ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អាមេរិក​ល្បីៗ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​បស្ចិមប្រទេស​ចាកចេញ​ពី​រុស្ស៊ី​ដោយ​សារ​ការ​ឈ្លានពាន​លើ​​អ៊ុយក្រែន


រូបឯកសារ៖ ទិដ្ឋភាព​ពី​ខាង​ក្រៅ​ហាង McDonald ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ (REUTERS/Evgenia Novozhenina)
រូបឯកសារ៖ ទិដ្ឋភាព​ពី​ខាង​ក្រៅ​ហាង McDonald ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ (REUTERS/Evgenia Novozhenina)

ក្រុមហ៊ុន​ម្ហូប​អាហារ​និងភេសជ្ជៈ​ល្បីៗ​របស់​សហរដ្ឋ​អាមេរិក បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​បស្ចិមប្រទេស​កាន់តែ​ច្រើន​ឡើង​ ដែល​បាន​បិទ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ឬ​ចាកចេញ​ពី​ប្រទេស​នេះ​តែ​ម្តង ដោយ​សារ​ការឈ្លានពាន​របស់រុស្ស៊ី​លើអ៊ុយក្រែន​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

McDonaldដែល​ជា​មហា​ក្រុមហ៊ុន​លក់​ម្ហូប​អាហារ​ឆ្អិន​ស្រាប់​ដែល​បាន​បើក​មុន​ដំបូង​នៅ​ក្នុង​ទីលាន​ Pushkin Square នៅ​ទីក្រុង​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​កំពុងបិទ​ភោជនីយដ្ឋាន​ទាំង​អស់​ចំនួន​៨៥០​កន្លែង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ ខណៈដែល​បន្ត​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​របស់​ចំនួន​៦ម៉ឺន​២ពាន់​នាក់។

ការ​សម្រេច​នេះ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន McDonald ខាត​បង់​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ ដោយសារ​តែក្រុមហ៊ុន​នេះ ​កាន់កាប់​ភោជនីយដ្ឋាន​ដោយ​ផ្ទាល់​ចំនួន​៨៤​ភាគរយ​នៅ​ប្រទេស​រុស្ស៊ី​ដែល​ខុស​ពី​គំរូ​អាជីវកម្ម​ទូទៅ​របស់ក្រុមហ៊ុន McDonald ដែល​ផ្ទេរសិទ្ធ​ធ្វើ​អាជីវកម្ម​ទៅឲ្យ​ក្រុមហ៊ុន​ដែល​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ពី​ខ្លួន។ ក៏ប៉ុន្តែ ប្រធានប្រតិបត្តិ​របស់​ក្រុមហ៊ុន​នោះ​គឺ​លោក Chris Kempczinski បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​បុគ្គលិក​របស់​ក្រុមហ៊ុន McDonald ថា៖ «យើង មិន​អាច​ព្រងើយ​កន្តើយ​បាន​ទេ ​ចំពោះ​ការឈឺចាប់​ដែល​មិន​គួរ​កើត​មាននៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

បន្ទាប់​មក​ក្រុមហ៊ុន​កាហ្វេ Starbucks ដែល​មាន​ទីតាំង​នៅ​ក្រុងSeattleសហរដ្ឋ​អាមេរិក បាន​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​បាន​ប្រកាស​ថា ខ្លួន​បាន​បិទ​ជា​បណ្តោះ​អាសន្ន​នូវ​ហាង​លក់​កាហ្វេ​ចំនួន​១៣០​កន្លែង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ដែល​កាន់កាប់​និង​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Alshaya Group ដែល​មាន​ទីតាំង​នៅ​ប្រទេស​កូវ៉ែត។ នាយកប្រតិបត្តិក្រុមហ៊ុនStarbucks លោក Kevin Johnson បាន​បញ្ជាក់​ក្នុង​លិខិត​បើក​ចំហ​មួយ​ថា ក្រុមហ៊ុន​នឹង​បញ្ឈប់​ការ​ដឹកជញ្ជូន​ផលិតផល​របស់​ក្រុមហ៊ុន​ទាំង​អស់​ទៅ​កាន់ប្រទេស​រុស្ស៊ី ក៏ប៉ុន្តែ​បាន​បញ្ជាក់​ថា ក្រុមហ៊ុនAlshaya នឹង​បន្ត​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ក្នុង​ស្រុក​ទាំង​អស់​របស់​ខ្លួន​ចំនួន​២ពាន់​នាក់។

ការបិទ​ឬ​ការបញ្ឈប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នោះ​ក៏​រួម​មាន​ដែរ ក្រុមហ៊ុន Coca-Cola និង Pepsiដែល​ជា​ក្រុមហ៊ុន​ភេស្ជៈ​គូ​ប្រកួត​គ្នាដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន CoCa-Cola បាន​ផ្តល់​សេចក្តី​លម្អិត​បន្តិច​បន្តួចអំពី​ការផ្អាក​កិច្ចប្រតិបត្តិការ​របស់​ខ្លួន ខណៈ​ដែល​ក្រុមហ៊ុន Pepsi ដែល​បាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំង​ពី​ដើម​ទសវត្សរ៍ ១៩៦០​មក គឺក្នុង​អំឡុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​នោះ បាន​បញ្ជាក់​ថា ខ្លួន​បាន​បញ្ឈប់​ការលក់​ដូរ​ភេសជ្ជៈ​ទាំង​អស់​ខ្លួន រួម​ទាំង​តាម​សាខា​របស់​ខ្លួន ក៏ប៉ុន្តែ នឹង​បន្ត​ផលិត​ទឹក​ដោះគោ ទឹកដោះ​គោ​ទារក​ និង​ចំណី​អាហារ​ទារក​ដើម្បី​រក្សា​ការងារ​ឲ្យ​កម្មករ​រុស្ស៊ី​រាប់​ពាន់​នាក់។

ហើយ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ Heineken របស់​ហូឡង់ បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​ក៏​នឹងផ្អាក​កិច្ចប្រតិបត្តិការ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដែរ រួមទាំង​ការ​លក់ ការផលិត​និង​ផ្សព្វផ្សាយស្រាបៀរ​របស់​ខ្លួន ហើយ​នឹង​«បង្កើន​ការជួយ​ឧបត្ថម្ភ​និង​ការបរិច្ចាគ​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ហុងគ្រី រ៉ូម៉ានី​និង​ស្លូវ៉ាគី» ដើម្បី​ជួយ​ជនភៀស​ខ្លួន​អ៊ុយក្រែន។

បន្ថែម​ពី​នោះ ក្រុមហ៊ុន​អ៊ីនធឺណិត Luman Technologies ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន បាន​ផ្តាច់​សេវាកម្ម​បណ្តាញ​ការងារ​របស់​ខ្លួននៅ​ប្រទេស​រុស្ស៊ី បណ្តាល​មកពី​ហានិភ័យ​សន្តិសុខ​កាន់​តែ​ខ្លាំងនៅ​ខាង​ក្នុង​ប្រទេស​រុស្ស៊ី៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ AP និង Reuters។

XS
SM
MD
LG