ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ de Mistura អំពាវនាវ​ឲ្យ​រុស្ស៊ី​ប្រគល់​ច្រក​របៀប​នៅ​ក្រុង​ Aleppo ឲ្យ​ទៅ​អ.ស.ប.


រូបឯកសារ៖ ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ សម្រាប់​កិច្ច​ការ​ប្រទេស​ស៊ីរី លោក Staffan de Mistura ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​វីយ៉ែន​ ប្រទេស​អូទ្រីស​ កាល​ពី​ឧសភា។
រូបឯកសារ៖ ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ សម្រាប់​កិច្ច​ការ​ប្រទេស​ស៊ីរី លោក Staffan de Mistura ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​វីយ៉ែន​ ប្រទេស​អូទ្រីស​ កាល​ពី​ឧសភា។

ប្រេសិត​ពិសេស​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ស៊ីរី​បាន​សុំ​ដល់​ប្រទេស​រុស្ស៊ី​ឱ្យ​អនុញ្ញាត​ឱ្យ​អ.ស.ប.​ទទួល​បន្ទុក​តំបន់​របៀង​ខាង​មនុស្សធម៌​នៅ​ខាង​ក្នុង​និង​ជុំវិញ​ក្រុង ​Aleppo អនុញ្ញាត​ឱ្យ​ពួក​ជន​ស៊ីវិល​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​មាន​ការ​ប្រយុទ្ធ​គ្នា​នេះ​ក្នុង​ប្រទេស​ស៊ីរី។

ថ្លែង​ទៅ​កាន់​ពួក​អ្នក​កាសែត​កាល​ពី​ថ្ងៃ​សុក្រ​ នៅក្នុង​ក្រុង​ហ្សឺណែវ​ ប្រទេស​ ស្វ៊ីស​ លោក ​Staffan de Mistura ​បាន​សម្តែ​ងការ​គាំទ្រ​ជា​គោលការណ៍ដល់​តំបន់​របៀង​ខាង​មនុស្សធម៌​ នៅ​ក្រោម​កាលៈ​ទេសៈ​ត្រឹមត្រូវ​ ហើយ​លោក​បាន​និយាយ​ថា​ នៅ​ពេល​នេះ​ក្រុង​ Aleppo ​ឋិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ដែល​ម្ហូប​អាហារ​ជិត​អស់​ហើយ​សម្រាប់​មនុស្ស​៣​សែន​នាក់​ដែល​ជាប់​គាំង​នៅ​ក្នុង​ក្រុង​នេះ។

លោក ​de Mistura ​ក៏​បាន​និយាយ​ជា​ថ្មី​ទៀត​អំពី​ការ​អំពាវ​នាវ​ដោយ​លោក​ Stephen O'Brien ​ប្រធាន​ផ្នែក​ជំនួយ​មនុស្សធម៌​របស់​អ.ស.ប.​ដែល​សុំ​ឱ្យ​មាន​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​៤៨​ម៉ោង​ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្តល់​ម្ហូប​អាហារ​និង​គ្រឿង​ផ្គត់​ផ្គង់​ឯទៀតៗ​សម្រាប់​គ្រា​មាន​អាសន្ន​ទៅ​កាន់​ក្រុង​នេះ​ដែលត្រូវ​បាន​កាត់​ផ្តាច់​ដោយ​កង​កម្លាំង​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ ចាប់​តាំង​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា​មក​នោះ។

ដូច​ដែល​លោក ​O'Brien ​បាន​ធ្វើ​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​ដែរ ​លោក​ de Mistura មាន​ប្រតិកម្ម​ដល់​សំណើ​មួយ​របស់​រុស្ស៊ី​សម្រាប់​ការ​បើក​តំបន់​របៀង​បួន​ដើម្បី​ជម្លៀស​ពួក​ជន​ស៊ីវិល​និង​ពួក​យុទ្ធជន​ដែល​ចង់​ទម្លាក់​អាវុធ​ចេញ​ពី​ផ្នែក​ខាង​កើត​នៃ​ក្រុង ​Aleppo​ ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម។ លោ de Mistura បានសួរ​អំពី​លទ្ធភាព​ដែល​អាច​មាន​ខណៈ​ការ​ប្រយទ្ធ​គ្នា​នៅ​តែ​មាន។​

លោក​បាន​និយាយ​ថា៖ «តើ​លោក​អ្នក​គិត​ថា​មនុស្ស​រាប់​ពាន់​នាក់​ដើរ​តាម​តំបន់​របៀង​មួយ​ដោយ​របៀប​ណា​ទៅ នៅ​ពេល​មាន​ការ​បាញ់ផ្តក់ ការ​ទម្លាក់​គ្រាប់​បែក​ និង​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​មាន​នោះ?»។លោក ​de Mistura​ ក៏​បានសរសើរ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​ដែល​បាន​ស្វាគមន៍​ដល់​សេចក្តី​ស្នើ​របស់​រុស្ស៊ី​ ក៏​ប៉ុន្តែ​បាន​ថ្លែង​ថា​តំបន់​របៀង​បែប​នេះ​គួរ​មាន «ការ​យល់​ព្រម​ពី​ភាគី​ទាំង​អស់»៕

XS
SM
MD
LG