ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បំភ្លឺ​បន្ថែម​លើ​រឿង​ចម្រូង​ចម្រាស​ពី​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន


រូបឯកសារ៖ កង​យោធាជើងទឹក​កម្ពុជា​ហាត់សមជាមួយ​កងយោធាជើងទឹក​ចិន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​មន្ត្រី​ផ្លូវ​ការ​ចំនួន​បួន​ក្រសួង​​បាន​​បក​ស្រាយ​បន្ថែម និង​ច្រាន​ចោល​សេចក្តី​រាយការណ៍​របស់​កាសែត The Wall Street Journal ដែល​​បាន​រាយ​ការណ៍​ថា​ កម្ពុជា​និង​ចិន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ស្តី​ពី​ការ​ដាក់​តាំង​មូលដ្ឋាន​កង​ទ័ព​ចិន​ក្នុ​ង​ដែន​សមុទ្រ​រាម​របស់​កម្ពុជា។

ក្រុម​មន្រ្តីមក​ពី​ក្រសួង​ចំនូន​បួន​រួម​គ្នា​ធ្វើ​សន្និសីទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​បន្ថែម​ការ​ការពារ​អំណះ​អំណាង​របស់​រដ្ឋាភិបាល​និង​ប្រទេស​ចិន ប្រឆាំង​ទៅ​នឹង​អត្ថបទ​របស់​កាសែត The Wall Street Journal ស្រប​ពេល​ដែល​អ្នក​ជំនាញ​បរទេស​ព្រមាន​ថា កម្ពុជា​អាច​នឹង​ជំរុញ​លទ្ធភាព​ឲ្យ​ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​ខ្លួន។​

កាសែត​អាមេរិក​នេះ​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា​ ប្រទេសកម្ពុជា​បាន​ចុះ​ហត្ថលេខា​ជា​សម្ងាត់​ជា​មួយ​ប្រទេស​ចិន​ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​តាំង​មូល​ដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​ទី​តាំង​សមុទ្រ​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ។​ ការ​ដាក់​តាំង​មូលដ្ឋាន​កង​ទ័ព​ចិន​នេះ​ដែល​ជា​ផ្នែក​មួយ​ដែល​ទី​ក្រុង​ប៉េកាំង​មាន​ផែន​ការ​ពង្រីក​មូលដ្ឋាន​យោធា​របស់​ខ្លួន​ក្នុង​ពិភព​លោក។

ក្រុម​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មក​ពី​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី មក​ពី​ក្រសួង​ការពារ​ជាតិ​ ក្រសួង​ការ​បរទេស ​និងក្រសួង​ព័ត៌មាន​ បាន​ហៅ​សេចក្តី​រាយការណ៍​ព័ត៌មាន​នោះ​ថា​ជា​សេចក្តី​រាយការណ៍​«ព័ត៌មាន​មិន​ពិត គ្មាន​មូល​ដ្ឋាន​ត្រឹមត្រូវ និង​មាន​ចេតនា​បង្ក​វិទ្ធង្សនា»​ប្រឆាំង​នឹងប្រទេស​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក្រុម​មន្ត្រីអ្នក​នាំពាក្យ​ទាំង​នេះ​អះអាង​ថា​ រដ្ឋា​ភិបាល​មិន​មាន​គម្រោង​ប្តឹង​ប្រឆាំង​នឹង​នឹង​កាសែត The Wall Street Journal ទេ។

លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចាត់​ទុក​ថា​ ព័ត៌មាន​ក្នុង​កាសែត​ The Wall Street Journal ជា​ព័ត៌មាន​ប្រឌិត។

«ព័ត៌មាន​ទាំងអស់​នេះ​មិនមែន​ជា​ព័ត៌មាន​ពិត ជា​ព័ត៌មាន​ដែល​ប្រឌិត​ឡើង​ដោយ​មាន​ចេតនា​អាក្រក់ញុះញង់បំបែក​បំបាក់ គ្មាន​វិជ្ជាជីវៈ​សារព័ត៌មាន ធ្វើ​ឲ្យ​បាត់​កិត្យានុភាព ឯករាជ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា»។

