យ៉ាង​ម៉ត់ចត់។​

នាយ​ឧត្តម​សេនីយ៍​ ​ឈុំ សុជាត​ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ដែល​ដឹក​នាំក្រុម​អ្នកសារ​ព័ត៌មាន​ទស្សនកិច្ច​នៅថ្ងៃ​សុក្រ​នេះ​ ​បញ្ជាក់​ថា៖​

«ឥឡូវ​កាល​មក​ឃើញ​នេះ​វា​ច្បាស់​ជាង​និយាយ​ ​យើង​និយាយ​១០០​ដង​មិន​ស្មើ​យើង​មើល​ឃើញ​មួយ​ដង​ទេ។​ ​អ្វី​ដែល​យើង​ចង់​ឃើញ​ចង់​បាន​ ​[លោក]​ អ៊ុក សីហា​ ​គាត់​នឹង​នាំ​ទៅ។​ ​អត់មាន​អី​លាក់លៀម​ទេព្រោះ​ថ្វីត្បិត​ ទីនេះ​គឺ​ជា​តំបន់​យោធា​ការពារ​ដោយ​យោធា​មែន​ ប៉ុន្តែ​យើង​អត់មាន​អី​លាក់លៀម​ដែរ​ ទោះ​យើង​ចង់​លាក់​ក៏​មិន​ជិត​ដែរ​ ​ព្រោះ​សម័យ​ឥឡូវ​មាន ​Satellite​ [ផ្កាយរណប]​មាន​ស្អីៗ​ច្រើន​ណាស់! ​តែ​ឥឡូវ​មក មើល​ជាក់​ស្តែង»។​

នាយ​ឧត្តម​សេនីយ៍​ ឈុំ សុជាត​ ​បាន​បន្ត​ថា​ មិន​មាន​អគារ​ណា​មួយ​ក្នុង​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​ដែល​មាន​ទំហំ​ ​ប្រមាណ​១០០​ហិកតា​ជាប់​សមុទ្រ​នេះ​ ត្រូវ​បាន​សាងសង់​ឬ​គ្រប់គ្រង​ដោយ​យោធា​បរទេស​នោះ​ទេ។​ ​លោក​បន្ត​ថា​ កម្ពុជា​មិន​ដែល​ច្រានចោល​ជំនួយ​ពី​អាមេរិក​ ហើយ​ក្រសោប​យក​ចិន​តែ​មួយ​នោះ​ដែរ។​

​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​សារព័ត៌មាន​អាមេរិក​ ​The Wall Street Journal​ ​បាន​ផ្សាយ​ថា​ កម្ពុជា​បាន​ចុះ​ហត្ថលេខា​សម្ងាត់​ជាមួយ​ប្រទេស​ចិន​ដើម្បី​អនុញ្ញាត​ឲ្យចិន​តាំង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​ទី​តាំង​សមុទ្រ​រាម​ ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ជា​ផ្នែក​មួយ​ដែល​ទី​ក្រុង​ប៉េកាំង​មាន​ផែន​ការ​ពង្រីក​មូលដ្ឋាន​យោធា​របស់​ខ្លួន​ក្នុង​ពិភព​លោក។​

​លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ដំណើរ​ទស្សន​កិច្ច​ថា កម្ពុជា​គឺ​ព្យាយាម​រក្សា​សុខ​សន្តិភាព​ ហើយ​លោក​សង្ឃឹម​ថា ការ​បើក​បង្ហាញ​នៅ​ថ្ងៃ​នេះ​នឹង​អាច​បំបាត់​ព័ត៌មាន ដែល​លោក​ហៅ​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ​បាន។​

«កម្ពុជា​ពេល​នេះ​ ឆ្លៀត​ឱកាស​បង្ហាញ​នូវអ្វី​ទៅ​ដែល​ហៅថាជា​តម្លាភាព​ ​ហើយ​កម្ពុជា​ទទួល​ខុស​ត្រូវ​ទាំងស្រុង​នូវ​គណនីយភាព​យើង​មិន​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ក្នុង​សង្គម​របស់​អាស៊ាន​នោះ​ទេ!​ហ្អេ​នេះ​ ខ្ញុំ​សូម​ជំរាប​ជូន​។ ​ខ្ញុំ​ជឿ​ជាក់​ថា​ ឱកាស​ដែល​យើង​មក​នេះ​គឺ​យើង​បាន​សម្លាប់​នូវ​ Fake News​ ​នឹង​ជាក់ស្តែង​នៅ​នឹង​កន្លែង។​ ហើយ​ខ្ញុំសូម​ជំរាប​ជូន​បង​ប្អូន​អ្នក​សារព័ត៌មាន​យើង​ទាំងអស់​ សុំ​បន្ត​បញ្ចប់​នូវ​អ្វី​ដែល​ប៉ះពាល់​ដល់»។​

លោក​ ​ឆាយ សុផល​ ​អ្នក​សារព័ត៌មាន​ ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​បញ្ជាក់​ក្រោយដំណើរ​ទស្សនកិច្ច​ថា​ លោក​ជឿជាក់​ថា​អ្វី​ដែល​បាន​បង្ហាញ​គឺ​វា​គ្រប់គ្រាន់​ថា ​កម្ពុជា​មិន​បាន​បើក​ចំហរ​ឱ្យ​មាន​វត្តមាន​នៃ​កង​ទ័ព​បរទេស​នោះ​ទេ។​

«វា​គឺ​ជា​ចំណោះ​ដឹង​ទូទៅ​មួយ​ដែរ​ ដើម្បី​ឱ្យ​យើង​យល់​ ដើម្បី​ឱ្យ​យើង​បាន​ប្រៀបធៀប​ ​ឃើញ​ជាក់ស្តែង​ហើយ​ផ្ទៀងផ្ទាត់​នឹង​ព័ត៌មាន​កន្លង​មក។​ ​សម្រាប់ខ្ញុំ​ ​ខ្ញុំ​នឹង​យក​វាទៅ​បង្រៀន​និស្សិត​សារព័ត៌មាន​ដើម្បី​ឱ្យ​គាត់​ចេះ​ប្រៀបធៀប​ព័ត៌មាន​ណា​មួយ​មុន​ការ​ធ្វើ​សេចក្តី​រាយការណ៍​ណា​មួយ»។​

យ៉ាង​ណា​ក៏​ដោយ​ កាសែត​ ​The Wall Street Journal​ ​បាន​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ឬ​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួក​គេ​នៅ​ប្រកាន់​ជំហរ​រឹងមាំ​លើ​ការ​រាយការណ៍​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ៕​

XS
SM
MD
LG