លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានយល់ព្រមធ្វើឱ្យមានជាថ្មីឡើងវិញនូវទំនាក់ទំនងពេញលេញជាមួយប្រទេសតួកគី ក៏ប៉ុន្តែលោកបាននិយាយថា ការកសាងចំណងទាក់ទងគ្នាជាថ្មីខាងពាណិជ្ជកម្មនឹងត្រូវចំណាយពេលវេលាយូរ។
លោក Putin បាននិយាយកាលពីថ្ងៃអង្គារនៅក្រោយបានជួបជាមួយលោកប្រធានាធិបតីតួកគី Tayyip Erdogan នៅក្នុងក្រុង Saint Petersburg ថា៖ «នៅខាងមុខយើងមានការងារដ៏ពិបាកដើម្បីធ្វើឱ្យមានជាថ្មីឡើងវិញនូវកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងខាងសេដ្ឋកិច្ច។ ដំណើរការនេះបានចាប់ផ្តើមធ្វើហើយ ក៏ប៉ុន្តែវានឹងចំណាយពេលមួយរយៈ»។
លោក Erdogan បាននិយាយថា ប្រទេសទាំងពីរនឹងធ្វើឱ្យមានជាថ្មីឡើងវិញនូវទីដៅពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំចំនួន១០០ពាន់លានដុល្លារ និងពន្លឿនការធ្វើឱ្យមានឡើងវិញនូវជើងហោះហើរនៃយន្តហោះឈ្នួលពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសតួកគី។
មេដឹកនាំតួកគី រូបនេះក៏បានថ្លែងដែរថា លោកប្រុងប្រៀបនឹងកសាងបំពង់ឧស្ម័នធម្មជាតិជាមួយប្រទេសរុស្ស៊ី និងធ្វើការចរចាអំពីកិច្ចព្រមព្រៀងមួយសម្រាប់ស្ថាបនារោងចក្រថាមពលបរមាណូទីមួយរបស់ប្រទេសតួកគី ផងដែរ។
មេដឹកនាំនៃប្រទេសទាំងពីរនេះក៏បានយល់ស្របគ្នាថា នឹងជួបគ្នាទៀតដើម្បីស្វះស្វែងឱ្យមានការយល់ឃើញដូចគ្នាអំពីវិធីដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរី។ប្រទេសតួកគី និងប្រទេសរុស្ស៊ីបានគាំទ្រភាគីប្រឆាំងគ្នានៅក្នុងប្រទេសស៊ីរី។
លោក Erdogan បានងាកទៅរកប្រទេសរុស្ស៊ីនៅក្រោយមានការរិះគន់ពីក្រុមបស្ចឹមប្រទេសនៅក្រោយរដ្ឋប្រហារ និងនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី នៅក្រោយប្រទេសតួកគី បានបាញ់ទម្លាក់យន្តហោះប្រយុទ្ធមួយគ្រឿងរបស់រុស្សីនៅតាមបណ្តោយព្រំដែនប្រទេសស៊ីរី កាលពីឆ្នាំទៅមិញ។
លោក Putin បាននិយាយប្រាប់លោក Erdogan ថា៖ «ទស្សនកិច្ចរបស់លោកនៅថ្ងៃនេះ ទោះណាជាមានស្ថានការណ៍ពិបាកខ្លាំងទាក់ទិននឹងនយោបាយក្នុងប្រទេសក៏ដោយ ក៏វាបញ្ជាក់ថា យើងទាំងអស់គ្នាចង់ធ្វើឱ្យមានការចរចាគ្នាជាថ្មីឡើងវិញ និងធ្វើឱ្យមានជាថ្មីឡើងវិញនូវការទាក់ទងរវាងប្រទេសរុស្ស៊ី និងប្រទេសតួកគី៕