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុងសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុងសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ដោយ​ឡែក​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តីបន្ថែម​ថា​ សេចក្តី​រាយការណ៍​របស់​កាសែត​អាមេរិក​នោះ​ជា​«ព័ត៌មាន​ភូត​កុហក»។

សេចក្តី​រាយការណ៍​ដ៏​ចម្រូង​ចម្រាស​ទាក់​ទង​ទៅ​នឹង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ដើម្បី​អនុញ្ញាត​ឲ្យ​កង​យោធាជើង​ទឹក​ចិន ​មាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ប្រើ​ប្រាស់​ដែន​សមុទ្រ​រាម​ជាមូល​ដ្ឋាន​ឈរ​ជើង​ បាន​បង្ក​ឲ្យ​មាន​ការ​ច្រាន​ចោល​ពី​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់។

កាល​ពី​ថ្ងៃពុធ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​បាន​ហៅ​សេចក្តី​រាយការណ៍​ព័ត៌មាន​នោះ​ថា​គ្រាន់​តែ​ជា ​«ពាក្យ​ចចាម​អារ៉ាម»។ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​ចេតនា​ណា​មួយ​នៃ​ការ​ផ្សាយ​នោះ​ទេ។

នៅ​មុន​នោះ​បន្តិច​ នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ លោក ហ៊ុន សែន ក៏​បាន​ទាត់​ចោ​ល​ព័ត៌មាន​ពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ស្តីពី​ការ​ដាក់​តាំង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​ក្នុង​ដែន​សមុទ្រ​កម្ពុជា​នេះ​ដែរ។ លោក ហ៊ុន សែន បាន​ហៅ​សេចក្តី​រាយការណ៍​នោះ​ថា ​«នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា»។​

លោក ​Steve Severinghaus ប្រធាន​ផ្នែក​ទំនាក់​ទំនង​ជាន់​ខ្ពស់​របស់​កាសែត The Wall Street Journal ប្រាប់ VOA តាម​រយៈ​សារ​អេឡិច​ត្រូនិច​ឬ​អ៊ីមែលនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​តាម​ន័យ​ដើម​ថា៖«ពួក​យើង​ប្រកាន់ជំហរ​រឹងមាំ​លើ​ការ​រាយការណ៍​ព័ត៌មាន​របស់​យើង»។​

លោក Bradley​Jensen​ ​Murg​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ ​Seattle​ Pacific​ ​សហរដ្ឋ​អាមេរិកប្រាប់ ​VOA ថា លោក​មិន​ទាន់​មាន​ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​សម្ងាត់​ដែល​ផ្សាយ​ដោយ​កាសែតThe Wall Street Journal នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​យល់​ថា របាយ​ការណ៍​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយកម្ពុជា​និង​ជាមួយ​ចិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ។

លោក​បញ្ជាក់​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖

«បើ​តាម​ទស្សនៈ​របស់​ខ្ញុំ​ សហរដ្ឋ​អាមេរិក​ពិត​ជា​កំពុងស្វះ​ស្វែងធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា ហើយការ​ប៉ុន​ប៉ង​ណាមួយ​ដែល​មិន​មាន​ភស្តុតាង​នឹង​ធ្វើ​ឲ្យ​មាន​លទ្ធផល​ផ្ទុយ​ទៅ​នឹងទំនាក់​ទំនង​ធម្មតា​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ»។

សាស្រ្តា​ជំនាញ​វិទ្យាសាស្រ្ត​នយោបាយ​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​របាយ​ការណ៍​នេះជា​របាយការណ៍​ពិត​ នោះ​នឹង​ធ្វើឲ្យ​មានផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​អនាគត​នៃ​ការ​អនុម័ត​ច្បាប់​ស្តីពី​«លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា»ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​អាមេរិក។

បញ្ហា​នេះ​នឹង​ជួយ​ជំរុញ​លទ្ធភាព​ឲ្យ​គណៈ​កម្មាធិការ​ទំនាក់​ទំនង​ការ​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​ ក៏​ដូចជា​លទ្ធភាព​ជំរុញ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​អនុម័ត​ដោយ​ព្រឹទ្ធ​សភា​ទាំង​មូល៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG