ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​កំពូល​អាមេរិក​ថា​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩​នឹង​មិន​អាច​ត្រូវ​គេ​បំបាត់​បាន​ទាំង​ស្រុង​ទេ​


រូបឯកសារ៖ មនុស្ស​ម្នាពាក់ម៉ាស​នៅ​ផ្សារ​មួយ​បន្ទាប់ពីមានការ​រាតជំងឺកូវីដ១៩ ក្នុង​សង្កាត់ Sham Shui Po ទីក្រុង​ហុងកុង ប្រទេស​ចិនកាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២០។

អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក និយាយ​ថា ពិភពលោក​នឹង​មិន​អាច​លុបបំបាត់​ទាំង​ស្រុង​នូវ​វីរុសកូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​បានទេ ខណៈ​ដែល​ជំងឺ​រាតត្បាត​ជា​សាកល​នេះ​បាន​ឆ្លង​ដល់​មនុស្សជាង​១៨,៨​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង​៧០០.០០០​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍។​

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters លោក​វេជ្ជបណ្ឌិត​Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​ជំងឺ​ឆ្លង​និង​អាលែក្ស៊ី ថ្លែង​ថា ​មូលហេតុ​ដែល​កូវីដ១៩​នឹង​មិន​រលត់​បាត់​បាន គឺ​ដោយ​សារ​វីរុស​ដែល​ប​ង្ក​ជំងឺ​នេះ​មាន​លក្ខណៈ«​អាច​ឆ្លង​យ៉ាង​ខ្លាំង»។

ប៉ុន្តែ​អ្នក​ជំនាញ​របស់​សហរដ្ឋ​អាមេរិក​រូបនេះ​បន្ថែម​ថា ដោយ​ប្រើប្រាស់​កត្តា​មាន​វ៉ាក់សាំង​ល្អ និង​វិធានការ​ល្អ​ខាង​សុខភាព​សាធារណៈ លោក​គិត​ថា​ពិភពលោក​អាច​រួច​ផុត​ពី​ស្ថានភាព​បច្ចុប្បន្ន។

លោក​វេជ្ជបណ្ឌិត​ Fauci បាន​ទស្សន៍ទាយ​ថា ពិភពលោក​នឹង​អាច​គ្រប់គ្រង​ស្ថានភាព​រាតត្បាត​នៃ​វីរុស​នេះ​បាន​នៅ​ត្រឹម​ឆ្នាំ​ក្រោយ​ហើយ​ថា​ លោក​មាន​សុទិដ្ឋិនិយមដោយ​ប្រុងប្រយ័ត្ន​ថា នៅ​ពេល​នោះ​នឹង​មាន​វ៉ាក់សាំងដែល​មាន​ប្រសិទ្ធិភាព​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ប្រើ​ហើយ។ លោក​ថា​នៅ​ដើម​ឆ្នាំ​២០២១ ទំនង​ជា​នឹង​មាន​វ៉ាក់សាំង​រាប់​ម៉ឺន​ដូស ហើយ​ត្រឹម​ចុង​ឆ្នាំ​ក្រោយ​ទំនងនឹង​មាន​វ៉ាក់សាំង​១​ពាន់​លាន​ដូស។

ការ​ថ្លែង​របស់​លោក Fauci បាន​ជួន​ពេល​ជាមួយ​នឹង​ការ​ប្រកាស​របស់​ក្រុមហ៊ុន​អាមេរិក Johnson and Johnson ដែល​ថា​ខ្លួនបាន​សម្រេច​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​១០០​លាន​ដូស​តម្លៃ​១.០០០​លាន​ដុល្លារ។ ក្រុមហ៊ុន​នេះនឹង​ចាប់​ផ្តើម​ការ​សាកល្បង​វ៉ាក់សាំង​ដំណាក់កាល​ចុង​ក្រោយ​ដូច​នឹង​ក្រុមហ៊ុន​អាមេរិក​៣​ទៀត​ដែល​បាន​ឈាន​ដល់​ដំណាក់កាល​នេះ​ហើយ។

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ កូវីដ១៩​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៤,៨​លាន​នាក់ និង​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង​១៥៨.០០០​នាក់៕

XS
SM
MD
LG