ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន៖ សេចក្តី​ស្នើ​ច្បាប់ HR ៥២៦​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។ (AP Photo/Heng Sinith)

ខណៈ​ដែល​សេចក្តី​ស្នើ​ច្បាប់​ស្តីពី «លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា» ដែល​មាន​គោល​បំណង​ដាក់​ទណ្ឌកម្ម​មន្រ្តី​ជាន់​ខ្ពស់​របស់​កម្ពុជាកំពុង​ស្ថិត​ក្នុង​ដៃ​របស់​ព្រឹទ្ធសភា​អាមេរិក លោក​ ហ៊ុន សែន ព្រមាន​ថា​ ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ព្រមាន​ខ្លាំងៗ​ថា ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី«លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»ឬ Cambodia Democracy Act​ នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ដល់​ទំនាក់​ទំនង​ទ្វេ​ភាគី កម្ពុជា ​និង​សហរដ្ឋ​អាមេរិក។​

លោក ហ៊ុន សែន ថ្លែង​បែប​នេះក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​កំពុង​ដំណើរ​ការ​សាង​សង់​នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រាយ​ចង្វារ រាជធានី​ភ្នំពេញ។​ ពហុ​កីឡដ្ឋាន​នេះ​សាង​សង់​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភពី​ប្រទេស​ចិន។

ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ​ស្រប​ពេល​ដែល​សេចក្តី​ស្នើច្បាប់​ស្តីពី«លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា»កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ព្រឹទ្ធសភា​អាមេរិក។

សេចក្តី​ស្នើ​ច្បាប់​ដែល​គាំទ្រ​ដោយ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​សហរដ្ឋ​អាមេរិក​គឺ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ គោរព​សិទ្ធិ​សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ​និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ទិដ្ឋាការ​លើ​មន្ត្រី​យោធា​និង​មន្ត្រី​ស៊ីវិល​កម្ពុជា​ណា​ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិ​មនុស្ស។

លោក​ហ៊ុន សែន លើក​ឡើងថា ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្មមន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។​

«ដាក់​ ទៀ បាញ់​ ស្មើ​នឹង​ផ្តាច់​ទំនាក់​ទំនង​យោធា ដាក់ ស ខេង ស្មើ​នឹង​ផ្តាច់​ទំនាក់​ទំនង​ខាង​នគរបាល ដាក់​ប្រាក់ សុខុន ស្មើ​នឹង​ផ្តាច់​ទំនាក់​ទំនង​ខាង​ទូត​ ដាក់​ទៅ​លើ អូន ព័ន្ធមុនីរ័ត្ន​ ស្មើ​នឹង​ផ្តាច់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច»។

ក្នុង​ការ​ថ្លែង​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរបាន​និយាយ​បញ្ជោះ​ទៅ​កាន់សហរដ្ឋ​អាមេរិក​ថា៖

«ហើយ​បើ​ដាក់​ចំ​ខ្ញុំ ដាក់​មក ​ដាក់​មក​ចុះ!ហើយ​សុំ​រឹប​អូស​ទៅ​ថា គ្រាន់​តែ​ទ្រព្យសម្បត្តិ​របស់​ត្រកូល«ហ៊ុន»មាន​ជាង​២ពាន់​លាន​ដុល្លារ ខ្ញុំ​អំពាវនាវ​ឲ្យ​អាមេរិក មិន​ចាំបាច់​និយាយ​ច្រើន កុំ​និយាយ​ច្បាប់​ចេញ​អី ដក​ហូត​ពី​ឥឡូវ​ទៅ»។​

លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ជឿ​ថា​ សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​នោះ​ទេ។ ហើយ​លោក​សង្ឃឹម​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​មិន​អាចអនុម័ត និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ឡើយ។

លោក ហ៊ុន សែន បាន​លើក​ជា​ឧទារណ៍​ថា សេចក្តី​ស្នើ​ច្បាប់មួយ​ចំនួន​ដើម្បី​ដាក់​ទណ្ឌកម្មប្រឆាំង​នឹង​ប្រទេស​វៀតណាម​និង​ប្រទេស​មីយ៉ាន់ម៉ា ក៏​នៅ​មិន​ទាន់​បាន​អនុម័ត​ដែរក្នុង​រយៈពេលជាច្រើន​ឆ្នាំ​មក​នេះ។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ​ឯករាជ្យ ប្រាប់ VOA ថា​ការណ៍​ដែល​ក្រុម​មន្ត្រី​កម្ពុជា​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លើកឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា ​សេចក្តីស្នើ​ច្បាប់​នេះ​មិនប៉ះពាល់​ដល់​កម្ពុជា​នោះ​ គ្រាន់​តែជា​ការ​ព្យាយាម​ការពារ មុខមាត់​ខ្លួន​តែ​ប៉ុណ្ណោះ។

«កាលណា​ច្បាប់​នេះ​ចេញ​មក​ធ្វើ​ការ​អនុម័ត​ហើយ វា​នឹង​ប៉ះពាល់​មុន​គេ​ទៅ​ដល់​មុខ​មាត់​របស់​អ្នក​ដឹកនាំ​នីមួយៗ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ឬ​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​ពេល​ឈ្មោះ​របស់​ខ្លួន​បានត្រូវ​គេ​ដាក់​ចូលក្នុង​បញ្ជី​ខ្មៅ។ ហើយ​តាម​ដឹង​ពី​កន្លង​មក​ហើយ កាល​ណាមាន​សហរដ្ឋ​អាមេរិក​មួយ​ដាក់​ហើយ គឺ​អាច​នឹង​មាន​ប្រទេស​ដទៃ​ទៀតគេ​នឹង​រួមគ្នា​ដាក់​បន្ត​បន្ទាប់​ទៀត»។

សភា​តំណាងរាស្ត្រ​សហ​រដ្ឋអាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ កាលពី​ថ្ងៃ​ទី១៥ ខែកក្កដា​កន្លង​ទៅ។ ក្រោយ​ពេល​ព្រឹទ្ធ​សភា​អនុម័ត​ សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវឆ្លង​កាត់​ការ​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក​ដើម្បីផ្តល់​សុពល​ភាព​ឲ្យ​ក្លាយ​ជា​ច្បាប់ផ្លូវ​ការ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជាធ្លាប់​បាន​លើក​ឡើង​ថា​ សេចក្តី​ស្នើ​ច្បាប់ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា«ប្រឆាំង​នឹង​សន្តិភាព» ​របស់​កម្ពុជា​ដោយ​«មិន​បាន​យល់​ពី​ការពិត​នៅ​កម្ពុជា»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG