ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump និយាយ​ថា ការ​ជំរុញ​ឲ្យ​រុស្ស៊ី​លួច​ចូល​ក្នុង​កុំព្យូទ័រ​របស់​លោក​គ្លីនតុន​ជា​និយាយ​ចំអក​លេង


លោក Donald Trump ថ្លែង​ទៅ​កាន់​ក្រុម​មនុស្ស​ក្នុង​ការ​ប្រមូល​ផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​ កាលពី​ថ្ងៃទិ២៧ ខែកក្កដា ឆ្នាំ២០១៦ ក្នុង​ក្រុង​ Toledo រដ្ឋ Ohio។

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ​លោក​បានចំអក​លេង​នៅ​ពេល​ដែល​លោក ​បាន​លើក​ទឹក​ចិត្ត​ប្រទេស​រុស្ស៊ី​ឲ្យ​លួច​ចូល​ក្នុង​អ៊ីម៉ែល​របស់​លោកស្រី​គ្លីនតុន ​គូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យដើម្បី​ស្វែង​រក​អ៊ីម៉ែល​ដែល​គេ​លុប​ចោលក្នុង​អំឡុង​ពេល​លោកស្រី​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

យុទ្ធនាការ​បោះឆ្នោត​របស់​លោកស្រី​គ្លីនតុន​និង​អ្នក​ជំនាញ​ខាង​សន្តិសុខជាតិ​បាន​ប្រកាស​ប្រឆាំង​នឹង​លោក Trump ​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​កំពុង​ស្វះស្វែង​កាន់​តំណែង​តាម​ការ​បោះឆ្នោត​លើក​ទី​មួយ​ដោយ​ជំរុញកាលពី​ថ្ងៃ​ពុធ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ធ្វើ​អ្វីដែល​ពួកគេ​បាន​និយាយ​ថា ​ចារកម្ម​ប្រព័ន្ធ​កុំព្យូទ័រលើ​លោកស្រី​គ្លីនតុន​នៅ​ពេល​មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោក Leon Panetta អតីត​រដ្ឋ​មន្រ្តី​ការពារ​ប្រទេសនិង​នាយក CIA បាន​ប្រាប់​សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថា ​វា​ជា​ការ​មិន​នឹក​ស្មាន​ដល់​ចំពោះ​ខ្ញុំ ដែល​បេក្ខជន​ប្រធានាធិបតី​គ្មាន​ការ​ទទួល​ខុសត្រូវ​នោះ‍។

ក៏ប៉ុន្តែ ​នៅ​ពេល​សួរ​អំពី​អត្ថាធិប្បាយ​របស់​លោក​នៅ​ក្នុង​បណ្តាញ​ទូរទស្សន៍ Fox News ក្នុង​កម្មវិធី Fox and Friends ​បានផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក Trump បាន​និយាយ​ថា ​ជា​ការ​ពិត ​ខ្ញុំ​និយាយ​ចំអក​លេង។

​ជម្លោះ​នោះ​កើត​ចេញ​ពី​ការ​លុប​ចោល​សារ​អ៊ីម៉ែល​ចំនួន​៣​ម៉ឺន៣​ពាន់​របស់​លោកស្រី​គ្លីនតុន​ចេញ​ពី​អ៊ីម៉ែល​ឯក​ជន​របស់​លោកស្រី​ដែល​លោកស្រី​បាន​ប្រើ​ប្រាស់​ ដោយ​មិន​ប្រើ​អ៊ីម៉ែល របស់​រដ្ឋាភិបាល​ខណៈ​ដែល​លោកស្រី​ធ្វើ​ជា​អ្នក​ការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិកពី​ឆ្នាំ​២០០៩ដល់​ឆ្នាំ​២០១៣៕

XS
SM
MD
LG