ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ព្រមាន​ដល់​សមាជិក​សភា​អឺរ៉ុប​ខ្លះ​ដែល​ចង់​អម​ដំណើរ​លោក ​សម រង្ស៉ី វិល​មក​កម្ពុជា


រូបឯកសារ៖ លោក សម រង្ស៊ី ជាប្រធានស្តីទី លោក អ៊ួង រិទ្ធី និង លោក ជា គឹមលី ប្រធាន អនុប្រធានសាខា សង្គ្រោះជាតិសហរដ្ឋអាមេរិក ស្ថិតក្នុងសន្និសីទកាលពី ថ្ងៃសៅរ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។(សុខ ខេមរា/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី ជាប្រធានស្តីទី លោក អ៊ួង រិទ្ធី និង លោក ជា គឹមលី ប្រធាន អនុប្រធានសាខា សង្គ្រោះជាតិសហរដ្ឋអាមេរិក ស្ថិតក្នុងសន្និសីទកាលពី ថ្ងៃសៅរ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។(សុខ ខេមរា/VOA)

នៅ​ពេល​លោក ​សម រង្ស៉ី​ មេដឹក​នាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រកាស​ពី​ការ​ប៉ុន​ប៉ង​ចូល​មក​កាន់​ប្រទេស​វិញ​ជាមួយ​នឹង​សមាជិក​សភា​អឺរ៉ុបខ្លះ​នោះ​ ក្រសួងការ​បរទេស​កម្ពុជា​ បាន​ព្រមាន​ជាមុន​ពីភាព​ខុស​ច្បាប់​ការទូត​អន្តរ ជាតិ​និង​អធិបតេយ្យ​ភាព​កម្ពុជា។

បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ពី ការ​ភ្ញាក់​ផ្អើល​និង​រំលឹក​ឲ្យ​ដឹង​ពី​ច្បាប់​ការទូត ​ច្បាប់​អន្តោប្រវេសន៍​ ដែល​តម្រូវ​ឲ្យ​ជន បរទេស​គិតគូ​ពី​សន្តិសុខ​ជាតិ​ ផលវិបាក​នានា​ដែល​កើត​ចេញ​ពី​ការ​បន្លំ​និង​មធ្យោ​បាយ​ខុស​ច្បាប់​កម្ពុជា។​

សេចក្តី​ថ្លែងការណ៍​នោះ​ក៏បាន​បញ្ជាក់​តាមខ្លឹម​សារ​ដើម​ថា៖ «នៅ​ក្នុង​បរិបទ​នេះ​ បើសិន​ជា​មាន​ការ​អនុវត្ត​បែប​នេះ ​ពីសំណាក់​សមាជិក​សភា​សហ​ភាព​អឺរ៉ុប​មួយ​ចំនួន​តូច​ទាំង​នោះ​ ក្រសួងការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ សូម​សម្តែង​នូវការ​ខកចិត្ត​យ៉ាង​ខ្លាំង​និង​ចាត់​ទុក​ទង្វើ​អស់​ទាំង​នេះ​ ជា​ទង្វើ​គ្មាន​លក្ខណៈ​ការទូត​និង​មិន​គោរព​អធិប្ប​តេយ្យ​ភាព និង​នីតិរដ្ឋ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា‍»។

សេចក្តី​ថ្លែង​ការណ៍​ដដែល​ក៏​ព្រមាន​ឲ្យដឹង​ជាមុន​ទៀត​ពី​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព របស់​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដើម​ថា៖ «ក្រសួងការ​បរទេស​និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​សូម​ស្នើ​យ៉ាង​ទទូច​ដល់​អ្នក នយោបាយ​បរទេស​ខាង​លើ​អស់​ទាំង​នោះ​ ពិចារណា​ឡើង​វិញ​ជា​បន្ទាន់​នូវ​ទង្វើ​ដែល​បង្កប់​ដោយ​ឧបាយកល​នយោបាយ ​និង ​គ្មាន​លក្ខណៈ​ការទូត។ ​ម្យ៉ាងវិញ​ទៀត ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ​សូម​អះអាង​សារជា​ថ្មីនូវការ​ប្តេជ្ញា ចិត្ត​ឥត​ងាក​រេ​របស់​កម្ពុជា​ក្នុងការ​លើក​កម្ពស់​នីតិរដ្ឋ ​និង ​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ដែល​ប្រជាជន​កម្ពុជា​កំពុង​ទទួល​បាន​សព្វ​ថ្ងៃនេះ‍»។

ក្រសួងការ​បរទេស​មិនបាន​បង្ហាញ​ឈ្មោះ​ឬ​សមាជិក​សភា​ប្រទេស​ណា​ដែល​ត្រូវ​អម ដំណើរ​លោក​ សម រង្ស៉ី​ មកកាន់​ប្រទេស​កម្ពុជា​នោះទេ ​តែបញ្ជាក់​បន្ថែម​ថា​ លោក​ សម រង្ស៉ី​ត្រូវ​បាន​ចោទ​ប្រកាន់​និង​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​ជាច្រើន​ករណី ​រាប់​ទាំង​អំពើ ក្បត់ជាតិ ​បទ​ញុះ​ញង់​មិនឲ្យ​យោធិន​ស្តាប់​បញ្ជា​ជាដើម។

លោក​ សម រង្ស៉ី​ មេដឹកនាំ​ក្រុម​ជំទាស់​ម្នាក់ ​បាន​ប្រកាស​ឥត​ឈប់ឈរ​ពីការ​វិល​ត្រឡប់ ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ នៅពេល​ខាងមុខ​ឆាប់ៗនេះ​ដើម្បី​ស្តារ​ប្រជា​ធិបតេយ្យ​និង សិទ្ធិមនុស្ស​ឡើងវិញ​ និង ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​កឹម សុខា ​ប្រធាន​គណ បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ដែល​លោក​សម រង្ស៉ី ​និង​ក្រុម​មន្ត្រី​បាន​អះអាង​ថា​នឹង មាន​ក្រុម​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​នឹង​អមដំណើរ​លោក​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ។

លោក ​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អះអាង​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ថា ​លោក ​សម រង្ស៉ី ដែល​លោក​ចាត់ទុក​ថា​មាន​បញ្ហា​ផ្លូវច្បាប់​នឹងត្រូវ​ចាប់ខ្លួន​ទៅកាន់​ដាក់​គុក​ តែអ្នក​ផ្សេង ដែល​គ្មាន​បញ្ហា​ផ្លូវច្បាប់​ លោក​នឹង​មិន​ធ្វើអ្វី​ឡើយ។ ​ក្រុម​ប្រទេស​មហា​អំណាច ​រួម​ទាំង​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ដែល​ជាទីផ្សារ​ដ៏ធំនៃ​ទំនិញ​កម្ពុជា​ ហើយ​កំពុង ពិនិត្យ​មើល​ពីការ​ចង់ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ចង់ឃើញ​ក្រុម​អ្នក​នយោបាយ​កម្ពុជា ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​នៅមុន ការបោះ​ឆ្នោត​ខែកក្កដា​ឆ្នាំ​២០១៨៕

XS
SM
MD
LG