ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបដិសេធយ៉ាងខ្លាំងចំពោះសុន្ទរកថារបស់លោកប្រធានាធិបតីតួកគីថាកងកម្លាំងសហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធនឹងក្រុមអ្នកធ្វើរដ្ឋប្រហារយោធាមិនបានសម្រេចមួយក្នុងប្រទេសតួកគី។
លោក Peter Cook អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃសុក្រថា៖
«ការលើកឡើងថាមានអ្នកណាម្នាក់នៅក្នុងក្រសួងនេះបានគាំទ្រដល់រដ្ឋប្រហារក្នុងវិធីណាក៏ដោយគឺជារឿងហួសចិត្តមួយ»។
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានរិះគន់លោកឧត្តមសេនីយ៍របស់សហរដ្ឋអាមេរិកមួយរូបគឺលោក Joseph Votel បន្ទាប់ពីលោកឧត្តមសេនីយ៍រូបនោះបានសម្តែងការព្រួយបារម្ភពី«ផលប៉ះពាល់រយៈពេលវែង»ពីរដ្ឋប្រហារនេះមកលើទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងកងយោធាតួកគី។
លោក Erdogan បាននិយាយថា៖
«តើលោកឯងជាអ្នកណាគេ? សូមដឹងតែពីកន្លែងរបស់លោកឯងបានហើយ! លោកឯងកាន់ជើងពួកអ្នករៀបចំធ្វើរដ្ឋប្រហារជាជាងអរគុណរដ្ឋាភិបាលដែលទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារទៅវិញ» ។
លោក Votel ដឹកនាំបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងលើប្រតិបត្តិការយោធាសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ លោកឧត្តមសេនីយ៍បានចេញសេចក្តី ថ្លែងការណ៍មួយកាលពីថ្ងៃសុក្របដិសេធនូវ«រាល់សេចក្តីរាយការណ៍ណា»ដែលថាលោកមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសតួកគីថាជា«ព័ត៌មានមិនល្អនិងមិនត្រឹមត្រូវទាំងស្រុង»៕