ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​តួកគី​នឹង​ព្យួរ​ការ​អនុវត្ត​អនុសញ្ញា​អឺរ៉ុប​ស្តី​ពី​សិទ្ធិមនុស្ស


លោក​​ប្រធានាធិបតី Tayyip Erdogan របស់​តួកគី​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ Reuters នៅ​វិមាន​ប្រធានាធិបតី ក្នុង​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
លោក​​ប្រធានាធិបតី Tayyip Erdogan របស់​តួកគី​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ Reuters នៅ​វិមាន​ប្រធានាធិបតី ក្នុង​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

ប្រទេស​តួកគី​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ព្យួរ​ការអនុវត្ត​អនុសញ្ញា​អឺរ៉ុប​ស្តី​ពី​សិទ្ធិមនុស្ស ក្នុង​អំឡុង​ពេល​នៃ​ការ​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​រយៈពេល​៣​ខែ ដែល​ខ្លួន​បាន​ប្រកាស​ថា​ដើម្បី​កម្ចាត់​ឧក្រិដ្ឋជន​ដែល​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​បាន​បរាជ័យ​កាល​ពី​សប្តាហ៍​មុន​នេះ។​

លោក Numan Kurtulmas ឧប​នាយក​រដ្ឋ​មន្ត្រី​តួកគីបាន​មាន​ប្រសាសន៍​ថា ប្រទេស​តួកគី​អាច​នឹង​បោះ​ជំហាន​បន្ទាប់​ដូចដែលប្រទេស​បារាំង​បាន​ធ្វើ​ដោយ​យោង​តាម​មាត្រា​ទី​១៥​នៃ​អនុសញ្ញា​នេះ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ចុះ​ហត្ថលេខី​ទាំង​អស់​រួច​កាតព្វកិច្ច ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម​ឬ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន។ ​

លោក Kurtulmas ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន Hurriyet ដកស្រង់​សម្តី​ដើម​ទាំង​ស្រុង​ថា «ស្ថានភាព​អាសន្ន​នឹង​ផ្តល់​ឱកាស​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្នក​រៀបចំ​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​និង​បោស​សម្អាត​សមាជិក​របស់​ក្រុម Gulen ទាំង​ស្រុង»។ ​

តំណាងរាស្ត្រ​តួកគី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អនុម័ត​លើ​សំណើ​របស់​លោក​ប្រធានាធិបតី​ Erdogan ក្នុង​ការ​ដាក់​ប្រទេសតួកគី​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​រយៈពេល​៣​ខែ នៅ​ក្នុង​ដំណើរ​វិវឌ្ឍន៍​នយោបាយ​ដែល​ត្រួសត្រាយ​ផ្លូវ​ដល់​ការ​កម្ចាត់​គូ​ប្រជែង​របស់​លោក បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារផ្តួល​រំលំ​លោក Erdogan ​និងរដ្ឋាភិបាល​របស់​លោកកាល​ពី​សប្តាហ៍​មុន ដែល​បាន​បរាជ័យ​នោះ។

លោក Erdogan បាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​នៅ​ក្នុង​សុន្ទរកថា​ដែល​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ជាមួយ​នឹង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និង​គណៈរដ្ឋមន្ត្រី​របស់​លោក​រួច​មក។

លោក Erdogan បាន​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ការ​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​នេះ គឺ​ដើម្បី​បោះ​ជំហាន​ទៅ​មុខ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​យក​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ត្រឡប់​មក​វិញ។ មេដឹកនាំ​តួកគី​បាន​និយាយ​ថា កងកម្លាំង​ប្រដាប់​អាវុធ​នឹង​មិន​ត្រួតត្រា​ប្រទេស​ក្នុង​អំឡុងពេល​នេះ​នោះ​ទេ៕

XS
SM
MD
LG