ដោយជំនួបរវាងប្រធានាធិបតី Vladimir នៃប្រទេសរុស្ស៊ីនិងប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសតួកគីត្រូវបានគ្រោងធ្វើឡើងនៅខែសីហា មានការអន្ទះសារខ្លាំងបំផុតក្នុងចំណោមក្រុមអ្នកសុំសិទ្ធិជ្រកកោនពិសេសនៅក្នុងប្រទេសតួកគី។ ពួកអ្នកកាន់សាសនាឥស្លាមនិយាយភាសារុស្ស៊ីរាប់ពាន់នាក់ មានការភ័យខ្លាចថា ភាពប្រសើរឡើងនូវចំណងទាក់ទងរវាងតួកគីនិងរុស្ស៊ីនឹងមានផលប៉ះពាល់ដល់ពួកគេ។
ពួកអ្នកសុំសិទ្ធិជ្រកកោនទាំងនោះ បានហៅខ្លួនគេថា «Muhajir» ជាភាសាអារ៉ាប់សម្រាប់មនុស្សដែលត្រូវបាននិរទេសពីប្រទេសកំណើតរបស់ខ្លួនបណ្តាលមកពីជំនឿសាសនារបស់ខ្លួនហើយបានស្វះស្វែងដើម្បីតាំងទីលំនៅនៅក្នុងរដ្ឋនានាដែលបានច្បាប់ Sharia ឬច្បាប់ឥស្លាម។
ខណៈដែលរដ្ឋាភិបាលតួកគី ទទូចថា តួកគីជាប្រទេសមិនទាក់ទងនឹងសាសនា ជនជាតិរុស្ស៊ីកាន់សាសនាឥស្លាមរាប់ពាន់នាក់ដែលបានគេចចេញពីអ្វីដែលអង្គការសិទ្ធិមនុស្សហៅថា ការធ្វើបាបពីកងកម្លាំងសន្តិសុខដ៏មានអំណាចរបស់រដ្ឋាភិបាលក្រុងមូស្គូបានសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសតួកគី។ ពួកអាជ្ញាធររុស្ស៊ី ចោទប្រកាន់ពួកគេជាច្រើនថាជាអ្នកប្រកាន់លទ្ធិជ្រុលនិយមនិងជាភេរជនទៀតផង។
ការចោទប្រកាន់ទាំងនោះ បានធ្វើឲ្យមានការជឿជាក់យ៉ាងខ្លាំងឡើងនៅពេលដែលស្តេចសង្គ្រាមរដ្ឋឥស្លាមមានប្រភពពីរដ្ឋ Chechen បានត្រូវគេចាត់ទុកថាជាមេគំនិតនៃការវាយប្រហារភេរវកម្មកាលពីខែមុនទៅលើព្រលានយន្តហោះ Ataturk នៃទីក្រុង Istanbul។ អ្នកវាយប្រហារ៣នាក់ បានត្រូវគេកំណត់អត្តសញ្ញាណថាជាពលរដ្ឋរុស្ស៊ី ពលរដ្ឋអ៊ូសបេគីស្ថាន (Uzbekistan) និងពលរដ្ឋកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)។
ពលរដ្ឋរុស្ស៊ី២នាក់ទៀត បានត្រូវគេចាត់ទុកថាជាភេរវជនសាកលលោកដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែកក្កដា រួមមាន Airat Vakhito អតីតអ្នកទោសមន្ទីរឃុំឃាំង Guantanamo ដែលបានស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវចាប់ខ្លួនទាំងនោះនៅក្នុងប្រទេសតួកគីបន្ទាប់ពីការវាយប្រហារព្រលានយន្តហោះ៕