ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី Putin ថា​រុស្សី​ជា​ប្រទេស​ទីមួយ​ដែល​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ថ្មី​មួយ​ដែល​រុស្ស៊ី​បាន​បង្កើត


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចូលរួម​នៅក្នុង​ការប្រជុំ​គណៈរដ្ឋមន្រ្តី​តាមអនឡាញ ពីកន្លែង​ស្នាក់​នៅ​របស់​ប្រធានាធិបតី​រុស្សី​​ Novo-Ogaryovo នៅ​ខាង​ក្រៅ​ទីក្រុង​មូស្គូ នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

អ្នកវិទ្យាសាស្រ្ត​ក្នុង​ប្រទេស​រុស្ស៊ី និង​ក្រៅ​ប្រទេស​ ​លើ​ក​ជា​សំណួរ​ពី​ទង្វើ​របស់​រុស្សី​ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​វ៉ាក់សាំងនេះ​​ មុន​ពេល​ដែល​ខ្លួន​មិន​បាន​បញ្ចប់​នូវ​ជំហាន​សាក​ល្បង​ទី​បី​របស់​ខ្លួន​នោះ។

ប្រធានាធិបតី​រុស្សី​លោក Vladimir Putin ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារថា​ ប្រទេស​រុស្សី​បានក្លាយ​ជា​ប្រទេស​ទី​១​នៅ​ក្នុង​ពិភពលោក​ ដែល​អនុញ្ញាត​ជា​ផ្លូវ​ការ​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ថ្មី​មួយ ទោះ​បី​មិន​មាន​ទិន្នន័យ​បញ្ជាក់​ពី​ការ​អះ​អាង​របស់​លោក​ដែល​ថា​ វ៉ាក់​សាំងបង្ការ​នោះ​មាន​សុវត្ថិភាព​ពេល​ចាក់​ទៅ​លើ​មនុស្សក្តី។

ប្រទេស​រុស្សី​មិន​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ ដែល​បាន​ឆ្លង​កាត់​ដល់​ដំណាក់​កាល​ទី​៣ដែល​ជា​ដំណាក់​កាល​ចុង​ក្រោយ​ ក្នុង​ការ​សាកល្បង​វ៉ាក់សាំងទៅ​លើ​មនុស្ស​នោះ​ឡើយ ដែល​ជាទូទៅ​ត្រូវ​មាន​ការ​ចូលរួម​ធ្វើ​តេស្ត​ពី​មនុស្ស​រាប់ពាន់​នាក់​ និង​ប្រើពេល​រាប់​ខែ​ឯណោះ។ ​នេះ​បើ​យោង​តាម​អង្គការ​សុខ​ភាព​ពិភពលោក។ អ្នកវិទ្យាសាស្រ្ត​ក្នុង​ប្រទេស​រុស្ស៊ី និង​ក្រៅ​ប្រទេស​ ​លើ​ក​ជា​សំណួរ​ពី​ទង្វើ​របស់​រុស្សី​ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​វ៉ាក់សាំងនេះ មុន​ពេល​ដែល​ខ្លួន​មិន​បាន​បញ្ចប់​នូវ​ជំហាន​សាក​ល្បង​ទី​បី​របស់​ខ្លួន​នោះ។

ប្រធានាធិបតី Putin បាន​ប្រកាស​ពី​ការ​បង្កើត​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជា​មួយ​ក្រុម​រដ្ឋមន្ត្រី​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​មានផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ផង​ដែរ។

លោក​ Putin ​បាន​លើក​ឡើងពី​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ដែល​ផលិត​ឡើង​ដោយ​វិទ្យា​ស្ថាន​ Gamaleya ក្នុង​ទី​ក្រុង​ម៉ូស្គូថា​ លោក​ដឹង​ថា ​វ៉ាក់សាំង​នោះ​មាន​ប្រសិទ្ធភាព​ ហើយ​វា​បង្កើត​នូវ​ប្រព័ន្ធ​ការ​ពារ​រឹង​មាំ​មួយ​ក្នុ​ង​រាង​កាយ​មនុស្ស។ លោក​បន្តថា វ៉ាក់សាំង​នេះ​បាន​ឆ្លង​កាត់​នូវ​ដំណាក់​កាល​ត្រួត​ពិនិត្យ​ចាំបាច់​នានា​ ដើម្បី​ធានា​នូវ​សុវត្ថិភាព។ លោក​បន្ថែម​ថា​ កូន​ស្រី​របស់​លោក​បាន​ទទួល​ការ​ធ្វើ​តេស្ត​សាក​ល្បង​លើវ៉ាក់​សាំងនេះ​ក្នុង​ដំណាក់​កាល​ដំបូង។ លោក​ថា​កូន​ស្រី​របស់​លោក​ បាន​ក្តៅ​ខ្លួន​បន្តិច​បន្តួចក្នុង​ថ្ងៃ​ទី​មួយ​ បន្ទាប់​ពី​ទទួល​ការ​ចាក់វ៉ាក់សាំង​នោះ តែ​កម្តៅ​ក្នុង​ខ្លួន​កូន​ស្រី​លោក បាន​ធ្លាក់​ចុះ​មក​ធម្មតា​វិញ ក្នុង​ថ្ងៃ​បន្ទាប់។

​វ៉ាក់សាំង​ថ្មី​របស់​ប្រទេស​រុស្សី​ ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា Sputnik V ដើម្បីឧទ្ទិស​ជាកិត្តិយស​ដល់​ផ្កាយ​រណបដំបូង​គេ​បង្អស់​របស់​ពិភពលោក​ ដែល​បាន​បាញ់​បង្ហោះ​ដោយ​អតីត​សហភាព​សូវៀត​ក្នុង​ឆ្នាំ​១៩៥៧។ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​នេះ​ នឹង​ត្រូវចាប់​ផលិត​នៅ​ខែ​កញ្ញា​ខា​ង​មុខ​នេះ​ ហើយ​ការ​ចាក់​វ៉ាក់​សាំងក្នុង​ចំនួន​ច្រើន​ដល់មនុស្សនឹងអាច​ធ្វើ​ឡើង​នៅខែ​តុលា។

វ៉ាក់សាំង​ថ្មី​របស់​ប្រទេស​រុស្សី​នេះ​ ស្ថិត​ក្នុង​ចំណោមវ៉ាក់សាំង​ជា​ង​១០០​ ដែល​កំពុង​ត្រូវ​គេបង្កើត​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​មួយ​ដោយ​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​វេជ្ជសាស្រ្តជា​ច្រើន​ ដើម្បីទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ ដែល​ឆ្លង​ដល់​មនុស្ស​ជាង​២០​លាន​នាក់​ និង​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ​ជាង ៧សែន ​៣ម៉ឺន​ ៦​ពាន់​នាក់​នៅ​ជុំវិញ​ពិភព​លោក នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកល​វិទ្យាល័យ Johns Hopkins ក្នុង​សហរដ្ឋ​អាមេរិក។

អ្នក​រិះគន់​ថា​ ការ​ប្រកួត​ប្រជែង​ដើម្បី​បង្កើត​វ៉ាក់សាំង​ឲ្យ​បាន​មុន​គេ​នេះ អាច​បង្កផល​វិបាក​ដល់​អ្នក​ជំងឺ​ និង​អាច​ធ្វើ​ឲ្យ​ជឿជាក់​ខុស​ ឬ​មិន​មាន​ទំនុក​ចិត្ត​ទៅ​វិញចំពោះ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ថ្មីៗ៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG