ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដាក់​ប្រទេស​តួកគី​ក្នុង​ភាព​មាន​អាសន្ន​បើក​ផ្លូវ​ឲ្យ​មាន​ការ​បោស​សម្អាត​ក្រុម​ប្រឆាំង


បាតុករ​គាំទ្រ​រដ្ឋាភិបាល​បក់​ទង់ជាតិ​តួកគី​ នៅ​ពេល​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
បាតុករ​គាំទ្រ​រដ្ឋាភិបាល​បក់​ទង់ជាតិ​តួកគី​ នៅ​ពេល​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

តំណាង​រាស្រ្ត​តួកគី​ កាល​ពី​សប្តាហ៍​មុន​បាន​អនុម័ត​លើ​ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី Erdogan ​ឲ្យ​មាន​​ការ​ដាក់​ប្រទេស​នេះ​ក្នុង​ភាព​មាន​អាសន្ន​ក្នុង​រយៈ​ពេល​៣​ខែ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បោស​សម្អាត​ក្រុម​ប្រឆាំង​នឹង​លោក ​បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​​​កាល​ពី​ថ្ងៃ​ទី​១៥​ខែកក្កដា បាន​បរាជ័យ​ក្នុង​ការ​ផ្តួល​រលំ​លោក ​និង​រដ្ឋាភិបាល​របស់​លោក។

លោក ​Erdogan ​បាន​ប្រកាស​ពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​មាន​អាសន្ន​ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈ​ពេល​៣ខែ​នេះ​ នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​មាន​រយៈ​ពេល​យូរ​ជា​ច្រើន ដោយ​លើក​ទី​១​បាន​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ ​ហើយ​ក្រោយ​មក​ជាមួយ​នឹង​គណៈ​រដ្ឋ​មន្រ្តី​របស់​លោក។

លោក​ Erdogan​ បាន​និយាយ​ថា គោល​បំណង​នៃ​ការ​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ​គឺ «ដើម្បី​ចាត់​វិធានការ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​ដើម្បី​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ ​និង​នីតិ​រដ្ឋ​ត្រឡប់​មក​វិញ»។ មេដឹកនាំ​តួកគី​រូប​នេះ​បាន​និយាយ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​មិន​គ្រប់​គ្រង​ប្រទេស​ក្នុង​អំឡុង​ពេល​នេះ​នោះ​ទេ។

អស់រយៈពេល​ជា​ច្រើន​ថ្ងៃ​នេះ អ្នក​គាំទ្រ​លោក ​Erdogan ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​ទីលាន ​Taksim ក្នុង​ក្រុងIstanbul និង​កន្លែង​សាធារណៈ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​តួកគី ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​មេដឹក​នាំតួកគី​រូប​នេះ​ និង​ដើម្បី​បង្វែរ​នូវអ្វី​ដែល​មេដឹកនាំ​តួកគី​និយាយ​អាច​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​លើក​ទី​២​នោះ។

ការ​ថ្លែង​សុន្ទរកថា​របស់​លោក ​Erdogan ​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​ធំៗ​ ដែល​ត្រូវ​បាន​ដំឡើង​នៅ​ជុំវិញ​ទីលាន ​Taksim។ ការ​ប្រកាស​ពី​ការ​ដាក់​ប្រទេស​តួកគី​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ ​ទទួល​បាន​ការ​គាំទ្រអបអរ​សាទរ​ពី​មហាជន។

ការ​ប្រកាស​នេះ​ធ្វើ​ឲ្យ​លោក ​Erdogan ​អាច​បង្កើន​ការ​បង្រ្កាប​បន្ថែម​ទៅ​លើ​ការ​បង្ក្រាប​ដ៏​ធំ​មួយ​ដែល​បាន​កើត​ឡើងរួច​ស្រាប់​ហើយ​នោះ ​ដែល​ការ​បង្ក្រាប​នោះ​ត្រូវ​បានអ្នក​តាម​ដាន​ស្ថានការណ៍​និយាយ​ថា ​បាន​យក​គោល​ដៅ​លើ​សមាជិក​នៃ​ចលនា​សាសនា​ដែល​ដឹកនាំ​ដោយ​លោក ​Fethullah Gulen។ លោក ​Fethullah Gulen​ ជា​អតីត​មេដឹកនាំ​សាសនា​ឥស្លាម​ និង​បាន​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល​១៧​ឆ្នាំ។​

ចំនួន​មនុស្ស​សរុប​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី១៥​ខែ​កក្កដា​មក​ បាន​ឈាន​ដល់​៩.០០០នាក់ ដោយ​រួម​បញ្ចូល​ទាំង​ទាហាន​ចំនួន​៦.០០០នាក់ ​ដែល​ពួក​គេ​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ​ដែល​លោក Erdogan បាន​ហៅ​ថា​ជា «ការ​ឃុំ​ខ្លួន​រង់​ចាំ​ការ​ជំនុំ​ជម្រះ»។ តាមការ​ប៉ាន់​ស្មាន​ខ្លះ​ មាន​មន្រ្តី​សាធារណៈ​ប្រមាណ​ជា​៥០.០០០​នាក់ ដោយ​រួម​មាន​ទាំង​ចៅក្រម​និង​បញ្ញវន្ត​ផង​ ត្រូវ​បាន​គេ​ព្យួរ​ការងារ ឬ​បញ្ជា​ឲ្យ​ធ្វើ​ការ​លាលែង​ពី​ការងារ​របស់​ពួក​គេ។

សារព័ត៌មាន​របស់​រដ្ឋ​ក្នុង​ប្រទេស​តួកគី​ កាលពី​ថ្ងៃ​ទី២០ ​ខែកក្កដា​បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ហាម​ឃាត់​បញ្ញវន្ត​ទាំង​អស់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​តួកគី។ បទ​បញ្ជា​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្រ្តី​ក្រសួង​អប់រំ​ជាង​២១.០០០នាក់​ រួម​ទាំង​ព្រឹទ្ធ​បុរស​នៃ​សាកល​វិទ្យាល័យ​ចំនួន​១.៥០០​នាក់​ផង ត្រូវ​បាន​ព្យួរ​ការងារ​មួយ​ថ្ងៃ​មុន​ការ​ផ្សាយ​នេះ ​គឺ​នៅ​ថ្ងៃ​ទី១៩។

លោក​ស្រី ​Beyza Ustun ​មន្រ្តី​មួយ​រូប​របស់​ក្រុម​ឆ្វេង​និយម​គណបក្ស​ប្រជាធិប​តេយ្យប្រជាជន​ ដែល​ដឹកនាំ​ដោយ​ក្រុមKurd ​បាន​និយាយ​ថា «ការ​កាត់​ទោស​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​បាន​ចាប់​ផ្តើម​ហើយ»។ លោកស្រី​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ដែល​សមាជិក​របស់​ជនជាតិ​ភាគ​តិច​តួកគី​មានលើអ្វី​ដែល​ពួកគេ​យល់​ឃើញ​ថា ​ជា​ការ​គំរាម​កំហែង​ដែល​ចេះ​តែ​កើន​ឡើង​ចំពោះ​សិទ្ធិ​របស់​ពួកគេ។

កាលពី​ថ្ងៃទី២០ ខែ​កក្កដា លោក ​Erdogan បាន​ប្រាប់​សារព័ត៌មាន ​al-Jazeera ​ថា ​មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​មួយ​ចំនួន​បន្ទាប់​ពី​ការ​ប៉ុន​ប៉ង​ធ្វើរដ្ឋ​ប្រហារនោះ​ចាប់​ផ្តើម​សារភាព​និង​ផ្តល់​អ្វី​ដែល​មេដឹកនាំ​តួកគី​នេះ​និយាយ​ថា​ជា​ព័ត៌មាន​ដែល​ភ្ជាប់​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទៅ​នឹង​លោក​ Gulen។ លោកនិយាយ​ថា លោក​ជឿ​ថា​មហា​អំណាច​បរទេស​អាច​នឹង​មាន​ការ​ពាក់ព័ន្ធ​ ហើយ​ថា វា​អាច​ជា​កំហុស​ដ៏​ធំ​មួយ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​សម្រេច​ចិត្ត​មិន​ព្រម​ធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​លោក Gulen ​ទេ​នោះ។ លោក Erdogan ក៏​បាន​និយាយ​ដែរ​ថា លោក​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​ប្រសិន​បើ​ជា​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា។

លោក​ Erdogan ​ដែល​គណបក្ស​អភិវឌ្ឍន៍​និង​យុត្តិធម៌​របស់​លោក​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ បាន​សាទរ​ចំពោះ​ជោគជ័យ​របស់​ខ្លួន​ថា ​ជាជ័យ​ជម្នះ​នៃ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​វិធានការ​ចាស់​ដៃ​របស់​លោក​ ជា​ពិសេស​បន្ទាប់​ពី​រដ្ឋ​ប្រហារ​ដែល​ទទួល​បាន​បរាជ័យ​នោះ​ បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

នៅ​ស្រប​ពេល​ដែល​មាន​ការ​ថ្កោល​ទោស​លើ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ លោក ​John Kerry​ រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​ «បញ្ជាក់​ឲ្យ​ច្បាស់​ថា ខណៈ​មាន​ការ​ឆ្លើយ​តប​ចំពោះ​រដ្ឋ​ប្រហារ ការ​ឆ្លើយ​តប​នោះត្រូវ​គោរព​យ៉ាង​ពេញ​លេញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​យើង​កំពុង​តែ​គាំទ្រ»។

នៅ​ក្នុង​ការ​សន្ទនា​តាម​រយៈ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី១៩​ ខែកក្កដា​ លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា បាន​ជំរុញ​ឲ្យ​លោក ​Erdogan ធានា​ឲ្យ​បាន​ថា​ ការ​ស៊ើប​អង្កេត និង​ការ​កាត់​ទោស​អ្នក​ប្រព្រឹត្ត​ក្នុង​រដ្ឋ​ប្រហារ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ដែល​អាច​ផ្តល់​ការ​ទុក​ចិត្ត​ដល់​សាធារណជន​នៅ​ក្នុង​ស្ថាប័ន​ប្រជាធិប​តេយ្យ និង​នីតិរដ្ឋ។

សេចក្តី​ថ្លែងការណ៍មួយ​របស់​សេតវិមាន​បាន​សរសេរ​ថា លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​សហរដ្ឋ​អាមេរិក ​«មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ជំនួយ​សមរម្យ​នានា​ទៅ​ដល់​អាជ្ញាធរ​តួកគី ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នេះ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG